ព័ត៌មាន

«សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅរសៀលថ្ងៃទី ៨ តុលានេះ»

2018-10-10 16:08:14 ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:08 PM
អ្នកមើល 3794
post_detail

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក ស៊ិនហ្សូ អាបេ ដែលនៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះក៏មានពិធីគោរពទង់ជាតិនៃប្រទេសទាំងពីរ និងពិធីត្រួតពល។

លោកនាយករដ្ឋមន្រ្តីជប៉ុន សោមនស្សរីករាយបំផុតដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន លើកនេះ ដែលស្របពេលនៃខួប៦៥ឆ្នាំនៃចំណងទាក់ទងការទូតកម្ពុជាជប៉ុន។ លោកបញ្ជាក់ថា ជប៉ុនតែងតែស្ថិតនៅជិតកម្ពុជាជានិច្ចក្នុងការជួយកសាងនិងអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីសប្បាយរីករាយក្រៃលែង និងអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានអរគុណលោកដែលបានផ្ញើសារអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មី។សម្តេច តេជោ ក៏បានអរគុណមិត្តជប៉ុនដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជាតាំងពីពេលមុន និងក្នុងពេលបោះឆ្នោតកន្លងមកនេះ។ ទោះបីការបោះឆ្នោតបានបញ្ចប់ទៅហើយក្តី គឺកម្ពុជានៅតែត្រូវការប្រទេសជប៉ុនជួយជាបន្ត។ទន្ទឹមនឹងនេះ សម្តេចតេជោ បានអបអរសាទរចំពោះ លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិប តេយ្យសេរី និងជានាយករដ្ឋមន្រ្តីបន្ត។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានសម្តែងនូវការសោកស្តាយចំពោះ វិបិត្តគ្រោះមហន្តរាយដែលបានកើតឡើងនៅជប៉ុនកាលពីពេលថ្មីៗនេះ។ស្របគ្នានឹងកិច្ចប្រជុំកំពូលជប៉ុនមេគង្គលើក ទី១០ នៅថ្ងៃស្អែកនេះ លោក ស៊ិនហ្សូ អាបេ បានបញ្ជាក់សារជាថ្មីចំពោះសារៈសំខាន់នៃសរសរស្តម្ភ៣ដែលត្រូវពង្រឹង១)ការពង្រឹងវិសាលភាពនៃការតភ្ជាប់២)ការកសាងសង្គមតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស៣)ការសម្រេចបានដើម្បីអោយតំបន់មេគង្គក្លាយជាតំបន់បៃតង។

ចំពោះកម្ពុជា គឺប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយជាបន្តដែលក្នុងនោះមាន ១)ជំនួយបច្ចេកទេសផ្នែកធារាសាស្រ្តលើវិស័យកសិកម្ម ២)បំពាក់សំភារៈទំនើប និងបច្ចេកវិទ្យាសម្រួលដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ៣)ជំនួយដល់កម្មវិធីអភិវឌ្ឍន៍កុមារ តាមរយៈ UNICEFជាដើម។ ដើម្បីលើកស្ទួយលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសជប៉ុននឹងអញ្ជើញអ្នកដឹកនាំវ័យក្មេងកម្ពុជា, មន្រ្តីបម្រើផ្នែកយុត្តិធម៍, គណកម្មការជាតិរៀបចំការបោះឆ្នោត មកទស្សនកិច្ចសិក្សាអំពីប្រទេសជប៉ុន។ទន្ទឹមនឹងនោះដែរ ភាគីជប៉ុនក៏បានស្នើសុំអោយ សម្តេចតេជោ គាំទ្រ Indo-Pacific សេរី និងបើកចំហរដែលជាទិសដៅជប៉ុនក្នុងការពង្រឹងនិងពង្រីកវិសាលភាពពាណិជ្ជកម្មសេដ្ឋកិច្ច។សម្តេចតេជោ គាំទ្រប្រទេសជប៉ុន ហើយមានជំនឿថាសមាជិកនៃប្រទេសមេគង្គនឹងចូលរួមគាំទ្រចំពោះទិសដៅ Indo-Pacific សេរី និងបើកចំហរនេះជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាប លោក ស៊ិនហ្សូ អាបេ ផងដែរថា នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានបំណងចង់រៀបចំនៃកិច្ចប្រជុំអាស៊ី អ៊ឺរ៉ុបនៅឆ្នាំ២០២០នៅប្រទេសកម្ពុជា។សម្តេចប្រមុខដឹកនាំ បានអញ្ជើញលោកនាយករដ្ឋមន្រ្តីជប៉ុន ទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយខាងមុខ។លោក ស៊ិនហ្សូ អាបេ បានគាំទ្របេក្ខភាពកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់បំផុតនេះ។ មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋ មន្រ្តីជប៉ុន ស៊ិនហ្សូ អាបេបានអរគុណសម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងជ្រើសរើសពេលវេលាសមស្របណាមួយទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាដ៏ស្រស់ស្អាត។

លោកនាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់សារជាថ្មីថា ជប៉ុនបានតាំងចិត្តសហការជាមួយកម្ពុជាដើម្បីប្រទេសជាតិរីកចម្រើន ព្រោះកម្ពុជាបានឆ្លងកាត់ឧបសគ្គនិងសង្រ្គាម ២៥ឆ្នាំមកនេះ គឺពេលនេះកម្ពុជាកំពុងរីកចម្រើនពិតប្រាកដ៕

ដកស្រង់ពី៖ ទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី

RAC Media | លឹម សុវណ្ណរិទ្






អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស