ព័ត៌មាន

ភ្នំពេញនិងបម្លាស់លំនៅ Phnom Penh and Migration ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម

2023-12-19 07:33:35 ថ្ងៃអង្គារ, 19 ធ្នូ 2023, 07:33 AM
post_detail

ភ្នំពេញ (Phnom Penh) គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនជាងគេ រហូតដល់៣៣១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រមូលផ្ដុំទៅដោយ សំណង់អគារលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម ទីផ្សារដោះដូរមុខទំនិញ លើមុខជំនួញជួញដូរផ្សេងៗ ទាំងក្នុងស្រុក និងក្រៅស្រុក រួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សារ សង្គមកិច្ច និង នយោបាយ ពោលគឺជាទីកន្លែងរស់នៅប្រកបដោយភាពសម្បូរបែប។ តាមប្រវត្តិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានសាងសង់លើកដំបូង នៅក្នុងឆ្នាំ១៤៣៤ នៃរជ្ជកាលព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលទ្រង់បានចាកចោលរាជធានីអង្គរ ប៉ុន្តែមិនបានឋិតថេររហូតដល់បច្ចុប្បន្ននេះទេ។ ដំណាក់កាលទីពីរ គឺសាងសង់នៅក្នុងឆ្នាំ១៨៦៥ នៃរជ្ជកាលព្រះបាទនរោត្តម ហើយបានក្លាយទៅជារាជធានីជាក់លាក់មួយ បន្តរហូតដល់បច្ចុប្បន្ននេះ។ លំនៅដ្ឋានជាច្រើនរបស់ប្រជាជននាពេលនោះ គឺធ្វើអំពីឫស្សីប្រក់ដំបូលស្លឹក ហើយមានមុខរបរជាអ្នកជំនួញ នេសាទ និងធ្វើស្រែចម្ការ ចម្រុះទៅដោយជាតិសាសន៍ ជាច្រើន ដូចជា ខ្មែរ ចិន យួន ជ្វា ជាដើម។ គោលនយោបាយថ្មី របស់ព្រះបាទនរោត្តមនាពេលនោះ គឺការពង្រីកទីក្រុង ដោយបានស្ថាបនាអគារថ្មីៗជំនួសឱ្យផ្ទះឫស្សីប្រក់ស្លឹក ជាពិសេស ផ្ទះនៅតាមតំបន់ជួរមាត់ ទន្លេ។ ក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំដោយវិស្វករបារាំង ពោលគឺចម្លងតាមគម្រូស្ថាបត្យកម្មនៅក្នុងទីក្រុងប៉ារីស។ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល រាជាធានីភ្នំពេញ នាពេលនោះ គឺបែងចែកជាបីសង្កាត់ ដែលមានទីតាំងស្ថិតនៅបន្តគ្នា តាមបណ្តោយមាត់ទន្លេ ពីជើងទៅត្បូង ហើយសម្គាល់ដោយក្រុមជាតិសាសន៍ផ្សេងៗគ្នារស់នៅ។ នៅខាងជើងក្បែរវត្តភ្នំ គឺជាសង្កាត់បារាំង ដែលមានពួកអ៊ឺរ៉ុបរស់នៅ មានព្រំប្រទល់ជាប់នឹងព្រែកជីកមួយ។ បន្តភ្ជាប់មកខាងត្បូងម្តុំផ្សារកណ្តាល គឺជាសង្កាត់ចិន ដែលមានជនជាតិចិនរស់នៅជុំវិញផ្សារ មានព្រំប្រទល់ជាប់នឹងព្រែកពាមផ្លុង ហើយខាងត្បូង ជាប់នឹងវាលព្រះមេរុ។ រីឯសង្កាត់ខ្មែរវិញ គឺមានទីតាំងស្ថិតនៅម្តុំព្រះបរមរាជវាំង និងលាតសន្ធឹងចុះទៅផ្នែកខាងត្បូង។ រជ្ជកាល ព្រះបាទស៊ីសុវត្ថិ បានបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញ កាន់តែមានភាពទំនើបថែមទៀត ដោយមានការស្ថាបនាអគារសាធារណៈជាច្រើន និងបានពង្រីកសង្កាត់នីមួយៗឱ្យកាន់តែធំបន្ថែមទៀត។ ក្រោយទទួលបានឯករាជ្យ ពីបារាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រាជធានីភ្នំពេញ បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ពោលគឺ មានបម្លាស់លំនៅរបស់ប្រជាជន ពីគ្រប់តំបន់នានាទូទាំងប្រទេស។ ផ្ទុយទៅវិញ ក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ១៩៧០ បានធ្វើឱ្យដំណើរអភិវឌ្ឍន៍ក្នុងវិស័យរៀបចំក្រុង ត្រូវបានគាំងស្ទះ រហូតដល់ប្រជាជន ត្រូវបានជម្លៀសដោយបង្ខំចេញពីរាជធានីភ្នំពេញ ហើយហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណជាច្រើនទៀត ត្រូវបានទុកចោលទាំងស្រុង ពោលគឺរាជធានីភ្នំពេញនាពេលនោះ គឺជាទីក្រុងខ្មោច។

បម្លាស់លំនៅ គឺជាកត្តាមូលដ្ឋានមួយនៃ តំហយនិងកំណើនប្រជាជន តាមតំបន់នីមួយៗ នៃពិភពលោក ពោលគឺពីតំបន់អសន្តិសុខទៅតំបន់ដែលមានសុវត្ថិភាព ពីប្រទេសកំពុងអភិវឌ្ឍទៅប្រទេសអភិវឌ្ឍ ជាដើម។ បម្លាស់លំនៅអន្តរជាតិ (ឆ្លងមហាសមុទ្រ ឆ្លងទ្វីប ឆ្លងប្រទេស) គឺជា បម្លាស់លំនៅមួយ ដែលបណ្តាលឱ្យមានរបាយ និងសមាមាត្រពូជសាសន៍ផ្សេងៗគ្នា គួរឱ្យកត់សម្គាល់ ដូចជា បម្លាស់លំនៅរបស់ជនជាតិស្បែកខ្មៅក្នុងសតវត្សទី១៦ និង ១៧ ពីទ្វីបអាហ៊្វ្រិកទៅកាន់ទ្វីបអាម៉េរិក (សហរដ្ឋអាម៉េរិក) បម្លាស់លំនៅពីទ្វីបអឺរ៉ុបទៅកាន់ទ្វីបអាម៉េរិក ក្នុងសតវត្សទី១៧ និងពីទ្វីបអាហ៊្វ្រិកទៅទ្វីបអឺរ៉ុប ក្នុងសតវត្សទី២០ និង២១ ជាដើម។

ប្រទេសកម្ពុជា ក៏បានឆ្លងកាត់ព្រឹត្តិការណ៍បម្លាស់លំនៅក្នុងប្រទេស ជាករណីដោយឡែករបស់ខ្លួនដែរ ព្រមទាំងត្រូវបានគេរាប់បញ្ចូលទៅក្នុងបណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ ដែលមានបម្លាស់លំនៅអន្តរជាតិ ដោយឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តជាច្រើន ទៅកាន់ទ្វីប ឬប្រទេសគោលដៅផ្សេងៗ ដូចជាប្រទេសបារំាង សហរដ្ឋអាម៉េរិក អូស្រ្តាលី ជាដើម ។

បម្លាស់លំនៅ គឺសំដៅលើដំណើរផ្លាស់ទីរបស់មនុស្ស សត្វ ឬរុក្ខជាតិ ជាបណ្តោះអាសន្នឬស្ថាពរ ពីតំបន់មួយទៅកាន់តំបន់ផ្សេង ។ នៅ ក្នុងខ្លឹមសារនៃអត្ថបទស្រាវជ្រាវនេះ គឺផ្តោតជាសំខាន់អំពីបម្លាស់លំនៅរបស់មនុស្ស ពោលគឺការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ដោយឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត របស់ប្រទេស ជាពិសេសគឺព្រឹត្តិការណ៍នៃ សង្គ្រាមស៊ីវិលផ្ទៃក្នុងកម្ពុជា។

នៅក្នុងអត្តបទស្រាវជ្រាវនេះ មានគោលបំណងផ្តោតជាសំខាន់ទៅលើចលនាបម្លាស់លំនៅប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយឆ្លងកាត់ព្រឹត្តិការណ៍សង្គមនានា ដែលកម្ពុជាបានឆ្លងកាត់ និងផលវិបាកដោយសារបម្លាស់លំនៅញឹកញាប់របស់ប្រជាជនកម្ពុជា។ បើទោះបីបចុប្បន្ន កម្ពុជា បានទទួលនូវសុខសន្តិភាពដ៍ពេញលេញ ក្រោមនយោបាយឈ្នះឈ្នះក៏ដោយ ក៏មូលដ្ឋាន បម្លាស់លំនៅរបស់ប្រជាជនខ្មែរមួយចំនួនមិនបានសម្រាលបន្ទុកកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនដែរ។ 

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs-categories/1/researchs?page=9







អត្ថបទទាក់ទង

«ជំនួបជាមួយគោរមវន្តកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱ...

2020-08-03 15:38:00   Mon, 03,08,2020, 03:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុ...

2020-07-31 05:57:28   Fri, 31,07,2020, 05:57 AM
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីថ្មី ១៧នាក់នៃរាបណ្ឌិត្យសភាកម្ពុជាអនុវត្តកម្មសិក្សា

រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែល​បានប្រឡងជាប់ជាស្ថាពរចូល​បម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ក្របខណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រ...

2020-07-30 06:14:46   Thu, 30,07,2020, 06:14 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...

2020-07-30 05:03:38   Thu, 30,07,2020, 05:03 AM
«ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងជាច្រើនអញ្ជើញចូលទស្សនានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, ស...

2020-07-29 10:25:50   Wed, 29,07,2020, 10:25 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិ...

2020-07-29 07:42:04   Wed, 29,07,2020, 07:42 AM

សេចក្តីប្រកាស