ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា

2023-03-06 03:24:10 ថ្ងៃចន្ទ, 06 មីនា 2023 ម៉ោង 10:24 AM
អ្នកមើល 4482
post_detail

កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី ដែលជាសកម្មភាពសម្តេចអញ្ជើញធ្វើសន្និសីទកាសែតក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេចផ្ទាល់ នាថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រ (Fer-en-Tardenois) ប្រទេសបារាំង។

ឃ្លីបវីដេអូនេះរំឭកឱ្យយើងគ្រប់គ្នានឹកឃើញឡើងវិញនូវដំណើរការចរចាដ៏វែងអន្លាយមួយនិងត្រូវបានធ្វើទៅតាមកន្លែងយ៉ាងច្រើនស្ទើរពេញមួយចំហៀងផែនដី ដែលក្នុងនោះ រួមមាន បារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និងញូវយ៉ក ដើម្បីសន្តិភាពនិងការបង្រួមបង្រួមជាតិនៅកម្ពុជា។ មាគ៌ាឆ្ពោះទៅរកសន្តិភាពនិងការបង្រួបបង្រួមជាតិ មានរយៈពេលដ៏យូរសែនយូរ ហើយវាយូរហួសនិស្ស័យសម្រាប់ការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ។

តួអង្គដ៏សំខាន់បំផុតនិងមិនអាចខ្វះបានក្នុងដំណើរចរចាសន្តិភាពនៅកម្ពុជា រហូតឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា» ដែលត្រូវបានគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះ សម្តេចតេជោជាប្រមុខនៃរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្នុងឃ្លីបវីដេអូខាងលើ សម្តេចតេជោបានសង្កត់ធ្ងន់ថា «មានតែការចរចាតែមួយគត់ដែលអាចដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ ហើយការដោះស្រាយនេះត្រូវតែដោះស្រាយក្នុងក្របខ័ណ្ឌប្រជាជនកម្ពុជាខ្លួនឯង»។

ជំនួបជាប្រវត្ដិសាស្ដ្ររវាងសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេច ហ៊ុន សែន នៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រនៃប្រទេសបារាំង បានបើកផ្លូវដល់ការចរចាជាបន្ដបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងសន្ដិភាពមួយត្រូវបានចុះហត្ថលេខាជាឱឡារិកនៅទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហានយោបាយដ៏ទូលំទូលាយមួយសម្រាប់ការកសាងឡើងវិញនូវសន្ដិភាពក្នុងប្រទេសកម្ពុជា។

ដំណើរការចរចាសន្តិភាពនៅកម្ពុជា បានធ្វើឡើងនៅក្នុងរយៈពេលនៃដំណាក់កាលសង្គ្រាម ត្រជាក់ រយៈពេលនៃការរត់ប្រណាំងសព្វាវុធ និងការប្រឈមមុខខាងមនោគមវិជ្ជាដ៏តឹងតែងនៅក្នុងកម្រិតពិភពលោក។ នៅក្នុងកម្រិតតំបន់នាពេលនោះ វាជាដំណាក់កាលដែលអាស៊ីអាគ្នេយ៍កំពុងបែងចែកជាប្លុកពីរ ហើយប្រឈមមុខដាក់គ្នាផង និងសម្របសម្រួលផង។ រីឯនៅផ្ទៃក្នុងប្រទេសកម្ពុជាវិញ កំពុងប្រឈមមុខ ម្ខាងជាមួយនឹងគ្រោះថ្នាក់នៃការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានអង្គការសហប្រជាជាតិគាំទ្រ និងម្ខាងទៀត កំពុងប្រឈមមុខចំពោះការហ៊ុមព័ទ្ធសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន ដែលគាំទ្រពួកប្រល័យពូជសាសន៍ ប៉ុល ពត ហើយដាក់ទណ្ឌកម្មមកលើប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការស្លាប់ដោយរបប ប៉ុល ពត។

បើគ្មានទស្សនវិស័យដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកនិយមរបស់សម្តេចតេជោ ហ៊ុន សែន និងការធ្វើសម្បទានដ៏ធំធេងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា ឬគេហៅថា រដ្ឋាភិបាលក្រុងភ្នំពេញ នាពេលនោះទេ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏មិនអាចលេចចេញជារូបរាងបានដែរ ពីព្រោះជម្រើសរវាងការធ្វើសង្រ្គាមនិងការចរចា, ការធ្វើសង្គ្រាម រដ្ឋាភិបាលក្រុងភ្នំពេញ មានប្រៀបជាង ដ្បិតរដ្ឋាភិបាលក្រុងភ្នំពេញគ្រប់គ្រងទឹកដីជាង៩០%។ ប៉ុន្តែ ដើម្បីផលប្រយោជន៍យូរអង្វែងសម្រាប់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន មិនបានជ្រើសយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ សម្តេចតេជោ បានជ្រើសយកការចារចា ដើម្បីបញ្ចប់សង្គ្រាម។ ក៏ចរចាថ្វីបើត្រូវចំណាយពេលដ៏សែនយូរក៏ពិតមែន តែទីបំផុត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានកើតឡើង។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាចំណុចចាប់ផ្តើម ដែលនាំឱ្យប្រទេសកម្ពុជាឈានទៅរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍដោយឈរលើឆន្ទៈខ្មែរគ្រប់ភាគីនិងសុឆន្ទៈរបស់មេដឹកនាំ និងអ្នកនយោបាយដើម្បីកសាងប្រទេសឡើងវិញ។ ឆន្ទៈរួមនេះជាសក្ខីភាពនិងជាគំរូមួយសម្រាប់ជាដំណោះស្រាយចំពោះសង្គ្រាមស៊ីវិល ដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ពីព្រោះវាកើតចេញពីឆន្ទៈចង់បង្រួបបង្រួមជាតិខ្មែរតែមួយដោយខ្មែរខ្លួនឯងតាមរយៈដំណើរការចរចាដោយសន្តិវិធី។

តាមរយៈកិច្ចព្រមព្រៀងនេះ ប្រជាពលរដ្ឋខ្មែរហ៊ាននិយាយនិងលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជាប្រកបដោយមោទនភាពផងដែរថា ជនជាតិខ្មែរ មេដឹកនាំខ្មែរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលបានប្រែក្លាយវប្បធម៌សង្គ្រាមនិងប្រទូស្តរ៉ាយទៅជាវប្បធម៌សន្តិភាព ប្រែក្លាយវប្បធម៌ជម្លោះទៅជាវប្បធម៌ព្រមព្រៀងគ្នា និងប្រែក្លាយវប្បធម៌ប្រឈមមុខទៅជាវប្បធម៌ចរចានិងសម្របសម្រួល ដែលជាទស្សនវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាឥស្សរជនមិនអាចខ្វះបាននៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

ជាការណ៍ពិត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនទាន់បាននាំមកនូវសន្តិភាពពេញលេញនៅឡើយទេ ដ្បិតភាគីកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមបានដើរចេញពីកិច្ចព្រមព្រៀងនេះ ហើយបន្តសកម្មភាពឧទ្ទាមកម្មរបស់ខ្លួនរហូតដល់ចុងឆ្នាំ១៩៩៨។ ប៉ុន្តែ នយោបាយឈ្នះ-ឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនិងឯកភាពជាតិពិតប្រាកដ នាខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។

ក្រោមម្លប់សន្តិភាពនិងតេជៈនៃនយោបាយឈ្នះ-ឈ្នះ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ផ្នែកនយោបាយនិងសេដ្ឋកិច្ចសង្គម បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលស្របនឹងវប្បធម៌និងបរិបទកម្ពុជា ដោយបានរៀបចំយ៉ាងទៀតទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស, ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានបូរណភាពទឹកដីយ៉ាងពេញលេញ។ ការរៀបចំនយោបាយនិងសន្តិសុខក្នុងប្រទេសឱ្យបានសមស្របសំដៅធានាដល់ការអភិវឌ្ឍ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាព។ កម្ពុជាបាននិងកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ និងដណ្តើមបានមកវិញនូវនីត្យានុកូលភាពនិងកិត្យានុភាពជាតិ ដែលបានបាត់បង់ពីអតីតកាល។

សម្តេចតេជោ ហ៊ុន សែន គឺជាវរជននយោបាយខ្មែរតែម្នាក់គត់ ដែលបានដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯង ដោយមធ្យោបាយសន្តិវិធី។ សម្តេចតេជោ ហ៊ុន សែន ជាអ្នកការទូតអាជីពដ៏ជំនាញបំផុតជិតកន្លះសតវត្សរ៍ ជាកំពូលអ្នកចរចា និងជាបិតាសន្តិភាព ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជានខ្មែរជាអាទិភាព។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយថា គ្មានជនបរទេសណាដែលស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរនោះទេ។ នេះជាទស្សនវិជ្ជានយោបាយដ៏សំខាន់បំផុត ដែលធ្វើឱ្យមហាគ្រួសារខ្មែរយើងមានការបង្រួបបង្រួម ការផ្សះផ្សាជាតិពិតប្រាកដ និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់ពេលនេះ៕

សូមអញ្ជើញទស្សនាវីដេអូខ្លី ពីសកម្មភាពសន្និសីទកាសែតក្រោយជំនួប ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ តាមរយៈតំណភ្ជាប់៖ https://www.youtube.com/watch?v=dmRg2LD55zw

បណ្ឌិត គិន ភា

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង

«សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មក​ពី​ខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...

2018-10-03 13:34:38   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:34 PM
«បច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥ ត្រូវបានអនុម័ត...»

ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់​ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...

2018-10-03 13:06:58   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:06 PM
«កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាម​រយៈ​គោ...

2018-10-03 09:47:47   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:47 PM
«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...

2018-10-03 09:21:35   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM
«ការផ្ញើសារផ្តល់កម្ចីឥណទានតាមប្រព័ន្ធទូរស័ព្ទ»

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។​ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្...

2018-10-03 08:29:19   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 03:29 PM
«IMF ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៧,២៥ ភាគរយនៅឆ្នាំនេះ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតនៅ ៧,២៥% នៅឆ្នាំ២០១៨នេះ និង ៧...

2018-10-03 03:31:36   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 10:31 AM

សេចក្តីប្រកាស