ព័ត៌មាន

បណ្ឌិត គិន ភា៖ «គេត្រូវសម្លឹងមើលលទ្ធិប្រជាធិបតេយ្យឱ្យហួសពីប្រព័ន្ធនយោបាយ»

2023-03-29 09:33:35 ថ្ងៃពុធ, 29 មីនា 2023, 09:33 AM
post_detail

ដោយចាក់ឫសក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ លទ្ធិប្រជាធិបតេយ្យមានទម្រង់ចម្រុះនិងអភិវឌ្ឍតាមមាគ៌ាដែលបានជ្រើសរើសដោយប្រជាជននៃប្រទេសនានា ដោយផ្អែកលើការយល់ដឹងនិងនវានុវត្តន៍របស់ពួកគេ។ ដូចនេះ រដ្ឋនីមួយៗគួរតែមានទំនួលខុសត្រូវដាច់ដោយឡែកក្នុងការរក្សានិងលើកកម្ពស់គោលការណ៍ដែលផ្តោតលើការកែទម្រង់សណ្តាប់ធ្នាប់ពិភពលោក និងគំនិតបែបចូលរួមក្នុងការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពនយោបាយរបស់ប្រទេសនានា និងជៀសវាងជម្លោះពីខាងក្រៅ ដែលជាចំណុចស្នូលនៃទំនាក់ទំនងអន្តរជាតិនិងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។

លទ្ធិប្រជាធិបតេយ្យមិនមានសំណុំស្ថាប័នតែមួយគត់ និងលក្ខណៈពិសេសតែមួយគត់ដែលអាចអនុវត្តបានជាសកលនោះទេ។ ទម្រង់ជាក់លាក់ដែលលទ្ធិប្រជាធិបតេយ្យកើតឡើងក្នុងប្រទេសមួយត្រូវមានការជាប់ពាក់ព័ន្ធយ៉ាងទូលំទូលាយជាមួយនឹងស្ថានការណ៍នយោបាយ សង្គម និងសេដ្ឋកិច្ចដែលមានស្រាប់នៅក្នុងប្រទេសនោះ។ គេមិនអាចយកពូជលទ្ធិប្រជាធិបតេយ្យពីប្រទេសមួយទៅសាបព្រោះនៅប្រទេសមួយទៀតដោយសង្ឃឹមទទួលបានលទ្ធផលដូចគ្នានោះទេ។

ដូច្នេះ គ្មានប្រទេសណាមួយមានសិទ្ធិប្រើប្រាស់មនោគមវិជ្ជានិងគុណតម្លៃប្រជាធិបតេយ្យជាឧបករណ៍ដើម្បីបង្ក្រាបឬសម្លុតប្រទេសដទៃនិងជំរុញយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ញុះញង់ឱ្យមានការបែកបាក់និងការប្រឈមមុខដាក់គ្នាលើឆាកអន្តរជាតិ និងជំរុញពិភពលោកឱ្យត្រលប់ទៅរកសម័យសង្រ្គាមត្រជាក់ដ៏គ្រោះថ្នាក់ ដោយឈរលើលេសនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនោះទេ។

ការបង្កឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នាក្នុងនាមលទ្ធិប្រជាធិបតេយ្យ គឺគ្មានអ្វីក្រៅពីការជាន់ឈ្លីនិងក្បត់ស្មារតីនិងតម្លៃនៃលទ្ធិប្រជាធិបតេយ្យនោះទេ។ ការណ៍នេះនឹងនាំមកនូវភាពចលាចលនិងភាពវឹកវរដល់ពិភពលោក ហើយបំផ្លាញសន្តិភាពនិងការអភិវឌ្ឍ។ ប្រការនេះគួរតែត្រូវបានសហគមន៍អន្តរជាតិទប់ទល់និងប្រឆាំងជាដាច់ខាត។

ពិភពលោកចាំបាច់ត្រូវគិតគូរពីមតិសាធារណៈជាសកល និងប្រមែប្រមូលថាមពលបន្ថែមទៀតដោយការរួបរួមគ្នា ហើយប្រជាជន ប្រទេស និងតំបន់ទាំងអស់ គួរតែចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះដោយផ្តោតលើការកសាងឯកច្ឆន្ទមតិពហុភាគីនិយម។

លទ្ធិប្រជាធិបតេយ្យ គឺជាសិទ្ធិរបស់ប្រជាជននៅគ្រប់ប្រទេសទាំងអស់ មិនមែនជាសិទ្ធិរបស់ប្រទេសមួយចំនួនណានោះទេ។ ប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គួរតែកំណត់ដោយប្រជាជននៃប្រទេសនោះ ពីព្រោះលទ្ធិប្រជាធិបតេយ្យមានទម្រង់ជាច្រើនខុសៗគ្នា។ ការអនុវត្តនូវការអះអាងនូវគំរូតែមួយនៃរចនាសម្ព័ន្ធនយោបាយដោយមិនអើពើនឹងសញ្ញាណនៃតម្លៃរួមរបស់មនុស្សជាតិ គឺមិនមានមូលដ្ឋានប្រជាធិបតេយ្យនោះទេ។

សន្តិភាព ការអភិវឌ្ឍ ភាពត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព គឺជាតម្លៃរួមរបស់មនុស្សជាតិ។ មាគ៌ារបស់ប្រទេសមួយជោគជ័យឬអត់ គឺអាស្រ័យការឆ្លើយតបរបស់ប្រទេសនោះចំពោះតថភាពជាក់ស្តែង ស្របតាមនិន្នាការនៃសម័យកាល ហើយនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងវឌ្ឍនភាព និងការលើកកម្ពស់គុណភាពជីវិតនិងជីវភាពរស់នៅរបស់ប្រជាជន។

ដូច្នេះ លក្ខណៈវិនិច្ឆ័យជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យគួរតែគិតគូរអំពីប្រជាជន, ថាតើពួកគេមានសិទ្ធិក្នុងការគ្រប់គ្រងប្រទេសរបស់ពួកគេដែរឬទេ, ថាតើតម្រូវការរបស់ពួកគេត្រូវបានបំពេញដែរឬទេ, និងថាតើពួកគេមានអារម្មណ៍ពេញចិត្តពេញថ្លើមនិងមានសុភមង្គលដែរឬទេ។ បើប្រជាជនគ្រាន់តែភ្ញាក់ខ្លួននៅពេលបោះឆ្នោត ហើយបង្ខំឱ្យនៅស្ងៀមបន្ទាប់ពីការបោះឆ្នោតរួច, បើប្រជាជនគ្រាន់តែត្រូវបានបម្រើដោយពាក្យស្លោកដ៏ផ្អែមល្ហែមពេលឃោសនាបោះឆ្នោត តែត្រូវបានបំបិទមាត់ក្រោយការបោះឆ្នោត, បើប្រជាជនត្រូវបានគេអន្ទងពេលហែរបក្ស តែត្រូវទុកឱ្យនៅរងារក្រោយពេលហែបក្ស។ ស្ថានភាពបែបនេះមិនមែនជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ។

លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងអលង្ការ សម្រាប់ការតុបតែងលម្អនោះទេ, លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាដែលប្រជាជនចង់ដោះស្រាយ។ ការឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើលទ្ធិប្រជាធិបតេយ្យ គឺតម្លៃរួមរបស់មនុស្សជាតិ។ តែទោះជាបែបនេះក្តី ប្រទេសលោកខាងលិចមួយចំនួនបានអះអាងម្តងហើយម្តងទៀតថា នឹងលើកកម្ពស់ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ខណៈពេលដែលពួកគេកំពុងប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីបំផ្លាញប្រព័ន្ធនយោបាយនៃប្រទេសដែលមិនអនុវត្តតាមគំរូដែលពួកគេបានគូសវាស។ គោលបំណងរបស់ប្រទេសលោកខាងលិចបែបនេះ គឺដើម្បីចាប់ជំរិតលទ្ធិប្រជាធិបតេយ្យ សំដៅគ្រប់គ្រងពិភពលោកទាំងមូល និងប្រតិដ្ឋឱ្យមាន «ការភ័យខ្លាចអំពីលទ្ធិប្រជាធិបតេយ្យ» ដើម្បីបំផុសស្មារតីនៃសង្រ្គាមត្រជាក់។

ក្នុងការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់ពីភាពបរាជ័យនិងបញ្ហាក្នុងស្រុករបស់ខ្លួន រដ្ឋដែលមានកេរដំណែលសេរីនិយមទាំងនេះ បានបង្វែរការស្តីបន្ទោសទៅកាន់ប្រទេសផ្សេងទៀត។ សូមក្រឡេកមើល ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី ទុយនេស៊ី សូម៉ាលី ស៊ីរី និងយេម៉ែន ជាឧទាហរណ៍ស្រាប់។ ប្រទេសទាំងនេះនិងប្រជាជនរបស់ខ្លួនត្រូវបានវាយប្រហារនិងបន្តរងទុក្ខខ្លោចផ្សាក្រោមស្លាកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

គេមិនត្រូវសម្លឹងមើលលទ្ធិប្រជាធិបតេយ្យតែទៅលើមូលដ្ឋាននៃប្រព័ន្ធនយោបាយរបស់ប្រទេស ដោយព្រងើយកន្តើយនឹងពិពិធភាពឬភាពចម្រុះនៃអរិយធម៌នៃប្រទេសនោះបានឡើយ។ សង្គមអាស៊ីបង្ហាញឱ្យឃើញពីពិពិធភាពដ៏អស្ចារ្យ — អរិយធម៌បុរាណ វប្បធម៌សម្បូរបែប ភាពចម្រុះពណ៌ និងពិពិធភាព ប្រៀបដូចសួនច្បារដ៏ស្រស់បំព្រងប្រកបដោយផ្កាចម្រុះពណ៌ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងអរិយធម៌អាស៊ី ហើយឥឡូវនេះ កំពុងរីកស្គុសស្គាយដោយការចាក់បញ្ចូលនូវថាមពលថ្មី។ គេមិនអាចយល់និងស្គាល់តម្លៃនៃសង្គមអាស៊ីដោយមិនមានការយល់ដឹងឱ្យស៊ីជម្រៅអំពីអរិយធម៌ពិសេសរបស់អាស៊ីបានទេ។

លក្ខណៈពិសេសដាច់ដោយឡែកនៃអរិយធម៌ មិនខុសពីលក្ខណៈពិសេសដាច់ដោយឡែកនៃលទ្ធិប្រជាធិបតេយ្យនោះទេ។ ពិពិធភាពដ៏សម្បូរបែបនិងភាពរស់រវើកនៃអរិយធម៌ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទម្រង់ផ្សេងៗនៃលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យមិនមានលក្ខណៈឯកសណ្ឋាននិងការកំណត់រចនាសម្ព័ន្ធតែមួយគត់ទេ ពីព្រោះពិភពលោកមានភាពចម្រុះផ្នែកនយោបាយនិងវប្បធម៌។

មានវិធីសាស្ត្រជាច្រើនដែលប្រទេសនានាអាចអនុវត្តលទ្ធិប្រជាធិបតេយ្យបាន ហើយក៏មិនមានគំរូប្រជាធិបតេយ្យណាមួយអាចយកទៅអនុវត្តបានគ្រប់ប្រទេសនោះទេ។ ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងលក្ខខណ្ឌជាតិផ្សេងៗគ្នា គួរតែរៀបចំទម្រង់នៃលទ្ធិប្រជាធិបតេយ្យដែលសមស្របបំផុតទៅនឹងលក្ខណៈពិសេសនិងតថភាពជាក់ស្តែងរបស់ពួកគេ។ គ្មានប្រទេសណាមួយមានសិទ្ធិផ្តាច់មុខក្នុងការកំណត់លើនិយមន័យនៃលទ្ធិប្រជាធិបតេយ្យនោះទេ ហើយក៏មិនអាចកំណត់សិទ្ធិរបស់ប្រជាជនក្នុងការស្វែងយល់និងជ្រើសរើសគំរូនៃលទ្ធិប្រជាធិបតេយ្យដែលស័ក្តិសមបំផុតសម្រាប់ប្រទេសជាតិរបស់ពួកគេដែរ។

ដូចសុភាសិតមួយលើកឡើងថា មានតែអ្នកពាក់ស្បែកជើងទេ ទើបដឹងថា ស្បែកជើងនោះត្រូវនឹងជើងគេឬអត់។ ស្រដៀងគ្នានេះដែរ ការវិនិច្ឆ័យថា ប្រព័ន្ធនយោបាយដែលអនុវត្តដោយរដ្ឋាភិបាលនៃប្រទេសមួយមានលក្ខណៈប្រជាធិបតេយ្យឬអត់ គឺមានតែប្រជាជននៃប្រទេសនោះទេទើបវិនិច្ឆ័យបាន គឺមិនមែនមជ្ឈដ្ឋានខាងក្រៅនិងក្រុមណាមួយជាអ្នកវិនិច្ឆ័យនោះទេ

មានតែលទ្ធិប្រជាធិបតេយ្យដែលប្រកាន់យកគុណតម្លៃរបស់មនុស្សជាតិជាស្នូលទេ ដែលអាចជំរុញ លើកកម្ពស់ និងពង្រឹងសន្តិភាពនិងភាពសុខដុមរមនាក្នុងតំបន់និងពិភពលោក ធានាឱ្យមនុស្សជាតិរស់នៅដោយសេចក្តីថ្លៃថ្នូរ ជួយមនុស្សជាតិឱ្យយោគយល់គ្នានិងគោរពពិពិធភាពនៃអរិយធម៌ និងពង្រឹងបន្ថែមទៀតនូវបរិយាបន្ន ដែលនឹងជំរុញឱ្យសាធារណជនពិភពលោកទទួលនូវយកភាពខុសគ្នានៅក្នុងអរិយធម៌ ដើម្បីជួយកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដោយនឹងមិនទុកនរណាម្នាក់ឱ្យនៅឯកានៅលើមាគ៌ានៃការអភិវឌ្ឍ៕

ដោយ៖ បណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង

កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   Thu, 13,05,2021, 05:07 AM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   Wed, 12,05,2021, 04:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   Fri, 30,04,2021, 10:44 AM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   Fri, 30,04,2021, 09:59 AM
"Myanmar's political crisis should be viewed in an objective and impartial way"

2021-04-30 09:22:33   Fri, 30,04,2021, 09:22 AM
«វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...

2021-04-30 09:10:30   Fri, 30,04,2021, 09:10 AM

សេចក្តីប្រកាស