ព័ត៌មាន

ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស

2023-11-06 08:14:46 ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 03:14 PM
អ្នកមើល 5345
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Li Jie អនុប្រធានវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបជូនប្រតិភូអំពីបេសកកម្ម រចនាសម្ព័ន្ធ និងដំណើរការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន និងដែលបានផ្ដល់ធាតុចូលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័ននានានាពេលកន្លងមក។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវ និងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពដែកថែប និងឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលដាក់ចេញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពាក់ព័ន្ធនឹងការវិវត្តស្ថានការណ៍ក្នុងតំបន់និងពិភពលោក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីទស្សនៈយល់ឃើញផ្ទាល់ថា កម្ពុជានិងចិនត្រូវតែធ្វើឱ្យទំនាក់ទំនងទ្វេភាគី ក្លាយជាទំនាក់ទំនងដែកថែបពិតប្រាកដ ដូច្នេះហើយទាំងកម្ពុជានិងចិន ត្រូវតែជាដែកថែបទាំងពីរ មិនមែនដែកថែបតែចិន ចំណែកកម្ពុជាជាសំឡីនោះទេ។ ត្រង់ចំណុចនេះគឺផ្អែកលើភូមិសាស្ត្រនយោបាយ ដោយកម្ពុជាគឺជាចំណុចដែលចិនត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើកម្ពុជាក្លាយជាប្រទេសដែកថែប នោះចិននឹងកាន់តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងថែមទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាលទ្ធផលនៃជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើ៣ចំណុច៖

១- ការជំរុញដំណើរទស្សនកិច្ចប្រតិភូ និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ។
២- ការផ្លាស់ប្ដូរសមិទ្ធផលគ្នាទៅវិញទៅមក។
៣- រៀបចំវេទិកាវិទ្យាសាស្ត្រ ដែលមានលក្ខណៈទ្វេភាគី និងពហុភាគី៕

RAC Media


អត្ថបទទាក់ទង

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រ...

2018-11-29 15:46:10   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:46 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...

2018-11-29 14:45:57   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 09:45 PM
«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...

2018-11-29 03:37:48   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:37 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...

2018-11-28 08:19:31   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 03:19 PM
«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 11:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 10:19 AM

សេចក្តីប្រកាស