ព័ត៌មាន

ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

2024-01-04 04:43:56 ថ្ងៃព្រហស្បតិ៍, 04 មករា 2024 ម៉ោង 11:43 AM
អ្នកមើល 12773
post_detail

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញ

ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧,៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។

ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងក្រុងហូជីមិញបានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដោយប្រើបច្ចេកវិទ្យាខ្ពស់ក្រុងហូជីមិញ បានដាក់ទណ្ឌកម្មរដ្ឋបាលលោក Hua Quoc Anh ដោយផ្អែកលើអាកប្បកិរិយារបស់គាត់ ការរំលោភផ្នែករដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ប្រេកង់ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិក ផ្អែកតាមក្រឹត្យ ១២/២០២០ ដោយពិន័យជាប្រាក់ចំនួន ៧,៥ លានដុង និងឱ្យម្ចាស់គណនី TikTok រូបនេះ សន្យាមិនឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងជាថ្មីទៀត។

សូមរំឭកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ បានបង្ហោះវីដេអូប្រវែង ១នាទី២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្តដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីថៃ ហើយកាន់ដំបងដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា “សួស្ដីប្រទេសថៃ!” នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ០០០នាក់ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ។ អាជ្ញាធរអប្សរាក៏បានជំរុញអ្នកប្រើអ៊ីនធឺណិត ឈប់បន្តការចែករំលែកវីដេអូដែលមាន “មាតិកាមិនសមរម្យ” នេះ។

ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយបាននិយាយថា «ឥឡូវខ្ញុំដឹងថាខ្លួនខុស ខ្ញុំដឹងកំហុសខ្ញុំ ដូច្នេះខ្ញុំសូមអភ័យទោសដោយស្មោះចំពោះមិត្តកម្ពុជា និងប្រទេសកម្ពុជា។ នឹងមិនមានរឿងបែបនេះកើតឡើងម្ដងទៀតទេ។ ឆានែលក៏បាត់ដែរ ឃ្លីបក៏ត្រូវបានលុបចេញពីវេទិកាទាំងអស់ ហើយខ្ញុំចង់បញ្ចប់រឿងនេះទាំងស្រុងនៅទីនេះ។»

ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់លោក Hua Quoc Anh មិនគ្រប់គ្រាន់ដើម្បីបំបាត់កំហឹងសាធារណជននោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ជាក់ថា ពួកគេមិនទទួលយកការសុំទោសរបស់បុរសម្នាក់នេះទេ ដោយសារតែពួកគេគិតថា អាកប្បកិរិយារបស់ម្ចាស់គណនី TikTok ជនជាតិវៀតណាមរូបនេះ ខ្វះភាពស្មោះត្រង់និងវិប្បដិសារី។

លើសពីនេះ សហគមន៍អនឡាញបានអំពាវនាវឱ្យធ្វើពហិការលើបុគ្គលនេះសម្រាប់ការបង្កើតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កគ្រោះថ្នាក់ ស្អប់ខ្ពើម ហើយជាច្រើនដងមានការឈ្លោះប្រកែកគ្នាដោយសារតែការប៉ះពាល់លើបញ្ហាវប្បធម៌ សាសនា និងនយោបាយ។

បច្ចុប្បន្ននេះ គណនី TikTok របស់ជនជាតិវៀតណាមរូបនេះ ដែលមានអ្នក Follow ជាង ៧០៧ ០០០ និងមានអ្នក Like ប្រមាណ ១៩,៨ លាន ត្រូវបានបិទជាអចិន្ត្រៃយ៍ដោយក្រុមហ៊ុន TikTok៕

(អត្ថបទដោយ៖ បណ្ឌិត គិន ភា)

អត្ថបទទាក់ទង

មីយ៉ាន់ម៉ា៖ ការប្រទាញប្រទង់ឥទ្ធិពលរវាងមហាអំណាច និងតុល្យភាពភូមិសាស្ត្រក្នុងតំបន់

រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...

2021-02-18 08:11:22   ថ្ងៃព្រហស្បតិ៍, 18 កុម្ភៈ 2021 ម៉ោង 03:11 PM
ទស្សនៈវិស័យចំពោះឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានអស់រយៈពេលយូរជាងគេនៅសហគមអាស៊ាន និងនៅក្នុងតំបន់។ ក្រោយសម័យខ្មែរក្រហមត្រូវបានបញ្ចប់ និងក្រោយការបោះឆ្នោតសកល​លើកដំបូងក្នុងឆ្នាំ១៩៩...

2021-02-17 08:13:40   ថ្ងៃពុធ, 17 កុម្ភៈ 2021 ម៉ោង 03:13 PM
តើកត្តាអ្វីនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច?

ប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច គឺជាប្រធានបទថ្មីសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាប្រធានបទដែលត្រូវបានពិភាក្សាដោយយកចិត្តទុកដាក់ក្នុងចំណោមបញ្ញវន្ត អ្នកស្រាវជ្រាវ និងថា្នក់ដឹកនាំសំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។ ម...

2021-02-16 13:56:39   ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 08:56 PM
សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...

2021-02-16 07:40:17   ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
ជំហរអាស៊ានក្នុងស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ដោយ៖ ចាន់ វណ្ឌី លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...

2021-02-15 04:38:47   ថ្ងៃចន្ទ, 15 កុម្ភៈ 2021 ម៉ោង 11:38 AM
លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគ...

2021-02-13 05:05:56   ថ្ងៃសៅរ៍, 13 កុម្ភៈ 2021 ម៉ោង 12:05 PM

សេចក្តីប្រកាស