ព័ត៌មាន

ការត្រួតពិនិត្យរកសារធាតុញៀនចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺជាការជំរុញស្មារតីរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

2024-02-21 08:51:03 ថ្ងៃពុធ, 21 កុម្ភៈ 2024, 08:51 AM
post_detail

មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពសង្គមមួយប្រកបដោយចីរភាព ព្រោះបច្ចុប្បន្ននេះ គ្រឿងញៀនបានក្លាយទៅជាហេតុផលចម្បងមួយនៃអំពើចោរកម្ម និងអំពើហិង្សា(ទាំងក្នុងគ្រួសារនិងក្នុងសង្គម) ដែលជួនកាលឈានដល់ករណីឃាតកម្មថែមទៀតផង។

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ នៅរសៀលថ្ងៃដដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ បប ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ដោយចាត់វិធានការបញ្ចប់មុខតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យារូបណា ដែលត្រូវបានរកឃើញថាមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺពិតជាមានអត្ថន័យគ្រប់គ្រាន់ក្នុងការបញ្ជាក់អំពីឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាល និងការលុបបំបាត់មន្ទិលសង្ស័យរបស់មហាជនចំពោះសុចរិតភាពរបស់អ្នកអនុវត្តច្បាប់ ពោលគឺនៅក្នុងចំណោមជួរថ្នាក់ដឹកនាំនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនតូច ដែលកន្លងមក ត្រូវបានរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ពោលគឺអ្នកបង្ក្រាប បែរក្លាយជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅវិញ។

លើសពីនេះទៅទៀត បទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជាចលករដ៏សំខាន់ និងស្ថិតនៅក្នុងកាលៈទេសៈចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលត្រូវពង្រឹងសុចរិតភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកផ្ដល់សេវាសាធារណៈ ថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈដោយផ្ទាល់ ជូនដល់ប្រជាជន ដែលវិធានការនេះ នឹងអាចរួមចំណែកយ៉ាងសំខាន់នៅក្នុងការធានាគុណភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស។

គេសង្កេតឃើញថា បញ្ហាអសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយគ្រឿងញៀននេះ ទោះក្នុងរូបភាពតិចឬច្រើន ពិតជាបានជះឥទ្ធិពលដល់ការវិនិយោគ និងវិស័យទេសចរណ៍នៅកម្ពុជា។ ហេតុដូច្នេះហើយ ការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងរួមចំណែកដល់ការលើមុខមាត់ប្រទេសកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដែលអាចទាញចំណាប់អារម្មណ៍វិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពតាមការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាកិច្ចការដែលអាចសម្រេចបានជោគជ័យត្រឹមតែរយៈពេលមួយខែ ឬមួយឆ្នាំនោះទេ ហេតុនេះហើយ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវជំរុញយុទ្ធនាការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ឱ្យបានសស្រាក់សស្រាំឥតដាច់ដូចភ្លៀងរលឹម ដើម្បីឈានទៅសម្រេចគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ ការពង្រឹងការអប់រំពីសាលារៀន គ្រួសារ និងសហគមន៍ ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងការពារយុវជនដែលជាធនធានបន្តវេន ចៀសឆ្ងាយពីគ្រឿងញៀន។

គួរបញ្ជាក់ផងដែរថា ថ្វីដ្បិតតែការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺជាតួនាទីរបស់រាជរដ្ឋាភិបាល ប៉ុន្តែ ដើម្បីឈានទៅលុបបំបាត់ឱ្យបាននៅត្រឹមកម្រិតអបប្បរមា (នៃការប្រើប្រាស់គ្រឿងញៀន) ការប្រយុទ្ធប្រឆាំងនេះគួរតែត្រូវបានចូលរួមពីគ្រប់មជ្ឈដ្ឋានឱ្យបានទូលំទូលាយ ដែលអាចឈានទៅជាចរន្តប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស និងគ្រប់ទិដ្ឋភាព ដែលរាប់ចាប់តាំងពីការចូលរួមចំណែកអប់រំ ផ្សព្វផ្សាយ ការរាយការណ៍ ការសហការ និងឈានទៅដល់ការបង្ក្រាបការប្រើប្រាស់និងចែកចាយគ្រឿងញៀន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «...

2024-03-06 07:22:13   Wed, 06,03,2024, 07:22 AM
Safeguarding Heritage: A Comprehensive Examination of the Proposal to Permanently Close the Thai Entrance to Preah Vihear Temple By: Vichana Sar

The Preah Vihear temple, a UNESCO World Heritage Site, stands as a testament to the architectural brilliance and historical legacy of the Khmer Empire. In recent discussions, a compelling proposal has...

2024-03-05 08:00:01   Tue, 05,03,2024, 08:00 AM
ការបង្កើតបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាកើតចេញពីភាពមិនស៊ីគ្នា ឬភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី គឺជាបញ្ហារវាងការប្រើប្រាស់ទ្រឹស្តី និងចំណោទបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវ ហើយតាមរយៈបញ្ហានេះគេអាចទាញយកមកធ្វើ ឬបង្កើតប្រធានបទថ្មីសម្រាប់ធ្វើក...

2024-03-04 08:29:53   Mon, 04,03,2024, 08:29 AM
Increasing Cooperation to Strengthen US-Cambodia Relations By: Dr. Seun Sam

The Cambodian government has held numerous meetings with senior officials from the US Department of State since Hun Manet became prime minister. These meetings, which have been taking place since the...

2024-03-04 03:58:31   Mon, 04,03,2024, 03:58 AM
លទ្ធិពុទ្ធរាជ(ទស្សនវិជ្ជានយោបាយខ្មែរ) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ផ្ទុយទៅនឹងលទ្ធិទេវរាជនៃព្រហ្មញ្ញ សាសនាដែលព្រះបាទជ័យវរ្ម័នទី២គោរពព្រះ ឥសូរបានប្រារព្ធធ្វើ ឡើងនៅលើភ្នំគូលែន គឺ ជាសញ្ញាណមួយ នៃការប្រកាសឯករាជ្យរបស់ ខ្មែរ ហើយក៏ជាសញ្ញណមួយទៀតនៃការចាប់ ផ្តើមនិងការរីកចម្រើននៅ...

2024-03-01 14:47:54   Fri, 01,03,2024, 02:47 PM
ច្រកចូលប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃគួរបិទជារៀងរហូត ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះ...

2024-03-01 14:20:02   Fri, 01,03,2024, 02:20 PM

សេចក្តីប្រកាស