Royal Academy of Cambodia
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ពីរ ដែលត្រូវបានលើកឡើងជាញឹកញាប់ដោយអ្នកនយោបាយនិងបញ្ញវន្តនៃប្រទេសទាំងពីរពាក់ព័ន្ធនឹងបដិការគុណដែលប្រទេសទាំងពីរត្រូវសម្តែងចំពោះគ្នាទៅវិញទៅមក គឺការជួយរបស់កម្ពុជាចំពោះវៀតណាមក្នុងសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាមនាអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ និងការជួយរបស់វៀតណាមចំពោះកម្ពុជាក្នុងចលនារំដោះជាតិចេញពីរបស់ប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩។
ក្នុងអតីកាល កម្ពុជានិងវៀតណាមធ្លាប់មានទំនងទំនងជាច្រើនជាមួយគ្នា និងមានប្រវត្តិសាស្ត្រជាប់ទាក់ទងគ្នាស្ទើរគ្រប់សម័យកាល។ ជារួម ក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានច្រើននិងមានទាំងល្អផងនិងមិនល្អផង។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរដែលជះឥទ្ធិលទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាសហសម័យ។
ព្រឹត្តិការណ៍ទីមួយ កម្ពុជាធ្លាប់បានជួយបង្រួបបង្រួមវៀតណាមខាងត្បូងនិងវៀតណាមខាងជើង មកជាប្រទេសតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ កម្ពុជាបានអនុញ្ញាតឱ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែនរបស់ខ្លួន សម្រាប់ដឹកស្បៀង សព្វាវុធ ដើម្បីវាយលុកផ្តួលវៀតណាមខាងត្បូង។ ហេតុផលនេះហើយ បានជាកងទ័ពអាម៉េរិក ដែលជាសម្ព័ន្ធមិត្តជាមួយវៀតណាមខាងត្បូង បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់មកលើទឹកដីកម្ពុជាដែលមានទម្ងន់សរុបជិត៣លានតោន ហើយបានបង្កឱ្យស្លាប់និងរបួសប្រជាជនខ្មែរនៅតាមព្រំដែនរាប់ម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងមហាវិបត្តិ និងគ្រោះមហន្តរាយស្ទើរតែរលាយសាបសូន្យទឹកដីនិងពូជសាសន៍ខ្មែរ។
ចំណែកឯព្រឹត្តិការណ៍ទីពីរវិញ គឺវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាដែរ តាមរយៈការបញ្ជូនកងទ័ពចូលមកទឹកដីកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីជួយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅ ថាខ្មែរក្រហម និងបានរំដោះប្រជាជនកម្ពុជាចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មក កងទ័ពវៀតណាម បន្តមានវត្តមាននៅកម្ពុជារហូតដល់ឆ្នាំ១៩៨៩ ទើបដកចេញពីកម្ពុជា។
ដើម្បីសម្ដែងការដឹងគុណ និងការរម្លឹកគុណដល់កងទ័ពនិងប្រជាជនវៀតណាម លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការជួយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ថ្នាក់ដឹកនាំកម្ពុជាបានកសាងវិមានឬស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅរាជធានីភ្នំពេញ និងនៅស្ទើរគ្រប់ខេត្តរបស់ខ្លួន។ ប៉ុន្តែ ភាគីវៀតណាមវិញ មកដល់ពេលនេះ មិនទាន់មានការសាងសង់វិមានឬស្តូបមិត្តភាពវៀតណាម-កម្ពុជាណាមួយដើម្បីរម្លឹកដល់គុណកម្ពុជាដែលធ្លាប់បានជួយវៀតណាមនាពេលកន្លងមកនោះនៅឡើយទេ។ កត្តានេះ ធ្វើឱ្យមានមតិជាតិនិងមតិអន្តរជាតិមួយចំនួនរិះគន់ដោយបានលើកឡើងថា មេដឹកនាំឬប្រជាជនវៀតណាមហាក់ដូចជាមិនអើពើនឹងការសងគុណដែលកម្ពុជាធ្លាប់មានចំពោះខ្លួននាពេលកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ផាម ជីញ មីញ (Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវការដឹងគុណដល់កម្ពុជា ជាពិសេស ក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានថ្លែងបែបនេះនៅក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានាក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងពេលនោះ ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងថា «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រនិងការជួយដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាជាច្រើនជំនាន់ ចំពោះប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាងនិងការអភិវឌ្ឍប្រទេសសព្វថ្ងៃ»។
គាត់បានបន្តថា៖ «យើងខ្ញុំសូមសម្តែងនូវការដឹងគុណពិសេសចំពោះរាជរដ្ឋាភិបាល ដើរតាមនយោបាយអព្យាក្រឹតរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្តនិងបង្កលក្ខណៈអំណោយផលដល់បដិវត្តន៍វៀតណាម ក្នុងការកសាងនូវមូលដ្ឋាន និងផ្លូវដឹកជញ្ជូនឱ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ»។
គាត់ជឿជាក់យ៉ាងមុតមាំថា កម្ពុជានិងវៀតណាមនៅតែបន្តមិត្តភាពមួយនេះកាន់តែរឹងមាំហើយស៊ីជម្រៅបន្ថែមទៀត គាត់មើលឃើញថា មិត្តភាពនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលមនុស្សជំនាន់ក្រោយត្រូវតែបន្តគោរពជាកិត្តិយសគ្រប់ជំនាន់។ តាមរយៈការឆ្លើយតបជាវិជ្ជមានជាលើកដំបូងនេះ យើងគិតថា ភាគីមិត្តនឹងពិចារណាលើការសាងសង់វិមានឬស្តូបមិត្តភាពវៀតណាម-កម្ពុជានៅលើទឹកដីវៀតណាម និងចារិកខ្លឹមសារដែលមានអត្ថន័យបង្ហាញការរម្លឹកគុណគ្នាទវិញទៅមក«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនឹងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណនិងចងចាំចំពោះពលិកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០» ដែលខ្លឹមសារនេះគឺជាសេចក្តីណែនាំបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋនៃព្រះរាជណាចក្រកម្ពុជា។
សរុបមក បើទោះបីជាក្នុងអតីកាល ប្រទេសទាំងពីរធា្លប់មានអនុស្សាវរីយ៍ផ្អែមល្ហែមផងនិងជូរចត់ផង ដែលប្រែប្រួលទៅតាមរបត់នយោបាយផ្ទៃក្នុង នយោបាយតំបន់ និងនយោបាយអន្តរជាតិ ឬឆន្ទៈរបស់មេដឹកនាំនៃប្រទេសនីមួយៗក៏ដោយ ក៏មេដឹកនាំនិងប្រជាជាតិបច្ចុប្បន្ននៃប្រទេសទាំងពីរមិនត្រូវផ្ដោតខ្លាំងពេកលើការគាស់កកាយប្រវត្តិសាស្ត្រនិងអនុស្សាវរីយ៍មិនល្អទាំងនោះ ដើម្បីធ្វើជាឈ្នាន់នយោបាយឬជាមូលដ្ឋានក្នុងការបង្កអរិភាពរវាងគ្នានឹងគ្នានោះទេ។
ប៉ុន្តែ ចាប់ពីពេលនេះតទៅ ប្រទេសទាំងពីរត្រូវតែអនុវត្តតាមពាក្យស្លោកទាំងអស់ដែលប្រទេសទាំងពីរបានកំណត់ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»។ តាមរយៈសុភាសិតនេះ ប្រទេសទាំងពីរត្រូវតែ ធ្វើជាអ្នកជិតខាងដែលកាន់តែល្អពិតប្រាកដជាងមុន ប្រកបដោយភាពស្មោះត្រង់ ជួយគ្នាទៅវិញទៅមក គោរពអធិបតេយ្យ បូរណភាពទឹកដី មិនបំពានគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនកេងចំណេញពីគ្នា ផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក បំពេញបន្ថែមនូវអ្វីដែលជាចន្លោះប្រហោង និងរស់នៅក្នុងសហអត្ថិភាព សហប្រតិបត្តិការល្អនិងដៃគូល្អ ដើម្បីសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាក្នុងនាមជាអ្នកជិតខាងល្អ៕
(បញ្ជាក់៖ ខ្លឹមសារអត្ថបទខាងលើ ជាទស្សនៈនិងយល់ឃើញផ្ទាល់របស់ស្មេរម្ចាស់អត្ថបទ។ )
ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម...
ប្រវត្ដិវិទូ បានកំណត់យកសហសវត្ស នៅចន្លោះឱនភាពនៃក្រុងរ៉ូម និងបុនសម័យ (៥០០-១៤០០គ.ស.) ថាជាមជ្ឈិមសម័យ (Middle Ages or midieval period)។ សករាជនៃវប្បធម៌ និងការអប់រំលោកខាងលិចនេះ បានលាតសន្ធឹងពីចុងបញ្ចប់នៃសករាជ...
ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្...
និទានកថា នៅទីនេះ បានចាប់ផ្ដើមពីសម័យដែលមនុស្សមិនទាន់ចេះអាន និងសរសេរ មុនពេលមានការបង្កើតថ្មីនៃការអាន និងការសរសេរ នៅពេលដែលបុព្វបុរស ផ្ទេរវប្បធម៌ដោយផ្ទាល់មាត់របស់គេ ពីជំនាន់មួយទៅជំនាន់មួយទៀត។ គេអាចស្វែងរកឃ...
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នៅសាល «ទន្លេសាប» នៃអគារខេមរៈវិទូមានរៀបចំអង្គសិក្ខាសាលាស្តីពី «ទេសចរណ៍កម...
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសហការជាមួយអង្គការ GIZ និងអ្នកជំនាញជាជនជាតិអូស្ត្រាលីដើម្បីរៀបចំបង្កើតឱ្យមានដំណើរក...