Royal Academy of Cambodia
ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងតែរក្សាទំនាក់ទំនងមិត្តភាពដ៏ល្អជានិច្ច។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុង ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពេលដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ពីខាងភាគីចិន មានថ្នាក់ដឹកនាំខាងភាគីវិទ្យាស្ថាន ទីប្រឹក្សា និងអ្នកជំនាញខាងស្ថានទូតចិនប្រចាំនៅកម្ពុជា រួមទាំងមានតំណាងខាងក្រុមហ៊ុនហ៊ុន ចិន និងគ្រូង្រៀនភាសាចិនដែលនឹងត្រូវស្នាក់នៅបន្តដើម្បីបង្រៀនភាសាចិននៅវិទ្យាស្ថាន ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានសង្កត់ធ្ងន់ដោយខ្លឹមសាររួមដ៏មានអត្ថន័យថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យនានា និងក្រោមក្របខណ្ឌ“ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា និងប្រទសចិន តែងតែទទួលបាននូវសមិទ្ធផលថ្មីឥតឈប់ឈរ។ ដោយឡែកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីត-១៩ ប្រទេសទាំងពីរបានឈររួមគ្នា និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការការពារជំងឺកូវីដ-១៩ សម្រាប់សង្គមអន្តរជាតិ ព្រមទំាងបានរួមចំណែកជំរុញសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។
ឈរលើទស្សនៈរួមដែលនិយាយអំពីដំណើរការនៃការអភិវឌ្ឍស្មារតី សន្តិភាពក្នុងតំបន់និងពិភពលោកនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការក៏បានបង្ហាញឱ្យដឹងនៅក្នុងអង្គពិធីសំណេះសំណាលថា៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៩ ក្រោមវត្តមានឯឧ ស៊ី ជីនពីង និង សម្តេច វិបុលបញ្ញា សុខ អាន មកទល់ពេលនេះជាង១៤ឆ្នាំមកហើយ។ កិត្តិនាមរបស់វិទ្យាស្ថានបានល្បីសុសសាយទូទាំងប្រទេសកម្ពុជា ដែលមានសិស្ស-និស្សិត និងសិក្ខាកាមមកពីគ្រប់ស្រទាប់។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានភាសាចិនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលបំប៉នគរុកោសល្យគ្រូបង្រៀនភាសាចិន ជាពិសេសរឹតតែជាមជ្ឈមណ្ឌលផ្លាស់ប្តូររវាងវប្បធម៌កម្ពុជា-ចិន ដែលតែងតែដើរតួនាទីជាស្ពានក្នុងការជំរុញមិត្តភាពកម្ពុជា និងចិន។
ឯកឧត្តមបណ្ឌិតក៏បានមើលឃើញថា លោកគ្រូ អ្នកគ្រូ បានក្លាយជាគ្រូបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏ជាវិចិត្រករដ៏សំខាន់ផងដែរ៖
ទី១) វិចិត្រករបេះដូង មានន័យថាផ្សាយក្តីស្រឡាញ់ក្នុងបេះដូង ហើយសេចក្ដីស្រលាញ់នេះ មិនត្រឹមតែជាសេចក្ដីស្រឡាញ់ចំពោះការងារតែប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់ចំពោះសិស្ស-និស្សិត ដែលស្តែងឡើងតាមរយៈការជំរុញលើកទឹកចិត្ត ការជួយគាំទ្រសិស្ស-និស្សិតឱ្យកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សាភាសាចិន។
ទី២) វិចិត្រករនៃជនគម្រូ លោកគ្រូ-អ្នកគ្រូ ផ្តល់ជាជនគម្រូ Role Model រៀនសូត្រពេញមួយជីវិត ដើម្បីមានគុណវឌ្ឍគ្រប់គ្រាន់ មានចំណេះដឹងទូលំទូលាយប្រកបដោយវិជ្ជាជីវៈ ស្របតាមពាក្យស្លោកមួយបានពោលថា “ការសិក្សាពេញមួយជីវិត” ។
ទី៣) វិចិត្រករនៃសិល្បៈ គប្បីមានសិល្បៈក្នុងការបង្រៀន ព្រោះសិល្បៈនៃការបង្រៀននេះ មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងចំណង់ចំណូលចិត្តនៃការសិក្សាភាសាចិន។
ទី៤) វិចិត្រករនៃដួងព្រលឹង ផ្សារភ្ជាប់ប្រជាជាតិយើងទាំងពីរ កាន់ជិតស្និទ្ធ កាន់តែរឹងមាំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាភាសាចិនបានក្លាយជាតម្រូវការមួយរបស់ប្រជាជនកម្ពុជា ហើយនៅប្រទេសកម្ពុជាក៏មាន “ការពេញនិយមការសិក្សាភាសាចិន” យ៉ាងខ្លាំង ក៏ព្រោះតែការចូលចិត្តភាសាចិន ទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសចិន ជាពិសេសងាយស្រួលក្នុងការស្វែងរកការងារ។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កាន់តែយកចិត្តទុកដាក់ខ្លាំងឡើង ចំពោះគំរូនិងការអភិវឌ្ឍការអប់រំភាសាចិនប្រកបដោយចីរភាព។
ជាចុងក្រោយ ឯកត្តមបណ្ឌិតអគ្គលេខាធិការ យង់ ពៅ ក៏បានជូនពរ លោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពសុវត្ថិភាពល្អក្នុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា និងជោគជ័យការងារ ហើយ ដែលសង្ឃឹមថាលោកគ្រូ អ្នកគ្រូ នឹងរស់នៅប្រទេសកម្ពុជាបានយ៉ាងសប្បាយរីករាយ និងមានអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលបំពេញការងារនៅក្នុងប្រទេសកម្ពុជា៕
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅទូទាំងអាម៉េរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...
កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...