ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024 ម៉ោង 11:43 AM
អ្នកមើល 12167
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។...

2024-05-20 12:37:27   ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
ឯកឧត្តមបណ្ឌិត ឡេង សុជា បានផ្តល់សៀវភៅចំនួន៣០ក្បាល ដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោក ហេង វីរិទ្ធិ បានទទួល កម្រងសៀវភៅ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០២៣ បោះពុម្ភផ្សាយ...

2024-05-20 09:19:40   ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 04:19 PM
រាជបណ្ឌិត្យសភាកម្ពុជា បន្តផ្ដល់ជូននូវទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងកុមារមានពិការភាពដល់អង្គការ និងមណ្ឌលកុមារកំព្រាចំនួន៣កន្លែងនៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុ...

2024-05-20 07:24:15   ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 02:24 PM
ទស្សនៈប្រធានវិស័យនិយម (The subjectivism) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

វត្ថុទាំងឡាយ នៅក្នុងធម្មជាតិ ឬក៏ ហៅម្យ៉ាងទៀតថាវត្ថុធម្មជាតិ (natural things) ក៏បាន។ វត្ថុទាំងឡាយនេះសុទ្ធតែ មាន គុណភាព (quality) ផ្ទាល់របស់ពួកវា ប៉ុន្តែ មនុស្សទាំងឡាយមានការយល់ដឹង អំពី ទីតាំងគុណភាព (qua...

2024-05-20 03:41:37   ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 10:41 AM
រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ទឹកដោះគោស្រស់ជូនកុមារកំព្រា កុមារមានពិការភាព នៅមណ្ឌលកុមារកំព្រា២កន្លែងនៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រ...

2024-05-19 03:20:12   ថ្ងៃអាទិត្យ, 19 ឧសភា 2024 ម៉ោង 10:20 AM
អត្ថិភាពទស្សនវិជ្ជាខ្មែរក្នុងវិស័យផ្សេងៗក្នុងសង្គមខ្មែរ ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា ប្រធានស្ដីទីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

គ្រប់វិស័យទាំងអស់សុទ្ធតែមានទស្សនវិជ្ជានៅក្នុនោះ ព្រោះវាមានចំណោទបញ្ហា ទ្រឹស្តី គំនិត និងវិធីដោះស្រាយបញ្ហា ជាលក្ខណៈទស្សនវិជ្ជា ហើយគោលបំណង នៃការប្រតិបត្តិក្នុងគ្រប់វិស័យទាំងអស់សុទ្ធតែតម្រង់ទៅរកទស្សនវិជ្ជ...

2024-05-17 07:33:27   ថ្ងៃសុក្រ, 17 ឧសភា 2024 ម៉ោង 02:33 PM

សេចក្តីប្រកាស