ព័ត៌មាន

ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស

2023-11-06 08:14:46 ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 03:14 PM
អ្នកមើល 249
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Li Jie អនុប្រធានវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបជូនប្រតិភូអំពីបេសកកម្ម រចនាសម្ព័ន្ធ និងដំណើរការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន និងដែលបានផ្ដល់ធាតុចូលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័ននានានាពេលកន្លងមក។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវ និងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពដែកថែប និងឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលដាក់ចេញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពាក់ព័ន្ធនឹងការវិវត្តស្ថានការណ៍ក្នុងតំបន់និងពិភពលោក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីទស្សនៈយល់ឃើញផ្ទាល់ថា កម្ពុជានិងចិនត្រូវតែធ្វើឱ្យទំនាក់ទំនងទ្វេភាគី ក្លាយជាទំនាក់ទំនងដែកថែបពិតប្រាកដ ដូច្នេះហើយទាំងកម្ពុជានិងចិន ត្រូវតែជាដែកថែបទាំងពីរ មិនមែនដែកថែបតែចិន ចំណែកកម្ពុជាជាសំឡីនោះទេ។ ត្រង់ចំណុចនេះគឺផ្អែកលើភូមិសាស្ត្រនយោបាយ ដោយកម្ពុជាគឺជាចំណុចដែលចិនត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើកម្ពុជាក្លាយជាប្រទេសដែកថែប នោះចិននឹងកាន់តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងថែមទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាលទ្ធផលនៃជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើ៣ចំណុច៖

១- ការជំរុញដំណើរទស្សនកិច្ចប្រតិភូ និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ។
២- ការផ្លាស់ប្ដូរសមិទ្ធផលគ្នាទៅវិញទៅមក។
៣- រៀបចំវេទិកាវិទ្យាសាស្ត្រ ដែលមានលក្ខណៈទ្វេភាគី និងពហុភាគី៕

RAC Media


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស