Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Li Jie អនុប្រធានវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបជូនប្រតិភូអំពីបេសកកម្ម រចនាសម្ព័ន្ធ និងដំណើរការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន និងដែលបានផ្ដល់ធាតុចូលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័ននានានាពេលកន្លងមក។
ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវ និងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពដែកថែប និងឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលដាក់ចេញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពាក់ព័ន្ធនឹងការវិវត្តស្ថានការណ៍ក្នុងតំបន់និងពិភពលោក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីទស្សនៈយល់ឃើញផ្ទាល់ថា កម្ពុជានិងចិនត្រូវតែធ្វើឱ្យទំនាក់ទំនងទ្វេភាគី ក្លាយជាទំនាក់ទំនងដែកថែបពិតប្រាកដ ដូច្នេះហើយទាំងកម្ពុជានិងចិន ត្រូវតែជាដែកថែបទាំងពីរ មិនមែនដែកថែបតែចិន ចំណែកកម្ពុជាជាសំឡីនោះទេ។ ត្រង់ចំណុចនេះគឺផ្អែកលើភូមិសាស្ត្រនយោបាយ ដោយកម្ពុជាគឺជាចំណុចដែលចិនត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើកម្ពុជាក្លាយជាប្រទេសដែកថែប នោះចិននឹងកាន់តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងថែមទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
ជាលទ្ធផលនៃជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើ៣ចំណុច៖
១- ការជំរុញដំណើរទស្សនកិច្ចប្រតិភូ និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ។
២- ការផ្លាស់ប្ដូរសមិទ្ធផលគ្នាទៅវិញទៅមក។
៣- រៀបចំវេទិកាវិទ្យាសាស្ត្រ ដែលមានលក្ខណៈទ្វេភាគី និងពហុភាគី៕
RAC Media
នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្...
បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្...
ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho By...
រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ...
នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ច...