Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្នេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។
សម្ដេចព្រះនរោត្ដមសីហនុ និងឯកឧត្ដម ជូ អេនឡាយ បានក្លាយទៅជានិមិត្តរូបនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន តាមរយៈជំនួបរវាងមេដឹកនាំទាំងពីរ នៅក្នុងសន្និសីទទីក្រុងបានឌុង នៅឆ្នាំ១៩៥៣ ហើយវាបានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងកម្ពុជានិងចិន ក្រោយពីប្រទេសទាំងពីរបានទទួលបានឯករាជ្យពីអាណានិគម។ ទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ចាប់តាំងពី ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រហូតដល់ឈានជា មិត្តដែកថែប រួចថែមទាំងបានឯកភាពគ្នាកសាង «សហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន» ហើយនិងចុងក្រោយនេះ ទំនាក់ទំនងកម្ពុជានិងចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺ «កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ» ថែមទៀតផង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីរបត់ថ្មីជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានអញ្ជើញបំពេញទស្សនកិច្ច ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ឆ្នាំ២០២៣ សកម្មភាពនេះបានបង្ហាញពីទំនាក់ទំនងកម្រិតខ្ពស់របស់ប្រទេសកម្ពុជា-ចិនយ៉ាងពេញលេញ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថា ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣នេះ និង «ឆ្នាំមិត្តភាពកម្ពុជា-ចិន» គឺជាកាលានុវត្តភាពក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការ«ឆកោណត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមទៀតថា ប្រទេសយើងទាំងពីរ បានឯកភាពគ្នាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគា្នរវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» និង«យុទ្ធសាស្ត្រចតុកោណ »។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានជំរុញឱ្យមានវេទិកានានា ដូចជាការពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍អាស៊ាន-ចិន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលទ្វេភាគី សំដៅលើការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ មិនតែប៉ុណ្ណោះ ប្រទេសយើងទាំងពីរ ថែមទាំងផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសចិន ការអប់រំភាសាចិននៅប្រទេសកម្ពុជា ការបង្កើតវិទ្យាស្ថានខុងជឺថ្មី ព្រមទាំងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈផងដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពូនផ្ដុំឡើងដោយអតីតមេដឹកនាំប្រទេសទាំងពីរ ហើយបានឈានទៅកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់ដោយសារការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់មេដឹកនាំកម្ពុជា-ចិនក្នុងពេលបច្ចុប្បន្ន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រភព៖ រូបភាព Fresh News
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...
(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ...
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dat...
វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...