ព័ត៌មាន

មរតកវប្បធម៌អរូបី ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

2023-04-24 09:59:56 ថ្ងៃចន្ទ, 24 មេសា 2023 ម៉ោង 04:59 PM
អ្នកមើល 4677
post_detail

មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ្រួសារ តែងតែអនុលោមទៅតាមបរិបទសង្គមនិងបរិស្ថានជុំវិញ ដោយសារតែពួកគេបានទទួលនិងចេះដឹងពីមរតកវប្បធម៌អរូបីនេះតៗគ្នាពីជីដូនជីតាជាច្រើនជំនាន់មក។ ដូចនេះហើយ ការទទួលស្គាល់និងប្រកាន់យកមកប្រតិបត្តិទាំងឡាយបង្ហាញឱ្យឃើញថាជាអត្តសញ្ញាណ និងជាកេរដំណែលដូនតាបន្តមកសម្រាប់ពួកគាត់។ មរកតវប្បធម៌អរូបីមានការទទួលស្គាល់និងប្រតិបត្តិស្ទើគ្រប់កន្លែងនៃប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រជាជននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ស្រុកកំពង់លែង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅជាប់ដងទន្លេសាប គឺជាទឹកដីបុរាណចំណាស់មួយ ដែលមាន​សហគមន៍មនុស្សរស់នៅតាំងពីយូរយាមកហើយ។ មាន បុរាណវត្ថុជាច្រើន រាប់តាំងពីបុរាណវត្ថុដែលមានកាលបរិច្ឆេទតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ជាពិសេសកុលាលភាជន៍មានទម្រង់ផ្សេងៗគ្នាជាច្រើន ជាភស្ដុតាង។ អត្ថបទលោក Lajonquière ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំង មកស្រាវជ្រាវនៅស្រុកកំពង់លែងតាំងពីឆ្នាំ១៩០១ ក៏បាននិយាយអំពីស្ថានីយសំរោងសែននេះដែរ ។ ដែលនេះវាបានបញ្ជាក់ថាមនុស្សមកតាំងទីលំនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ប្រកបមុខរបរចិញ្ចឹមជីវិតដោយការធ្វើនេសាទ ដោយផ្អែកលើភស្ដុតាងដែលគេរកឃើញវត្ថុបុរាណ ដូចជា ផ្លែសន្ទូច ឧបករណ៍ស្មិតសំរឹទ្ធនិងស្រទាប់គំនរលាសយ៉ាងក្រាស់។ ភស្តុតាងបុរាណវត្ថុនៅសម័យបន្ទាប់ពីបុរេប្រវត្តិសាស្ត្រ គឺសម័យមុនអង្គរត្រូវបានរកឃើញ និងសិក្សាកត់ត្រាទុកដោយលោក Aymonier (Aymonier, Etienne. (1900). Le Cambodge: Le Royaume Actuel, Tome I, P: 358-363) និង លោកLajonquière (Lajonquière, Lunet D. (1902). Inventaire Descriftif des Monuments du Cambodge, Tome I, P: 193-202.)។ ភស្តុតាងសំខាន់ៗមានដូចជាប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទព្រះស្រី, ប្រាសាទតូច, ប្រាសាទថ្នមប្ដី, ប្រាសាទពណ្ណរាយ និងក្រុមប្រាសាទភ្នំទេពី ព្រមទាំងទួលប្រាសាទនិងគ្រឹះប្រាសាទជាច្រើនទៀត ក្នុងស្រុកកំពង់លែង ។តាមរយៈតឹកតាងខាងលើ ទឹកដីស្រុកកំពង់លែងមានសហគមន៍មនុស្សរស់នៅបន្ដរហូតតាំងពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងមកដល់ បច្ចុប្បន្ន។ សហគមន៍មនុស្សមួយដែលរស់នៅក្នុងទីដ្ឋានបុរាណបែបនេះរមែងបន្សល់ស្លាកស្នាមនិងទិដ្ឋភាពដែលបង្ហាញពីការគោរព ទទួលស្គាល់ និងប្រតិបត្តិចំពោះមរតកបុរាណទាំងនោះ។ ជាក់ស្ដែង ប្រជាសហគមន៍ រស់នៅក្នុងឃុំច្រណូកនៃស្រុកកំពង់លែងនៅបន្តធ្វើពិធីបុណ្យថ្វាយភ្នំពណ្ណរាយ នៅរៀងរាល់ថ្ងៃទី១៥កើត ខែផល្គុន នៅលើភ្នំពណ្ណរាយដែលមានសំណង់ប្រាសាទពណ្ណរាយនៅលើនោះ ។ កិច្ចពិធីនេះមានលំនាំនិងរបៀបស្រដៀងគ្នាដែរចំពោះការបន់ស្រន់នៅប្រាសាទអង្គរវត្តរបស់អ្នកស្រុកតំបន់អង្គរ ឬអ្នកមកពីទីឆ្ងាយៗ ដែលតែងតែធ្វើពុំដែលដាច់ ។ មានពិធីមួយប្រភេទទៀតដែលប្រតិបត្តិនៅតំបន់អង្គរដែរ​គឺ «ពិធីសុំទឹកភ្លៀង» ដែលធ្វើនៅប្រាសាទបុរាណដែរ គឺប្រាសាទមេបុណ្យខាងកើត និង ប្រាសាទនាគព័ន្ធ ។

ក្រៅពីកិច្ចពិធីបុណ្យ នៅមានរឿងព្រេងនិទានទាក់ទងនឹងភ្នំ ដូចជារឿងពុទ្ធិសែននាងកង្រី ដែលជារឿងល្បីល្បាញជាច្រើនជំនាន់មកហើយក្នុងប្រទេសកម្ពុជា។ ដោយសារមានរឿងព្រេងនិទានបែបនេះ ទើបមានឈ្មោះភ្នំមួយក្នុងស្រុកកំពង់លែង ឈ្មោះថា «ភ្នំកង្រី»។

នៅមានប្រវត្តិភូមិដ្ឋាន អូរ ភ្នំ ព្រមទាំងចំណេះជំនាញផ្សេងៗទៀតដែលបន្តនៅមានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អត្ថបទខ្លីមួយនេះជាអត្ថបទសម្រង់ ពត៌មាននិងសិក្សាស្រាវជ្រាវដែលបានមកពីការចុះសិក្សាអង្កេតផ្ទាល់ និងសម្ភាសអ្នកពាក់ព័ន្ធរួមមានចាស់ទុំ ព្រឹទ្ធាចារ្យ ឆ្មាំយាមប្រាសាទ និងអាជ្ញាធរមូលដ្ឋាននៅតាមភូមិនិងឃុំគោលដៅនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អត្ថបទនេះបង្ហាញអំពីរឿងព្រេងនិទានទាក់ទងនឹងភ្នំ ទីកន្លែងនិងភូមិសាស្ត្រ ប្រវត្តិភូមិ ពិធីបុណ្យផ្សេងៗ ចំណេះដឹងផ្សេងៗដែលបង្ហាញអំពីលក្ខណៈអត្តសញ្ញាណនៃមរតកវប្បធម៌អរូបីដែលបានបន្តរហូតមកដល់បច្ចុប្បន្នរបស់អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។

សូមចូលអាន និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=6




អត្ថបទទាក់ទង

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..

(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពី...

2020-01-18 05:03:33   ថ្ងៃសៅរ៍, 18 មករា 2020 ម៉ោង 12:03 PM
«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...

2020-01-16 13:02:54   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 08:02 PM

សេចក្តីប្រកាស