Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។
ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។
ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅទូទាំងអាម៉េរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...
កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...