ព័ត៌មាន

បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

2024-02-10 09:48:45 ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 04:48 PM
អ្នកមើល 6355
post_detail

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអស់រយៈពេល ៣៨ ឆ្នាំនោះបានលាលែងចេញពីដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ​ការឡើងកាន់ដំណែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលរួមទាំងបញ្ហាផ្ទៃក្នុង​ និងបញ្ហានៃគោលនយោបាយបរទេសកម្ពុជា ដែលត្រូវមានទំនាក់ទំនងល្អជាមួយនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក ជាពិសេស សហរដ្ឋអាម៉េរិក និងប្រទេសចិន ដែលប្រទេសទាំងពីរនេះសុទ្ធតែមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង ដោយរួមមានបញ្ហាក្នុងជួរនៃគណបក្សប្រជាជនកម្ពុជា និងបញ្ហានៃការដឹកនាំប្រទេសកម្ពុជាទាំងមូល។ នៅក្នុងជួរនៃគណបក្សប្រជាជនកម្ពុជា មាន មន្ត្រីចាស់ៗដែលបានរួមដំណើរជាមួយនឹងសម្តេចហ៊ុន សែន ដែលត្រូវជាឪពុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អស់កាលជាយូរណាស់មកហើយ ហើយមកដល់ពេលនេះ មានមន្ត្រីចាស់មួយចំនួនធំបានកំពុងតែបម្រើការនៅក្នុងជួរនៃរាជរដ្ឋាភិបាលកម្ពុជា ហើយបានកំពុងតែនៅក្នុងដំណែងធំទៀតផង។ ​កូនៗ ឬសាច់ញាតិរបស់មន្ត្រី ចាស់ៗដែលស្មោះស្ម័គ្រនឹងគណបក្សជាប្រជាជនកម្ពុជាមួយចំនួន មានមុខរបរនៃការរកស៊ីផ្សេងៗគ្នា និងបានកាន់កាប់ទ្រព្យសម្បត្តិផ្សេងៗគ្នា។ បញ្ហាប្រឈមធំមួយសម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ គឺនៅពេលដែលលោកត្រូវធ្វើការកាត់ទោស ឬដាក់ទណ្ឌកម្មមន្ត្រីចាស់ៗ ឬសាច់ញាតិរបស់មន្ត្រីចាស់ៗណាមួយដែលបានប្រព្រឹត្តមិនស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា ឬមិនបានជួយជម្រុញឱ្យមានការគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ទាល់នោះឯង។

ពាក្យចាស់ពោលថា «យល់ញាតិឆ្លៀតច្បាប់» គឺជាពាក្យមួយដែលយើងបានដឹងអត្តន័យយ៉ាងច្បាស់ ប៉ុន្តែនៅមានពាក្យមួយទៀតដែលមានន័យគួរពិចារណាដែរនោះ គឺ «​វ៉ៃឆ្កែឱ្យមើលម្ចាស់» គឺជាពាក្យដែលមានអត្តន័យផ្សេងទៀត ដែលគួរតែពិចារណាសម្រាប់អ្នកដែលកាត់សេចក្តីណាមួយ។ ការដឹកនាំប្រទេសជាតិ គឺជាការលំបាកណាស់ទៅហើយ ព្រោះត្រូវទទួលខុសត្រូវលើរឿងគ្រប់យ៉ាង រឿងគ្រួសារ រឿងសាច់ញាតិ រឿងបងប្អូន ជាពិសេសរឿងប្រទេសជាតិ ដែលជាបណ្តុំនៃមនុស្សដែលមាននិន្នាការផ្សេងគ្នា។ ​សម្រាប់មនុស្សជាតិនៅក្នុងពិភពលោកយើងនេះ ការបានទទួលប្រយោជន៍គឺជារឿងដែលសប្បាយចិត្ត និងតែងតែត្រេកអរ ហើយការបាត់បង់ប្រយោជន៍គឺជារឿងមិនសប្បាយចិត្ត និងតែងតែខឹងសប្បារចំពោះការបាត់បងប្រយោជន៍ណាមួយ។ ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវថ្នមចិត្តមន្ត្រីចាស់ៗ ព្រោះខ្លាចមានការចោទប្រកាន់ថាមិនគោរពចាស់ទុំ ឬមិនគោរពអ្នកដែលមានគុណច្រើនចំពោះបក្ស ដែលចំណុចនេះពេលខ្លះហាក់បានរំខានការតាំងចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការដឹកនាំប្រទេសជាតិ។ មន្ត្រីចាស់ៗដែលមានចេតនាល្អជាមួយនឹងគណបក្សប្រជាជនកម្ពុជា គួរតែដកខ្លួនចេញពីរឿងមិនត្រឹមត្រូវដែលកំពុងតែកើតមាន ហើយទុកឱកាសពេញលេញសម្រាប់ការដឹកនាំប្រទេសជាតិជូនរដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយមិនគួរបង្កើតបញ្ហាណាមួយសម្រាប់រដ្ឋាភិបាលនោះទេ ព្រោះថាសម័យនេះគឺជាសម័យបច្ចេកវិជ្ជា ហើយមនុស្សភាគច្រើនបានសិក្សារៀនសូត្រ និងបានស្គាល់អ្វីខុសអ្វីត្រូវយ៉ាងច្បាស់លាស់។ នៅក្រោមសន្តិភាព និងការក្រោមដឹកនាំរបស់ សម្តេច ហ៊ុន សែន កន្លងមកនេះ ពលរដ្ឋកម្ពុជា ជាពិសេសនិស្សិត និងស្រាវជ្រាវកម្ពុជា បានឱកាសសិក្សាឈ្វេងយល់ចំពោះរឿងខុស និងរឿងត្រូវ ហើយថែមទាំងបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតជាច្រើនផងដែរ។ ​អ្នកដែលជាប់នឹងបញ្ហានៃការទន្រ្ទានយកដីរបស់រដ្ឋ ឬបឹងទន្លេសាបនោះ គួរតែដកខ្លួនចេញហើយមិនត្រូវមានចិត្តចង់បានដីបឹងទន្លេសាបទៀតនោះទេ ព្រោះនោះគឺការរំខានការសម្រចចិត្តផ្ទៃក្នុងរបស់រដ្ឋាភិបាលកម្ពុជាណាស់។ ថ្នាក់ដឹកនាំនាសម័យនេះ មិនមានចិត្តណាមួយថាមិនគោរពចាស់ទុំនោះទេ ប៉ុន្តែចាស់ទុំដែលបានបង្ករបញ្ហាសម្រាប់ថា្នក់ដឹកនាំនោះ គួរតែដកខ្លួនចេញឱ្យបានច្បាស់លាស់ ហើយមិនត្រូវសម្ងំដោយរង់ចាំឱកាសដើម្បីទទួលយកប្រយោជន៍នោះទេ។ ​

ការប្រយ័ត្នមាត់ ឬខ្លាចពាក្យសំដីមិនគប្បីចំពោះមន្ត្រីចាស់ៗ គឺជារឿងលំបាកផ្នែកសីលធម៌សម្រាប់ថា្នក់ដឹកនាំសម័យថ្មី ហើយកិច្ចការនេះអាចមានផលប៉ះពាល់ចំពោះគោលនយោបាយនៃដឹកនាំប្រទេសកម្ពុជារបស់រាជ រដ្ឋាភិបាលកម្ពុជាផងដែរ។

ក្រៅពីការលំបាកចំពោះការភ្ជាប់ចិត្តមន្ត្រីចាស់ៗហើយនោះ នៅមានបញ្ហាក្នុងប្រទេសជាច្រើនទៀត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវគិត និងត្រូវដោះស្រាយផងដែរ។ បញ្ហាសម្រាប់កសិករ បញ្ហាសម្រាប់អ្នកជំនួញ បញ្ហាសម្រាប់មន្ត្រីរាជការ និងការសាងសងហេដ្ឋារចនសម្ព័ន្ធក្នុងទីក្រុង និងតាមជនបទនោះ សុទ្ធតែជារឿងសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយឱ្យមានប្រសិទ្ធភាព និងមានទំនួលខុសត្រូវចំពោះប្រជាជាតិមួយនេះ។ ​

ការនិយាយ និងការរិះគន់ គឺជារឿងងាយស្រួយ ប៉ុន្តែការដោះស្រាយបញ្ហាជាក់ស្តែងគឺជាការលំបាក ហើយទាមទារពេលវេលា និងត្រូវការការតាំងចិត្តពីមន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថា្នក់។ មន្ត្រីដែលមានសមត្ថភាព និងមន្ត្រីដែលមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ គួរតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រឱ្យបានពិតប្រាកដ ហើយរាជរដ្ឋាភិបាលគួរតែបើកចិត្តទទួលយកអ្វីដែលជាការពិតដែលបានកើតមានក្នុងប្រទេសកម្ពុជា។ ​

ភាពខ្វះខាតមួយរបស់មន្ត្រីរាជការ ឬអ្នកកាន់ដំណែងណាមួយនោះ គឺពេលធ្វើរបាយការណ៍ទៅជូនថា្នក់លើមិនសូវហ៊ាននិយាយអំពីចំណុចខ្វះខាតដែលកើ់តមាននៅក្នុងស្ថាប័នរបស់ខ្លួន ឬនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លាចថា ថា្នក់លើនឹងស្តីបន្ទោសខ្លួនព្រោះតែអសមត្ថភាពនៃការដឹកនាំរបស់ខ្លួន ហើយជួនកាលខ្លាចខ្មាស់គេពេលចំណុចខ្វះខាតនោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ដោយសារតែការលាក់របស់មន្ត្រីថា្នក់ក្រោម និងដោយសារតែការស្តីបន្ទោសរបស់ថា្នក់លើ បានបន្សល់ទុកបញ្ហាដែលមិនអាចដោះស្រាយបានជូនទៅពលរដ្ឋឱ្យជាអ្នកប្រឈមមុខនឹងបញ្ហាទាំងនោះ ហើយទុកពាក្យថា «អសមត្ថភាព» ជូនទៅថ្នាក់លើជាអ្នកទទួលខុសត្រូវ។

ក្រៅពីបញ្ហាក្នុងប្រទេស នៅមានបញ្ហាក្រៅប្រទេសជាច្រើនទៀតដែលបានបង្ករជាបញ្ហាសម្រាប់ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានដូចជាការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ការរៀបឥរិយាបទនៅឆាកអន្តរជាតិ ការពិនិត្យមើលទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមករកស៊ីនៅក្នុងប្រទេសកម្ពុជា ការពិនិត្យមើលព្រំដែនគោក និងព្រំដែនសមុទ្រ ការថែរក្សាទំនាក់ទំនងទំនងល្អជាមួយនឹងប្រទេសផ្សេងទៀត គឺសុទ្ធតែមិនមែនជាការងាយស្រួលនោះទេ។

ប្រទេសកម្ពុជាគឺជាប្រទេសតូច មានសេដ្ឋកិច្ចមិនទាន់រឹងមាំ កំលាំងយោធានៅមានកម្រឹត ហើយពលរដ្ឋដែលមានចំណេះដឹងជ្រៅជ្រះ ក៏នៅមានចំនួនមិនទាន់ច្រើនដូចប្រទេសជិតខាងនៅឡើយទេ ព្រោះហេតុនោះនៅមានកិច្ចការជាច្រើនទៀតដែលប្រទេសកម្ពុជាត្រូវដោះស្រាយ និងត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ហើយត្រូវថែរក្សាសន្តិភាពដែលកំពុងតែមាននៅពេលនេះឱ្យបានជាដាច់ដាច ​បើមិនដូច្នេះទេ កម្ពុជានឹងប្រឈមមុខនឹងបញ្ហាលំបាកៗជាច្រើនទៀតជាមិនខាន។

សន្តិភាព និងស្ថេរភាព ព្រមទាំងការបង្កើតឱកាសស្មើរគ្នានៅក្នុងសង្គម គឺមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយការរក្សាតម្លៃវប្បធម៌ ទឹកដី និងសម្បត្តិធម្មជាតិរបស់ប្រទេសឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយនោះ គឺជារឿងសំខាន់ណាស់។ យុត្តិធម៌ និងសេចក្តីសុខទាំងឡាយសុទ្ធតែកើតចេញពីតម្រូវការរបស់ក្រពះ ព្រោះហេតុនោះ ការបង្កើតឱកាស និងការផ្តល់ឱកាស់សម្រាប់​មនុស្សដែលមានសមត្ថភាពឱ្យបានធ្វើការទៅតាមជំនាញ គឺជារឿងសំខាន់មួយដែលថា្នក់ដឹកនាំត្រូវគិតនិងពិរចារណា។ មនុស្សដែលមានចំណេះដឹងអាចសួរនាំច្រើន ឬអាចមតិផ្ទុយពីយល់ឃើញរបស់ថា្នក់ដឹកនាំ គឺហាក់បីដូចជាការសម្រួចឈើពុក និងឈើខ្លឹមដូចគ្នា។ ឈើខ្លឹមអាចប្រើពេលយូរបន្តិចដើម្បីសម្រួចមុននឹងអាចប្រើប្រាស់វាបាន ប៉ុន្តែបើសិនជាសម្រួចរួចហើយនឹងអាចប្រើប្រាស់បានយូរ ចំណែកឯឈើពុកវិញអាចប្រើពេលខ្លីដើម្បីសំលៀង ឬសម្រួច ប៉ុន្តែអាចប្រើប្រាស់មិនបានយូរឬប្រើមិនកើត។

ការប្រើមនុស្សទៅតាមជំនាញ ​ឬប្រើមនុស្សឱ្យស្របតាមសមត្ថភាព គឺជារឿងសំខាន់ណាស់ដើម្បីសម្រេចបានតាមគោលនយោបាយដែលបានកំណត់សម្រាប់អាណត្តិនៃការដឹកនាំ ហើយត្រូវបើកចិត្តទទួលយកគំនិតផ្សេងគ្នានៅពេលខ្លះ ដោយមិនត្រូវចាត់ទុកអ្នកដែលបានផ្តល់គំនិតផ្សេងនោះជាសត្រូវ ឬជាអ្នកដែលមានចេតនាប្រឆាំងនោះទេ។

———

RAC Media 

(បណ្ឌិត ស៊ឺន សំ ជាអ្នកស្រាវជ្រាវគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

រាល់មតិយោបល់ដែលមានៅក្នុងអត្តបទនេះ គឺជាយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ មិនមែនជាការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ ​

អត្ថបទទាក់ទង

កញ្ញា ម៉ៅ សុគន្ធា៖ «ការងារតម្បាញសូត្រគឺជាផ្នែកមួយនៃការបង្កើនការងារក្នុងប្រទេសកម្ពុជា»

របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជ...

2022-09-20 10:45:00   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 05:45 PM
សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចនិងបង្កើនប្រាក់ចំណូលជាតិសរុប

យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និ...

2022-09-20 08:02:50   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 03:02 PM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលប្រតិភូកូរ៉េ សម្រាប់សន្និសីទអន្តរជាតិ ថ្ងៃទី២១ ខាងមុខនេះ

យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ...

2022-09-20 06:25:23   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 01:25 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីផលប្រយោជន៍មនុស្សជាតិ»

បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2022-09-20 05:23:59   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 12:23 PM
«សន្និសីទ CLV ជាចំណុចជួបគ្នារបស់អ្នកស្រាវជ្រាវប្រទេសកម្ពុជា ឡាវ និងវៀតណាម»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោល...

2022-09-20 04:11:41   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 11:11 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ...

2022-09-20 02:25:19   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 09:25 AM

សេចក្តីប្រកាស