ព័ត៌មាន

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

2023-05-23 13:14:03 ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 08:14 PM
អ្នកមើល 4922
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។

ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕



RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ភាពលេចធ្លោនៃចំណងមិត្តភាព កម្ពុជានិងវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...

2022-11-05 07:02:37   ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 02:02 PM
ឥស្សរជនខ្មែរ៤រូប ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ!

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...

2022-11-04 15:21:08   ថ្ងៃសុក្រ, 04 វិច្ឆិកា 2022 ម៉ោង 10:21 PM
2022 ASEAN Chair, 3 Cheers for Cambodia!

Cambodian Foreign Minister Prak Sokhonn speaks during a special meeting of Southeast Asian foreign ministers at the Association of Southeast Asian Nations (ASEAN) secretariat in Jakarta, Oct. 27, 2022...

2022-11-04 02:38:10   ថ្ងៃសុក្រ, 04 វិច្ឆិកា 2022 ម៉ោង 09:38 AM
«ការប្រតិបត្តិសីលធម៌ក្នុងគ្រួសារខ្មែរបច្ចុប្បន្ន»

ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា, វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបុព្វបុរសខ្មែរបានបន្សល់ទុកយ៉ាងសម្បូរបែបនូវទ្រឹស្ដី ដំបូន្មាន ច្បាប...

2022-10-27 08:37:04   ថ្ងៃព្រហស្បតិ៍, 27 តុលា 2022 ម៉ោង 03:37 PM
ប្រព័ន្ធចំណាត់ថ្នាក់វិទ្យាប៊្លូម (Bloom's Taxonomy)

ដោយ៖ លោក មាឃ សារី, លោកបណ្ឌិត សូ សុធីរ លោក លី តុង, លោកស្រី ឃាង ធានី, នាយកដ្ឋានវិទ្យាសាស្រ្តអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមសាវតារចំណាត់ថ្នាក់វិទ្យារបស់ប៊្លូម ជាសំណុំនៃគំរូឋានានុក្...

2022-10-27 07:55:38   ថ្ងៃព្រហស្បតិ៍, 27 តុលា 2022 ម៉ោង 02:55 PM
កិច្ចពិភាក្សាពីការប្រែក្លាយសំរាមជាប្រភពថាមពលកកើតឡើងវិញ ជាវឌ្ឍនភាពនៃសហប្រតិបត្តិការស្រាវជា្រវរវាងភាគីកូរ៉េ (ក្រុមហ៊ុន Geoentech Co., LTD) និង រាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...

2022-10-25 09:23:51   ថ្ងៃអង្គារ, 25 តុលា 2022 ម៉ោង 04:23 PM

សេចក្តីប្រកាស