ព័ត៌មាន

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

2023-05-23 13:14:03 ថ្ងៃអង្គារ, 23 ឧសភា 2023, 01:14 PM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។

ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕



RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ដំណើរសាងសង់អគារខេមរវិទូ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃពុធ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ជំនួសមុខដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា  ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ...

2018-12-05 09:27:31   Wed, 05,12,2018, 09:27 AM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ »

ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៧...

2018-12-04 14:15:32   Tue, 04,12,2018, 02:15 PM
«ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នៅខេត្តជាំងស៊ី»

ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...

2018-12-04 04:35:52   Tue, 04,12,2018, 04:35 AM
« ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលបានគ្រឿងឥស្សរិយយសការងារ និងបណ្ណសរសើរ...»

នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា​ សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត...

2018-11-30 15:50:04   Fri, 30,11,2018, 03:50 PM
«មរតក និងតម្លៃឫស្សី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប...»

ស្រាវជ្រាវ ដោយ៖ បណ្ឌិត ផុន កសិកា, លោក ប្រែង ពិសិដ្ឋ, លោក នៅ សាមន និង កញ្ញា តាកេត ស័កដា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។RAC Media 

2018-11-30 09:00:45   Fri, 30,11,2018, 09:00 AM
«ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៧រូប ទទួលបានគ្រឿងឥស្សរិយយស, មេដាយការងារ, បណ្ណសរសើរ និងលិខិតសរសើរ»

ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា  សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ,  ការរៀបចំបាឋកថា, ការរៀបចំកិ...

2018-11-29 16:03:52   Thu, 29,11,2018, 04:03 PM

សេចក្តីប្រកាស