Royal Academy of Cambodia
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
រយៈពេល៣៧ឆ្នាំ ក្រោយការអនុវត្តគោលនយោបាយកំណែទម្រង់ជាតិ (Doi Moi ១៩៨៦-២០២៣) ដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្ស ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូល ប្រទេសវៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រជាច្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាង សម្រាប់សហគមន៍ជនជាតិវៀតណាមរស់នៅក្រៅប្រទេស មានគោលការណ៍ និងគោលនយោបាយ របស់បក្សនិងរដ្ឋ ជាច្រើនបានធ្វើការបំពេញបន្ថែម និងដាក់ចេញជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង។ ឯកសារសំខាន់ៗទាំងនោះរួមមាន៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៣ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ ស្តីពី ការលើកកម្ពស់មហាសាមគ្គី រវាងប្រជាជនទាំងមូល ដើម្បីជួយលើស្ទួយឱ្យប្រជាជនមានភាពសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ។ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៤ ការិយាលល័យនយោបាយ បានចេញសេចក្តីសម្រេចចិត្ត លេខ៣៦។ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ការិយាល័យនយោបាយ បានដាក់ចេញនូវសារាចរនៃនាំ លេខ៤៥ និងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានចេញលិខិតវាយតម្លៃ លេខ១២ ស្តីពីបេសកកម្មការងាររបស់ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស។
តើកត្តាអ្វីខ្លះដែលនាំឱ្យប្រទេសមួយនេះ ព្យាយាមយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្លួនដែលរស់នៅក្រៅប្រទេស?
១. សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស
ប្រសិនបើយើងពិនិត្យមើលពីគោលដៅ នៃបេសកកម្មការងាររបស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស គឺជាការបង្រួបបង្រួមនិងពង្រឹងមហាសាមគ្គីទូទាំងជនជាតិ និងរួមចំណែងយ៉ាងធំធេងក្នុងការលើកកំពស់ស្ថានភាពផ្លូវច្បាប់ ការរស់នៅប្រកបដោយស្ថេរភាព មានការអភិវឌ្ឍន៍ ធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ ចូលទៅក្នុងប្រទេសដែលកំពុងស្នាក់នៅ និងគិតដល់ជាតិមាតុភូមិ រួមវិភាគទានដោយស្ម័គ្រចិត្តនិងតាមសមត្ថភាព ដើម្បីបុព្វហេតុ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពី សហគមន៍ជនជាតិវៀតណាមបានឡើយ។ ហើយការណ៍នេះ បង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងងបានសរបញ្ជាក់ឱ្យឃើញថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ ចំពោះប្រជាជនខ្លួននៅក្រៅប្រទេស។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការកិច្ចការបក្ស នៃក្រសួងការបរទេស បានឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ក្រោយពីគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ កាលពីឆ្នាំ២០០៣ សមាជិកសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានកើនឡើងជាលំដាប់ និងពង្រីកយ៉ាងទូលំទូលាយនៅក្នុងតំបន់ គឺកើនពី ២,៧លាននាក់ ក្នុងឆ្នាំ២០០៣ ទៅ ៤,៥លាននាក់ នៅក្នុង ១០៩ប្រទេសនិងដែនដី ក្នុងឆ្នាំ២០១៥ និងកើនឡើងដល់ជាង ៥,៣លាននាក់ នៅក្នុងប្រទេសនិងដែនដីចំនួន១៣០ គិតត្រឹមឆ្នាំ២០២២ ដែលក្នុងនោះជាង ៨0% ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍។ គួរកត់សម្គាល់ថា សមាសភាពសហគមន៍ កាន់តែមានចំនួនច្រើនឡើងៗ ដែលក្នុងនោះមាន សិស្សនិងនិស្សិត កម្មករចំណាកស្រុក និងជនជាតិវៀតណាមដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ជាដើម។ ចំណែកស្ថានភាពផ្លូវច្បាប់ លក្ខខណ្ឌសេដ្ឋកិច្ច តួនាទី មុខតំណែង និងកិត្យានុភាពរបស់សហគមន៍ជនជាតិវៀតណាមនៅក្នុងសង្គមនៃប្រទេសដែលពួកគេស្នាក់នៅ ត្រូវបានលើកកម្ពស់និងពង្រឹងកាន់តែខ្លាំងឡើង។
១.១. គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ សេចក្តីសម្រេចចិត្ត លេខ០៨ របស់ការិយាល័យនយោបាយ ស្តីពីគោលនយោបាយ និងបេសកកម្មការងារសម្រាប់ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ត្រូវបានដាក់ចេញ ហើយជាសេចក្តីសម្រេចចិត្តដំបូងបង្អស់របស់ ការិយាល័យនយោបាយ ដោយបង្កើតឱ្យមានភាពផ្លាស់ប្តូរការយល់ដឹងក្នុងបក្សទាំងមូល ទៅគ្រប់លំដាប់ថ្នាក់ សាខា និងមូលដ្ឋាន អំពីបេសកកម្មការងារ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ដោយបានដំណត់ថា៖ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពី សហគមន៍ជនជាតិវៀតណាមបានឡើយ ចំណែកគោលនយោបាយ មហាសាមគ្គី របស់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសនិងក្រៅប្រទេស សុទ្ធតែចាប់ផ្តើមចេញពីប្រពៃណីរបស់ជនជាតិវៀតណាម។
ដើម្បីឱ្យបេសកកម្មការងារបស់ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស កាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយសកម្មភាពការបរទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ រដ្ឋាភិបាលបានចេញសេចក្តីសម្រេច លេខ ៧៧ ដាក់គណៈកម្មាធិការកិច្ចការសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យស្ថិតនៅក្រោមក្រសួងការបរទេស។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៣ សន្និបាតលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម នីតិកាលទី៩ បានចេញសេចក្តីសម្រេចចិត្ត លេខ២៣ ស្តីពី ការលើកកម្ពស់កម្នាំងមហាសាមគ្គី របស់ជនជាតិទាំងអស់ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យមានភាពសម្បូរសប្បាយ ប្រទេសជាតិកាន់តែរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ។ នេះជាការរួបរួមនិងពង្រឹងមហាសាមគ្គីភាពសម្រាប់ជនជាតិទាំងមូល ដែលជាកម្លាំងស្នូលរបស់ជាតិ រក្សាបាននូវឯករាជភាព និងការបង្រួបបង្រួមជាតិមាតុភូមិ អនុវត្តឱ្យបានជោគជ័យនូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ សម្រេចបានគោលដៅ ប្រទេសរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ ស៊ីវិល័យ និងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅកាន់សង្គមនិយម។
ជាពិសេសចាប់តាំងពីក្រោយមានសេចក្តីសម្រេចចិត្ត លេខ ៣៦ ស្តីពី បេសកកម្ម សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ប្រកាសឱ្យប្រើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៤ ដោយការិយាល័យនយោបាយ ជាការជំរុញនិងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងលើកកំពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យរួមគ្នាលើកកម្ពស់មោទនភាពជាតិ ស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេកាន់តែប្រសើរឡើង និងធ្វើសមាហរណកម្មសង្គមចូលកាន់តែជ្រៅ ទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ដែលបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ប្រជាជនខ្លួននៅក្រៅប្រទេស។
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ការិយាល័យនយោបាយ បានដាក់ចេញនូវ សារាចរណែនាំលេខ ៤៥ ស្តីពីការបន្តពន្លឿនការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៣៦ របស់ការិយាល័យនយោបាយ នីតិកាលទី៩ ស្តីពីបេសកកម្មការងារសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងបរិបទថ្មី។ សេចក្តីណែនាំនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់បក្សនិងរដ្ឋ ក្នុងការធ្វើការជាមួយជនវៀតណាមរស់នៅក្រៅប្រទេស ជានិច្ចកាលពង្រឹងមហាសាមគ្គីភាព និងសុខដុមរមនារបស់ជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស រក្សាស្ថិរភាពជីវភាពរស់នៅ ធ្វើសមាហរណកម្មចូលក្នុងសង្គម របស់ប្រទេសដែលកំពុងរស់នៅ ព្រមទាំងពួតដៃគ្នា រួមចំណែកតាមធនធានដែលមាន ក្នុងការកសាងនិងការពារជាតិមាតុភូមិ។ សារាចរណែនាំ លេខ៤៥ ត្រូវបានជនជាតិវៀតណាមជាច្រើនដែលរស់នៅក្រៅប្រទេស ទទួលយក និងឆ្លើយតបយ៉ាងផុលផុស។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានចេញលិខិតវាយតម្លៃ លេខ ១២ ស្តីពីបេសកកម្មការងារសហគមន៍ ជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងបរិបទថ្មី ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង ពង្រីក និងលើកកម្ពស់ដល់មហាសាមគ្គីរវាងប្រជាជនទាំងមូល ជួយជំរុញ និងលើកទឹកចិត្តសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារជាតិមាតុភូមិ ដោយបន្តធ្វើឱ្យប្រព័ន្ធច្បាប់កាន់តែប្រសើរឡើង ធ្វើកំណែទ្រង់បែបបទរដ្ឋបាល និងអនុវត្តគោលនយោបាយពាក់ព័ន្ធនានា ជាមួយសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីឱ្យពេលត្រឡប់មកកាន់មាតុប្រទេសវិញ អាចធ្វើការឬស្នាក់នៅជាអចិន្ត្រៃយ៍បាន។ បង្កលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ត្រឡប់មកស្រុកកំណើត អាចធ្វើការវិនិយោគ ផលិតកម្ម និងប្រកបអាជីវកម្មនានាបាន។ ពិសេសជាងនេះទៅទៀត គឺរកដំណោះស្រាយ និងបំពេញតាមតម្រូវការ របស់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ទាក់ទងនឹងបញ្ហាសញ្ជាតិ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសវៀតណាម និងស្មារតីនៃសេចក្តីសម្រេចចិត្ត លេខ៣៦។
នៅក្នុងមតិសំណេះសំណាលជាមួយ មន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គភាពអាជីវកម្ម និងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសអញ្ជើញមកទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា មុនកិច្ចប្រជុំ AIPA លើកទី៤៣ កាលពី ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា សមាគមវៀតណាមនៅកម្ពុជា បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ឱ្យកាន់តែមានស្ថិរភាពនិងអភិវឌ្ឍន៍ ដើម្បីក្លាយជាស្ពានដ៏រឹងមាំ សម្រាប់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
១.២. សមិទ្ធផលនៃបេសកកម្មការងារសហគមន៍ ជនជាតិវៀតណាមនៅក្រៅប្រទេស
ជាក់ស្តែង ក្រោមការជួយជ្រោមជ្រែងនិងដឹកនាំរបស់បក្សនិងរដ្ឋ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស កំពុងមានចំនួនកើនឡើង និងពង្រីកយ៉ាងទូលំទូលាយគួរឱ្យកត់សម្គាល់។ តួនាទី មុខតំណែង និងកិត្យានុភាពរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងសង្គមដែលពួកគេរស់នៅត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសកាន់តែមានទំនុកចិត្ត យល់ដឹងកាន់តែច្បាស់អំពីជំហរ និងតួនាទីរបស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដល់ការកសាងជាតិមាតុភូមិ មិនថាកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការកិច្ចការបក្ស នៃក្រសួងការបរទេស។
២. សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា
សហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហារសើបនៅឡើយ រវាងរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយក៏ដូចជាសកម្មជនប្រឆាំង រួមទាំងអ្នកជាតិនិយមមួយចំនួន ដោយពួកគេយកលេស ពីបញ្ហាបូរណភាព អធិបតេយ្យភាពទឹកដីជាដើម។ ចំណែករដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សកាន់អំណាច តែងព្យាយាមរឹតចំណងការទូតទ្វេភាគី ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង»។
សូមបញ្ជាក់ផងដែរថា ចំនួនជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ បើតាមរបាយការណ៍ដែលទទួលបាន ក្នុងជំនួបរវាង មន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គភាព អាជីវកម្ម និងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា ជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា មានចំនួនប្រមាណជាង ១០៣ ០០០នាក់។ ចំណែកបើយោងតាមរាបាយការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជនជនជាតិវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនជិត៩ម៉ឺននាក់ (៨៩៤៧១នាក់)។ ចំណែកបើយោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ Minority Rights Group International បានឱ្យដឹងថា ជនជនជាតិវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណចន្លោះពី ៤00 000 ទៅ ៧00 000នាក់។
២.១. ការស្នើរបស់ភាគីវៀតណាមមកភាគីកម្ពុជា
ស្ទើតែរាល់ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទោះនៅក្នុងប្រទេសកម្ពុជាក្តីឬវៀតណាមក្តី ក៏ភាគីវៀតណាម តែងតែបានស្នើដល់ភាគីកម្ពុជា ឱ្យជួយផ្តល់ការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ តួយ៉ាង នាពេលកន្លងទៅថ្មីៗនេះ ក្នុងជំនួនរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាកម្ពុជាកាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីវៀតណាម បានស្នើមកភាគីកម្ពុជាជាថ្មីម្តងទៀត ឱ្យជួយសម្រួលផ្តល់ឯកសារស្របច្បាប់ ដល់ពលរដ្ឋវៀតណាម ដែលកំពុងតាំងទីលំនៅលើទឹកដីកម្ពុជា។ ចំណែកក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីថ្ងៃទី២0 ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាគីវៀតណាមក៏បានស្នើដល់កម្ពុជាឱ្យជួយផ្តល់ការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅកម្ពុជា និងស្នើឱ្យជួយដោះស្រាយដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដែលទទួលរងនូវការបោកប្រាស់ ក្នុងអាជីវកម្មកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ភាគីវៀតណាមក៏បានស្នើ មកកម្ពុជាឱ្យបន្តផ្តល់ការគាំទ្រដល់ប្រជាជនខ្មែរដើមកំណើតវៀតណាម ក្នុងការតាំងទីលំនៅ និងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជាស្ពានភ្ជាប់ទៅនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ជាការកត់សម្គាល់ ការណ៍ដែលថ្នាក់ដឹកនាំវៀតណាម ដែលតែងតែព្យាយាមដាក់សំណើរមកថ្នាក់ដឹកនាំកម្ពុជា ជាបន្តបន្ទាប់បែបនេះ វាជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបេសកកម្មការងារ លើកកម្ពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដើម្បីជួយលើស្ទួយឱ្យប្រជាជនមានភាពសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងស៊ីវិល័យ របស់សេចក្តីសម្រេចលេខ២៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៩។ ជាពិសេសសេចក្តីសម្រេចចិត្ត លេខ៣៦ ដែលបានដាក់ចេញលាកពីឆ្នាំ២០០៤ កន្លងទៅ ដោយការិយាល័យនយោបាយ ដែលជាការជំរុញ និងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងលើកកម្ពស់មហាសាមគ្គី រវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិវៀតណាមនៅក្រៅប្រទេស ឱ្យរួមគ្នាលើកកម្ពស់ មោទនភាពជាតិ ស្នេហាជាតិ ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេនៅកាន់តែប្រសើរឡើង ដើម្បីធ្វើសមាហរណកម្មសង្គម ចូលកាន់តែជ្រៅទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ហើយបានបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងងបានសរបញ្ជាក់ឱ្យឃើញថា ប្រទេសមួយនេះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ជានជាតិខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។
២.២. ការឆ្លើយតបនិងការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
សម្រាប់ភាគីកម្ពុជា ដែលតែងតែប្រកាន់ជំហរ ក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រទេសជិតខាង ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង»។ កម្ពុជានៅតែបន្តផ្តល់ការប្រព្រឹត្តិដោយយុត្តិធម៌ ដល់ពលរដ្ឋខ្មែរដើមកំណើតវៀតណាម ដូចជាពលរដ្ឋមកពីប្រទេសដទៃទៀតដែរ។ ដោយឡែកពាក់ព័ន្ធនឹងការឆបោក និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនជាតិវៀតណាមវិញ អាជ្ញាធរកម្ពុជាតែងធ្វើអន្តរាគមន៍ជាញឹកញាប់។ នេះបើយោងតាម ជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២0 ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០២៣ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
៣. សហគមន៍ជនជាតិខ្មែរនៅក្រៅប្រទេស
រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានព្យាយាមយកចិត្តទុកដាក់ លើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ជនជាតិកម្ពុជានៅក្រៅប្រទេស ដោយជួយសម្របសម្រួលរាល់បញ្ហាប្រឈមនានា ដែលសហគមន៍ជួយប្រទះ និងមិនអាចដោះស្រាយបាន ដើម្បីជួយលើកកម្ពស់កិត្យានុភាពរបស់ជាតិ មាតុភូមិ នៅក្នុងប្រទេសដែលពួកគេកំពុងស្នាក់នៅ និងអាចធ្វើសមាហរណកម្មក្នុងសង្គមដែលពួកគេកំពុងសិក្សា ធ្វើការ ក៏ដូចជាស្នាក់នៅ តាមរយៈការជួយជ្រោមជ្រែងពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្ដាប្រទេសទាំងនោះ។ ហើយពួកគេ អាចចូលរួមចំណែកជាវិជ្ជមានដល់ការកសាងជាតិមាតុភូមិ មិនថាកំពុងរស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមលទ្ធភាពដែលមាន។
សូមរំលឹកផងដែរថា ចាប់តាំងពីបង្កើតរាជាណាចក្រទីពីរឡើងវិញនាឆ្នាំ១៩៩៣ រហូតមកទល់ឆ្នាំ២០១៥ មានពលរដ្ឋខ្មែរនៅក្រៅប្រទេស តិចតួចណាស់ដែលចាប់អារម្មណ៍ ស្វែងយល់ ក៏ដូចជាគាំទ្រដល់ប្រទេសជាតិ មាតុភូមិរបស់ខ្លួន។ នៅខែមិថុនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល ដែលមានបក្សប្រជាជនកម្ពុជាជាប្រមុខដឹកនាំ បានធ្វើការផ្សព្វផ្សាយ ក៏ដូចជាផ្តល់លទ្ធភាពឱ្យពលរដ្ឋកម្ពុជានៅក្រៅប្រទេស អាចចូលរួមក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ក៍ដូចជាក្រុមយុវជន របស់គណបក្សប្រជាជនកម្ពុជា។ ការងារពង្រឹងពង្រីក បក្សប្រជាជនកម្ពុជា បានបន្តរហូតពីពេលនោះមកដល់បច្ចុប្បន្ន និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរតែនៅគ្រប់តំបន់ដែលមាន ពលរដ្ឋខ្មែរទៅសិក្សា ធ្វើការ ប្រកបអាជីវកម្ម ក៏ដូចជារស់នៅ។
៤. សន្និដ្ឋាន
ដូច្នេះ ការពង្រឹងនិងពង្រីក មហាសាមគ្គី រវាងប្រជាជននិងប្រជាជន រវាងជនជាតិនិងជនជាតិ ទាំងក្នុងនិងក្រៅប្រទេស ជាការជំរុញនិងបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់សហគមន៍ជនជាតិដែលរស់នៅក្រៅប្រទេស និងបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងលើកកម្ពស់ មហាសាមគ្គីរវាងប្រជាជនទាំងមូល ដោយជួយជំរុញ និងលើកទឹកចិត្តជនជាតិរបស់ខ្លួនដែលរស់នៅក្រៅប្រទេស ឱ្យរួមគ្នាជួយលើកកម្ពស់មោទនភាពជាតិ ស្នេហាជាតិ ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជាតិមាតុភូមិ រួបរួមគ្នា ជួយគ្នាទៅវិញទៅមក ធ្វើឱ្យជីវភាពរស់របស់ពួកគេនៅក្រៅប្រទេសកាន់តែប្រសើរឡើង និងអាចធ្វើសមាហរណកម្មសង្គម ចូលទៅក្នុងសហគមន៍នៃប្រទេសដែលកំពុងរស់នៅ ក៏ដូចជាអាចកៀងគរអ្នកវិនិយោកបរទេសឬមួយអាចវិលត្រឡប់មកធ្វើអាជីវកម្ម វិនិយោគ នៅប្រទេសរបស់ពួកគេវិញ ហើយក៏ជាបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ ការស្រលាញ់របស់បក្សនិងរដ្ឋ ក្នុងការថែរក្សាបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសនោះមានគោលនយោបាយបើកចំហកាន់តែទូលំទូលាយ សម្រាប់ជានជាតិខ្លួនដែលកំពុងរស់នៅក្រៅប្រទេស៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោ...
Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....