ព័ត៌មាន

អំពីប្រាសាទព្រះវិហារ និងព្រឹត្តិការណ៍សំខាន់១៧ចំណុច គប្បីចងចាំ!

2023-07-07 07:23:10 ថ្ងៃសុក្រ, 07 កក្កដា 2023 ម៉ោង 02:23 PM
អ្នកមើល 5604
post_detail

ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ៦២៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ នាំឱ្យមនុស្សម្នាកោតស្ញប់ស្ញែង ចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់។ កាលសម័យអង្គរ ប្រាសាទព្រះវិហារគឺមានឈ្មោះដើមថាស្រីសិក្ខាគីរីស្វារៈ មានន័យថាជាម្ចាស់នៃកំពូលភ្នំ ហើយក៏ជាឈ្មោះនៅលិង្គថ្មព្រះឥសូរ ដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះ។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើន ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយនៃគ្រិស្តសករាជឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ ដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់ក្នុងអំឡុងចុងសតវត្សទី៩ បញ្ចប់ទៅនៅដើមសតវត្សរ៍ទី១២ ក្រោមរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរនៃសម័យមហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។

ជាបន្ត យើងខ្ញុំសូមធ្វើការសង្ខេបពីព្រឹត្តិការណ៍ និងកាលបរិច្ឆេទសំខាន់ៗ ដែលកុលបុត្រាបុត្រីកម្ពុជរដ្ឋគប្បីចងចាំឱ្យបានច្បាស់ ដូចខាងក្រោម៖

១- ឆ្នាំ៨៨៩៖ ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយ (សាងសង់ចុងស.វ ទី៩ និងបញ្ចប់ស.វ.ទី១២)។

២- ឆ្នាំ១៩៥៤៖ ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសាពីសំណាក់ប្រទេសថៃ ហើយជម្លោះរវាងថៃនិងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំង។

៣- ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩៖ កម្ពុជា ដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទ ក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យ។

៤- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៩ សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជា។

៥- ថ្ងៃទី១០ - ១៥ ខែមេសា ឆ្នាំ១៩៦០៖ សវនការជាសាធារណៈដើម្បីជំនំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ។

៦- ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាសាធារណៈថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា។

៧- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។

៨- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ អង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា ក្រោមសេចក្តីសម្រេច 32 COM 8B. 102 ។

៩- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

១០- ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦៖ ការបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ ក្រុងប៉ារីស។

១១- ថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០០៦៖ បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិ វាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ។

១២- ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧៖ សេចក្ដីយល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។

១៣- ថ្ងៃទី២៣ ខែមិថុនា - ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោ នៅហ្គ្រីសឆឺច (Christchuech) ប្រទេសណូវែលហ្សេឡង់។

១៤- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា។

១៥- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨៖ ថៃបានទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះវិហារ ចម្ងាយប្រមាណ៣០០ម៉ែត្រពីទឹកដីកម្ពុជា។

១៦- ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិ ឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ មុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគី មានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន។ ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិ ដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិតេយ្យភាពរបស់កម្ពុជា។

១៧- នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការអាយ.ស៊ី.ជេ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ តាមសាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ ឱ្យមកកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ។

តាមរយៈសិលាចារឹកដែលមានឆ្លាក់ចារនៅលើប្រាសាទបាពួន សិលាចារឹក K-583 បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាមឥន្ទ្រាយុទ្ធ ជាក្សត្រដែលខ្លាំងពូកែ អាចច្បាំងយកជ័យជម្នះលើស្ដេចចាមបាននោះ ទ្រង់ជាក្សត្រដែលបានយកលិង្គថ្មធម្មជាតិមួយ ឈ្មោះស្រីសិខវិស្វរៈ មកតាំងនឹងមកប្រតិស្ថានលើប្រាសាទព្រះវិហារ។

បើតាមអត្ថបទសិលាចារឹកនៅប្រាសាទព្រះវិហារលើ K-581 ចារជាភាសាខ្មែរបុរាណនិងជាភាសាសំស្ក្រឹត ប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះ គឺមានទំនាក់ទំនងជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត។ ព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត មានអាស្រមមួយនៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ។ នៅអំឡុងឆ្នាំ១០២៤ នៃគ្រិស្ដសករាជ ព្រាហ្មណ៍នោះបានទទួលអង្រឹងស្នែងមាសនិងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពីព្រះបាទសុរិយវរ្ម័នទីមួយ ដែលជាការដឹងគុណពីព្រះអង្គចំពោះព្រាហ្មណ៍តបស្វិន្ទ្របណ្ឌិតក្នុងការថែរក្សាលិង្គព្រះអទិទេព។ នៅលើសិលាចារឹក មានបញ្ជាក់ទៀតថា ព្រះបាទសុរិយវរ្ម័នទីមួយជាក្សត្រមានជំនឿខ្លាំងណាស់លើលិង្គអាទិទេពមួយអង្គនេះ ហើយកំណត់ត្រាសិលាចារឹកបញ្ជាក់ច្បាស់ៗថា សីវលិង្គនេះតែងតែសម្ដែងមហិទ្ធិឫទ្ធិបដិហារឱ្យព្រះអង្គបានទត។ ក្នុងបរិវេណប្រាសាទ មានស្រះទឹកបុរាណមួយមានទីតាំងស្ថិតនៅខាងឆ្វេងព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ទទឹងប្រវែង១៦,៨០ម៉ែត្រ និងបណ្ដោយ៣៧,៨០ម៉ែត្រ។ បើតាមតំណាលតៗគ្នាមកល្បីថា ស្រះទឹកនេះជាទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុលអាឌុលយ៉ាដេត ធ្លាប់បានប្រើទឹកពីស្រះនេះ ដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ផងដែរ។

ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសាពីសំណាក់ប្រទេសថៃ ហើយជម្លោះរវាងថៃនិងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់ប្រាសាទព្រះវិហារទាំងគឃ្លើន។ រដ្ឋាភិបាលកម្ពុជាពេលនោះ ដែលមានព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ជាប្រមុខរដ្ឋ បានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃ ប៉ុន្តែត្រូវបរាជ័យនាំឱ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដង ដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៩ សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទៅវិញ។

សវនការជាសាធារណៈដើម្បីជំនំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ ត្រូវបានបើកធ្វើឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ហើយថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាសាធារណៈថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទីមួយ ដែលគេធ្វើឡើងរវាងបារាំងសៀម ក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ ដោយថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ប្រាសាទព្រះវិហារត្រូវតុលាការអន្តរជាតិក្រុងឡាអេ សម្រេចសាលក្រមប្រគល់ឱ្យភាគីកម្ពុជា ជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃ។

ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ធ្វើឡើងនៅទីក្រុងកេបិចប្រទេសកាណាដា។ វិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារ ចាប់ផ្ដើមផ្ទុះជាថ្មីអំឡុងខែមិថុនា ឆ្នាំ២០០៨ ជាពេលដែលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ថៃបានទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះវិហារ ចម្ងាយប្រមាណ៣០០ម៉ែត្រពីទឹកដីកម្ពុជា។ វិវាទនេះបានបង្កឱ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរ នឹងបង្កជាក្ដីក្ដាំជាថ្មីនៅលើតុលាការអន្តរជាតិអាយ.ស៊ី.ជេ។ រហូតដល់ខែធ្នូ ឆ្នាំពី២០១១ កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការអាយ.ស៊ី.ជេ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ តាមសាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ ឱ្យមកកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ។ 


អត្ថបទទាក់ទង

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...

2022-01-14 08:18:04   ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 03:18 PM
ជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្...

2022-01-10 08:42:55   ថ្ងៃចន្ទ, 10 មករា 2022 ម៉ោង 03:42 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងអញ្ជើញរាប់បាត្រព្រះសង្ឃនៅវត្តមង្គលមានលក្ខណ៍

(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ...

2022-01-07 08:55:21   ថ្ងៃសុក្រ, 07 មករា 2022 ម៉ោង 03:55 PM
បណ្ឌិត គិន ភា៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

(រូបភាព៖ Vitou Ouch)ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហ...

2022-01-06 11:57:58   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:57 PM
ANNOUNCEMENT for International Scholar Exchange Fellowship (ISEF) 2022-2023

Dear Researchers and Scholars,Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RA...

2022-01-06 11:03:14   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:03 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...

2022-01-06 10:48:35   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:48 PM

សេចក្តីប្រកាស