ព័ត៌មាន

ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី (Constructivist)

2024-02-13 07:22:05 ថ្ងៃអង្គារ, 13 កុម្ភៈ 2024, 07:22 AM
post_detail

ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មីៗ (Theory generation) បានផ្តោតយ៉ាងសំខាន់លើការប្រើប្រាស់ គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យតែប៉ុណ្ណោះ ដោយបានសិក្សាលើបាតុភូត ព្រឹត្តិការណ៍ ឬបញ្ហាទាំងឡាយដែលបានកើតមានឡើង កំពុងកើតឡើង ឬនឹងកើតឡើងនាពេលណាមួយក្នុងអនាគត។ ទស្សនវិទូក្រុមនេះបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់តាមរយៈការប្រមូលទិន្នន័យពីក្រុមគោលដៅមួយចំនួនតូចតែប៉ុណ្ណោះដែលជាក្រុមគោលដៅយល់ដឹងពីបញ្ហាកំពុងសិក្សាស្រាវជ្រាវបានយ៉ាងស៊ីជម្រូវ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការសម្ភាសការសង្កេតយ៉ាងល្អិតល្អន់លើបញ្ហា ឬបាតុភូតកំពុងសិក្សាស្រាវជ្រាវ ការវិភាគឯកសារផ្សេងៗ ការវិភាគខ្សែអាត់សម្លេង ការវិភាគវីដេអូ ការវិភាគរូបថត ឬការវិភាគលើលទ្ធផលនៃកំណាយផ្សេងៗជាដើម។ល។

ឧទាហរណ៍ ក្នុងការសិក្សាស្វែងយល់ពីការលិចកប៉ាល់ទីតានិច (Titanic)។ តាមធម្មជាតិរបស់បញ្ហានេះ បានបង្ហាញថាការសិក្សាស្រាវជ្រាវនេះ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបបគុណវិស័យពីព្រោះបញ្ហានេះមិនបានផ្តោតលើកម្មវត្ថុវិស័យ ឬការផ្ទៀងផ្ទាត់ទ្រឹស្តីនោះទេ ប៉ុន្តែវាបានផ្តោតយ៉ាងសំខាន់លើប្រធានវិស័យ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការវិភាគ ការសម្ភាស ឬការសង្កេតអ្វីមួយដោយផ្ទាល់ ឬមិនផ្ទាល់ដើម្បីទទួលបានដំណោះស្រាយ ចម្លើយ ការយល់ឃើញថ្មី ឬការបង្កើតទ្រឹស្តីថ្មី។ នេះមានន័យថា អ្នកសិក្សាស្រាវជ្រាវអាចចុះទៅពិនិត្យកប៉ាលទីតានិចដែលបានលិចនៅក្នុងបាតសមុទ្រដោយផ្ទាល់ ចុះថតជារូបភាព ជាវីដេអូ យករូបភាព ឬយកវីដេអូដែលមានស្រាប់ រួចហើយធ្វើការវិភាគទិន្នន័យទាំងនោះទៅតាមខ្លឹមសារដែលចង់ស្វែងយល់ និងបន្ទាប់មកធ្វើសេចក្តីសន្និដ្ឋានដើម្បីបង្កើតបានជាចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីចេញពីការវិភាគនោះ។ នៅក្នុងការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី តាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

ម៉្យាងវិញទៀត ទស្សនវិទូក្រុមនេះក៏បានផ្តោតយ៉ាងសំខាន់លើគោលបំណងក្នុងការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ចេញពីការយល់ឃើញ បទពិសោធន៍ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ពិធីផ្សេងៗ ជំនឿ សាសនា ការគោរពប្រតិបត្តិ ភាសា ដើមកំណើត បាតុភូតធម្មជាតិ ឬបាតុភូតសង្គម។ល។ ដែលបុគ្គលម្នាក់ៗបានឆ្លងកាត់ បានជួបប្រទះ ឬបាននៅក្នុងហេតុការណ៍នោះ។ ទស្សនវិទូក្រុមនេះយល់ថា បុគ្គលម្នាក់ៗអាចមានការយល់ដឹងខុសគ្នា ប្រហាក់ប្រហែលគ្នា ឬដូចគ្នាលើព្រឹត្តិការណ៍ ឬហេតុការណ៍អ្វីមួយដែលពួកគេបានជួបប្រទះដោយអាស្រ័យលើសម័យកាល ទីកន្លែង ឬស្ថានភាពដែលពួកគេបានឆ្លងកាត់។

ឧទាហរណ៍ ក្នុងការសិក្សាស្រាវជ្រាវដើម្បីធ្វើការស្វែងយល់ពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើរបបប្រល័យពូជសាសន៍។ តាមធម្មជាតិនៃបញ្ហានេះបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យពីព្រោះវាបានផ្តោតសំខាន់លើការបង្កើតចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីចេញពីប្រធានវិស័យតាមរយៈការសម្ភាស ដើម្បីធ្វើការសិក្សាស្វែងយល់ពីការយល់ឃើញរបស់ក្រុមប្រជាពលរដ្ឋណាមួយដែលជាក្រុមគោលដៅបានឆ្លងកាត់ ជួបប្រទះ និងបានយល់ដឹងស៊ីជម្រៅលើព្រឹត្តិការណ៍នោះ ហើយពួកគេអាចរៀបរាប់ពីព្រឹត្តិការណ៍ ឬហេតុការណ៍ទាំងនោះបានយ៉ាងល្អិតល្អន់។ ការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតទ្រឹស្តីថ្មីតាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

លើសពីនេះទៀត ទស្សនវិទូក្រុមនេះក៏បានបញ្ជាក់ផងដែរថា នៅក្នុងសង្គមនីមួយៗតែងតែមាន វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ជំនឿ ភាសា ឬការប្រតិបត្តិខុសៗគ្នា។ល។ សង្គមខ្លះបានគោរពសាសនាព្រះពុទ្ធដោយផ្តោតសំខាន់លើទស្សនៈកម្មផល រីឯសង្គមខ្លះទៀតកាន់សាសនាអ៊ីស្លាមដោយចាត់ទុកថាសត្វឆ្កែប្រៀបដូចជាឪពុក ចំណែកសត្វជ្រូកប្រៀបដូចជាម្តាយ ហើយនៅក្នុងសង្គមនោះក៏មានការប្រតិបត្តិ ឬការយល់ឃើញខុសៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ឬពីតំបន់មួយទៅតំបន់មួយផងដែរ។ ដូច្នេះគេអាចនិយាយបានថា នៅក្នុងសង្គមនីមួយៗមានរចនាសម្ព័ន្ធនៃការកកើត ឬការប្រតិបត្តិមានលក្ខណៈស្មុគស្មាញដែលទាមទារឱ្យយើងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ពីភាពស្មុគស្មាញទាំងនោះ។ ក្នុងន័យនេះ ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី បានយកចំណុចនេះ (ការសិក្សាស្វែងយល់ពីភាពស្មុគស្មាញរបស់សង្គមចេញពីបុគ្គលដែលបានរស់នៅក្នុងសង្គម ឬបរិបទនោះ) ដើម្បីបង្កើតបានជាចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីសម្រាប់មនុស្សទូទៅក្នុងសង្គមបច្ចុប្បន្ន ឬអនាគតបានយល់ដឹង។

ឧទាហរណ៍ ការសិក្សាស្រាវជ្រាវរុករកពីដើមកំណើតនៃរបាំក្ងោក។ តាមធម្មជាតិនៃបញ្ហានេះបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវធ្វើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យពីព្រោះវាជាការសិក្សាស្វែងយល់ពីគំនិតរបស់បុគ្គលម្នាក់ៗដែលបានដឹង ឬឆ្លងកាត់រឿងរ៉ាវទាក់ទងនឹងបញ្ហានេះ ឬការវិភាគឯកសារផ្សេងៗដែលទាក់ទងនឹងបញ្ហានេះ។ ផ្អែកលើបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវអាចធ្វើការប្រមូលទិន្នន័យដោយប្រើវិធីណាមួយដូចជា៖ ការសម្ភាសបុគ្គលដែលបានដឹងរឿងនេះ (ការយល់ឃើញរបស់បុគ្គលម្នាក់អាចមានភាពខុសគ្នា ស្រដៀងគ្នា ឬដូចគ្នាលើបញ្ហានេះអាស្រ័យទៅតាមបទពិសោធន៍របស់ពួកគេម្នាក់ៗដែលបានដឹង ជួបប្រទះ បានឃើញហេតុការណ៍) ការវិភាគឯកសារ ការវិភាគរូបថត ឬការវិភាគវីដេអូដែលទាក់ទងនឹងរឿងនេះ។ល។ បន្ទាប់ពីការប្រមូលទិន្នន័យរួចហើយ អ្នកសិក្សាស្រាវជ្រាវអាចធ្វើការវិភាគ សំយោគ និងសន្និដ្ឋានតាមធាតុគោលដែលចង់ស្វែងយល់ ហើយទាញបានជាទ្រឹស្តីថ្មី ចំណេះដឹងថ្មី ឬរបកគំហើញពីការសិក្សាស្រាវជ្រាវនេះ។ ការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតទ្រឹស្តីថ្មីតាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

ទស្សនវិទូក្រុមនេះក៏បានលើកឡើងផងដែរថា នៅក្នុងដំណើរការប្រមូលទិន្នន័យនៃការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី ទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ប្រភេទសំណួរបើក (ហេតុអ្វី...តាមរបៀបណា...យ៉ាងដូចម្តេច......មានអ្វីកើតឡើង......កើតឡើងនៅពេលណា....កើតឡើងនៅទីកន្លែងណា..........មានប្រសិទ្ធភាព ឬផលប៉ះពាល់យ៉ាងដូចម្តេច......)ដែលអាចធ្វើឱ្យក្រុមគោលដៅងាយយល់ និងមានលទ្ធភាពផ្តល់ចម្លើយបានច្រើនដែលអាចធ្វើទៅបានដោយសារក្រុមគោលដៅគឺជាបុគ្គលដ៏សំខាន់នៅក្នុងការផ្តល់ចម្លើយ (ក្នុងករណីការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈវិធីសម្ភាសន៍)។ ក្នុងករណីក្រុមគោលដៅមិនយល់ច្បាស់ពីសំណួរ ឬសំណួរដែលបានសួរមិនមានភាពច្បាស់លាស់ ដូច្នេះពួកគេមិនអាចផ្តល់ចម្លើយបានឡើយ។ ការប្រើប្រាស់សំណួរបើក និងមានភាពងាយស្រួលយល់បានច្រើនកាលណា ក្រុមគោលដៅក៏អាចផ្តល់ចម្លើយបានច្រើនទៅតាមនោះដែរ។ រាល់ចម្លើយដែលទទួលបានពីក្រុមគោលដៅទាំងអស់ត្រូវបានអ្នកសិក្សាស្រាវជ្រាវវិភាគជារួម (ទំនាក់ទំនងគំនិតរវាងក្រុមគោលដៅលើបញ្ហាដែលកំពុងសិក្សាស្រាវជ្រាវ) មិនមែនវិភាគចម្លើយជាលក្ខណៈបុគ្គលម្នាក់ៗនោះទេ។

ឧទាហរណ៍ ក្នុងការសិក្សាស្រាវជ្រាវដើម្បីឆ្លុះបញ្ចាំងពីការការយល់ឃើញរបស់គ្រូបង្រៀនលើការសរសេរភាសាខ្មែររបស់សិស្សវិទ្យាល័យនាពេលបច្ចុប្បន្ន។ យោងតាមធម្មជាតិនៃបញ្ហាបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ ពីព្រោះវាបានផ្តោតយ៉ាងសំខាន់លើប្រធានវិស័យ (ចម្លើយកើតចេញពីការយល់ឃើញរបស់ក្រុមគោលដៅម្នាក់ៗ)។ អ្នកសិក្សាស្រាវជ្រាវប្រើប្រាស់សំណួរបើកនៅក្នុងការប្រមូលទិន្នន័យពីក្រុមគោលដៅដែលជាគ្រូបង្រៀន។ សំណួរទំាងនោះត្រូវមានលក្ខណៈទូលំទូលាយ និងមានភាពងាយស្រួលយល់ដូចជា៖ តើលោកគ្រូ/អ្នកគ្រូមានការយល់ឃើញយ៉ាងណាដែរចំពោះការសរសេរភាសាខ្មែរនាពេលបច្ចុប្បន្នរបស់សិស្សវិទ្យាល័យ? តើមូលហេតុចាំបាច់អ្វីខ្លះដែលបានជំរុញ ឬជះឥទ្ធិពលការសរសរភាសាខ្មែររបស់សិស្សវិទ្យាល័យនាពេលបច្ចុប្បន្ន? តើបញ្ហានៃការសរសេរខ្មែរនាពេលបច្ចុប្បន្នរបស់សិស្សវិទ្យាល័យគួរដោះស្រាយតាមរបៀបណា?.......

តារាងទី១៖ ធាតុគោលក្នុងទស្សននិយមនៃការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី

ឯកសារយោង៖

Babbie, E. (1995). The practice of social research (7th Ed.). Wadsworth publishing, California, USA.

Creswell, W.J., & Creswell, D.J. (2018). Research Design: Qualitative, quantitative, and mixed methods approach. (5th Ed.). SAGE publication.

Cronk, C.B. (2008). How to use SPSS: A step-by-step guide to analysis and interpretation. (5th Ed.). Pyrezak publishing, California, USA.

Kerlinger, N.F. & Lee, B.H. (2000). Foundation of behavioral research (4th Ed.). Thomson learning, USA.

(ទាញឯកសារ៖ https://www.rac.gov.kh/researchs-categories/10/researchs?page=3)

អត្ថបទទាក់ទង

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

2021-10-30 10:45:10   Sat, 30,10,2021, 10:45 AM
តួនាទីសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់អាស៊ាន-ចិន ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...

2021-10-27 13:55:27   Wed, 27,10,2021, 01:55 PM
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...

2021-10-27 11:17:03   Wed, 27,10,2021, 11:17 AM
Was UNTAC's mission in Cambodia a success or a failure?

Cambodia will celebrate the 30th anniversary of the Paris Peace Agreement (PPA) on October 23, 2021. Many foreign embassies in Cambodia are enthusiastic about commemorating the 30th anniversary of the...

2021-10-20 13:48:00   Wed, 20,10,2021, 01:48 PM
ចិននិងអាម៉េរិកនៅអង្គការសហប្រជាជាតិឆ្នាំ២០២១ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន

RAC  Mediaប្រភព៖ វិទ្យាស្ថានសិ...

2021-10-02 05:38:51   Sat, 02,10,2021, 05:38 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...

2021-09-22 14:11:37   Wed, 22,09,2021, 02:11 PM

សេចក្តីប្រកាស