ព័ត៌មាន

ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា

2023-09-25 08:40:33 ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:40 PM
អ្នកមើល 4975
post_detail

នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។

ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ ពីក្រសួងស្ថាប័ននានា។

នៅក្នុងឱកាសថ្លែងសុន្ទរកថាប្រកាសឱ្យប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រកាសគាំទ្រដល់ការធ្វើទំនើបកម្មឌីជីថាភាសាខ្មែរ ក៏ដូចជាបណ្ដាសទ្ទានុក្រមទាំងអស់ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងតែប្រជុំពិភាក្សានិងអនុម័តនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបញ្ជាក់និងថ្លែងអំណរគុណចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលយកចិត្តទុកដាក់ គាំទ្ រនិងជួយជ្រោមជ្រែងដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាការផ្ដល់នូវការលើកទឹកចិត្ត ដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តបេសកកម្មក្នុងការងារអភិវឌ្ឍសិក្សាស្រាវជ្រាវទាំងផ្នែកភាសាខ្មែរ និងជំនាញឯកទេសនានា ដែលស្ថិតនៅក្រោមបន្ទុកការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ បានលើកឡើងថា សមិទ្ធផល«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រុមខ្មែរសម្ដេចសង្ឃជួនណាតទាំងស្រុង ដែលមានតែជាង ១៨០០០ពាក្យប៉ុណ្ណោះ ហើយក្រុមការងារគណៈកម្មាធិការបានស្រាវជ្រាវនិងអនុម័តនូវមេពាក្យនិងបង្កើតនូវពាក្យថ្មីៗដែលកំពុងមានប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ជាង៣ម៉ឺនពាក្យបន្ថែម។

ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណៈកម្មាធិការជាតិរៀបចំវចនានុក្រម ទាំង៦៥អង្គ/នាក់ វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានលេចចេញជារូបរាងដោយមានជាពីរទម្រង់ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ «វចនានុក្រុមខ្មែរ» ឆ្នាំ២០២២នេះ ជាសមិទ្ធផលក្រោមការផ្ដួចផ្ដើមពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដែលបានផ្ដល់នូវលទ្ធភាពដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រម រហូតសម្រេចបានពាក្យក្នុងវចនានុក្រមខ្មែរ សរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមបានយល់ឃើញថា វចនានុក្រមនេះ មិនទាន់បំពេញសេចក្ដីត្រូវការប្រើប្រាស់ដល់សាធារណជនទាំងស្រុងនៅឡើង ហើយក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នឹងរង់ចាំទទួលមតិស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់និងហៅថា វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត។ វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នាព្រឹកនេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលស្រាវជ្រាវនានារបស់រាជបណ្ឌិត្យសភាកម្ពុជា (២៥ កញ្ញា ២០២៣)


អត្ថបទទាក់ទង

បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM

សេចក្តីប្រកាស