ព័ត៌មាន

«ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានស្ថានីយឡស្លដែក និងមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ...?»

2018-10-17 04:29:03 ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:29 AM
អ្នកមើល 9598
post_detail

នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានក្រឡាផ្ទៃចំនួន ១១៤៣៥ហិចតា។

ដោយមានការចូលរួមពីមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ផងនោះ ការស្រាវជ្រាវបានរុករក និងរកឃើញស្ថានីយបុរាណដែលជាមរតកវប្បធម៌រូបីជាច្រើន មានទួលសន្លុង (ទួលឡស្លដែក)ត្រពាំងសន្លុង (ត្រពាំងតូចៗដែលគេជីកនៅជាប់ទួលសន្លុង) ត្រពាំង និងបុរាណវត្ថុជាច្រើនមានដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ផលិតពីដែក មានផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និងដែកគោលជាដើម។

នៅឆ្នាំ២០១៨មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៅធ្វើការសិក្សាបន្ដ។ ស្ថានីយបុរាណ និងវត្ថុបុរាណបន្ថែមមួយចំនួនទៀតក៏ត្រូវបានរកឃើញ មានដូចជា៖ ទួលសន្លុង (ទួលឡស្លដែក) បណ្តុំទួលសន្លុងរួមទាំងបុរាណវត្ថុមួយចំនួន មានកុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ដុំថ្មភក់ប្រើក្នុងការស្មិតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដង កាំបិត ដងកាំបិត និង ដែកគោលជាដើម និងឧបករណ៍ថ្មរំលីង ដែលគេគិតថាមនុស្សក្នុងសម័យបុរេប្រវត្តិ ផលិត និង យកមកប្រើសម្រាប់ធ្វើកសិកម្ម ដាំដំណាំ កាប់ព្រៃឈើជាដើម។​ ផ្អែកតាមការកំណត់កាលបរិច្ឆេទរបស់លោក ឆាល ហាយហេម (Charles F. W. Higham) ឧបករណ៍ថ្មរំលីងដែលស្ថិតក្នុងយុគថ្មរំលីង ឬសម័យថ្មរំលីង មានអាយុកាលប្រហែលចាប់ពីរវាងឆ្នាំ៨០០០-៦០០០មុនគ្រិស្តសករាជ ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍វិញ ការកំណត់អាយុកាលយុគ ថ្មរំលីង ចាប់ពី២៥០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។លោក Charles F. W. Higham ក៏បានសន្និដ្ឋានដែរថា ការធ្វើកសិកម្មស្រូវដំបូងៗ បានកើតឡើងនៅតំបន់ជ្រលងទន្លេយ៉ាងហ្ស៊ី (Yangzi) និងជ្រលងទន្លេលឿង (Yellow River) ហើយបានបន្តមកតំបន់អាស៊ីអាគ្នេយ៍នៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ ដែលស្ថិតក្នុងយុគថ្មរំលីង។រីឯនៅប្រទេស កម្ពុជាវិញ យុគថ្មរំលីងមានអាយុប្រហែល២០០០ឆ្នាំមុនគ្រិស្តសករាជ។

បើយើងមើលពីទីតាំងផ្សេងៗនៅក្បែរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបវិញ ដូចជានៅភូមិសង្កែ ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំង មានលោក អេតម៉ុង សូរាំង នៅឆ្នាំ១៩៦៣ បាន រកឃើញភស្តុតាងទីតាំងរស់នៅដំបូងៗ ដែលជាស្ថានីយស្ថិតក្នុងយុគគ្រួសបំបែក ដោយលោកបានដាក់ឈ្មោះថា “ស្ថានីយឆែប” ហើយសព្វថ្ងៃស្ថិតនៅក្នុងភូមិសង្កែ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីស្ថានីយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ទីតាំងផ្សេងទៀតដែលស្ថិតនៅក្បែរនោះគឺ“ស្ថានីយម្លូព្រៃ” សព្វថ្ងៃស្ថិតនៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក៏បន្សល់ភស្ដុតាងនៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរេប្រវត្តិសាស្រ្ត ក្នុងយុគថ្មរំលីង ដែលធ្លាប់បានស្រាវជ្រាវដោយលោក ប៉ូល ឡេវី ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនោះនៅមានស្ថានីយបុរេប្រវត្តិសាស្រ្ត ដែលគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដូចជាស្ថានីយល្អាងស្ពាន ស្ថានីយសំរោង សែន ស្ថានីយក្រែក ជាដើម។ 

ចំណែកឯលទ្ធផលស្រាវជ្រាវកន្លងមក មានភស្តុតាងនៃការរស់នៅរបស់មនុស្សនៅស្ថានីយឡស្លដែកនៅឧទ្យានរាជ បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចកំណត់បានតែក្នុងយុគថ្មរំលីងប៉ុណ្ណោះ ដោយមិនឃើញមានភស្ដុ តាងបុរាណវត្ថុវិទ្យាបង្ហាញថាមនុស្សយុគក្រោយៗមកទៀត ដូចជាយុគសំរឹទ្ធ យុគដែក មកតាំងទីលំនៅក្នុងឧទ្យាននេះឡើយ។ហើយភស្តុតាងនៃការរស់នៅរបស់មនុស្សបាត់ដានដ៏វែងឆ្ងាយរហូតដល់ពេលមួយដែលតំបន់នេះ (បច្ចុប្បន្នតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប) ចាប់ផ្ដើមមានការមកតាំងទីលំនៅឡើងវិញ ហើយប្រែក្លាយជាតំបន់ផលិតដែកធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣) ក្នុងចំណោមតំបន់ផលិតដែកផេ្សងៗទៀតដូចជានៅតំបន់ភ្នំដែក ស្រុករវៀង និងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។

ប្រភព៖ ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

RAC Media











អត្ថបទទាក់ទង

''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM

សេចក្តីប្រកាស