ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024, 04:43 AM
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា០១ រូបមានឋានៈស្មើអគ្គនាយក»

យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨២ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួ...

2019-03-04 05:06:11   Mon, 04,03,2019, 05:06 AM
«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជំនួយការរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបមានឋានៈស្មើអគ្គនាយក»

យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨១ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួ...

2019-03-04 04:50:04   Mon, 04,03,2019, 04:50 AM
សិស្ស និស្សិតកម្ពុជា ១១០នាក់ ទទួលអាហារូបករណ៍និងសិក្សាភាសាចិននៅវិទ្យាស្ថានខុងជឺ មុនចេញទៅសិក្សាជំនាញនៅប្រទេសចិន

ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន សម្រាប់រយៈពេល៣...

2019-03-04 03:46:03   Mon, 04,03,2019, 03:46 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ៣) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា | ផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩

នៅក្នុងភាគទី២នៃអត្ថបទ យើងបានបង្ហាញអំពី«បណ្ណសារ»(Archive)មួយ ដែលជាលិខិតរបស់ ឧកញាវាំង​ជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ១៩១៦(សូមមើលអត្ថបទមុន)។  ចំណែកនៅភាគទី៣នេះ សូមបង្ហាញ«បណ្ណសារ»(ឯ...

2019-03-02 04:31:26   Sat, 02,03,2019, 04:31 AM
«ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា» ដោយ៖ ចាន់ វណ្ឌី

ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការបណ្តុះបណ្តាលវគ្គសិក្សាថ្មី (ថ្នាក់បណ្ឌិតជំនាន់ទី៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧) ដែលបានធ្វើឡើងនៅថ្ងៃព្រឹកថ្ង...

2019-03-02 04:03:07   Sat, 02,03,2019, 04:03 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ...

2019-03-01 08:59:42   Fri, 01,03,2019, 08:59 AM

សេចក្តីប្រកាស