ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

2023-05-27 04:17:26 ថ្ងៃសៅរ៍, 27 ឧសភា 2023 ម៉ោង 11:17 AM
អ្នកមើល 3848
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្នេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។

សម្ដេចព្រះនរោត្ដមសីហនុ និង​ឯកឧត្ដម ជូ អេនឡាយ បានក្លាយទៅជានិមិត្តរូបនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន តាមរយៈជំនួបរវាងមេដឹកនាំទាំងពីរ នៅក្នុងសន្និសីទទីក្រុងបានឌុង នៅឆ្នាំ១៩៥៣ ហើយវាបានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងកម្ពុជានិងចិន ក្រោយពីប្រទេសទាំងពីរបានទទួលបានឯករាជ្យពីអាណានិគម។ ទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ចាប់តាំងពី ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រហូតដល់ឈានជា មិត្តដែកថែប រួចថែមទាំងបានឯកភាពគ្នាកសាង «សហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន» ហើយនិងចុងក្រោយនេះ ទំនាក់ទំនងកម្ពុជានិងចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺ «កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ» ថែមទៀតផង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីរបត់ថ្មីជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ដែលបានអញ្ជើញបំពេញទស្សនកិច្ច ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ឆ្នាំ២០២៣ សកម្មភាពនេះបានបង្ហាញពីទំនាក់ទំនងកម្រិតខ្ពស់របស់ប្រទេសកម្ពុជា-ចិនយ៉ាងពេញលេញ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្រកាសថា ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣នេះ និង «ឆ្នាំមិត្តភាពកម្ពុជា-ចិន» គឺជាកាលានុវត្តភាពក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការ«ឆកោណត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមទៀតថា ប្រទេសយើងទាំងពីរ បានឯកភាពគ្នាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគា្នរវាងគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» និង«យុទ្ធសាស្ត្រចតុកោណ »។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានជំរុញឱ្យមានវេទិកានានា ដូចជាការពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍អាស៊ាន-ចិន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលទ្វេភាគី សំដៅលើការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ មិនតែប៉ុណ្ណោះ ប្រទេសយើងទាំងពីរ ថែមទាំងផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសចិន ការអប់រំភាសាចិននៅប្រទេសកម្ពុជា ការបង្កើតវិទ្យាស្ថានខុងជឺថ្មី ព្រមទាំងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពូនផ្ដុំឡើងដោយអតីតមេដឹកនាំប្រទេសទាំងពីរ ហើយបានឈានទៅកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់ដោយសារការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់មេដឹកនាំកម្ពុជា-ចិនក្នុងពេលបច្ចុប្បន្ន៕

RAC Media | លឹម សុវណ្ណរិទ្ធ

ប្រភព៖ រូបភាព Fresh News 

អត្ថបទទាក់ទង

«ចំណងដៃឆ្នាំថ្មី ឆ្នាំ២០១៩ ពីវិទ្យាស្ថានភាសាជាតិ៖ សទ្ទានុក្រមពាក្យថ្មី»

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្...

2019-01-04 07:59:44   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:59 PM
«មូលហេតុនៃការសិក្សាវិស័យការទូត»​​​​​​​​​​​ ដោយ៖ លោក ស៊ឺន សម

យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...

2019-01-04 07:02:28   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 02:02 PM
«ជំនួបជាមួយអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...

2019-01-03 15:51:19   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 10:51 PM
«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»

សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយ​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា...

2019-01-03 08:31:30   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 03:31 PM
«ច្បាប់គ្រប់គ្រងអ៊ិនធឺណិតនៅវៀតណាមបានចូលជាធរមាននៅដើមឆ្នាំ ២០១៩នេះ» ដោយ លោក ស៊ឺន សម

វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ  បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១​ ខែមករា ​ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...

2019-01-03 05:22:21   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 12:22 PM
ប្រភេទកុលាលភាជន៍ផុយនៅស្ថានីយជើងឯក ដោយ៖ កញ្ញា តាកេត ស័កដា

ការសិក្សា​ស្រាជ្រាវពី​កុលាល​ភាជន៍​ខ្មែរជា​ផ្នែក​មួយដ៏​សំខាន់​ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះ​តាម​រយៈ​កុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់​បាន​ពីភាព​ប៉ិន​ប្រសប់​របស់​ជនជាតិខ្មែរ...

2019-01-03 04:19:31   ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 11:19 AM

សេចក្តីប្រកាស