Royal Academy of Cambodia
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពសង្គមមួយប្រកបដោយចីរភាព ព្រោះបច្ចុប្បន្ននេះ គ្រឿងញៀនបានក្លាយទៅជាហេតុផលចម្បងមួយនៃអំពើចោរកម្ម និងអំពើហិង្សា(ទាំងក្នុងគ្រួសារនិងក្នុងសង្គម) ដែលជួនកាលឈានដល់ករណីឃាតកម្មថែមទៀតផង។
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ នៅរសៀលថ្ងៃដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ បប ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ដោយចាត់វិធានការបញ្ចប់មុខតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យារូបណា ដែលត្រូវបានរកឃើញថាមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺពិតជាមានអត្ថន័យគ្រប់គ្រាន់ក្នុងការបញ្ជាក់អំពីឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាល និងការលុបបំបាត់មន្ទិលសង្ស័យរបស់មហាជនចំពោះសុចរិតភាពរបស់អ្នកអនុវត្តច្បាប់ ពោលគឺនៅក្នុងចំណោមជួរថ្នាក់ដឹកនាំនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនតូច ដែលកន្លងមក ត្រូវបានរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ពោលគឺអ្នកបង្ក្រាប បែរក្លាយជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅវិញ។
លើសពីនេះទៅទៀត បទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាចលករដ៏សំខាន់ និងស្ថិតនៅក្នុងកាលៈទេសៈចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលត្រូវពង្រឹងសុចរិតភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកផ្ដល់សេវាសាធារណៈ ថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈដោយផ្ទាល់ ជូនដល់ប្រជាជន ដែលវិធានការនេះ នឹងអាចរួមចំណែកយ៉ាងសំខាន់នៅក្នុងការធានាគុណភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស។
គេសង្កេតឃើញថា បញ្ហាអសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយគ្រឿងញៀននេះ ទោះក្នុងរូបភាពតិចឬច្រើន ពិតជាបានជះឥទ្ធិពលដល់ការវិនិយោគ និងវិស័យទេសចរណ៍នៅកម្ពុជា។ ហេតុដូច្នេះហើយ ការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងរួមចំណែកដល់ការលើមុខមាត់ប្រទេសកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដែលអាចទាញចំណាប់អារម្មណ៍វិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពតាមការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាកិច្ចការដែលអាចសម្រេចបានជោគជ័យត្រឹមតែរយៈពេលមួយខែ ឬមួយឆ្នាំនោះទេ ហេតុនេះហើយ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវជំរុញយុទ្ធនាការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ឱ្យបានសស្រាក់សស្រាំឥតដាច់ដូចភ្លៀងរលឹម ដើម្បីឈានទៅសម្រេចគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ ការពង្រឹងការអប់រំពីសាលារៀន គ្រួសារ និងសហគមន៍ ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការពារយុវជនដែលជាធនធានបន្តវេន ចៀសឆ្ងាយពីគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា ថ្វីដ្បិតតែការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺជាតួនាទីរបស់រាជរដ្ឋាភិបាល ប៉ុន្តែ ដើម្បីឈានទៅលុបបំបាត់ឱ្យបាននៅត្រឹមកម្រិតអបប្បរមា (នៃការប្រើប្រាស់គ្រឿងញៀន) ការប្រយុទ្ធប្រឆាំងនេះគួរតែត្រូវបានចូលរួមពីគ្រប់មជ្ឈដ្ឋានឱ្យបានទូលំទូលាយ ដែលអាចឈានទៅជាចរន្តប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស និងគ្រប់ទិដ្ឋភាព ដែលរាប់ចាប់តាំងពីការចូលរួមចំណែកអប់រំ ផ្សព្វផ្សាយ ការរាយការណ៍ ការសហការ និងឈានទៅដល់ការបង្ក្រាបការប្រើប្រាស់និងចែកចាយគ្រឿងញៀន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភា...
្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ...
ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ...
ភ្នំពេញ (Phnom Penh) គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនជាងគេ រហូតដល់៣៣១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ភ្នំ...
ជាទូទៅមនុស្សនៅក្នុងសង្គមទទួលបានចំណេះដឹងពីរយ៉ាងពីអ្វីដែលគេបានជួប បានឆ្លងកាត់បានរៀន និងបានធ្វើ។ល។ ចំណេះដឹងទំាងពីរយ៉ាងនោះមាន៖ ចំណេះដឹងមានលក្ខណៈវិទ្យាសាស្ត្រ (Scientific knowledge) និងគ្មានលក្ខណៈវិទ្យាសា...
From December 26, 2023 to January 6, 2024, twenty officials of the Royal Academy of Cambodia will visit India for training in public policy and good governance. This training represents a critical tur...