ព័ត៌មាន

ដើមអាណត្តិថ្មីនៃនយោបាយកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ​ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2023-11-21 10:51:37 ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 05:51 PM
អ្នកមើល 5593
post_detail

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រងចំនួន៨២.៣% និងទទួលបាន ១២០អាសនៈ នៃរដ្ឋសភាលើចំនួន១២៥អាសនៈ បានបង្ហាញអំពីភាពជោគជ័យនិងចាស់ទុំ ខាង ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ និងដំណើរការ​នៃការ បោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ប្រមុខដឹកនាំជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដោយឈរលើមូលដ្ឋាន នៃការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍ តាម គោលការណ៍ រក្សាចាស់បង្កើតថ្មី។ ថ្ងៃទី២២ សីហា ឆ្នាំ២០២៣ បានដាក់ចេញនូវ គោលនយោបាយ អាទិភាពស្នូលចំនួន៦ចំណុច ក្នុងការដឹកនាំប្រទេសសម្រាប់អាណត្តិ៥ឆ្នាំខាងមុខ និងក៏ជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលឃោសនា បោះឆ្នោត ហើយត្រូវបាន ដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ ក៏ដូចជាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលរួមមាន៖

ទី១- ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

ទី២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ នៅទូទាំងប្រទេស

ទី៣- ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជន ងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមាន គ្រោះអាសន្ន

ទី៤- ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូល រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

ទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

ទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅ ទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ដើម្បីសម្រេចបាន គោលនយោបាយអាទិភាពស្នូលចំនួន៦ចំណុចខាងលើនេះ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ ខែសីហា កន្លងទៅ។

អំឡុងពេលយ៉ាងខ្លីក្រោយពេលដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីឱ្យសម្រេចបានចក្ខុវិស័យ អាចចាកចេញផុតពីប្រទេសមាន ការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថ្នាក់ដឹកនាំជំនាន់ថ្មី បានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត បញ្ហា ស្មារតី ក្នុងការដឹកនាំនិងកសាងប្រទេសជាតិ នៅលើមាគ៌ានៃសុខសន្តិភាព ការអភិវឌ្ឍ និងការកែទម្រង់លើគ្រប់វិស័យ ប្រកបដោយការប្តេជ្ញាចិត្តឥតរាថយ និងប្រកបដោយភាព ស្វាហាប់។

ជាក់ស្តែង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ននានា ត្រូវបានធ្វើការកំណែទម្រង់ស៊ីជម្រៅ និងដាក់ចេញអនុវត្តន៍ជាបន្តបន្ទាប់។ សេវាសាធារណៈនានាត្រូវបាន លើកកម្ពស់ជាបណ្តើរៗ។ យុទ្ធសាស្ត្រនានាត្រូវបានសិក្សាស្វែងយល់ និងក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ មានដូចជា៖

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «យុទ្ធសាស្ត្រជាតិស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែលមានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹង សមត្ថភាព ផលិត​​ភាព និងភាពធន់នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូល​រួមទៅ​ក្នុង​សេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើ​ន​ទៅ​មុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកប អាជីវកម្ម មុខ​របរ និងការងារ​ចិញ្ចឹមជីវិតនៅកម្ពុជា។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រួមជាមួយអង្គការពាក់ព័ន្ធ បានប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃ ពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្រ បព្រៃឈើ៦០ភាគរយ នៅឆ្នាំ ២០៥០» ដោយឡែកសម្រាប់ «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ស្មើ សូន្យ២០២៥ នៅកម្ពុជា» គឺមានសារៈសំខាន់ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោម ១.៥ អង្សាសេ។ ក្នុងន័យនេះអាចថែរក្សាផ្ទៃមេឃអោយនៅពណ៌ខៀវ និងអាកាសធាតុ ដែលមាន ស្ថិរភាពឱ្យទៅកូនចៅជំនាន់ក្រោយ។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍​ជាផ្លូវ​ការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖ ១៖ របប​សន្តិ​​សុខ​​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​​និយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិរបបសន្តិសុខសង្គម ២៖ កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជន​មកពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងគ្រោះ។ តាមរយៈ របប​សន្តិ​​សុខ​​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​​និយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិ របបសន្តិសុខសង្គម បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិ របបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបាន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយ​គ្រាន់​តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូល ជាប់ភាគទាន ៦០​ម៉ឺន​រៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និង​ថែទាំ វេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល គ្រប់មន្ទីរពេទ្យនានា​ ដែល​ជា​ដៃគូបេឡាជាតិរបបសន្តិសុខ សង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ដោយឡែក «កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេកទេសដល់ យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយ រងគ្រោះ» គឺជាកម្មវិធីនយោបាយអាទិភាព​មួយ​ក្នុងចំណោមកម្ម វិធីនយោបាយអាទិភាពទាំង៦ របស់ រាជរដ្ឋាភិបាល​នីតិ​កាល​ទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីនេះ ក៏ជាការគិតគូរ និងផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធនាការ ទស្សនាសៀមរាបឆ្នាំ២០២៤ (Visit Siem Reap Year 2024) គឺជំរុញឱ្យវិស័យទេសចរណ៍ ខេត្តសៀមរាបមានកំណើនងើបឡើងវិញ។

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី​នយោ​បាយ​ចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធី នយោបាយទាំងបីនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប។ល។

ការធ្វើកំណែទម្រង់ផ្ទៃក្នុងនេះ ទោះបីជាទើបតែចាប់ផ្តើមចេញដំណើរក្នុងរយៈពេលខ្លី ប៉ុន្តែរាជ រដ្ឋាភិបាលអាណត្តិទី៧នេះ បានចេញដំណើរយ៉ាងស្វាហាប់ និងបានឆ្លើយតបជាបណ្តើរៗនូវរាល់ អ្វីដែលបានលើកឡើង ក្នុងគោល នយោបាយអាទិភាពស្នូលចំនួន៦ចំណុច ហើយទាំងនេះក៏សុទ្ធតែបាន រួមចំណែក ដល់ការអនុវត្តន៍ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។ កម្ពុជានៅមានពេល វេលាវែងឆ្ងាយទៀតដើម្បីអនុវត្តន៍ ហើយក៏នឹងត្រូវឆ្លងកាត់បញ្ហាប្រឈមជាច្រើនទៀត ដូចជា៖ សង្រ្គាម ដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាង សហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាបញ្ហាវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានជួប ការលំបាកមួយចំនួន និងមានផលប៉ះពាល់មកលើវិស័យហិរញ្ញវត្ថុនិងធនាគារ នៅកម្ពុជា។

សម្រាប់នយោបាយការបរទេសរបស់កម្ពុជា ក្នុងអាណត្តិទី៧ ក៏ពុំមានការផ្លាស់ប្តូរច្រើននោះដែរ និងមានភាពស៊ីចង្វាក់ជាមួយបណ្តាប្រទេសនានាទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកទាំងមូល គឺកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននិង​យ៉ាង​ម៉ឺងម៉ាត់ ​តាម​គោលការណ៍​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដោយចូលរួមអនុវត្តន៍គោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព ជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធនិងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនា កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ។

នយោបាយការបរទេសរបស់កម្ពុជា ក៏ដូចជាកម្មវិធី​នយោបាយ​ការបរទេសរបស់គណបក្ស ប្រជាជនកម្ពុជា គឺ​បានកំណត់​ក្នុង​កម្មវិធី​នយោបាយ​៥​ឆ្នាំ ​(២០២៣-២០២៨) លើ​នយោបាយ​ការបរទេស ដោយ​ផ្តោតលើ​ការរួម​ចំណែក​កាន់តែ​សកម្ម ក្នុង​កិច្ចប្រឹងប្រែងក្នុង​តំបន់ និង​សកលលោក ដើម្បី​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។​

​ក្នុង​រយៈពេល​ច្រើនឆ្នាំ​ទៅមុខទៀត ទំនាក់ទំនង​អន្តរជាតិ​នឹង​វិ​វ​ឌ្ឍ​ទៅតាម​ការបត់បែន​នៃ​ស្ថានភាព​តំបន់ និង​ពិភពលោក ដែល​នឹង​ទទួល​ឥទ្ធិពល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការ​​ប្រកួតប្រជែង​រវាង​មហាអំណាច​ធំៗ និង​ពី​ការប្រែប្រួល​ខាង​ភូមិសាស្ត្រ​នយោបាយ​តាម​តំបន់​នានា​។ ក្នុង​នយោបាយ​ការ​បរ​ទេស​របស់របស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា កម្ពុជា​នឹង​បន្ត​ដើរតួនាទី​ជា​អ្នក​សម្រួល​ការចរចា ការ​​ស្វែងរក​ច្រក​សន្ទនា និង​ដោះស្រាយ​បញ្ហា​នានា តាមផ្លូវ​នយោបាយ ក្នុងឋានៈ​ជា​ប្រទេស​ដែល​មិន​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្រៅពី​សន្តិភាព ស្ថិរភាព និង​ការផ្សះផ្សា​។

​​នយោបាយ​ការបរទេស របស់គណបក្សប្រជាជនកម្ពុជា ក៏បាន​បង្ហាញ​ពី​ការបន្ត​ការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា ដោយ​គោរព និង​ការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ និង​បន្ត​អនុវត្ត​ការងារ​ការទូត​បុ​រេ​សកម្ម​ដើម្បី​ទទួល​​បាន​នូវ​ការគោរព​ដល់​អធិបតេយ្យ បូ​រណ​​ភាព​ទឹកដី ឯករាជ្យ និង​ការទទួល ស្គាល់​បំណងប្រាថ្នា និង​ភាពចាំបាច់​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ ដោយ​ប្រមូល និង​ប្រើប្រាស់​កិច្ចប្រឹងប្រែង​រួម​របស់​បក្ស រាជរដ្ឋាភិបាល​ស្ថា​ប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន អង្គការ​មហាជន ដើម្បី​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ការពារ​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស ការពារ​កិត្តិយស និង​កិត្តិ​នាម​ប្រទេសជាតិ​។​

​កម្មវិធី​នយោបាយ​នេះ​ ក៏បាន​បង្ហាញ​ពី​ការ​​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ឧក្រិដ្ឋកម្ម​ឆ្លង​​ដែន​គ្រប់​ប្រភេទ អំពើ​ភេរវកម្ម ជំងឺឆ្លង​នានា ព្រមទាំង​បន្ត​រួមចំណែក​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) និង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​រួមចំណែក​ក្នុងការ​ពង្រឹង​ពហុភាគី​និយម ចូលរួម​យ៉ាងសកម្ម​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

​​ការ​រឹតចំណង​ខាង​សេដ្ឋកិច្ច ជាមួយ​ដៃគូ​ចាស់ និង​ថ្មី គឺជាការពង្រីក​ទំនាក់ទំនង​ល្អ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ខិត​ប្រទេស​យើង​ជាមួយ​ប្រទេស​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ខាង​ផ្នែក​នយោបាយ​ទៀតផង​​។

​រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានមានប្រសាសន៍ថា កម្ពុជា បន្តដំណើរការក្នុងបរិបទ នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធា រវាង មហាអំណាចធំៗទាំងពីរ ដែលកាន់តែតានតឹងឡើង ស្ថានការណ៍អន្តរជាតិ កាន់តែមានភាព ស្មុគ្រស្មាញ ហើយទាមទារឱ្យមានការបន្ត អនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា ដោយ៖ ​ទី​១- ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​គោលការណ៍​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទី២- ​អនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ទី៣- ចូលរួមចំណែកយ៉ាងសកម្ម បន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងសកលលោក ដើម្បីរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព និងបន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ ភេរវកម្ម និងជំងឺឆ្លង; ទី៤- ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូចាស់ និងថ្មី ជំរុញការវិនិយោគ ស្វែងរកទីផ្សារផលិតផល ដើម្បីគាំទ្រដល់ឧស្សាហកម្មនាំចេញ និងលើកកម្ពស់ ទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើសក្តានុពល សេដ្ឋកិច្ចដ៏រឹងមាំរបស់យើង និងបេតិកភណ្ឌ ប្រវត្តិសាស្ត្រអង្គរ។ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងយន្តការសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រដល់ផលិតកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ និងទី៥- ត្រូវបន្ត យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការទូត និងរក្សា និង ទាក់ទាញ អ្នកមាន ទេពកោសល្យ។

ក្នុងមហាសន្និបាត លើកទី៦ របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈប្រជាជានកម្ពុជា បានលើកឡើងថា “សូមបញ្ជូនសារដល់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា សូម បញ្ឈប់ការជ្រៀតជ្រែក តាមរយៈការប្រើប្រាស់ជំនួនរបស់ខ្លួន ក្រោមហតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីបង្កអស្ថិរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាមិត្តភក្តិទាំងអស់នឹងយល់ ដល់ភាពចាំបាច់របស់កម្ពុជា ដើម្បីរក្សានូវសន្តិភាពរបស់ខ្លួន ជាពិសេសធ្វើការយកចិត្តទុកដាក់និងការពារ ឱ្យខាងតែបាន នូវនិរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មុញ្ញ”។ នេះសរបញ្ជាក់ឱ្យឃើញថា គោល នយោបាយរបស់គណបក្សប្រជាជន ដែលជាគណបក្សកំពុងកាន់អំណាច ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ នៅតែបន្តរក្សាបាននូវ ការពង្រឹងទំនាក់ទំនង នយោបាយ សេដ្ឋកិច្ចសង្គម ជាមួយដៃគូចាស់ និងបង្កើតថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជា។

ផ្អែកលើកត្តាមួយចំនួនដែលបានគូសបញ្ជាក់ខាងលើ ទាំងការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង និង ការអនុវត្តន៍នយោបាយការបរទេស យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជួយជ្រោមជ្រែងដល់នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន និងបន្តរក្សាបាននូវការពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម ជាមួយដៃគូចាស់ និងបង្កើតដៃគូថ្មី ជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ដើម្បីសម្រេចបាន ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា។

                                                                           ---ចប់---

RAC Media 

អត្ថបទទាក់ទង

How the US-Cambodia Relationship Could Be Further Strengthened By: Dr. Seun Sam

Since Prime Minister Hun Manet was appointed as the country's new leader, US Ambassador to Cambodia Patrick Murphy has been actively holding meetings with important figures in Cambodia. He has also ha...

2023-10-04 08:18:07   ថ្ងៃពុធ, 04 តុលា 2023 ម៉ោង 03:18 PM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»

មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្...

2023-10-03 10:56:02   ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 05:56 PM
ASEAN's Balancing Act between the US and China in the Indo-Pacific By: Dr. Seun Sam

The Indo-Pacific region has emerged as a crucial geopolitical theater, capturing the attention of major global powers such as the United States and China. This vast expanse, stretching from the Indian...

2023-10-03 09:38:33   ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 04:38 PM
បទវិភាគ៖ ភាពយន្តចិនពីរគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) កំពុងធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនព្រួយបារម្ភពីសុវត្ថិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។​ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Star...

2023-10-02 08:18:24   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 03:18 PM
ធម្មចរិយានៃស្នាដៃគតិលោក ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី- ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានរៀបរៀងស្នាដៃមួយដ៏ល្បីល្បាញ មានឈ្មោះថា «គតិលោក»។ ស្នាដៃនេះជាឃ្លាំងផ្ទុកចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាគ្រប់ស្រទាប់វណ្ណៈដែលអាចបណ្តុះការយល់ដឹងរបស់គេឱ្យកាន់តែស៊ីជម្រៅនិងក...

2023-10-02 02:07:59   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 09:07 AM
ភ្នំបូរី និងទំនាក់ទំនងជាមួយអង្គរបូរី, Phnom Borei and Its Relationship with Angkor Borei ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

អង្គរបូរី គឺជាទីតាំងនៃទីក្រុងមានកំពែងធំ ដែលជារាជធានីសម័យហ្វូណន (សតវត្សទី១ ដល់ទី៦ តាមរយៈបរិច្ឆេទវិទ្យុសកម្មធ្យូង C14 ជាទីកន្លែងមនុស្សរស់ច្រើនសតវត្សរ៍ និងនិងជាទីបញ្ចុះសពរហូតដល់ចុងសហស្សវត្សរ៍ទី១ មុន...

2023-10-02 01:52:50   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 08:52 AM

សេចក្តីប្រកាស