ព័ត៌មាន

៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2023-11-09 08:41:21 ថ្ងៃព្រហស្បតិ៍, 09 វិច្ឆិកា 2023 ម៉ោង 03:41 PM
អ្នកមើល 5514
post_detail

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា


ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែល ប្រទេសកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីរបបអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមន៍មកលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ ដល់ ៩ វិច្ឆិកា ១៩៥៣)។

​ក្រោយទទួលបានឯករាជ្យ ប្រទេសកម្ពុជាក៏ដូចជាប្រជាជន បានឆ្លងកាត់ដំណាក់កាលដ៏សែនរប៉ាក់រប៉ើកជាច្រើន នៃចរន្តនយោបាយទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ តួយ៉ាង៖ ទី១-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានធ្វើរដ្ឋប្រហាទំលាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ចេញពីរាជបល័ង្ល ហើយជំនួសមកវិញនូវរបបសាធារណរដ្ឋខ្មែរ។ ទី២-អ្វីដែលកាន់តែមានភាពស្មុគ្រស្មាញ និងត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានបង្កើតឡើងនិងផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជារបប​អាវ​ខ្មៅ​ បានធ្វើឱ្យ​ប្រជាជន​ស្លាប់​អស់ជិត៣លាន​នាក់ ​តែ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ ​ដោយ​សារតែ​ការ​កាប់​សម្លាប់ ការ​បង្ខំឱ្យ​ធ្វើ​ការ​លើស​កម្លាំង ការ​អត់អាហារ​ និង​ជំងឺ​ផ្សេងៗ។ ទី៣-របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឡើងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់កងទ័ពស្មគ្រចិត្តវៀតណាម ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់។ នៅឆ្នាំ១៩៨៩ បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាមកជារដ្ឋកម្ពុជា។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់ ហើយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតឡើង ដែលអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។

​ចាប់តាំងពីរបបរាជានិយមទីពី២ត្រូវបានបង្កើតឡើងវិញ និងក្រោម «នយោបាយឈ្នះឈ្នះ» របស់ប្រមុខដឹកនាំកម្ពុជា សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានបង្កើតឡើង ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​គឺជា​ឱកាស​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ទឹកដី​កម្ពុជា​បាន​ឆ្លង​ផុតពីភ្នក់​ភ្លើងសង្គ្រាម ហើយ​ប្រជាជន​បានរួម​រស់ក្នុង​សុខសន្តិភាព​យ៉ាង​ពេញលេញ​បរិបូ​ណ៍។​

តាមរយៈភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងរបៀបវារៈនយោបាយចម្បងៗ សម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ (១៩៩៨-២០០៣) យុទ្ធសាស្ត្រចតុកោណ (២០០៤-២០២៣) ហើយពេលនេះជា “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយធ្វើការសម្របខ្លួនជាមួយនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ទាំងក្នុងបរិបទជាតិ តំបន់ និងពិភពលោក ដែលមានគោលបំណងដើម្បីជំរុញឱ្យមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ មានគោលបំណងចម្បងក្នុងការសម្រេចឱ្យបាននូវ "ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ដែលកម្ពុជាខិតខំឱ្យក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សមិទ្ធផលដែលកម្ពុជាសម្រេចបានចាប់តាំងពីប្រទេសជាតិ ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ រហូតមកទល់ពេលនេះ ជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំ ស្ថាប័នជាតិ និងអន្តរៈជាតិ កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ ទាំងទ្វេភាគីនិងពហុភាគី ទាំងក្នុងតំបន់ និងនៅជុំវិញពិភពលោក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលប្រទេសមហាអំណាចបានដាក់ចេញ។

ដើម្បីសម្រចបានចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា កម្ពុជាចាំបាច់ត្រូវការការអភិវឌ្ឍន៍លើគ្រប់វិស័យ និងដោយផ្អែកលើអាទិភាពគន្លឹះប្រាំនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នោះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបានឆ្នុះបញ្ចាំងជាចម្បងតាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល។

ទន្ទឹមនឹងចក្ខុវិស័យ និងកម្មវិធីនយោបាយដែលកម្ពុជាមាននិងបានដាក់ចេញ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីដៃគូទាំងអស់ ទាំងទ្វេភាគីនិងពហុភាគី ទាំងនៅក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ ជាពិសេសជាមួយនឹងគំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិន ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP និង CCFTA ដែលបានចាក់ឬស និងបង្កើតជាផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព និងបង្កើតផលប្រយោជន៍សំខាន់ៗសម្រាប់ប្រជាជន។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបានបង្កើតឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ គឺកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន បានជួយលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតផ្លូវការផងដែរ។ កម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ បានកើនកម្រិតជាបន្តបន្ទាប់បែបនេះ គឺអាស្រ័យដោយសារប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវ ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមិនអាចបំបែកបាន។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRI) លើកទី៣។ លោក ស៊ី បានចង្អុលបង្ហាញថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៦៥ ឆ្នាំមុនមក ប្រទេសចិននិងកម្ពុជា មានការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ការគាំទ្រ និងការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមិនអាចបំបែកបាន។

ភាគីទាំងពីរតែងតែរក្សាបាននូវការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាញឹកញាប់ រក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តកម្រិតខ្ពស់ ប្រើប្រាស់ឱ្យបានល្អនូវយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល និងអនុវត្តផែនការសកម្មភាព សម្រាប់ការកសាងសហគមន៍ កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីជំរុញឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។

លោកប្រធានាធិបតី ស៊ី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបាននាំមកនូវឱកាសអភិវឌ្ឍន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា" ពង្រឹងភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់កម្ពុជា ដោយបញ្ចូលនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រ" កម្ពុជា-ចិន ក្នុងល្បឿនកាន់តែលឿន ដោយកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" និងជំរុញឱ្យមាន ការអនុវត្តគម្រោងជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ប្រទេសចិនគាំទ្រគម្រោងរបស់កម្ពុជា ដូចជាការសាងសង់ព្រលានយន្តហោះ និងការស្ដារឡើងវិញនូវវត្ថុបុរាណវប្បធម៌ ស្វាគមន៍ផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែច្រើនទៀត ទៅកាន់ទីផ្សារប្រទេសចិន និងលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាកម្ពុជា។ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច និងបានប្រកាសជាមួយ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថាឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់ ៧១៣,២ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កើនឡើង ១៦,៦ ភាគរយពី ៦១១,៥ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក៏មិនខុសឆ្ងាយពីទំនាក់ទនងរវាងកម្ពុជានិងចិន ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសជិតខាងគ្នា មានភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងជា មិត្តភាព និងសាមគ្គីភាព ជាប្រពៃណីតាំងយូរលង់ណាស់មកហើយ។ ឆ្លងកាត់ភាពឡើងចុះនៃប្រវត្តិសាស្ត្រ ជាច្រើន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្ត ពូនជ្រំ អភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានភាព កាន់តែប្រសើរឡើងលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានសម្រាប់់ ប្រជាជន នៃប្រទេសទាំងពីរ។

អំឡុងពេល៥៦ឆ្នាំ (២៤-មិថុនា-១៩៦៧ ២៤-មិថុនា-២០២៣) នៃការភ្ជាប់ទំនាក់ទំនងការទូត ផ្លូវការរវាងប្រទេសទាំងពីរ បើទោះបី ជាទទួលរងឥទ្ធិពលពីគ្រប់និន្នាការនយោបាយ ក៏ដូចជាមាន ការខ្វែងគំនិតគ្នាខ្លះក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តមានភាពរីកច្រើនជាលំដាប់។ ជាពិសេសចាប់តាំងពី ព្រះរាជាណាចក្រកម្ពុជាទីពីរ បានបង្កើតឡើងនាឆ្នាំ១៩៩៣ ទំនាក់ទំនងរវាង ប្រទេសទាំងពីរបាន ឈានចូលដំណាក់កាល នៃការអភិវឌ្ឍថ្មី ក្នុងស្មារតី "ភាពជាអ្នកជិតខាងគ្នា គោរពឯករាជ្យភាព អធិបតេយ្យភាព និងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ"។ ចាប់តាំងពីឆ្នាំ ២០០៥មក ទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម ត្រូវបាន បន្តពូនជ្រំ និងអភិវឌ្ឍ ដោយឥត ឈប់ឈរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង”។

រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-វៀតណាម សម្រេចបាន សមិទ្ធិផល សំខាន់ៗជាច្រើន ដូចសេចក្តីប្រកាសរួមរវាងកម្ពុជា-វៀតណាម ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានចែងថា៖ «ភាគីទាំងពីរបានសម្តែងការរីករាយ ចំពោះការអភិវឌ្ឍដ៏ល្អនៃប្រទេសទាំងពីរ ភាពស្រស់ស្អាតនៃមិត្តភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង កម្ពុជានិងវៀតណាម ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ នាំមកនូវ ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ»។

នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានបោះជំហានទៅមុខយ៉ាង ស្វាហាប់ និងប្រកបទៅដោយវឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោជាច្រើន តាមរយៈការផ្លាស់ប្តូរ ដំណើរ ទស្សនកិច្ច របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរយ៉ាងទៀងទាត់និងគ្រប់កម្រឹត ការពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរ នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណីដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ និងជា ទំនាក់ទំនង ជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាពូនជ្រំ លើកកម្ពស់ជាបន្តបន្ទាប់ និងបានបន្តផ្សាព្វផ្សាយទៅយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ និងបន្តកសាងស្ពានមិត្តភាពនេះបន្ថែមទៀត។ ក្រៅពីនេះ នៅមាន ថ្នាក់ដឹកនាំតាមបណ្តា ខេត្ត-ក្រុងនៃប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំនៅបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ បានទៅបំពេញទស្សនកិច្ចរៀងៗខ្លួន ហើយតាមរយៈដំណើរទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែបានសម្តែងនូវ សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះ សមិទ្ធផលដែលប្រទេសទាំងពីរ សម្រេចបានជាផ្លែផ្កានាពេលកន្លងមក និងបានបន្តប្តេជាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការអភិវឌ្ឍលើ គ្រប់វិស័យ និងកាន់តែមានប្រសិទ្ធភាព ពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេល៥៦ឆ្នាំកន្លងទៅនេះ ហើយជា «ទំនាក់ទំនងសេដ្ឋកិច្ច គាំទ្រឱ្យទំនាក់ទំនងនយោបាយ»។

លើទិដ្ឋភាពនយោបាយ៖ ប្រទេសទាំងពីរតែងតែបានបង្ហាញនូវជំហរនៃការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ។ ប្រទេស វៀតណាម តែងតែប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យសម្រេច បាននូវសមិទ្ធផលធំៗ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ជាពិសេស ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញប្រកបដោយជោគជ័យ និងជំរុញការស្តាសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ក្រោយប៉ះពាល់ដោយជំងឺកូវីដ-១៩ ហើយទន្ទឹម នឹងនោះផងដែរ ប្រទេសវៀតណាម ក៏មានជំនឿចិត្តយ៉ាងមុតមាំផងដែរថា កម្ពុជានឹង រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយជោគជ័យ និងបន្ត សម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការងារកសាងប្រទេសកម្ពុជា ឱ្យក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានការរីកចម្រើន នៅឆ្នាំ ២០៥០ តាមចក្ខុវិស័យដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើទិដ្ឋភាពសេដ្ឋកិច្ច៖ ប្រទេសកម្ពុជា និងវៀតណាម សុទ្ធតែបានដាក់ចេញនូវ «យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច» ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច នៅក្នុង​កាលៈទេសៈ ដែល​ស្ថានភាព​ពិភពលោក ក៏ដូចជា​កម្ពុជា និងវៀតណាម កំពុង​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈពេល​ជាង៣​ទសវត្ស​ចុងក្រោយ​នេះ​។ ការ​គំរាម​គំហែង​នេះ បណ្តាលមកពី​កត្តា​គួបផ្សំ​គ្នា​ជាច្រើន​។ មានកត្តា​ធំជាងគេ២ គឺ​ទី​១ កត្តា​ធម្មជាតិ និង​ទី​២ កត្តា​មនុស្ស​។

កត្តា​ធម្មជាតិ៖​ គឺការផ្ទុះនិង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ក្នុង​កំរិត​មិន​ធ្លាប់មាន​ប៉ុណ្ណោះ​ទេ វា​ក៏​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិដ៏​ជ្រាលជ្រៅ​។ កូ​វីដ​-១៩ បាន​រុញឱ្យ​ខ្សែច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កាត់ផ្តាច់​ក្នុង​កំរិតយ៉ាង​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក​សឹង​ដល់​បាត វិស័យ​ដឹកជញ្ជូន ពិសេស​ផ្លូវអាកាស​គាំងដំណើរ​ការ ទំនុកចិត្ត​ខាង​ធុរកិច្ច និង​អតិថិជន​ចុះខ្សោយ​ដោយសារ​វិធានការ​រឹតត្បិត​នានា ដើម្បី​ឃុំគ្រង​កុំឱ្យ​ជំងឺ​រាលដាល​។ ជំងឺឆ្លង​នេះ ក៏បង្ក​ហានិភ័យ​កាន់តែ​ធំ​ឡើង នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច ដែល​នឹង​បង្ក​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​រាប់រយ​លាន​នាក់​។

ចំណែកកត្តា​មនុស្ស៖ ជាការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​តានតឹង​រវាង​មហាអំណាច​ធំ​បំផុត​ទាំងពីរ កំពុង​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយគ្រោះថ្នាក់​បំផុត​ បន្ថែមពីលើនេះទៀតនៅមាន សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិក និងចិន សង្គ្រាមហ្គាហ្សា និងវិបត្តិនៅមីយ៉ាន់ម៉ា បន្ថែមទៀត។ កត្តា​មនុស្ស​ទាំងនេះ កំពុង​ធ្វើឱ្យ​ស្ថិរភាព និង​វិបុលភាព រយៈពេល ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ពហុ​ប៉ូល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​។ នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​នេះ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កំលាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ។

សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី របស់កម្ពុជាជាមួយវៀតណាម៖ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរសម្រេចបាន៦,៥១ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមមកកម្ពុជាសម្រេចបាន៣,៧៤ពាន់លានដុល្លារ ហើយការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,៧៧ពាន់លានដុល្លារ។ ជាមួយនឹងអត្ថប្រយោជន៍នៃលក្ខខណ្ឌភូមិសាស្រ្ត ទំនាក់ទំនងដ៏ល្អរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាភាពស្រដៀងគ្នានៃផលិតផល និងទំនិញ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជានឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ។

ទាក់ទងទៅហ្នឹង “ការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សំដៅពង្រឹងស្មាតីអត្ត សញ្ញាណ​អាស៊ានតែមួយ” កម្ពុជាកំពុងធ្វើការងារនេះយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និយាយជារួម និងនិយាយដោយឡែក ជាមួយប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ ហើយជាពិសេសគឺជាមួយប្រទេស វៀតណាម។

ឆ្នាំ២០២២នេះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា រៀប​ចំ​ឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ចំណែក​ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម រៀប​ចំ​ឡើង​នៅក្នុង​ទីក្រុង​ហូជីមិញ និងខេត្ត​ត្រា​វិញ នៅ​ដែនដី​សណ្តរ​ទន្លេមេគង្គ ចាប់ពី​ថ្ងៃទី ២៧ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនាឆ្នាំ២០២២នេះ លើសពីការផ្តល់ឱកាសដល់ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២។ ​ ព្រឹត្តិការណ៍​នេះ ​រៀបចំឡើង​ដោយ​អនុលោម​ទៅតាម​ផែនការសហប្រតិបត្តិការ​ស្តីពី​វប្បធម៌​និង​សិល្ប​: ​ឆ្នាំ​២០១៨-២០២២​ រវាង​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​។ ចំណែកកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ ខាងមុខ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានឯកភាពជាផ្លូវការ ដោយកំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជា នៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុងឆ្នាំ ២០២៧ សប្តាហ៍វប្បធម៌ រវាង ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ក្នុងឱកាសអបអរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។

គំនិតផ្តួចផ្តើមទាំងទាំងឡាយរបស់ចិន កិច្ចសហប្រតិបត្តិការ“ឆកោណត្បូងពេជ្រ” ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP CCFTA ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ក៏ដូចជាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងវៀតណាម ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ទាំងលើទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមវប្បធម៌ និងការវិនិយោគ ក៏ដូចជាព្រឹត្តិការណ៍សប្តាហ៍វប្បធម៌រវាងប្រទេសទាំងពីរ ជាដើម នឹងក្លាយជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ក៏ដូចជាភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសពីប្រទេសចិននិងវៀតណាមមកកម្ពុជា ហើយនឹងជួយកម្ពុជាឱ្យអាចចាកចេញផុតេពីប្រទេសមានការអភិវឌ្ឍន៍តិចតួច នៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ។ កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមទាំងអស់នេះ បានផ្តល់សន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគ្គសម័យថ្មី និងក្លាយជា "គំរូតែមួយគត់" នៃទំនាក់ទំនងអន្តររដ្ឋ ដែលអាចធ្វើជាគម្រូបានសម្រាប់ទាំងក្នុងតំបន់និងពិភពលោកទាំងមូល។

ប៉ុន្តែ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទំនងជានឹងរងផលប៉ះពាល់ដោយការផ្លាស់ប្តូរ នៃស្ថានភាពនយោបាយសកល និងតំបន់ និងក្នុងប្រទេស។ ទាំងនេះរួមមានដូចជា សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ នៅក្នុងប្រទេស បញ្ហាវិស័យអចលនវត្ថុកម្ពុជានៅមានជួបការលំបាកច្រើន ដែលវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។

RAC Media


អត្ថបទទាក់ទង

អ្នកចរចាពាណិជ្ជកម្មចិននិងសហរដ្ឋអាម៉េរិកបានពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងដំណាក់កាលទី១ ខណៈភាពមិនប្រាកដប្រជាបានកើតឡើង

ក្រុមមន្រ្តីជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិកនិងប្រទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរួមទាំងកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដ...

2020-05-09 03:50:49   ថ្ងៃសៅរ៍, 09 ឧសភា 2020 ម៉ោង 10:50 AM
ទិដ្ឋភាពទូទៅនៃទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិក ដោយ ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិឡាទីន និងអូសេអានីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិ បានចាប់ផ្តើមឡើងដំបូងតាមរយៈបេសកកម្មការទូត សកម្មភាពយោធានៅចុងសត វត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ដោយមាននាវិករបស់សហរដ្ឋអាម៉េរិកពីររូបគឺលោក James Glynn និងលោក Matthew C. Perry បា...

2020-05-08 15:13:50   ថ្ងៃសុក្រ, 08 ឧសភា 2020 ម៉ោង 10:13 PM
ទំនាក់ទំនងកម្ពុជា-ចិននៅក្នុងទសវត្សរ៍ថ្មី ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភព​លោក​លើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លា...

2020-05-07 06:20:54   ថ្ងៃព្រហស្បតិ៍, 07 ឧសភា 2020 ម៉ោង 01:20 PM
វិធានការបិទប្រទេស (Lockdown) និងពេលវេលានៃការវិលមករកភាពប្រក្រតី

ពេលវេលាដែលសមស្របបំផុត ដែលនឹងត្រូវសម្រួលដល់ការដកបម្រាម ឬ វិធានការបិទប្រទេសបិទខេត្ត គឺនៅពេលណាដែលអ្នកវិទ្យាសាស្រ្តរកឃើញ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាផ្លូវការ ដែលការណ៍នេះ គឺតម...

2020-05-06 07:02:53   ថ្ងៃពុធ, 06 ឧសភា 2020 ម៉ោង 02:02 PM
រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ឯកភាពអនុវត្តការងាររួមគ្នាចំនួន ៤ចំណុចដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧ...

2020-05-05 13:22:06   ថ្ងៃអង្គារ, 05 ឧសភា 2020 ម៉ោង 08:22 PM
ពាណិជ្ជកម្មចល័តរបស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

2020-05-05 08:34:50   ថ្ងៃអង្គារ, 05 ឧសភា 2020 ម៉ោង 03:34 PM

សេចក្តីប្រកាស