ព័ត៌មាន

ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា

2023-12-01 14:18:17 ថ្ងៃសុក្រ, 01 ធ្នូ 2023, 02:18 PM
post_detail

ចាប់តាំងពីប្រទេសអាចគ្រប់គ្រងបានទាំងស្រុង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ប្រមុខដឹកនាំកម្ពុជា ព្យាយាមស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបន្តបន្ទាប់ និងបានដាក់ចេញ នូវ គោលនយោបាយយុទ្ធសាស្ត្រជាច្រើន និងជាបន្តបន្ទាប់។ ក្នុងនោះ វិស័យទេសចរណ៍ ជាវិស័យអាទិភាព មួយក្នុងចំណោម វិស័យអាទិភាពជាច្រើនទៀត ដែលទទួលរងគ្រោះធ្ងន់ធ្ងរ និងត្រូវបានប្រមុខ រាជរដ្ឋាភិបាល យកចិត្តទុកដាក់និងស្តារឡើងវិញក្រោយការធ្លាក់ចុះស្ទើរតែទាំងស្រុង។

ប្រទេសកម្ពុជា ជាប្រទេសដែលស្ថិតនៅក្នុងតំបន់ត្រូពិក មានអាសាសធាតុក្តៅហើយសើម មានអំណោយផលដល់ ការដាំដុះ និងចិញ្ចឹមសត្វ។ ទន្ទឹមនឹងមានអាកាសធាតុអំណោយផល ប្រទេសមួយ នេះ មានមរតកប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលមហាបុព្វបុរសបានបន្សល់ទុកឱ្យ ទាំងបេតិកភណ្ឌវប្បធម៌ រូបីនិងអរូបី ជាពិសេស​ប្រាងប្រសាទរាប់ពាន់ ពោរពេញទៅដោយក្បូរក្បាច់រចនា គ្មានពីរនៅលើលោក និងមានសក្ដានុពលបំផុតខាងវិស័យទេសចរសម្រាប់ទាំងក្នុងតំបន់ និងជុំវិញពិភពលោក។

ផ្អែកលើសក្ដានុពលដែលកម្ពុជាមានស្រាប់ និងដើម្បីស្ដារវិស័យនេះឡើងវិញ ក្នុងទិសដៅរួម ចំណែកដល់ការពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន ប្រមុខដឹកនាំបានដាក់ចេញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រជាច្រើន ទាក់ទងនឹងវិស័យ ទេសចរណ៍ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់ចំណុច បញ្ចកោណទី៤ បានកំណត់ថា៖ ការអភិវឌ្ឍប្រកប​ដោយ ភាពធន់ ចីរភាព និងបរិយាប័ន្ន ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើ កិច្ចការអាទិភាព ចំនួន៥ចំណុច ហើយត្រង់ចំណុច ទី(២)បានបញ្ជាក់ថា៖ ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយ ចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិរក្សដើម្បីការអភិវឌ្ឍ សំដៅលើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ការពង្រឹង ការគ្រប់គ្រងធនធានរ៉ែ ការធានាចីរភាពធនធានព្រៃឈើ ជលផល និង គុណភាពដី ព្រមទាំងការការពារ ការអភិវឌ្ឍ និងការទាញយកប្រយោជន៍ ឱ្យអស់សក្តានុពល ពីបេតិកភណ្ឌ វប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៖ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូង ពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបាន បង្កើតឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ គឺកិច្ច សហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ (BRI) លើកទី៣។ លោក ស៊ី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបាន នាំមកនូវឱកាសអភិវឌ្ឍន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា" ពង្រឹងភាពស៊ីចង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់កម្ពុជា ដោយបញ្ចូលនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រ" កម្ពុជា-ចិន ក្នុងល្បឿនកាន់តែលឿន ដោយ កសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" និងជំរុញឱ្យមាន ការអនុវត្តគម្រោង ជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ។ ប្រទេសចិនគាំទ្រគម្រោងរបស់កម្ពុជា ដូចជាការ សាងសង់ព្រលានយន្តហោះ និងការស្ដារឡើងវិញនូវវត្ថុបុរាណវប្បធម៌ ស្វាគមន៍ផលិតផលកសិកម្មកម្ពុជាឱ្យ កាន់តែច្រើនទៀត ទៅកាន់ ទីផ្សារប្រទេសចិន និងលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែ ច្រើនមកទស្សនាកម្ពុជា។ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច និងបានប្រកាសជាមួយ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថាឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី១ ហើយផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់សម្រាប់តាមលំដាប់ និងមានលក្ខណៈ ប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាដំណាក់កាលថ្មី ខាងមុខ។

ថ្ងៃទី១៦ ខែវិច្ឋិកា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជា ការវិវត្តន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នេះក៏ជាព្រឹត្តិការណ៍ធំមួយ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅ ទូទាំងខេត្តសៀមរាប ត្រូវបានសាងសង់រួច ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសជាតិ និងអន្តរជាតិ ក៍ដូចជាអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាបនិយាយដោយ​ឡែក និងនៅទូទាំង ប្រទេស និយាយជារួម។ សៀមរាបក៏ជាខេត្តសម្ព័ន្ធមេត្រីភាព ជាមួយខេត្តយូណាន នៃប្រទេស​ចិន ដូច្នេះខេត្តនេះ នឹងជួយជំរុញវិនិយោគ និងទេសចរពីខេត្តយូណាន មកកម្ពុជា។

ឆ្នាំ២០២៤ មិនត្រឹមតែជាឆ្នាំនៃការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នានោះទេ គឺក៏ស្របនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងគោលដៅជម្រុញវិស័យទេសចរណ៍ជារួម និងជាពិសេសនៅខេត្តសៀមរាប។ ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលការណ៍ “ទស្សនាខេត្ត សៀមរាបឆ្នាំ២០២៤-Visit Siem Reap Year 2024” ផងដែរ។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម៖ ឆ្នាំ២០២២កន្លងទៅ សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា រៀបចំឡើងចាប់ពី ថ្ងៃទី៩ ដល់ ថ្ងៃទី១៤ ខែសីហា នៅរាជធានី ភ្នំពេញនិងទីក្រុងសៀមរាប ចំណែកព្រឹត្តិការណ៍សប្តាហ៍ វប្បធម៌កម្ពុជានៅវៀតណាម រៀបចំឡើងនៅក្នុង ទីក្រុងហូជីមិញ និងខេត្ត ត្រាវិញ នៃដែនដីសណ្តរទន្លេមេគង្គ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា។ ព្រឹត្តិការណ៍ វប្បធម៌ដ៏មានអត្ថន័យនា ឆ្នាំ២០២២ គឺជាការផ្តល់ឱកាសដល់ ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែង យល់ពីគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយគ្នា មានវប្បធម៌ប្រហាក់ ប្រហែលគ្នា និងដើម្បីលើកកម្ពស់ក៏ដូចជាជំនុញឱ្យមាន កំណើនទេសចរណ៍ រវាងប្រជាជន នៃប្រទេស ទាំងពីរ។ ប្រទេសទាំងពីរ នៅតែបន្តកម្មវិធីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ បន្ថែមទៀត រវាងប្រទេស កម្ពុជានិងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងដោយបាន ឯកភាពជាផ្លូវការ កំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍ វប្បធម៌វៀតណាម នៅកម្ពុជាក្នុងឆ្នាំ ២០២៤និង២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជានៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុង ឆ្នាំ២០២៧ សប្តាហ៍វប្បធម៌ រវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេស ទាំងពីរ ក្នុងឱកាសអបអរខួប លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម រួមជាមួយ នឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងអំឡុង ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ ដឹកនាំនៃ ប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់។ នៅក្នុងជំនួប នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោលការណ៍ ដោយបន្តជំរុញបន្ថែម ទៀតនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយ រួមទាំងហេដ្ឋារចនា សម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍។

សម្រាប់គំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ដែលបានលើកឡើងក្នុងអំឡុងពេលដែល សម្ដេចធិបតី អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង លោក នាយករដ្ឋមន្ត្រី វៀតណាម បានបញ្ជាក់អំពីការគាំទ្រ លើគំនិត ផ្តួចផ្តើមនេះ ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការ តភ្ជាប់ផ្លូវដែក ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកប្រទេសទាំងបី។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ៖ ប្រធានរដ្ឋឡាវ ក៏បានគាំទ្រគំនិតផ្តួចផ្តើម របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈ ការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅ តែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ ប្រទេសឡាវមានខ្សែរថភ្លើងល្បឿនលឿនចេញដំណើរពីប្រទេសចិន តភ្ជាប់ពីទីក្រុង ឃុនមីង ខេត្តយូណាន ឆ្លងកាត់ហ្លួងប្រាបាង មកដល់វៀងច័ន្ទន៍ ដូច្នេះទេសចរចិនអាចធ្វើដំណើរពី ប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍ ហើយនឹងបន្តឡើងយន្តហោះមកកាន់កម្ពុជា ហើយក្នុង នោះ កម្ពុជាក៍នឹងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរឡាវ មកទស្សនាក្នុងប្រទេសកម្ពុជា ដោយប្រទេស ទាំងពីរមានវប្បធម៌ស្រដៀងគ្នា និងជាពិសេសមកទស្សនាតំបន់ឆ្នេរកម្ពុជា ដោយប្រទេសឡាវពុំមាន ឆ្នេរសមុទ្រ ។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ៖ នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេល លោក ថាវីស៊ីន មកបំពេញទស្សន កិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានជំរុញ ឱ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការ ទេសចរណ៍ ឆ្នាំ២០២៣-២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវ ទេសចររវាង ប្រទេសទាំង២ និងមក ពីប្រទេសទី៣ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។

សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា៖ ដោយឡែកក្រៅពីកិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសក្នុងតំបន់អាស៊ានដីគោគ ហើយមានព្រំដែនជាប់គ្នា និងប្រទេសចិនដែលជាមិត្តដែកថែបមិន អាចបំបែកបាន។ ដើម្បីជំរុញឱ្យមានកំណើនទេសចរ នៅមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដែល មានវប្បធម៌ស្រដៀងគ្នាជាមួយ​កម្ពុជា ហើយពេលនេះដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក នោះគឺប្រទេសឥណ្ឌា។ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានីឧត្តម ខូប្រាគតិ (Devyani Khobragade) ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅ ទីស្ដីការក្រសួងទេសចរណ៍ ភាគីទាំងពីរ បានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍ បែប ជំនឿនិងសាសនា ព្រមទាំងឯកភាពក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ភ្នំពេញ-ញូវដែលី ដើម្បី ទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ទំនាក់ទំនងសង្គម វប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កម្ពុជា-ឥណ្ឌាក៏បានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ រួមគ្នាមួយចំនួន ដូចជាគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន៣ រួមមាន៖ ទី១-ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍ ទី២-ការលើក កម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ នៅខេត្តកំពង់ធំ និង ទី៣-ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង។

ដោយសារកត្តាវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន នៅបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន កត្តា សង្គ្រាមដែលកំពុងតែបន្តកើតមាននៅក្នុង ប្រទេសអ៊ុយគ្រែន តំបន់កាហ្សា វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាដើម បានបណ្តាលឱ្យចំនួនភ្ញៀវទេសចរបរទេស ចូលមកកម្ពុជានៅមានកម្រិតទាបនៅឡើង បើទោះបី ជាមានការកើនឡើងគួរឱ្យកត់សម្គាល់ហើយក្តី។ ភ្ញៀវទេសចរបរទេសមានចំនួនជិត ៤លាននាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ មានការកើនឡើងជាង ២០០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះជិត៧០ ភាគរយមកពីប្រទេសដែលមានព្រំដែនជាប់គ្នា គឺ ប្រទេសអាស៊ានដីគោគមាន ថៃ វៀតណាម ឡាវ និងប្រទេសចិន។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវបរទេសសរុបចំនួន ៣ ៩២៦ ៨៨២ នាក់ កើន២១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន ១ ២៦៥ ៧៧២ នាក់។

ផ្អែកលើគោលនយោបាយនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ក៏ដូចជាបាននិងកំពុង អនុវត្តន៍ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកកម្ពុជាដូច ការរំពឹងទុក ដើម្បីស្តារវិស័យមួយនេះឡើងវិញ ក្រោយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ជាពិសេស ដើម្បីរួមចំណែកដល់ការជំរុញឱ្យសេដ្ឋកិច្ចជាតិ មានសន្ទុះកំណើនកាន់តែលឿន ដើម្បី ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ​២០៣០និង២០៥០ របស់ខ្លួន។ ក្តីរំពឹងទុករបស់ប្រមុខដឹកនាំ ក៏ដូច ជាប្រជាពលរដ្ឋកម្ពុជា លើវិស័យទេសចរណ៍ ក៏មិនមានអ្វីខុសប្លែកពីបណ្តាប្រទេសនានាក្នុងតំបន់នោះដែរ ជាពិសេសប្រទេសថៃ និងវៀតណាម។ ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ទេសចរណ៍អរូបី ទេសចរណ៍កែច្នៃ ទេសចរណ៍ជំនួញ ដែលកម្ពុជាមាន ក៏ដូចជាគោលនយោបាយ និងសេវាកម្មនានា ដែលកម្ពុជាបាននិងកំពុងដាក់ចេញឱ្យអនុវត្តន៍ និងបន្តដាក់ចញជាបន្តបន្ទាប់ទៀត នឹងមានប្រសិទ្ធភាព និងមានប្រៀបក្នុងការទាក់ទាញ ទេសចរបរទេសឱ្យចូល​មកកម្ពុជាដូចការរំពឹងទុក ពោលគឺប្រមាណ ៧ លាននាក់ នៅចុងឆ្នាំ ២០២៥ឬដើមឆ្នាំ ២០២៦ ដូចមុនកើតមានវិបត្តិជំងឺកូវីដ-១៩។

រូបថត ( Fresh News)


ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

-------

RAC Media 


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំក្រុមការងារស្រាវជ្រាវព្រំដែន៥នាក់ចូលរួម ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»

នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានដឹកនាំក្រុមការងារស្រាវជ្រាវព្រំដែន៥នាក់ ចូលរួម,ពិធី...

2020-08-27 06:03:44   Thu, 27,08,2020, 06:03 AM
«រាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជួយអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍»

(ទីស្តីការក្រសួងទេសចរណ៍)៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តម​បណ្ឌិត​ ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​​​ ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជាបានចុះហត្...

2020-08-27 05:19:57   Thu, 27,08,2020, 05:19 AM
លទ្ធផលនៃកិច្ចពិភាក្សាតុមូលស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើអក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារណនាម» ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ

...

2020-08-13 10:53:42   Thu, 13,08,2020, 10:53 AM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរស្នើឱ្យសរសេរឈ្មោះខេត្ត និងទីតាំងនានាជាអក្សរឡាតាំងឱ្យមានការឯកភាព»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោ...

2020-08-13 10:18:38   Thu, 13,08,2020, 10:18 AM
Meaning of Cambodia-China Free Trade Agreement for Cambodian Farmers By: Seun Sam

Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...

2020-08-13 09:36:25   Thu, 13,08,2020, 09:36 AM
Still Cambodians Go Abroad for Health Check-Up During the Covid 19? By: Seun Sam

Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....

2020-08-13 09:28:31   Thu, 13,08,2020, 09:28 AM

សេចក្តីប្រកាស