ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ...

2023-09-19 09:05:09 ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 04:05 PM
អ្នកមើល 6719
post_detail

ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងតែរក្សាទំនាក់​ទំនងមិត្តភាពដ៏ល្អជានិច្ច។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជ​បណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុង ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

នៅក្នុងពេលដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ពីខាងភាគីចិន មានថ្នាក់ដឹកនាំខាងភាគីវិទ្យាស្ថាន ទីប្រឹក្សា និងអ្នកជំនាញខាងស្ថានទូតចិនប្រចាំនៅកម្ពុជា រួមទាំងមានតំណាងខាងក្រុមហ៊ុនហ៊ុន ចិន និងគ្រូង្រៀនភាសាចិនដែលនឹងត្រូវស្នាក់នៅបន្តដើម្បីបង្រៀនភាសាចិននៅវិទ្យាស្ថាន ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានសង្កត់ធ្ងន់ដោយខ្លឹមសាររួមដ៏មានអត្ថន័យថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យនានា និងក្រោមក្របខណ្ឌ“ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា និងប្រទសចិន តែងតែទទួលបាននូវសមិទ្ធផលថ្មីឥតឈប់ឈរ។ ដោយឡែកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីត-១៩ ប្រទេសទាំងពីរបានឈររួមគ្នា និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការការពារជំងឺកូវីដ-១៩ សម្រាប់សង្គមអន្តរជាតិ  ព្រមទំាងបានរួមចំណែកជំរុញសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ឈរលើទស្សនៈរួមដែលនិយាយអំពីដំណើរការនៃការអភិវឌ្ឍស្មារតី សន្តិភាពក្នុងតំបន់និងពិភពលោកនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការក៏បានបង្ហាញឱ្យដឹងនៅក្នុងអង្គពិធីសំណេះសំណាលថា៖ វិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា បានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៩ ក្រោមវត្តមានឯឧ ស៊ី ជីនពីង និង សម្តេច វិបុលបញ្ញា សុខ អាន មកទល់ពេលនេះជាង១៤ឆ្នាំមកហើយ។ កិត្តិនាមរបស់វិទ្យាស្ថានបានល្បីសុសសាយទូទាំងប្រទេសកម្ពុជា ដែលមានសិស្ស-និស្សិត និងសិក្ខាកាមមកពីគ្រប់ស្រទាប់។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានភាសាចិនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលបំប៉នគរុកោសល្យគ្រូបង្រៀនភាសាចិន ជាពិសេសរឹតតែជាមជ្ឈមណ្ឌលផ្លាស់ប្តូររវាងវប្បធម៌កម្ពុជា-ចិន ដែលតែងតែដើរតួនាទីជាស្ពានក្នុងការជំរុញមិត្តភាពកម្ពុជា និងចិន។

ឯកឧត្តមបណ្ឌិតក៏បានមើលឃើញថា លោកគ្រូ អ្នកគ្រូ បានក្លាយជាគ្រូបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា ហើយក៏ជាវិចិត្រករដ៏សំខាន់ផងដែរ៖

ទី១) វិចិត្រករបេះដូង មានន័យថាផ្សាយក្តីស្រឡាញ់ក្នុងបេះដូង ហើយសេចក្ដីស្រលាញ់នេះ មិនត្រឹមតែជាសេចក្ដីស្រឡាញ់ចំពោះការងារតែប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់ចំពោះសិស្ស-និស្សិត ដែលស្តែងឡើងតាមរយៈការជំរុញលើកទឹកចិត្ត ការជួយគាំទ្រសិស្ស-និស្សិតឱ្យកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សាភាសាចិន។

ទី២) វិចិត្រករនៃជនគម្រូ លោកគ្រូ-អ្នកគ្រូ ផ្តល់ជាជនគម្រូ Role Model រៀនសូត្រពេញមួយជីវិត ដើម្បីមានគុណវឌ្ឍគ្រប់គ្រាន់ មានចំណេះដឹងទូលំទូលាយប្រកបដោយវិជ្ជាជីវៈ ស្របតាមពាក្យស្លោកមួយបានពោលថា “ការសិក្សាពេញមួយជីវិត” ។

ទី៣) វិចិត្រករនៃសិល្បៈ គប្បីមានសិល្បៈក្នុងការបង្រៀន ព្រោះសិល្បៈនៃការបង្រៀននេះ មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងចំណង់ចំណូលចិត្តនៃការសិក្សាភាសាចិន។

ទី៤) វិចិត្រករនៃដួងព្រលឹង ផ្សារភ្ជាប់ប្រជាជាតិយើងទាំងពីរ កាន់ជិតស្និទ្ធ កាន់តែរឹងមាំ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាភាសាចិនបានក្លាយជាតម្រូវការមួយរបស់ប្រជាជនកម្ពុជា ហើយនៅប្រទេសកម្ពុជាក៏មាន “ការពេញនិយមការសិក្សាភាសាចិន” យ៉ាងខ្លាំង ក៏ព្រោះតែការចូលចិត្តភាសាចិន ទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសចិន ជាពិសេសងាយស្រួលក្នុងការស្វែងរកការងារ។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កាន់តែយកចិត្តទុកដាក់ខ្លាំងឡើង ចំពោះគំរូនិងការអភិវឌ្ឍការអប់រំភាសាចិនប្រកបដោយចីរភាព។

ជាចុងក្រោយ ឯកត្តមបណ្ឌិតអគ្គលេខាធិការ យង់ ពៅ ក៏បានជូនពរ លោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពសុវត្ថិភាពល្អក្នុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា និងជោគជ័យការងារ ហើយ ដែលសង្ឃឹមថាលោកគ្រូ អ្នកគ្រូ នឹងរស់នៅប្រទេសកម្ពុជាបានយ៉ាងសប្បាយរីករាយ និងមានអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលបំពេញការងារនៅក្នុងប្រទេសកម្ពុជា៕


អត្ថបទទាក់ទង

អត្ថបទស្រាវជ្រាវ៖ «អំពីជំនឿខ្មែរ» (ភាគ១) ដោយ៖ ក្តាន់ ធុល

(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...

2023-05-11 10:52:40   ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023 ម៉ោង 05:52 PM
លោក Keisuke Honda ស្ថិតក្នុងការចងចាំរបស់យុវជនកម្ពុជាជានិច្ច !

(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ...

2023-05-11 10:48:06   ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023 ម៉ោង 05:48 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ​បណ្ឌិត Dat...

2023-05-03 07:14:05   ថ្ងៃពុធ, 03 ឧសភា 2023 ម៉ោង 02:14 PM
ការវិនិយោគនាំជោគជ័យដល់កម្ពុជា ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្រ្តីនាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមរាជបណ្ឌិត្យសភាកម្ពុជា

វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...

2023-05-01 14:35:38   ថ្ងៃចន្ទ, 01 ឧសភា 2023 ម៉ោង 09:35 PM
ផ្កាក្រមួនគឺជាអ្វី?

យោងតាមការសិក្សារបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានឱ្យដឹងថា ផ្កាក្រមួនគឺជាផ្កាធ្វើពីក្រមួន។ ពោលបែបនេះគឺពោលតាមអ្នកស្រុករស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ផ្កាក្រមួនធ្វ...

2023-04-26 03:56:08   ថ្ងៃពុធ, 26 មេសា 2023 ម៉ោង 10:56 AM
មរតកវប្បធម៌អរូបី ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...

2023-04-24 09:59:56   ថ្ងៃចន្ទ, 24 មេសា 2023 ម៉ោង 04:59 PM

សេចក្តីប្រកាស