ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី «បម្លាស់ប្តូរបៃតងសម្រាប់សន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់ទន្លេមេគង្គ» នៅលើទឹកដីហាឡុង

2018-10-16 04:15:30 ថ្ងៃអង្គារ, 16 តុលា 2018 ម៉ោង 11:15 AM
អ្នកមើល 3753
post_detail

(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោមការឧបត្ថម្ភពីវិទ្យាស្ថានបរិស្ថានកូរ៉េ (CLV+KEI)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ ផ្តោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មពិភពលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ទាម ទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដូចគ្នាលើការប្រែប្រួលអាកាសធាតុពិភពលោក ដែលជាកង្វល់យ៉ាងសម្បើមរបស់មនុស្សលោក និង ការប្រើប្រាស់ថាមពល ធនធានធានទឹក ធនធានធម្មជាតិយ៉ាងណាឱ្យប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដោយគ្មាននិរន្តរភាព កំពុងជំរុញ ឱ្យប្រព័ន្ធអេកូទន្លេមេគង្គស្ថិតនៅលើចំណុចមួយ ដែលងាយរងនូវការបាត់បង់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ភាពរីក ចម្រើនរបស់តំបន់នេះ។ចក្ខុវិស័យមិនវែងឆ្ងាយ ការសម្រេចចិត្តមិនបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ធនធានរបស់ទន្លេមេគង្គសម្រាប់តែរយៈពេលខ្លី ដោយគ្មានការពិចារណាពីផលប៉ះពាល់រយៈពេលវែងដល់អាងទន្លេ គឺបានបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច និងបរិស្ថានតំបន់យ៉ាងធ្ងន់ធ្ងរ»។ លោកបានបន្តថា «ជាឧទាហរណ៍ថ្មីៗនេះ មានសាងសង់ទំនប់វារីអគ្គិ សនីនៅលើដងទន្លេមេគង្គក្រោម ហើយហេតុផលតែមួយគត់ ដែលគេលើកឡើង គឺកង្វះថាមពលអគ្គិសនី ដូច្នេះធ្វើឱ្យរដ្ឋាភិបាលនានាបង្កើតវាកាន់តែច្រើនឡើងៗបន្ថែមទៀត។ទំនប់វារីអគ្គិសនីធំៗបានបង្អាក់ដល់ផ្លូវធ្វើដំណើរបស់    មច្ឆាជាតិនានា ជាពិសេសបំផ្លាញដល់ប្រភេទត្រីកម្រ និងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ហើយចំពោះការបូមខ្សាច់ដែលមិនមានការហាមឃាត់ និងគ្រប់គ្រងបានល្អក៏បានធ្វើឱ្យមានសំណឹកបាក់ច្រាំងទន្លេ និងមហន្តរាយដល់ផ្នែកខាងក្រោមនៃអាងទន្លេនេះផងដែរ។ ហេតុនេះ អ្នកសម្រេចចិត្តទាំងនោះត្រូវតែគិតឡើងវិញ ពីរបៀបដែលពួកគេគិតអំពីទន្លេមេគង្គបើចង់ឃើញសេដ្ឋកិច្ចក្នុងតំបន់នេះនៅបន្តរីកលូតលាស់។ តំបន់នេះមិនអាចនៅតែបន្តមើលរំលងផលប៉ះពាល់បរិស្ថាន ថាតិចតួចជាងបញ្ហាសេដ្ឋកិច្ចនោះទេពីព្រោះចំណុចទាំងពីរនេះគឺមានសារៈសំខាន់ដូចគ្នា»។បន្ថែមពីលើនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការប្រធានបទដែលលើកយកមកពិភាក្សាក្នុងសិក្ខាសាលាលើកនេះ ថា«សិក្ខាសាលាដែលពួកយើងកំពុងតែប្រារព្ធឡើងនៅថ្ងៃនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតចំពោះការអនុវត្ត និងការទទួលយកនូវទស្សទាននៃបម្លាស់ប្តូរបៃតង និងការធានានូវសន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់មេគង្គ សម្រាប់ការការអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងតំបន់របស់យើងនិងនៅទូទាំងពិភពលោកហើយសិក្ខាសាលានេះក៏កំពុងតែដើរតួជាមជ្ឈមណ្ឌល ជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្ត ធុរជន និងអ្នកចូលរួមផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនអំពីប្រធានបទខាងលើ ហើយចំពោះប្រធានបទនាថ្ងៃនេះ ថ្វីត្បិតតែពាក្យពេជន៍ខុសពីប្រធានបទកាលពីម្សិលមិញក៏ពិតមែន ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងប្រទេសភូមិផងរបងជាមួយទាំងបី គឺ កម្ពុជា ឡាវ វៀតណាម។ ម្យ៉ាងទៀត ទំនាក់ទំនងរវាងប្រទេសយើងទាំងបី គឺត្រូវបានចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ ជាពិសេស ទន្លេមេគង្គបានក្លាយជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាពរបស់យើង, ប្រជាជននៃប្រទេសយើងទាំងបីបានផឹកទឹកទន្លេនេះជាមួយគ្នារាប់ពាន់ម៉ឺនឆ្នាំមកហើយ។

ដូច្នេះ ការគិតគូរ និងការធ្វើសកម្មភាពរួមគ្នាក្នុងការពារ ថែរក្សា និងអភិរក្សទន្លេនេះ គឺជារឿងចាំបាច់បំផុត។ ខ្ញុំសង្ឃឹមថា ប្រធានបទដ៏សំខាន់នេះ នឹងត្រូវបានពិភាក្សាយ៉ាងផុលផុសនៅក្នុងអំឡុងពេលនៃការពិភាក្សាបន្ទាប់ពីកម្មវិធីបើកសិក្ខាសាលានេះ»។

RAC Media










អត្ថបទទាក់ទង

«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យ​អំពី​សកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើ​តាម​ប្រសាសន៍​របស...

2018-08-16 10:39:38   ថ្ងៃព្រហស្បតិ៍, 16 សីហា 2018 ម៉ោង 05:39 PM
«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»

កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេ...

2018-08-14 14:18:47   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 09:18 PM
«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យ​​សភា​កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...

2018-08-14 11:34:09   ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 06:34 PM
«កិច្ចសហប្រតិបត្តិការរវាងមូលនិធិខុនរ៉ាដ អាដិនណូអ៊ែររបស់អាល្លឺម៉ង់ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...

2018-08-13 09:03:09   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 04:03 PM
«ជំនួបដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យក្វាងតុង ...»

គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅ​តែ​​ជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បី​តែ​គ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជន​នានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...

2018-08-13 08:02:14   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 03:02 PM
«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី...

2018-08-10 07:03:16   ថ្ងៃសុក្រ, 10 សីហា 2018 ម៉ោង 02:03 PM

សេចក្តីប្រកាស