ព័ត៌មាន

កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន

2023-12-01 14:34:17 ថ្ងៃសុក្រ, 01 ធ្នូ 2023 ម៉ោង 09:34 PM
អ្នកមើល 5461
post_detail

ប្រទេសចិនបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ៣ខែ នៃការចេញដំណើររបស់រដ្ឋាភិបាលថ្មី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ជំហរនេះបានស្តែងចេញ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយលោកស្រី ស៊ិន យៀក យៀក (Shen Yueyue) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ ប្រធានគណៈបក្ស ប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដែលចូលរួមចំណែកក្នុងការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជា គឺដើម្បីជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការ ជាក់ស្តែងបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី ដោយធ្វើការបន្ស៊ីគ្នា រវាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបាន បង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាព ចំនួនប្រាំមួយ គឺកិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន ជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់កម្ពុជា និងបានជួយលើកកម្ពស់ ទំនាក់ទំនងកម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ដោយបានប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍។

ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច និងរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ រាជរដ្ឋាភិបាល កម្ពុជា ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីដៃគូទាំងអស់ ទាំងទ្វេភាគីនិងពហុភាគី ទាំងនៅក្នុង តំបន់ និងជុំវិញពិភពលោក ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន។ ជាពិសេសតាមរយៈ គំនិត ផ្តួចផ្តើមទាំង៤ (គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល) របស់ប្រទេសចិន ក៏ដូចជា BRICS អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP និង CCFTA ដែលបានចាក់ប្ញសយ៉ាងរឹងមាំ និងបង្កើតជា ផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព និងបង្កើតផលប្រយោជន៍ សំខាន់ៗសម្រាប់ ប្រជាជន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏បាននិងកំពុងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់ ជាពិសេសទៅកាន់ប្រទេសអាស៊ាន+៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួម ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាស្រាប់ ក៏ដូចជាប្រទេសនានាផ្សេងទៀតផងដែរ។ ទាំងនេះក៏ដើម្បីកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ ពីសំណាក់ ថ្នាក់ ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរ ថែមទៀត ក្នុងរយៈពេល៦៥ឆ្នាំនេះ ចាប់តាំងពីការ បង្កើតទំនាក់ទំនងការទូត។ ទោះបីជាស្ថានភាព អន្តរជាតិ ប្រែប្រួលយ៉ាងណា ក៏ភាគីទាំងពីរ នៅតែអភិវឌ្ឍ ឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែង របស់ខ្លួន និងធ្វើឱ្យ ស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើក កម្ពស់ការ កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារ ខ្ពស់ ក្នុងយុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនា រួមសម្រាប់ មនុស្សជាតិ និងការវាយ តម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ដើម្បី អបអរសាទរខួប អនុស្សាវរីយ៍ លើកទី៦៥ នៃទំនាក់ទំនងការទូត និងនៅតែមានឆន្ទៈបន្តទំនាក់ទំនង មិត្តភាព ជាប្រពៃណី តាមរយៈ ថ្នាក់ដឹកនាំជំនាន់ ក្រោយៗ។

ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យ ភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាត ចំពោះ ការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនតែមួយ ដែល រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិន ទាំងមូល ហើយតែវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ កម្ពុជាប្រឆាំងនឹងការប៉ុនប៉ង នានាក្នុង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកល យកបញ្ហា តៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់»។ កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ។

ចិននិងកម្ពុជាប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារ ពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬ ប្រជាធិបតេយ្យ និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។

ប្រទេសទាំងពីរឯកភាពគ្នា រក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីជំរុញ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗដែលជាការ ព្រួយបារម្ភរួម។ ភាគីទាំងពីរឯកភាពគ្នាផ្តល់តួនាទីពេញលេញដល់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា- ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ២០២៤- ២០២៨) ព្រមទាំងតួនាទីនានារបស់រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាង ប្រជាជនចិន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាបណ្តាញទំនាក់ទំនង បក្ស ព្រមទាំងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរបទពិសោធន៍ លើអភិបាលកិច្ច កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបំពេញបន្ថែម ឱ្យកាន់តែប្រសើរឡើងនូវសហគមន៍ វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

រក្សាការចូលរួមយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរ រវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុងការបណ្តុះបណ្តាល ការធ្វើសមយុទ្ធរួមគ្នា សេវាកម្មវេជ្ជសាស្ត្រ ភស្តុភារកម្ម និង ការដោះមីន។ល។ ក៏ដូចជាការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី។

បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនគរបាល និងការកសាងសមត្ថភាព ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងការលេងល្បែង ស៊ីសងឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ អនុវត្តកិច្ចសហប្រតិបត្តិការសន្តិសុខលើ គម្រោងនៃខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា។

ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហ ប្រជាជាតិ ជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានសម្រាប់ គ្រប់គ្រង ទំនាក់ទំនង អន្តរជាតិ ដូចមានចែងក្នុងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ។ ប្រឆាំងរាល់ គ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាចឯកតោភាគីនិយម ក្នុងរូបភាពណាមួយ និងប្លុកផ្តាច់មុខ ដែលផ្តោតលើប្រទេសជាក់លាក់មួយ។ ប្រទេសទាំងពីរ ប្ដេជ្ញាចិត្តពង្រឹង កិច្ចសហប្រតិបត្តិការលើការ កសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងកសាងសហ គមន៍វាសនារួមសម្រាប់ មនុស្សជាតិដ៏ប្រសើរមួយ។

ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ។ កម្ពុជាកោតសរសើរ ចំពោះតួនាទីមានលក្ខណៈ ស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍជាសាកល ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដើម្បីឆ្ពោះទៅរកការអនុវត្ត ឱ្យបានឆាប់នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិន ស្តីពីអភិបាលកិច្ចសន្តិសុខ សកល ឆ្ពោះទៅ សម្រេចបានសន្តិសុខរួមប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុងជ្រោយ និងប្រកាន់ ខ្ជាប់នូវ គុណតម្លៃរួមរបស់មនុស្សជាតិ ដូចជាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

ភាគីទាំងពីរ ប្តេជ្ញាចិត្ត ចំពោះតំបន់ភាវូបនីយកម្មដែលបើក ចំហ ដើម្បីឈានទៅការ កសាងផ្ទះសន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពស្រស់បំព្រង និង មិត្តភាព នៅក្នុងតំបន់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- ចិន ដើម្បី កសាង សហគមន៍វាសនារួមអាស៊ាន-ចិន ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ភាគីទាំងពីរឯកភាព គ្នាបង្កើន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញការកសាងសហគមន៍វាសនារួមសម្រាប់ ប្រទេសមេគង្គ-ឡានឆាង ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ភាគីទាំងពីរជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូងរក្សាបាននូវស្ថិរភាពជារួម។ ប្រទេសទាំងពីរបានអំពាវ នាវដល់ភាគី ពាក់ព័ន្ធអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្អ សមុទ្រ និងសម្រេច ឱ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយសារសំខាន់ និង ប្រសិទ្ធភាព ឈរលើ មូលដ្ឋាននៃការឯកភាពជាឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាង ត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ រាល់ការប៉ុនប៉ងណាមួយក្នុងការ ប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព និងភាពជឿជាក់ក្នុងតំបន់ ពុំមានលទ្ធផលល្អឡើយ ហើយគួរ តែត្រូវចៀសវាង។

កម្ពុជានិងចិនបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (ឆ្នាំ២០២៤-២០២៨) និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀតស្តីពី៖ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

នៅទាំងលើទិដ្ឋភាពនយោបាយ-សន្តិសុខ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងបរិបទនៃរដ្ឋាភិបាលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចប្រមុខដឹកនាំកម្ពុជា ដោយមានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់ ដៃគូទាក់ព័ន្ធ ស្ថាប័ន្តជាតិនិងអន្តរជាតិ ទាំងទ្វេភាគីនិងពហុភាគី ទាំងក្នុងតំបន់និងនៅលើឆាកអន្តរជាតិ នោះយើងពិតជាមានសុទិដ្ឋិនិយមថា ការចេញដំណើររបស់រាជរដ្ឋាភិបាលថ្មី នឹងដែលបានចាក់ប្ញស យ៉ាងរឹងមាំ និងបង្កើតបានជាផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព ពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្កើតផលប្រយោជន៍សំខាន់ៗសម្រាប់ប្រជាជន។

-----

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

---ចប់---

Rac Media


អត្ថបទទាក់ទង

បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-03 00:48:12   ថ្ងៃសៅរ៍, 03 សីហា 2024 ម៉ោង 07:48 AM
អ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម គូសបញ្ជាក់អំពីហេតុផលដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:27:12   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:27 PM
បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:23:45   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:23 PM
បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងនូវមូលដ្ឋាន៤ ដែលកម្ពុជាអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរ...

2024-08-02 11:29:20   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:29 PM
បណ្ឌិត្យសភាចារ្យ សុខ ទូច៖ បរទេសឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-02 11:20:03   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 06:20 PM
ហេតុអ្វីប្រទេសមួយធ្វើវិទ្ធង្សនាប្រឆាំងនឹងប្រទេសដទៃ?

ដោយ៖ លឹម សុវណ្ណរិទ្ធ វិទ្ធង្សនា (Subversion) ជាសកម្មភាពដែលធ្វើឡើងដោយក្រុមបុគ្គល ឬក្រុមនយោបាយ ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋណាមួយ ប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសឬរដ្ឋមួយទៀត នៅក្នុងគោលដៅបំផ្លិច...

2024-07-30 03:56:27   ថ្ងៃអង្គារ, 30 កក្កដា 2024 ម៉ោង 10:56 AM

សេចក្តីប្រកាស