ព័ត៌មាន

អត្ថបទស្រាវជ្រាវ៖ «អេលីត និងទ្រឹស្តីអេលីត (Elite and Theories of Elite)» ដោយ៖ អ៊ុំ ប៉ុម

2023-05-11 11:18:20 ថ្ងៃព្រហស្បតិ៍, 11 ឧសភា 2023, 11:18 AM
post_detail

(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)

សេចក្តីផ្តើម

នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងការទទួលខុសត្រូវសម្រាប់ធ្វើឱ្យសង្គម មានការអភិវឌ្ឍន៍ និងរីកចម្រើនទៅតាមបំណងប្រាថ្នានៃមនុស្សភាគច្រើន។ ដូច្នេះអ្វីៗ ដែលខ្ញុំនឹងលើក យកមកបង្ហាញជូនខាងក្រោមនេះ អាចជាខ្លឹមសារដែលរួមវិភាគទានចំពោះចំណេះដឹងទាក់ទងទៅនឹង ទស្សនាទានអេលីតក៏ដូចជាទ្រឹស្តីអេលីត ដែលយើងនឹងសិក្សាស្វែងយល់ទាំងអស់គ្នាតទៅ។ ប៉ុន្តែមុននឹង ស្វែងយល់បានថាតើអេលីតជាអ្វី ទ្រឹស្តីអេលីតមានអ្វីខ្លះ យើងគប្បីសិក្សាស្វែងយល់ពីពេលវេលានៃការ ចាប់កំណើតរបស់ពាក្យអេលីតនេះជាមុនសិន តើពាក្យនេះត្រូវបានគេប្រើប្រាស់តាំងពីពេលណាមក?

១. ប្រវត្តិនៃការប្រើប្រាស់ពាក្យអេលីត

ជារួមពាក្យអេលីតត្រូវបានគេលើកយកមកប្រើប្រាស់តាំងពីសង្គមក្រិកបុរាណ សម្រាប់សម្គាល់ វណ្ណៈមួយក្នុងចំណោមវណ្ណៈទាំងបីរបស់សង្គមតាំងពីសម័យកាល លោកអ៊ីប៉ូដាមដឺមីឡេ នាសតវត្សទី៥ មុនគ្រឹស្តសករាជមកម្ល៉េះ។ តាមទស្សនៈ របស់លោក បុរីនីមួយៗត្រូវមានមនុស្សមួយម៉ឺននាក់រស់នៅ និង មានវណ្ណៈចំនួនបីជាអ្នកគ្រប់គ្រងថែរក្សានោះ គឺពពួកជនឈ្មោះថាអេលីតដែលជាវណ្ណៈទីមួយទទួលបន្ទុក ថែរក្សាការពារផលប្រយោជន៍រួមរបស់បុរីជាអ្នកបង្កើតនូវបទបញ្ជាសេចក្តីសម្រេចចិត្តនានា និងជាអ្នករៀប ចំការងារសម្រាប់បុរីនោះ។ បន្ទាប់ពីពួកអេលីតគឺពួកទាហានដែលជាវណ្ណៈទីពីរជាអ្នកមានកាយសម្បទា មាំមួនទទួលបន្ទុកការពារបុរី។ ជាចុងក្រោយគឺពួកជនឧស្សាហ៍ព្យាយាម (Les Laborieux) ដែលជា វណ្ណៈទីបីទទួលបន្ទុកផលិតទ្រព្យសម្ភារៈសម្រាប់បុរី។

២. ន័យរបស់ពាក្យអេលីត

បើគិតទៅលើន័យនៃពាក្យ’អេលីត” វិញនោះ ពាក្យនេះត្រូវបានសិក្សាស្វែងយល់ទៅតាមន័យបី យ៉ាងពោលគឺន័យទូទៅន័យបែបសង្គម-នយោបាយ វិទ្យាសាស្រ្តនយោបាយ និងន័យបែបទ្រឹស្តី ឬហៅម៉្យាងទៀតថាអេលីតនិយម (Elitism)។

២.១ ន័យទូទៅរបស់អេលីត (General meaning of Elite)

បើតាមវចនានុក្រមអកស្វតអាត់វ៉ាន់លើនើរស៍បោះពុម្ពផ្សាយនៅឆ្នាំ២០០៣ បានឱ្យនិយមន័យ អេលីតថាជាក្រុមសង្គមដែលត្រូវបានគេគិតថាជាក្រុមមួយល្អបំផុត ឬសំខាន់បំផុតព្រោះតែឥទ្ធិពល លុយ កាក់ ភាពឆ្លាតវៃរបស់គេ។ល។ (Elite is a social group that is thought to be the best or most important because of it, power, money, intelligence etc. ។

ដូច្នេះបើតាមន័យខាងលើពួក អេលីត ជាក្រុមសង្គមដែលល្អបំផុតដោយសារតែពួកគេមាន អំណាច មានលុយកាក់ និងមានភាពឆ្លាតវៃ។

២.២ ន័យតាមបែបសង្គម-នយោបាយ វិទ្យាសាស្រ្តនយោបាយ

២.២.១ ន័យតាមបែបសង្គម-នយោបាយ

បើតាមន័យនេះ អេលីតគឺជាមនុស្សដែលកាន់កាប់ទីតាំងខ្ពស់បំផុតក្នុងក្រុមសង្គម ឬក្រុមវិជ្ជាជីវៈ ថែមទាំងក្នុងប្រជាជាតិមួយទៀតផង អាស្រ័យដោយតម្លៃ ដែលពួកគេត្រូវបានទទួលស្គាល់។ (Personnes qui, en raison de leurs valeurs reconnues, occupent une position éminente au sein d’un groupe social ou professionel, voire d’une nation) ។

២.២.២ ន័យតាមបែបវិទ្យាសាស្រ្តនយោបាយ

បើតាមន័យនេះ អេលីតត្រូវបានផ្តោតជាសំខាន់ទៅលើក្រុមសង្គមដែលមានអំណាច និងមាន ឥទ្ធិពលទៅលើសេចក្តីសម្រេចចិត្តខាងនយោបាយ។ (… Elite s’intérese plus particulièrementaux

groupessociaux qui ont du pouvoir et de l’influence sur les décisions politiques) ។

បើគេធ្វើសំយោគន័យទាំងអស់នេះមកវិញ ពួកអេលីតជាក្រុមសង្គមដែលមានអំណាច និងមានឥទ្ធិពល ទៅលើសេចក្តីសម្រេចចិត្តខាងនយោបាយរបស់ប្រទេស ដោយសារតែ អំណាច លុយកាក់ ភាពឆ្លាតវៃ របស់គេហើយជាអ្នកដែលកាន់កាប់ទីតាំងខ្ពស់បំផុត ក្នុងក្រុមសង្គម ឬវិជ្ជាជីវៈ អាស្រ័យដោយតម្លៃដែល សង្គមបានផ្តល់ឱ្យពួកគេ។

ផ្សារភ្ជាប់ទៅនឹងបញ្ហាអេលីតដដែល បើគេនិយាយទាក់ទងទៅនឹងសង្គមប្រជាធិបតេយ្យវិញរបប សង្គមនេះក៏ផ្តល់តម្លៃឱ្យពួកអេលីតខ្លាំងក្លាណាស់ដែរ។ ជាក់ស្តែងគេបានប្រកាន់យកនូវគោលការណ៍ជា លក្ខខណ្ឌសង្គមមួយដោយផ្អែកលើ ”ភាពស័ក្តិសម” (Le mérite) ដែលជាលទ្ធផលបានមកពីការសម្រេច ជោគជ័យរបស់ពួកគេក្នុងការរៀនសូត្រ ក៏ដូចជាក្នុងវិជ្ជាជីវៈណាមួយ។ ឧទាហរណ៍នៅប្រទេសបារំាង ដែលជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យបែបសាធារណរដ្ឋនិយមតាំងពីឆ្នាំ១៧៨៩មកបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅលើគោលការណ៍”ភាពស័ក្តិសមជាធំ” ឬ”ស័ក្តិសមាធិបតេយ្យ” (La méritocratie) តាម រយៈការប្រឡងប្រជែងជ្រើសរើសចម្រាញ់យកជនឆ្នើមប្រកបដោយសមត្ថភាព និងទេពកោសល្យកម្រិត ខ្ពស់ពីសាលាគរុវិជ្ជាជាន់ខ្ពស់ សាលាពហុបច្ចេកវិទ្យា ក៏ដូចជាសាលារដ្ឋបាលរបស់ជាតិ (Ecole Nationale d’Administration) ឱ្យចូលទៅបម្រើការងារនៅតាមស្ថាប័ន បច្ចេកវិទ្យា ក៏ដូចជានៅតាមស្ថាប័នសំខាន់ៗ ដទៃទៀត ។ ម៉្លោះហើយដោយទង្វើជាសកម្មភាពបែបនេះ ពួកអេលីតក៏បានក្លាយបន្តិចម្តងៗទៅជាក្រុម ដែលកាន់កាប់ផ្តាច់មុខទៅលើស្ថាប័នសំខាន់ៗរបស់រដ្ឋក៏ដូចជាស្ថាប័នឯកជនរបស់ប្រទេស។ ចំណែកនៅ សង្គមសហរដ្ឋអាម៉េរិកវិញក៏យ៉ាងដូច្នេះដែរ ពួកអេលីតក៏ត្រូវបានគេចាត់ទុកថាជាក្រុមសង្គមដ៏មានឥទ្ធិពល ខ្លាំងក្លាគ្របដណ្តប់ទៅលើវិស័យនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យធុរកិច្ចរបស់ប្រទេស។

ជាបន្តទៅទៀតនេះយើងនឹងនាំគ្នាទៅពិចារណាអំពីន័យអេលីតតាមបែបទ្រឹស្តី ឬអេលីតនិយមវិញ ម្តង តើមានចំណុចអ្វីដែលគួរឱ្យកត់សម្គាល់ដែរឬទេ?

៣. ន័យអេលីតតាមបែបទ្រឹស្តី ឬអេលីតនិយម(Elitism)

គេអាចចែកអេលីតនិយមជាពីរ ប្រភេទគឺអេលីតនិយមបែបទស្សនាទាន និងអេលីតនិយមបែប វិទ្យាសាស្រ្តសង្គម។

៣.១ អេលីតនិយមបែបទស្សនាទាន

តាមន័យបែបទស្សនាទានអេលីតនិយមជាទស្សនៈ ជាគំនិត ឬជំនឿដែលប្រកាន់យកទ្រព្យ សម្បត្តិ រង្វាន់លើកទឹកចិត្ត កិត្តិយសនិងការទទួលខុសត្រូវ ជាកម្មសិទ្ធ ជាកេតនភណ្ឌអាទិភាពដ៏ស័ក្កិសម និងថ្លៃថ្នូរបំផុតរបស់ក្រុមមួយ ។

បើតាមទស្សនៈខាងលើនេះ គេអាចចែកអេលីតនិយមជាប្រាំប្រភេទ៖

៣.១.១ អេលីតនិយមបែបសាធារណរដ្ឋ (Elitisme républicain)

ជាទ្រឹស្តីអេលីតដែលឱ្យតម្លៃជាអាទិភាពទៅលើគុណសម្បត្តិបុគ្គល។

៣.១.២ អេលីតនិយមបែបអភិជនាធិបតេយ្យ (Elitisme aristocratique)

ជាអេលីតនិយមផ្អែកលើកម្មសិទ្ធសង្គម និងគ្រួសារ។

៣.១.៣ អេលីតនិយមបែបកិត្យានុភាព (Elitisme de prestige)

ជាទ្រឹស្តីដែលផ្អែកលើការប្រឡងប្រជែងជ្រើសរើសសម្រិតសម្រាំងក្រុមអេលីតដ៏ម៉ត់ចត់បំផុត។

៣.១.៤ អេលីតនិយមបែបដាកវីននិយម (Elitisme Darwinien)

ជាអេលីតនិយមដែលលើកទឹកចិត្តឱ្យលុបបំបាត់ចោលក្រុមខ្សោយជាជាងការពារក្រុមនោះ ។

៣.២. អេលីតនិយមបែបវិទ្យាសាស្រ្តសង្កម

ជាប្រភេទទីពីរនៃអេលីតនិយមបន្ទាប់ ពីអេលីតនិយមបែបទស្សនាទាន។ អេលីតនិយមជាចរន្ត ទ្រឹស្តីដែលត្រូវបានបង្កើតដោយលោក ប៉ារ៉ឺតូ (V. Pareto) លោក មី សែល (R.Michels) និងលោក ម៉ូស្កា (G. Mosca)។ លោកទាំងបីរូបសុទ្ធតែបានឯកភាពគ្នាលើទស្សនៈដែលចាត់ទុកថាការកាន់កាប់ អំណាចរដ្ឋដោយក្រុមភាគតិចដែលមានវិជ្ជាជីវៈគឺជាការចៀសមិនផុត។ ប៉ុន្តែក្នុងចំណោមលោកទាំងបី លោក មី សែល បានបញ្ចេញទស្សនៈជាការកត់សម្គាល់បន្ថែមទៅលើច្បាប់មិនល្អមួយ (Loi d’airain) របស់ក្រុមអប្បជនាធិបតេយ្យ។ លោកបានវាយតម្លៃយ៉ាងដូច្នេះថាគ្រប់ គណបក្សនយោបាយទាំងអស់រួម ទាំងគណបក្សកម្មករផងនោះសុទ្ធតែបានដណ្តើម កាន់កាប់តែម្នាក់ឯង នូវតួនាទីដឹកនាំតាមបែបអេលីត និយម ពោលគឺរាល់អំណាចដឹកនាំខាងនយោបាយ និងសេដ្ឋកិច្ចរបស់បក្សសុទ្ធតែធ្លាក់ទៅលើក្រុមអេលីត ជាអ្នកដឹកនាំទាំងអស់។

៤. ការត្រិះរិះពិចារណាទាក់ទងទៅនឹងអេលីតនិយម

មានការត្រិះរិះពិចារណាជាសំខាន់បីទាក់ទងទៅនឹងអេលីតនិយម។

៤.១. អេលីតនិយម និងអប្បជនាធិបតេយ្យ

យើងបានដឹងរួចមកហើយអំពីអ្វីទៅដែលហៅថាអេលីតនិយម។ បន្តទៅទៀតនេះយើងនឹងសិក្សា បន្ថែមទៀតថាតើអេលីតនិយម មានទំនាក់ទំនងបែបណាជាមួយអប្បជនាធិបតេយ្យ? ដំបូងឡើយយើង គប្បីយល់ថាតើអ្វីទៅជាអប្បជនាធិបតេយ្យ?

តាមទស្សនៈរបស់ប្លាតុងអប្បជនា ធិបតេយ្យជារបបនយោបាយ ឬរបបគ្រប់គ្រងសង្គមមួយបែប ដែលដឹកនាំរដ្ឋដោយជនមួយក្រុមប្រកបដោយមហិច្ឆតា និងការលោភលន់។ បញ្ជាក់បន្ថែមទៅលើទស្សនៈ នេះអារីស្តូតបានលើកឡើងថាអប្បជនាធិបតេយ្យជារបបគ្រប់គ្រងដឹកនាំដោយមនុស្សមួយក្រុម ដែលគិតគូរ តែអំពីផលប្រយោជន៍របស់ក្រុមខ្លួនប៉ុណ្ណោះ។ បើគេរំលឹកឡើងវិញពីអេលីតនិយមតាមន័យវិទ្យាសាស្រ្តសង្គមរបស់ប៉ារឺតូ មីសែល និងម៉ូស្កា អេលីតនិយមគឺជាទ្រឹស្តីកត់សម្គាល់ពីការកាន់កាប់អំណាចរដ្ឋដោយ ក្រុមអេលីតដែលមានវិជ្ជាជីវៈ។ ដូច្នេះបើក្រុមភាគតិចដែលមានវិជ្ជាជីវៈយកសមត្ថភាពខាងវិជ្ជាជីវៈទៅ ដឹកនាំសង្គមតាមក្រុមអប្បជនាធិបតេយ្យនោះ អេលីតនិយមនឹងក្លាយទៅជាអេលីតនិយមបែបអប្បជនា ធិបតេយ្យ ហើយទ្រឹស្តីស្តីពី កិច្ចសន្យាសង្គមរបស់លោក ថូម៉ាសហូបស៍ ដែលបានបង្កើតក្រោយមកទៀត នឹងក្លាយទៅជាទ្រឹស្តីដែលគ្មានន័យអ្វីសោះឡើយសម្រាប់ការដឹកនាំនិងគ្រប់គ្រងសង្គម ។

៤.២. អេលីតនិយម និងអភិជនាធិបតេយ្យ

តាមទស្សនៈរបស់អារីស្តូតដដែល អភិជនាធិបតេយ្យជាទ្រឹស្តីដែលកំណត់ពីរបបនយោបាយ ឬ របបគ្រប់គ្រងមួយបែបទៀតដែលដឹកនាំដោយមនុស្សមួយក្រុមដែលគិតគូរពីផលប្រយោជន៍របស់បុរី។ បើ អភិជនាធិបតេយ្យមានន័យយ៉ាងនេះ អេលីតនិយមនិងអភិជនាធិបតេយ្យអាចមានទំនាក់ទំនងស្របទិសដៅ គ្នា ហើយអាចបន្តស្ថិតស្ថេរដោយសុខដុមជាមួយគ្នាបាន។ ដូច្នេះទ្រឹស្តីនៃកិច្ចសន្យាសង្គមរបស់ ថូម៉ាសហូបស៍ និងក្លាយទៅជាគុណធម៌ប្រតិបត្តិប្រកបដោយការទទួលខុសត្រូវ និងមានលក្ខណៈជាកាតព្វកិច្ចរបស់អ្នក ដឹកនាំ និងគ្រប់គ្រងសង្គមជាក្រុមអេលីត ហើយចរន្តគំនិតរបស់ប៉ារឺតូ មីសែល និងម៉ូស្កានៅតែមានភាព សមស្រប និងត្រឹមត្រូវដដែល។

៤.៣. អេលីតនិយម និងប្រជាធិបតេយ្យ

លក្ខណៈសំខាន់របស់ប្រជាធិបតេយ្យគឺការចូលរួមរបស់ប្រជាពលរដ្ឋ។ បើសិនជាពួកអេលីតនិយម ទទួលក្តោបក្តាប់ដោយខ្វះគុណធម៌នូវអំណាចផ្តាច់មុខខាងសមត្ថភាព និងវិជ្ជាជីវៈ ក្នុងដំណើរដឹកនាំ និង គ្រប់គ្រងសង្គម ហើយបដិសេធចោលនូវអំណាចចូលរួមក្នុងកិច្ចការសង្គមពីសំណាក់ប្រជាពលរដ្ឋដែល តំណាងឱ្យមនុស្សភាគច្រើនលើសលុបរបស់សង្គម ពួកអេលីតនិយមបែបនេះនឹងដើរឃ្លាតចាកកាន់តែ ឆ្ងាយពីប្រជាធិបតេយ្យហើយអ្វីដែលកើតឡើងនៅពីក្រោយនោះគឺ វិបត្តិសង្គមផ្តើមចេញពីទំនាស់ផល ប្រយោជន៍រវាងភាគច្រើន និងភាគតិចហើយកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺបដិវត្តន៍សង្គមអាច នឹងប្រព្រឹត្តឡើងដោយចៀសមិនផុត។

. អេលីត-អេលីតនិយម+អប្បជនាធិបតេយ្យ= គ្រោះថ្នាក់សម្រាប់សង្គម(ទំនាស់ផលប្រយោជន៍)

. អេលីត-អេលីតនិយម+អភិជនាធិបតេយ្យ= សង្គមប្រព្រឹត្តទៅល្អគ្មានគ្រោះថ្នាក់

. អេលីត-អេលីតនិយម+ប្រជាធិបតេយ្យ(គ្មានការចូលរួម)= ប្រជាធិបតេយ្យមិនអាចបដិសន្និបាន

. អេលីត-អេលីតនិយម+ប្រជាធិបតេយ្យ(មានការចូលរួម)= ប្រជាធិបតេយ្យអាចកើតឡើងបាន និង ស្ថិតស្ថេរទៅបាន។

សេចក្តីសន្និដ្ឋាន

សរុបសេចក្តីមក ទ្វេគ្រោះរបស់ពួកអេលីតប្រកាន់ទ្រឹស្តីអេលីតនិយមអាចមានពីរៈ ទី១ អេលីតនិយម បែបអប្បជនាធិបតេយ្យ។ ទី២ អេលីតបែបប្រជាធិបតេយ្យ ប៉ុន្តែបដិសេធចោលការចូលរួមរបស់ប្រជាពលរដ្ឋ។ ការក្តោបក្តាប់អំណាចខាងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស ដោយក្រុមភាគតិច ដែលជាក្រុមអេលីត គឺជាដំណើរប្រព្រឹត្តទៅរបស់សង្គមដោយចៀសមិនផុត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏ក្រុមអេលីតដែល ប្រកាន់តាមទ្រឹស្តីអេលីតនិយម គប្បីយកសមត្ថភាពខាងវិជ្ជាជីវៈរបស់ខ្លួនទៅបំរើចំពោះផលប្រយោជន៍រួម របស់មនុស្សភាគច្រើននៅក្នុងសង្គម ដោយធ្វើយ៉ាងណាផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធម៌ “ចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវ” របស់ប្រជាជនភាគច្រើននោះទើបក្រុមអេលីតមានឈ្មោះថាជាអ្នករក្សាបាននូវ តម្លៃពិតរបស់ខ្លួន ដែលសង្គមទទួលស្គាល់ហើយជាអ្នកដែលបានរួមចំណែកកសាងសង្គមជាតិមួយប្រកប ដោយលក្ខណៈប្រជាធិបតេយ្យពេញបរិបូណ៌៕

ឯកសារពិគ្រោះ

១- វចនានុក្រម Oxford advance leaner’s Dictionary, New Edition, 2003.
២- Olivier Nay Lexique de Science Politique. 3éme Edition, 2014.
៣- អ៊ុំ ប៉ុម ប្រវត្តិគំនិតនយោបាយបស្ចឹមប្រទេស គ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ ឆ្នាំ២០០៨។

ចូលអានអត្ថបទស្រាវជ្រាវច្រើនទៀត តាមរយ៖ https://www.rac.gov.kh/researchs-categories/1/researchs?page=6

អត្ថបទទាក់ទង

ព្រឹទ្ធសភា និង រាជបណ្ឌិត្យសភាកម្ពុជា សហការពង្រឹងការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តោតជាសំខាន់លើវិស័យសិក្សានិងស្រាវជ្រាវ។អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅបង្កើតនិ...

2022-01-22 02:40:44   Sat, 22,01,2022, 02:40 AM
"វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ដំណើរការហើយ"

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់...

2022-01-17 08:31:08   Mon, 17,01,2022, 08:31 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែ...

2022-01-14 12:10:44   Fri, 14,01,2022, 12:10 PM
រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាសហការរៀបចំបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ២០២២នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអូស្ត្...

2022-01-14 09:33:13   Fri, 14,01,2022, 09:33 AM
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...

2022-01-14 08:18:04   Fri, 14,01,2022, 08:18 AM
ជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្...

2022-01-10 08:42:55   Mon, 10,01,2022, 08:42 AM

សេចក្តីប្រកាស