Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត្រាលី និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈជាមួយគ្នាជុំវិញទំនាក់ទំនងកម្ពុជា-ចិន ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី និងបញ្ហាក្នុងតំបន់ជាដើម។
ថ្លែងនៅក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលីថា ក្នុងប្រវត្តិទំនាក់ទំនងក្នុងសម័យទំនើប សម្រាប់ប្រទេសកម្ពុជា អូស្ត្រាលីពិតជាមានតួនាទីសំខាន់ណាស់រាប់ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងដល់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ អូស្ត្រាលីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអូស្ត្រាលីបានចូលរួមជួយដល់ការអភិវឌ្ឍកម្ពុជាទាំងជំនួយជាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមបណ្ឌិតបន្តថា អូស្ត្រាលីនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា សុទ្ធតែមានរូបភាពវិជ្ជមាននៅគ្រប់ចំណុច។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាលប្រទេសទាំងពីរ ដែលវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរអាចរួមគ្នាគិតគូរនិងសិក្សាស្រាវជ្រាវរួមគ្នាអំពីបញ្ហានានា ឬការផ្លាស់ប្ដូរណាមួយនៅក្នុងតំបន់នាពេលអនាគតបាន។
ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយល់ស្របជាមួយនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិត យង់ ពៅ ថា ឯកឧត្ដមបានស្វែងយល់អំពីតួនាទី បេសកកម្ម និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះ នៅក្នុងឱកាសអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអញ្ជើញធ្វើទស្សនកិច្ចពិនិត្យស្ថានភាពបំពេញការងារនៅតាមវិទ្យាស្ថាននានា ព្រមទាំងបានផ្ដោតចាប់អារម្មណ៍ទៅលើវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ដោយឯកឧត្ដមមានបំណងស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈគ្នាបន្ថែមទៀត នាពេលអនាគតជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងវិស័យកសិកម្ម និងសុខាភិបាល។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសេចក្ដីសោមនស្សចំពោះបំណងនេះ និងឆន្ទៈដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរអំពី លទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវ និងការរៀបចំកិច្ចពិភាក្សាតុមូលរួមគ្នាបន្តទៀត ព្រមទាំងបានគូសបញ្ជាក់អំពីសក្ដានុពលដែលស្ថានទូតអូស្ត្រាលីអាចធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឯឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងចិញ្ចឹមគោទឹកដោះ គោសាច់ ក្របី ចៀម និងពពែជាដើម-ល-៕
RAC Media | លឹម សុវណ្ណរិទ្ធ
បច្ចេកសព្ទចំនួន១០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី៣ ក្នុងខែមេសា ឆ្នាំ២០១៩នេះ រួមមាន៖-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ...
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ...
ដោយមានសំណូមពរពីក្រុមការងារសាងសង់អគារឥន្រ្ទទេវី ឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី ក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកបណ្ឌិត ផុន កសិកា, លោក ហឿង ស...
ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំអង្គប្រជុំដេីម្បីពិនិត្យ ពិភាក្សា និង អនុម័...
កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំ...
មេបញ្ជាការបារាំង និងទាហានខ្មែរ នៅក្នុងភាគទី៦ វគ្គទី២នេះ យើងសូមបង្ហាញអំពីឈ្មោះទាហានបារាំង និងទាហានខ្មែរ ដែលបានស្លាប់ និងរងរបួស ក្នុងសង្គ្រាមលោកលើកទី១នៅប្រទេសបារាំង ហើយដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មកែវ...