ព័ត៌មាន

ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា

2023-09-25 08:40:33 ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:40 PM
អ្នកមើល 4993
post_detail

នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។

ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ ពីក្រសួងស្ថាប័ននានា។

នៅក្នុងឱកាសថ្លែងសុន្ទរកថាប្រកាសឱ្យប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រកាសគាំទ្រដល់ការធ្វើទំនើបកម្មឌីជីថាភាសាខ្មែរ ក៏ដូចជាបណ្ដាសទ្ទានុក្រមទាំងអស់ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងតែប្រជុំពិភាក្សានិងអនុម័តនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបញ្ជាក់និងថ្លែងអំណរគុណចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលយកចិត្តទុកដាក់ គាំទ្ រនិងជួយជ្រោមជ្រែងដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាការផ្ដល់នូវការលើកទឹកចិត្ត ដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តបេសកកម្មក្នុងការងារអភិវឌ្ឍសិក្សាស្រាវជ្រាវទាំងផ្នែកភាសាខ្មែរ និងជំនាញឯកទេសនានា ដែលស្ថិតនៅក្រោមបន្ទុកការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ បានលើកឡើងថា សមិទ្ធផល«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រុមខ្មែរសម្ដេចសង្ឃជួនណាតទាំងស្រុង ដែលមានតែជាង ១៨០០០ពាក្យប៉ុណ្ណោះ ហើយក្រុមការងារគណៈកម្មាធិការបានស្រាវជ្រាវនិងអនុម័តនូវមេពាក្យនិងបង្កើតនូវពាក្យថ្មីៗដែលកំពុងមានប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ជាង៣ម៉ឺនពាក្យបន្ថែម។

ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណៈកម្មាធិការជាតិរៀបចំវចនានុក្រម ទាំង៦៥អង្គ/នាក់ វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានលេចចេញជារូបរាងដោយមានជាពីរទម្រង់ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ «វចនានុក្រុមខ្មែរ» ឆ្នាំ២០២២នេះ ជាសមិទ្ធផលក្រោមការផ្ដួចផ្ដើមពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដែលបានផ្ដល់នូវលទ្ធភាពដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រម រហូតសម្រេចបានពាក្យក្នុងវចនានុក្រមខ្មែរ សរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមបានយល់ឃើញថា វចនានុក្រមនេះ មិនទាន់បំពេញសេចក្ដីត្រូវការប្រើប្រាស់ដល់សាធារណជនទាំងស្រុងនៅឡើង ហើយក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នឹងរង់ចាំទទួលមតិស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់និងហៅថា វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត។ វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នាព្រឹកនេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលស្រាវជ្រាវនានារបស់រាជបណ្ឌិត្យសភាកម្ពុជា (២៥ កញ្ញា ២០២៣)


អត្ថបទទាក់ទង

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...

2022-01-14 08:18:04   ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 03:18 PM
ជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្...

2022-01-10 08:42:55   ថ្ងៃចន្ទ, 10 មករា 2022 ម៉ោង 03:42 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងអញ្ជើញរាប់បាត្រព្រះសង្ឃនៅវត្តមង្គលមានលក្ខណ៍

(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ...

2022-01-07 08:55:21   ថ្ងៃសុក្រ, 07 មករា 2022 ម៉ោង 03:55 PM
បណ្ឌិត គិន ភា៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

(រូបភាព៖ Vitou Ouch)ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហ...

2022-01-06 11:57:58   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:57 PM
ANNOUNCEMENT for International Scholar Exchange Fellowship (ISEF) 2022-2023

Dear Researchers and Scholars,Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RA...

2022-01-06 11:03:14   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:03 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...

2022-01-06 10:48:35   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:48 PM

សេចក្តីប្រកាស