ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024, 04:43 AM
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំ...

2023-02-17 08:20:14   Fri, 17,02,2023, 08:20 AM
ការប្រតិបត្តិជំនឿអ្នកតាក្នុងសង្គមខ្មែរ ដោយ៖ លោកបណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្រ្ត នៃវិទ្យាស្ថាន​​មនុស្សសាស្រ្ត​​​​និងវិទ្យាសាស្រ្តសង្គម

ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូល​មកក្នុងទឹកដីកម្ពុជា។ អ្...

2023-02-17 08:08:24   Fri, 17,02,2023, 08:08 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ ៖ «ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន មានតម្លៃ និងស្របតាមស្ថានភាពរបស់កម្ពុជា ដែលកំពុងត្រូវការអ្នកចេះភាសាចិន បំពេញការងារជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំសាធារណៈ នៅពេលបច្ចុប្បន្ននេះ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម...

2023-02-13 08:19:04   Mon, 13,02,2023, 08:19 AM
ចំណងទំនាក់ទំនងកម្ពុជា-ចិន ៖ គំរូមិត្តភាពដែកថែប ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ឆ្នាំ២០២៣ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការ​ទូត​រវាងកម្ពុជា និងចិន ។ ក្នុងរយៈពេល៦៥ឆ្នាំនេះ ប្រទេសទាំងពីរបានលើកកម្ពស់ និងបីបាច់ថែរក្សាមិត្តភាព «ដ...

2023-02-11 04:39:13   Sat, 11,02,2023, 04:39 AM
«ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI)»

នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI) ដោយផ្ត...

2023-02-09 09:48:53   Thu, 09,02,2023, 09:48 AM
«ពិធីចុះហត្ថលេខាកំណត់ហេតុ នៃកិច្ចពិភាក្សារវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) ជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់ វិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ និងសេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ (NRC)»

ក្រោយពីបានបំពេញការងារលើកិច្ចការសន្ទនាកម្រិតបច្ចេកទេសអស់រយៈពេល២ថ្ងៃ កន្លងទៅ (ថ្ងៃទី៨ និងទី៩ ខែកម្ភៈ ឆ្នាំ២០២៣) នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ...

2023-02-09 09:42:56   Thu, 09,02,2023, 09:42 AM

សេចក្តីប្រកាស