Royal Academy of Cambodia
នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានក្រឡាផ្ទៃចំនួន ១១៤៣៥ហិចតា។
ដោយមានការចូលរួមពីមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ផងនោះ ការស្រាវជ្រាវបានរុករក និងរកឃើញស្ថានីយបុរាណដែលជាមរតកវប្បធម៌រូបីជាច្រើន មានទួលសន្លុង (ទួលឡស្លដែក)ត្រពាំងសន្លុង (ត្រពាំងតូចៗដែលគេជីកនៅជាប់ទួលសន្លុង) ត្រពាំង និងបុរាណវត្ថុជាច្រើនមានដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ផលិតពីដែក មានផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និងដែកគោលជាដើម។
នៅឆ្នាំ២០១៨មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៅធ្វើការសិក្សាបន្ដ។ ស្ថានីយបុរាណ និងវត្ថុបុរាណបន្ថែមមួយចំនួនទៀតក៏ត្រូវបានរកឃើញ មានដូចជា៖ ទួលសន្លុង (ទួលឡស្លដែក) បណ្តុំទួលសន្លុងរួមទាំងបុរាណវត្ថុមួយចំនួន មានកុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ដុំថ្មភក់ប្រើក្នុងការស្មិតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដង កាំបិត ដងកាំបិត និង ដែកគោលជាដើម និងឧបករណ៍ថ្មរំលីង ដែលគេគិតថាមនុស្សក្នុងសម័យបុរេប្រវត្តិ ផលិត និង យកមកប្រើសម្រាប់ធ្វើកសិកម្ម ដាំដំណាំ កាប់ព្រៃឈើជាដើម។ ផ្អែកតាមការកំណត់កាលបរិច្ឆេទរបស់លោក ឆាល ហាយហេម (Charles F. W. Higham) ឧបករណ៍ថ្មរំលីងដែលស្ថិតក្នុងយុគថ្មរំលីង ឬសម័យថ្មរំលីង មានអាយុកាលប្រហែលចាប់ពីរវាងឆ្នាំ៨០០០-៦០០០មុនគ្រិស្តសករាជ ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍វិញ ការកំណត់អាយុកាលយុគ ថ្មរំលីង ចាប់ពី២៥០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។លោក Charles F. W. Higham ក៏បានសន្និដ្ឋានដែរថា ការធ្វើកសិកម្មស្រូវដំបូងៗ បានកើតឡើងនៅតំបន់ជ្រលងទន្លេយ៉ាងហ្ស៊ី (Yangzi) និងជ្រលងទន្លេលឿង (Yellow River) ហើយបានបន្តមកតំបន់អាស៊ីអាគ្នេយ៍នៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ ដែលស្ថិតក្នុងយុគថ្មរំលីង។រីឯនៅប្រទេស កម្ពុជាវិញ យុគថ្មរំលីងមានអាយុប្រហែល២០០០ឆ្នាំមុនគ្រិស្តសករាជ។
បើយើងមើលពីទីតាំងផ្សេងៗនៅក្បែរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបវិញ ដូចជានៅភូមិសង្កែ ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំង មានលោក អេតម៉ុង សូរាំង នៅឆ្នាំ១៩៦៣ បាន រកឃើញភស្តុតាងទីតាំងរស់នៅដំបូងៗ ដែលជាស្ថានីយស្ថិតក្នុងយុគគ្រួសបំបែក ដោយលោកបានដាក់ឈ្មោះថា “ស្ថានីយឆែប” ហើយសព្វថ្ងៃស្ថិតនៅក្នុងភូមិសង្កែ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីស្ថានីយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ទីតាំងផ្សេងទៀតដែលស្ថិតនៅក្បែរនោះគឺ“ស្ថានីយម្លូព្រៃ” សព្វថ្ងៃស្ថិតនៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក៏បន្សល់ភស្ដុតាងនៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរេប្រវត្តិសាស្រ្ត ក្នុងយុគថ្មរំលីង ដែលធ្លាប់បានស្រាវជ្រាវដោយលោក ប៉ូល ឡេវី ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនោះនៅមានស្ថានីយបុរេប្រវត្តិសាស្រ្ត ដែលគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដូចជាស្ថានីយល្អាងស្ពាន ស្ថានីយសំរោង សែន ស្ថានីយក្រែក ជាដើម។
ចំណែកឯលទ្ធផលស្រាវជ្រាវកន្លងមក មានភស្តុតាងនៃការរស់នៅរបស់មនុស្សនៅស្ថានីយឡស្លដែកនៅឧទ្យានរាជ បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចកំណត់បានតែក្នុងយុគថ្មរំលីងប៉ុណ្ណោះ ដោយមិនឃើញមានភស្ដុ តាងបុរាណវត្ថុវិទ្យាបង្ហាញថាមនុស្សយុគក្រោយៗមកទៀត ដូចជាយុគសំរឹទ្ធ យុគដែក មកតាំងទីលំនៅក្នុងឧទ្យាននេះឡើយ។ហើយភស្តុតាងនៃការរស់នៅរបស់មនុស្សបាត់ដានដ៏វែងឆ្ងាយរហូតដល់ពេលមួយដែលតំបន់នេះ (បច្ចុប្បន្នតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប) ចាប់ផ្ដើមមានការមកតាំងទីលំនៅឡើងវិញ ហើយប្រែក្លាយជាតំបន់ផលិតដែកធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣) ក្នុងចំណោមតំបន់ផលិតដែកផេ្សងៗទៀតដូចជានៅតំបន់ភ្នំដែក ស្រុករវៀង និងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។
ប្រភព៖ ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
RAC Media
ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...
Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...
ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋ...
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើ...