Royal Academy of Cambodia
នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានក្រឡាផ្ទៃចំនួន ១១៤៣៥ហិចតា។
ដោយមានការចូលរួមពីមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ផងនោះ ការស្រាវជ្រាវបានរុករក និងរកឃើញស្ថានីយបុរាណដែលជាមរតកវប្បធម៌រូបីជាច្រើន មានទួលសន្លុង (ទួលឡស្លដែក)ត្រពាំងសន្លុង (ត្រពាំងតូចៗដែលគេជីកនៅជាប់ទួលសន្លុង) ត្រពាំង និងបុរាណវត្ថុជាច្រើនមានដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ផលិតពីដែក មានផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និងដែកគោលជាដើម។
នៅឆ្នាំ២០១៨មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៅធ្វើការសិក្សាបន្ដ។ ស្ថានីយបុរាណ និងវត្ថុបុរាណបន្ថែមមួយចំនួនទៀតក៏ត្រូវបានរកឃើញ មានដូចជា៖ ទួលសន្លុង (ទួលឡស្លដែក) បណ្តុំទួលសន្លុងរួមទាំងបុរាណវត្ថុមួយចំនួន មានកុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ដុំថ្មភក់ប្រើក្នុងការស្មិតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដង កាំបិត ដងកាំបិត និង ដែកគោលជាដើម និងឧបករណ៍ថ្មរំលីង ដែលគេគិតថាមនុស្សក្នុងសម័យបុរេប្រវត្តិ ផលិត និង យកមកប្រើសម្រាប់ធ្វើកសិកម្ម ដាំដំណាំ កាប់ព្រៃឈើជាដើម។ ផ្អែកតាមការកំណត់កាលបរិច្ឆេទរបស់លោក ឆាល ហាយហេម (Charles F. W. Higham) ឧបករណ៍ថ្មរំលីងដែលស្ថិតក្នុងយុគថ្មរំលីង ឬសម័យថ្មរំលីង មានអាយុកាលប្រហែលចាប់ពីរវាងឆ្នាំ៨០០០-៦០០០មុនគ្រិស្តសករាជ ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍វិញ ការកំណត់អាយុកាលយុគ ថ្មរំលីង ចាប់ពី២៥០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។លោក Charles F. W. Higham ក៏បានសន្និដ្ឋានដែរថា ការធ្វើកសិកម្មស្រូវដំបូងៗ បានកើតឡើងនៅតំបន់ជ្រលងទន្លេយ៉ាងហ្ស៊ី (Yangzi) និងជ្រលងទន្លេលឿង (Yellow River) ហើយបានបន្តមកតំបន់អាស៊ីអាគ្នេយ៍នៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ ដែលស្ថិតក្នុងយុគថ្មរំលីង។រីឯនៅប្រទេស កម្ពុជាវិញ យុគថ្មរំលីងមានអាយុប្រហែល២០០០ឆ្នាំមុនគ្រិស្តសករាជ។
បើយើងមើលពីទីតាំងផ្សេងៗនៅក្បែរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបវិញ ដូចជានៅភូមិសង្កែ ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំង មានលោក អេតម៉ុង សូរាំង នៅឆ្នាំ១៩៦៣ បាន រកឃើញភស្តុតាងទីតាំងរស់នៅដំបូងៗ ដែលជាស្ថានីយស្ថិតក្នុងយុគគ្រួសបំបែក ដោយលោកបានដាក់ឈ្មោះថា “ស្ថានីយឆែប” ហើយសព្វថ្ងៃស្ថិតនៅក្នុងភូមិសង្កែ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីស្ថានីយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ទីតាំងផ្សេងទៀតដែលស្ថិតនៅក្បែរនោះគឺ“ស្ថានីយម្លូព្រៃ” សព្វថ្ងៃស្ថិតនៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក៏បន្សល់ភស្ដុតាងនៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរេប្រវត្តិសាស្រ្ត ក្នុងយុគថ្មរំលីង ដែលធ្លាប់បានស្រាវជ្រាវដោយលោក ប៉ូល ឡេវី ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនោះនៅមានស្ថានីយបុរេប្រវត្តិសាស្រ្ត ដែលគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដូចជាស្ថានីយល្អាងស្ពាន ស្ថានីយសំរោង សែន ស្ថានីយក្រែក ជាដើម។
ចំណែកឯលទ្ធផលស្រាវជ្រាវកន្លងមក មានភស្តុតាងនៃការរស់នៅរបស់មនុស្សនៅស្ថានីយឡស្លដែកនៅឧទ្យានរាជ បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចកំណត់បានតែក្នុងយុគថ្មរំលីងប៉ុណ្ណោះ ដោយមិនឃើញមានភស្ដុ តាងបុរាណវត្ថុវិទ្យាបង្ហាញថាមនុស្សយុគក្រោយៗមកទៀត ដូចជាយុគសំរឹទ្ធ យុគដែក មកតាំងទីលំនៅក្នុងឧទ្យាននេះឡើយ។ហើយភស្តុតាងនៃការរស់នៅរបស់មនុស្សបាត់ដានដ៏វែងឆ្ងាយរហូតដល់ពេលមួយដែលតំបន់នេះ (បច្ចុប្បន្នតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប) ចាប់ផ្ដើមមានការមកតាំងទីលំនៅឡើងវិញ ហើយប្រែក្លាយជាតំបន់ផលិតដែកធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣) ក្នុងចំណោមតំបន់ផលិតដែកផេ្សងៗទៀតដូចជានៅតំបន់ភ្នំដែក ស្រុករវៀង និងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។
ប្រភព៖ ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
RAC Media
នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...
រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យសរសើរ ឯប្...
នាព្រឹក ថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯក ឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រ...