Royal Academy of Cambodia
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ្រួសារ តែងតែអនុលោមទៅតាមបរិបទសង្គមនិងបរិស្ថានជុំវិញ ដោយសារតែពួកគេបានទទួលនិងចេះដឹងពីមរតកវប្បធម៌អរូបីនេះតៗគ្នាពីជីដូនជីតាជាច្រើនជំនាន់មក។ ដូចនេះហើយ ការទទួលស្គាល់និងប្រកាន់យកមកប្រតិបត្តិទាំងឡាយបង្ហាញឱ្យឃើញថាជាអត្តសញ្ញាណ និងជាកេរដំណែលដូនតាបន្តមកសម្រាប់ពួកគាត់។ មរកតវប្បធម៌អរូបីមានការទទួលស្គាល់និងប្រតិបត្តិស្ទើគ្រប់កន្លែងនៃប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រជាជននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ស្រុកកំពង់លែង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅជាប់ដងទន្លេសាប គឺជាទឹកដីបុរាណចំណាស់មួយ ដែលមានសហគមន៍មនុស្សរស់នៅតាំងពីយូរយាមកហើយ។ មាន បុរាណវត្ថុជាច្រើន រាប់តាំងពីបុរាណវត្ថុដែលមានកាលបរិច្ឆេទតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ជាពិសេសកុលាលភាជន៍មានទម្រង់ផ្សេងៗគ្នាជាច្រើន ជាភស្ដុតាង។ អត្ថបទលោក Lajonquière ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំង មកស្រាវជ្រាវនៅស្រុកកំពង់លែងតាំងពីឆ្នាំ១៩០១ ក៏បាននិយាយអំពីស្ថានីយសំរោងសែននេះដែរ ។ ដែលនេះវាបានបញ្ជាក់ថាមនុស្សមកតាំងទីលំនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ប្រកបមុខរបរចិញ្ចឹមជីវិតដោយការធ្វើនេសាទ ដោយផ្អែកលើភស្ដុតាងដែលគេរកឃើញវត្ថុបុរាណ ដូចជា ផ្លែសន្ទូច ឧបករណ៍ស្មិតសំរឹទ្ធនិងស្រទាប់គំនរលាសយ៉ាងក្រាស់។ ភស្តុតាងបុរាណវត្ថុនៅសម័យបន្ទាប់ពីបុរេប្រវត្តិសាស្ត្រ គឺសម័យមុនអង្គរត្រូវបានរកឃើញ និងសិក្សាកត់ត្រាទុកដោយលោក Aymonier (Aymonier, Etienne. (1900). Le Cambodge: Le Royaume Actuel, Tome I, P: 358-363) និង លោកLajonquière (Lajonquière, Lunet D. (1902). Inventaire Descriftif des Monuments du Cambodge, Tome I, P: 193-202.)។ ភស្តុតាងសំខាន់ៗមានដូចជាប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទព្រះស្រី, ប្រាសាទតូច, ប្រាសាទថ្នមប្ដី, ប្រាសាទពណ្ណរាយ និងក្រុមប្រាសាទភ្នំទេពី ព្រមទាំងទួលប្រាសាទនិងគ្រឹះប្រាសាទជាច្រើនទៀត ក្នុងស្រុកកំពង់លែង ។តាមរយៈតឹកតាងខាងលើ ទឹកដីស្រុកកំពង់លែងមានសហគមន៍មនុស្សរស់នៅបន្ដរហូតតាំងពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងមកដល់ បច្ចុប្បន្ន។ សហគមន៍មនុស្សមួយដែលរស់នៅក្នុងទីដ្ឋានបុរាណបែបនេះរមែងបន្សល់ស្លាកស្នាមនិងទិដ្ឋភាពដែលបង្ហាញពីការគោរព ទទួលស្គាល់ និងប្រតិបត្តិចំពោះមរតកបុរាណទាំងនោះ។ ជាក់ស្ដែង ប្រជាសហគមន៍ រស់នៅក្នុងឃុំច្រណូកនៃស្រុកកំពង់លែងនៅបន្តធ្វើពិធីបុណ្យថ្វាយភ្នំពណ្ណរាយ នៅរៀងរាល់ថ្ងៃទី១៥កើត ខែផល្គុន នៅលើភ្នំពណ្ណរាយដែលមានសំណង់ប្រាសាទពណ្ណរាយនៅលើនោះ ។ កិច្ចពិធីនេះមានលំនាំនិងរបៀបស្រដៀងគ្នាដែរចំពោះការបន់ស្រន់នៅប្រាសាទអង្គរវត្តរបស់អ្នកស្រុកតំបន់អង្គរ ឬអ្នកមកពីទីឆ្ងាយៗ ដែលតែងតែធ្វើពុំដែលដាច់ ។ មានពិធីមួយប្រភេទទៀតដែលប្រតិបត្តិនៅតំបន់អង្គរដែរគឺ «ពិធីសុំទឹកភ្លៀង» ដែលធ្វើនៅប្រាសាទបុរាណដែរ គឺប្រាសាទមេបុណ្យខាងកើត និង ប្រាសាទនាគព័ន្ធ ។
ក្រៅពីកិច្ចពិធីបុណ្យ នៅមានរឿងព្រេងនិទានទាក់ទងនឹងភ្នំ ដូចជារឿងពុទ្ធិសែននាងកង្រី ដែលជារឿងល្បីល្បាញជាច្រើនជំនាន់មកហើយក្នុងប្រទេសកម្ពុជា។ ដោយសារមានរឿងព្រេងនិទានបែបនេះ ទើបមានឈ្មោះភ្នំមួយក្នុងស្រុកកំពង់លែង ឈ្មោះថា «ភ្នំកង្រី»។
នៅមានប្រវត្តិភូមិដ្ឋាន អូរ ភ្នំ ព្រមទាំងចំណេះជំនាញផ្សេងៗទៀតដែលបន្តនៅមានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អត្ថបទខ្លីមួយនេះជាអត្ថបទសម្រង់ ពត៌មាននិងសិក្សាស្រាវជ្រាវដែលបានមកពីការចុះសិក្សាអង្កេតផ្ទាល់ និងសម្ភាសអ្នកពាក់ព័ន្ធរួមមានចាស់ទុំ ព្រឹទ្ធាចារ្យ ឆ្មាំយាមប្រាសាទ និងអាជ្ញាធរមូលដ្ឋាននៅតាមភូមិនិងឃុំគោលដៅនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អត្ថបទនេះបង្ហាញអំពីរឿងព្រេងនិទានទាក់ទងនឹងភ្នំ ទីកន្លែងនិងភូមិសាស្ត្រ ប្រវត្តិភូមិ ពិធីបុណ្យផ្សេងៗ ចំណេះដឹងផ្សេងៗដែលបង្ហាញអំពីលក្ខណៈអត្តសញ្ញាណនៃមរតកវប្បធម៌អរូបីដែលបានបន្តរហូតមកដល់បច្ចុប្បន្នរបស់អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។
សូមចូលអាន និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=6
នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...
វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...
បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...
នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូវសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព (Maréchal J...
កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័...
កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានច...