Royal Academy of Cambodia
ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែល ប្រទេសកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីរបបអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមន៍មកលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ ដល់ ៩ វិច្ឆិកា ១៩៥៣)។
ក្រោយទទួលបានឯករាជ្យ ប្រទេសកម្ពុជាក៏ដូចជាប្រជាជន បានឆ្លងកាត់ដំណាក់កាលដ៏សែនរប៉ាក់រប៉ើកជាច្រើន នៃចរន្តនយោបាយទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ តួយ៉ាង៖ ទី១-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានធ្វើរដ្ឋប្រហាទំលាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ចេញពីរាជបល័ង្ល ហើយជំនួសមកវិញនូវរបបសាធារណរដ្ឋខ្មែរ។ ទី២-អ្វីដែលកាន់តែមានភាពស្មុគ្រស្មាញ និងត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានបង្កើតឡើងនិងផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជារបបអាវខ្មៅ បានធ្វើឱ្យប្រជាជនស្លាប់អស់ជិត៣លាននាក់ តែក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយសារតែការកាប់សម្លាប់ ការបង្ខំឱ្យធ្វើការលើសកម្លាំង ការអត់អាហារ និងជំងឺផ្សេងៗ។ ទី៣-របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឡើងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់កងទ័ពស្មគ្រចិត្តវៀតណាម ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់។ នៅឆ្នាំ១៩៨៩ បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាមកជារដ្ឋកម្ពុជា។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់ ហើយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតឡើង ដែលអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
ចាប់តាំងពីរបបរាជានិយមទីពី២ត្រូវបានបង្កើតឡើងវិញ និងក្រោម «នយោបាយឈ្នះឈ្នះ» របស់ប្រមុខដឹកនាំកម្ពុជា សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានបង្កើតឡើង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹកដីកម្ពុជាបានឆ្លងផុតពីភ្នក់ភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញបរិបូណ៍។
តាមរយៈភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងរបៀបវារៈនយោបាយចម្បងៗ សម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ (១៩៩៨-២០០៣) យុទ្ធសាស្ត្រចតុកោណ (២០០៤-២០២៣) ហើយពេលនេះជា “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយធ្វើការសម្របខ្លួនជាមួយនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ទាំងក្នុងបរិបទជាតិ តំបន់ និងពិភពលោក ដែលមានគោលបំណងដើម្បីជំរុញឱ្យមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ មានគោលបំណងចម្បងក្នុងការសម្រេចឱ្យបាននូវ "ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ដែលកម្ពុជាខិតខំឱ្យក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សមិទ្ធផលដែលកម្ពុជាសម្រេចបានចាប់តាំងពីប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ រហូតមកទល់ពេលនេះ ជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំ ស្ថាប័នជាតិ និងអន្តរៈជាតិ កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ ទាំងទ្វេភាគីនិងពហុភាគី ទាំងក្នុងតំបន់ និងនៅជុំវិញពិភពលោក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលប្រទេសមហាអំណាចបានដាក់ចេញ។
ដើម្បីសម្រចបានចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា កម្ពុជាចាំបាច់ត្រូវការការអភិវឌ្ឍន៍លើគ្រប់វិស័យ និងដោយផ្អែកលើអាទិភាពគន្លឹះប្រាំនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នោះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបានឆ្នុះបញ្ចាំងជាចម្បងតាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល។
ទន្ទឹមនឹងចក្ខុវិស័យ និងកម្មវិធីនយោបាយដែលកម្ពុជាមាននិងបានដាក់ចេញ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីដៃគូទាំងអស់ ទាំងទ្វេភាគីនិងពហុភាគី ទាំងនៅក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ ជាពិសេសជាមួយនឹងគំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិន ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP និង CCFTA ដែលបានចាក់ឬស និងបង្កើតជាផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព និងបង្កើតផលប្រយោជន៍សំខាន់ៗសម្រាប់ប្រជាជន។
ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបានបង្កើតឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ គឺកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន បានជួយលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតផ្លូវការផងដែរ។ កម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ បានកើនកម្រិតជាបន្តបន្ទាប់បែបនេះ គឺអាស្រ័យដោយសារប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវ ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមិនអាចបំបែកបាន។
ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRI) លើកទី៣។ លោក ស៊ី បានចង្អុលបង្ហាញថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៦៥ ឆ្នាំមុនមក ប្រទេសចិននិងកម្ពុជា មានការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ការគាំទ្រ និងការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមិនអាចបំបែកបាន។
ភាគីទាំងពីរតែងតែរក្សាបាននូវការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាញឹកញាប់ រក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តកម្រិតខ្ពស់ ប្រើប្រាស់ឱ្យបានល្អនូវយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល និងអនុវត្តផែនការសកម្មភាព សម្រាប់ការកសាងសហគមន៍ កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីជំរុញឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។
លោកប្រធានាធិបតី ស៊ី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបាននាំមកនូវឱកាសអភិវឌ្ឍន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា" ពង្រឹងភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់កម្ពុជា ដោយបញ្ចូលនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រ" កម្ពុជា-ចិន ក្នុងល្បឿនកាន់តែលឿន ដោយកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" និងជំរុញឱ្យមាន ការអនុវត្តគម្រោងជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ប្រទេសចិនគាំទ្រគម្រោងរបស់កម្ពុជា ដូចជាការសាងសង់ព្រលានយន្តហោះ និងការស្ដារឡើងវិញនូវវត្ថុបុរាណវប្បធម៌ ស្វាគមន៍ផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែច្រើនទៀត ទៅកាន់ទីផ្សារប្រទេសចិន និងលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាកម្ពុជា។ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច និងបានប្រកាសជាមួយ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថាឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់ ៧១៣,២ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កើនឡើង ១៦,៦ ភាគរយពី ៦១១,៥ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក៏មិនខុសឆ្ងាយពីទំនាក់ទនងរវាងកម្ពុជានិងចិន ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសជិតខាងគ្នា មានភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងជា មិត្តភាព និងសាមគ្គីភាព ជាប្រពៃណីតាំងយូរលង់ណាស់មកហើយ។ ឆ្លងកាត់ភាពឡើងចុះនៃប្រវត្តិសាស្ត្រ ជាច្រើន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្ត ពូនជ្រំ អភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានភាព កាន់តែប្រសើរឡើងលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានសម្រាប់់ ប្រជាជន នៃប្រទេសទាំងពីរ។
អំឡុងពេល៥៦ឆ្នាំ (២៤-មិថុនា-១៩៦៧ ២៤-មិថុនា-២០២៣) នៃការភ្ជាប់ទំនាក់ទំនងការទូត ផ្លូវការរវាងប្រទេសទាំងពីរ បើទោះបី ជាទទួលរងឥទ្ធិពលពីគ្រប់និន្នាការនយោបាយ ក៏ដូចជាមាន ការខ្វែងគំនិតគ្នាខ្លះក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តមានភាពរីកច្រើនជាលំដាប់។ ជាពិសេសចាប់តាំងពី ព្រះរាជាណាចក្រកម្ពុជាទីពីរ បានបង្កើតឡើងនាឆ្នាំ១៩៩៣ ទំនាក់ទំនងរវាង ប្រទេសទាំងពីរបាន ឈានចូលដំណាក់កាល នៃការអភិវឌ្ឍថ្មី ក្នុងស្មារតី "ភាពជាអ្នកជិតខាងគ្នា គោរពឯករាជ្យភាព អធិបតេយ្យភាព និងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ"។ ចាប់តាំងពីឆ្នាំ ២០០៥មក ទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម ត្រូវបាន បន្តពូនជ្រំ និងអភិវឌ្ឍ ដោយឥត ឈប់ឈរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង”។
រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-វៀតណាម សម្រេចបាន សមិទ្ធិផល សំខាន់ៗជាច្រើន ដូចសេចក្តីប្រកាសរួមរវាងកម្ពុជា-វៀតណាម ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានចែងថា៖ «ភាគីទាំងពីរបានសម្តែងការរីករាយ ចំពោះការអភិវឌ្ឍដ៏ល្អនៃប្រទេសទាំងពីរ ភាពស្រស់ស្អាតនៃមិត្តភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង កម្ពុជានិងវៀតណាម ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ នាំមកនូវ ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ»។
នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានបោះជំហានទៅមុខយ៉ាង ស្វាហាប់ និងប្រកបទៅដោយវឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោជាច្រើន តាមរយៈការផ្លាស់ប្តូរ ដំណើរ ទស្សនកិច្ច របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរយ៉ាងទៀងទាត់និងគ្រប់កម្រឹត ការពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរ នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណីដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ និងជា ទំនាក់ទំនង ជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាពូនជ្រំ លើកកម្ពស់ជាបន្តបន្ទាប់ និងបានបន្តផ្សាព្វផ្សាយទៅយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ និងបន្តកសាងស្ពានមិត្តភាពនេះបន្ថែមទៀត។ ក្រៅពីនេះ នៅមាន ថ្នាក់ដឹកនាំតាមបណ្តា ខេត្ត-ក្រុងនៃប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំនៅបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ បានទៅបំពេញទស្សនកិច្ចរៀងៗខ្លួន ហើយតាមរយៈដំណើរទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែបានសម្តែងនូវ សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះ សមិទ្ធផលដែលប្រទេសទាំងពីរ សម្រេចបានជាផ្លែផ្កានាពេលកន្លងមក និងបានបន្តប្តេជាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការអភិវឌ្ឍលើ គ្រប់វិស័យ និងកាន់តែមានប្រសិទ្ធភាព ពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេល៥៦ឆ្នាំកន្លងទៅនេះ ហើយជា «ទំនាក់ទំនងសេដ្ឋកិច្ច គាំទ្រឱ្យទំនាក់ទំនងនយោបាយ»។
លើទិដ្ឋភាពនយោបាយ៖ ប្រទេសទាំងពីរតែងតែបានបង្ហាញនូវជំហរនៃការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ។ ប្រទេស វៀតណាម តែងតែប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យសម្រេច បាននូវសមិទ្ធផលធំៗ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ជាពិសេស ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញប្រកបដោយជោគជ័យ និងជំរុញការស្តាសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ក្រោយប៉ះពាល់ដោយជំងឺកូវីដ-១៩ ហើយទន្ទឹម នឹងនោះផងដែរ ប្រទេសវៀតណាម ក៏មានជំនឿចិត្តយ៉ាងមុតមាំផងដែរថា កម្ពុជានឹង រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយជោគជ័យ និងបន្ត សម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការងារកសាងប្រទេសកម្ពុជា ឱ្យក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានការរីកចម្រើន នៅឆ្នាំ ២០៥០ តាមចក្ខុវិស័យដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លើទិដ្ឋភាពសេដ្ឋកិច្ច៖ ប្រទេសកម្ពុជា និងវៀតណាម សុទ្ធតែបានដាក់ចេញនូវ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច» ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច នៅក្នុងកាលៈទេសៈ ដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា និងវៀតណាម កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ។ ការគំរាមគំហែងនេះ បណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន។ មានកត្តាធំជាងគេ២ គឺទី១ កត្តាធម្មជាតិ និងទី២ កត្តាមនុស្ស។
កត្តាធម្មជាតិ៖ គឺការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ កត្តាធម្មជាតិមួយនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកំរិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិដ៏ជ្រាលជ្រៅ។ កូវីដ-១៩ បានរុញឱ្យខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកំរិតយ៉ាងធ្ងន់ធ្ងរ វិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុកសឹងដល់បាត វិស័យដឹកជញ្ជូន ពិសេសផ្លូវអាកាសគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនចុះខ្សោយដោយសារវិធានការរឹតត្បិតនានា ដើម្បីឃុំគ្រងកុំឱ្យជំងឺរាលដាល។ ជំងឺឆ្លងនេះ ក៏បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការងាររបស់មនុស្សរាប់រយលាននាក់។
ចំណែកកត្តាមនុស្ស៖ ជាការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដ៏តានតឹងរវាងមហាអំណាចធំបំផុតទាំងពីរ កំពុងឈានទៅរកសង្គ្រាមត្រជាក់បែបថ្មី ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់បំផុត បន្ថែមពីលើនេះទៀតនៅមាន សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិក និងចិន សង្គ្រាមហ្គាហ្សា និងវិបត្តិនៅមីយ៉ាន់ម៉ា បន្ថែមទៀត។ កត្តាមនុស្សទាំងនេះ កំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាព រយៈពេល ជាង៧០ឆ្នាំដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង។ នេះក៏ដោយសារការរំលោភបំពាន និងលែងគោរពនូវគុណតម្លៃទាំងឡាយ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នេះ និងការងាកទៅរកឯកតោភាគីនិយម ការប្រើកំលាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ។
សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី របស់កម្ពុជាជាមួយវៀតណាម៖ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរសម្រេចបាន៦,៥១ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមមកកម្ពុជាសម្រេចបាន៣,៧៤ពាន់លានដុល្លារ ហើយការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,៧៧ពាន់លានដុល្លារ។ ជាមួយនឹងអត្ថប្រយោជន៍នៃលក្ខខណ្ឌភូមិសាស្រ្ត ទំនាក់ទំនងដ៏ល្អរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាភាពស្រដៀងគ្នានៃផលិតផល និងទំនិញ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជានឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ។
ទាក់ទងទៅហ្នឹង “ការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សំដៅពង្រឹងស្មាតីអត្ត សញ្ញាណអាស៊ានតែមួយ” កម្ពុជាកំពុងធ្វើការងារនេះយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និយាយជារួម និងនិយាយដោយឡែក ជាមួយប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ ហើយជាពិសេសគឺជាមួយប្រទេស វៀតណាម។
ឆ្នាំ២០២២នេះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា រៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ចំណែកព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម រៀបចំឡើងនៅក្នុងទីក្រុងហូជីមិញ និងខេត្តត្រាវិញ នៅដែនដីសណ្តរទន្លេមេគង្គ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនាឆ្នាំ២០២២នេះ លើសពីការផ្តល់ឱកាសដល់ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយអនុលោមទៅតាមផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្ប: ឆ្នាំ២០១៨-២០២២ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ។ ចំណែកកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ ខាងមុខ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានឯកភាពជាផ្លូវការ ដោយកំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជា នៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុងឆ្នាំ ២០២៧ សប្តាហ៍វប្បធម៌ រវាង ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ក្នុងឱកាសអបអរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។
គំនិតផ្តួចផ្តើមទាំងទាំងឡាយរបស់ចិន កិច្ចសហប្រតិបត្តិការ“ឆកោណត្បូងពេជ្រ” ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP CCFTA ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ក៏ដូចជាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងវៀតណាម ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ទាំងលើទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមវប្បធម៌ និងការវិនិយោគ ក៏ដូចជាព្រឹត្តិការណ៍សប្តាហ៍វប្បធម៌រវាងប្រទេសទាំងពីរ ជាដើម នឹងក្លាយជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ក៏ដូចជាភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសពីប្រទេសចិននិងវៀតណាមមកកម្ពុជា ហើយនឹងជួយកម្ពុជាឱ្យអាចចាកចេញផុតេពីប្រទេសមានការអភិវឌ្ឍន៍តិចតួច នៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ។ កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមទាំងអស់នេះ បានផ្តល់សន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគ្គសម័យថ្មី និងក្លាយជា "គំរូតែមួយគត់" នៃទំនាក់ទំនងអន្តររដ្ឋ ដែលអាចធ្វើជាគម្រូបានសម្រាប់ទាំងក្នុងតំបន់និងពិភពលោកទាំងមូល។
ប៉ុន្តែ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទំនងជានឹងរងផលប៉ះពាល់ដោយការផ្លាស់ប្តូរ នៃស្ថានភាពនយោបាយសកល និងតំបន់ និងក្នុងប្រទេស។ ទាំងនេះរួមមានដូចជា សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ នៅក្នុងប្រទេស បញ្ហាវិស័យអចលនវត្ថុកម្ពុជានៅមានជួបការលំបាកច្រើន ដែលវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។
RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួ...
សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ ន...
(ព្រះវិហារ)៖ ក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីស (Cheese) មកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជាមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិ...
កាលពីសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបើកកិច...