ព័ត៌មាន

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

2023-05-23 13:14:03 ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 08:14 PM
អ្នកមើល 4948
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។

ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕



RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមត្រៀមខ្លួនដើម្បីបន្តរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៣ នាពេលខាងមុខ

រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព....

2022-09-20 16:10:51   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 11:10 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងបញ្ជាក់នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិលើកទី៩ នៅឯសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា‍‌ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋ...

2022-09-20 15:21:16   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 10:21 PM
«អ្នកស្រាវជ្រាវឡាវ វៀតណាម បន្តសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រកដំណោះស្រាយសម្រាប់SMEs»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក...

2022-09-20 11:08:48   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 06:08 PM
កញ្ញា ម៉ៅ សុគន្ធា៖ «ការងារតម្បាញសូត្រគឺជាផ្នែកមួយនៃការបង្កើនការងារក្នុងប្រទេសកម្ពុជា»

របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជ...

2022-09-20 10:45:00   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 05:45 PM
សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចនិងបង្កើនប្រាក់ចំណូលជាតិសរុប

យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និ...

2022-09-20 08:02:50   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 03:02 PM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលប្រតិភូកូរ៉េ សម្រាប់សន្និសីទអន្តរជាតិ ថ្ងៃទី២១ ខាងមុខនេះ

យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ...

2022-09-20 06:25:23   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 01:25 PM

សេចក្តីប្រកាស