ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024, 04:43 AM
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

Vietnam Predicts The Future!

Vietnam became a full member of ASEAN on 28 July 1995. Vietnam’s accession to the various ASEAN agreements demonstrates her commitment to economic cooperation in the region, to the opening up of her...

2020-01-01 14:28:02   Wed, 01,01,2020, 02:28 PM
ហេតុអ្វីសិក្សាវិទ្យាសាស្ត្រនយោបាយ?

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល...

2019-12-31 11:04:14   Tue, 31,12,2019, 11:04 AM
សារជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...

2019-12-31 04:23:40   Tue, 31,12,2019, 04:23 AM
ប្រវត្តិទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដោយ៖ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស...

2019-12-30 03:41:32   Mon, 30,12,2019, 03:41 AM
«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណង...

2019-12-30 03:05:54   Mon, 30,12,2019, 03:05 AM
«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទ...

2019-12-27 18:17:16   Fri, 27,12,2019, 06:17 PM

សេចក្តីប្រកាស