ព័ត៌មាន

ហេតុអ្វីចិនមិនឆ្លៀតវាយយកតៃវ៉ាន់ក្រោយរុស្ស៊ីធ្វើសង្គ្រាមលើអ៊ុយក្រែន? ដោយ៖ លោក​ លឹម សុវណ្ណរិទ្ធ - ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2023-02-27 08:43:35 ថ្ងៃច័ន្ទ, 27 កុម្ភៈ 2023, 08:43 AM
post_detail

បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ហើយបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលមូលធននិយមមួយនៅលើដែន​កោះមួយនេះ។ កាលណោះ កងទ័ពសាធារណរដ្ឋប្រជាមានិតចិនមិនបានបន្តគោលដៅទៅវាយរំលំរដ្ឋាភិបាលសាធារណរដ្ឋ​ចិន ដែលតាំងមូលដ្ឋាននៅលើដែនកោះមួយនេះឡើយ ដោយសារតែកងទ័ពជើងទឹករបស់ចិនប្រជាមា​និត​មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ហើយសាធារណរដ្ឋចិនដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់នាពេលនោះ ក៏ចាប់ផ្ដើមទទួលបានការគាំទ្រពេញលេញពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

ថ្វីត្បិតតែគណបក្សកុម្មុយនីស្តបានគ្រប់គ្រងចិនដីគោកបានទាំងស្រុង ហើយរដ្ឋាភិបាលគួមីងតាងបានទទួលបរាជ័យ ហើយភៀសខ្លួនទៅកោះតៃវ៉ាន់ក្ដី ក៏សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបានបន្តគាំ-ទ្ររដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់) ជាតំណាងស្របច្បាប់របស់ប្រទេសចិន និងកាន់កាប់អសនៈចិននៅអង្គការសហប្រជាជាតិ រហូតដល់មានការសម្របសម្រួលនយោបាយការបរទេសនៅឆ្នាំ១៩៧១ ទើបសាធារណរដ្ឋប្រជាមានិតចិនបានកាន់កាប់អសនៈជាតំណាងស្របច្បាប់របស់ប្រទេសចិន នៅអង្គការសហប្រជាជាតិជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់)វិញ។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តមហិច្ឆតាបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យស្ថិតនៅក្រោមអធិប​តេយ្យចិនតែមួយ ដោយរាប់តាំងពីការបង្ហាញការបើកចំហរឆន្ទៈអនុវត្តគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ(ដូចករណី​ហុងកុង) ការផ្ដាច់លទ្ធភាពទំនាក់ទំនងការទូតរបស់សាធារណរដ្ឋចិន(តៃវ៉ាន់)នៅលើឆាកអន្តរជាតិ និងការបញ្ចុះបញ្ចូលប្រជាជនតៃវ៉ាន់ក៏ដូចជាការជំរុញគាំទ្រចរន្តនយោបាយតៃវ៉ាន់ដែលមាននិន្នាការផ្អៀងទៅរកនយោបាយបង្រួបបង្រួមប្រជាជាតិចិនឱ្យមានសម្ទុះ និងទម្ងន់នយោបាយនៅកោះតៃវ៉ាន់ផងដែរ។

ជាការពិតណាស់ នៅក្នុងគោលដៅឈានទៅជាមហាអំណាចពិភពលោកទីមួយ ចិនមិនត្រឹមតែត្រូវការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនប៉ុណ្ណោះទេ ការបង្រួបបង្រួមអតីតដែនដីរបស់ខ្លួន គឺជាចំណុចគន្លឹះដ៏ចាំបាច់ ដែលចិនត្រូវ​តែសម្រេចឱ្យបានដាច់ខាតដើម្បីក្លាយខ្លួនជាមហាអំណាចដ៏មានឥទ្ធិពលមួយបាន។ នៅត្រង់ចំណុចនេះ វាបានក្លាយទៅ​ជាចំណោទបញ្ហាថា តើចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយមធ្យោបាយណា? តើជាការបង្រួបបង្រួមដោយប្រើប្រាស់វិធីសាស្ត្រសន្តិវិធី ឬក៏ដោយប្រើប្រាស់កម្លាំងបាយ(យោធា) វាយសង្គ្រប់យកដែនកោះមួយនេះ?

បន្ទាប់ពីវិបត្តិអ៊ុយក្រែនផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងបស្ចិមប្រទេស សហរដ្ឋអាម៉េរិកបានសម្ដែងការព្រួយបារម្ភថា តាមរយៈបទពិសោធវិបត្តិអ៊ុយក្រែន និងស្របពេលដែលសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសជាប់ដៃនឹងសង្គ្រាមរុស្ស៊ីប្រឆាំងអ៊ុយក្រែន ចិនអាចនឹងអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងរុស្ស៊ី ដោយប្រើប្រាស់កម្លាំងយោធាដើម្បីវាយដណ្ដើមយកកោះតៃវ៉ាន់ ប៉ុន្តែមកដល់ពេលនេះមួយឆ្នាំបានកន្លងផុតទៅហើយ ចិនមិនបានសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិននោះឡើយ។ គោលជំហរដូចនេះក៏ទំនង​ជានឹងត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនប្រកាន់ខ្ជាប់ជាបន្តទៅថ្ងៃអនាគត ក៏ព្រោះតែថ្នាក់ដឹកនាំចិនបានយល់ឃើញថា ការប្រើប្រាស់កម្លាំងទ័ពដើម្បីក្រសោបយកកោះតៃវ៉ាន់នឹងបង្កនូវផលវិបាកដ៏ធំធេង ច្រើនជាងអ្វីដែលខ្លួននឹងទទួលបានពីការបង្រួបបង្រួមដែនកោះតៃវ៉ាន់ទៅទៀត។

ចំពោះករណីតៃវ៉ាន់ ហាក់មានភាពខុសគ្នាពីប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានធ្វើអន្តរាគមន៍យោធាទៅលើអ៊ុយក្រែនទាំងដែលអ៊ុយក្រែនមិនបានរៀបចំខ្លួនទុកជាមុននោះឡើយ ហើយបស្ចិមប្រទេសទៀតសោត ក៏ពុំបានត្រៀមទុកជាមុននូវជំនួយយោធា និងការគាំទ្រផ្សេងៗដល់អ៊ុយក្រែនដើម្បីប្រឈមមុខនឹងសង្គ្រាមជាមួយរុស្ស៊ីផងដែរ ប៉ុន្តែសម្រាប់​កោះតៃវ៉ាន់ រដ្ឋាភិបាលតៃវ៉ាន់ព្យាយាមបង្កើនសមត្ថភាពយោធា និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសហរដ្ឋអាម៉េរិកដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់ចិន។ ថ្វីត្បិតតែកម្លាំងយោធារបស់តៃវ៉ាន់ ហាក់មានភាពខុសឆ្ងាយគ្នានឹងសមត្ថភាពយោធារបស់ចិន ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិនក៏មិនអាចវាយប្រហារ​សង្គ្រប់​យកកោះតៃវ៉ាន់បានភ្លាមៗឡើយ។ ក្នុងពេលដែលភាគីទាំងពីរកំពុងប្រយុទ្ធគ្នា យោធាសហរដ្ឋអាម៉េរិកដែលឈរជើងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង អាចនឹងធ្វើការប្រតិកម្មតបនឹងការអន្តរាគមន៍យោធារបស់ចិនបានភ្លាមៗ។ ត្រង់ចំណុចនេះ គេត្រូវដឹងផងដែរថា មហាអំណាចអាម៉េរិក តែងតែបានព្យាយាមថ្លឹងទម្ងន់យុទ្ធសាស្ត្រ និងជំហរនយោបាយ​របស់ខ្លួននៅក្នុងសំណុំរឿងកោះតៃវ៉ាន់ ដោយសារតែគេបានមើលឃើញពីភាពចាំបាច់ ដែលចិនត្រូវតែបង្រួបបង្រួមដែនដីតៃវ៉ាន់ជាមួយនឹងចិនដីគោកដោយខានតែបាន ហើយថ្វីបើអាម៉េរិកប្រកាសគោរពគោលនយោបាយ​ចិនតែមួយ ក្នុងទំនាក់ទំនងជាមួយចិនប្រជាមានិត ប៉ុន្តែសហរដ្ឋអាម៉េរិកក៏នៅតែបង្ហាញជំហរប្រឆាំងចំពោះ​ការបង្រួបបង្រួមកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងកងទ័ព។ មិនត្រឹមតែប៉ុណ្ណោះ ខុសប្លែកពីប្រធានាធិបតីមុនៗ កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បានប្រកាសយ៉ាងហោចណាស់ចំនួន៣ដងមកហើយថា សហរដ្ឋអាម៉េរិកត្រៀមធ្វើអន្តរាគមន៍រួចជាស្រេច ក្នុងករណីដែលចិនប្រើប្រាស់កម្លាំងទ័ពលើដែនកោះតៃវ៉ាន់ថែមទៀត។ នេះគឺជាបញ្ហាប្រឈមដែលចិនព្រួយបារម្ភជាខ្លាំង ដោយសារតែការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយរវាងចិននិងសហរដ្ឋអាម៉េរិក វាអាចនឹងក្លាយទៅជាលេសគ្រប់គ្រាន់សម្រាប់សហរដ្ឋអាម៉េរិក យកជាហេតុផលដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ថែមពីនេះ ប្រសិនបើចិនធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ ចិននឹងត្រូវប្រឈមមុខជាមួយនឹងសង្គ្រាមដ៏យូរអង្វែងគ្មានកាលកំណត់មួយ ដែលចិនត្រូវយកបាត់បង់ថវិកាជាតិដែលខ្លួនបានសន្សំរាប់ទសវត្សរ៍កន្លងមកនេះ ដើម្បីចំណាយទៅលើសង្គ្រាមបង្រួបបង្រួមជាតិមួយនេះ។

ជាមួយគ្នានេះដែរ បញ្ហាប្រឈមធំមួយផ្សេងទៀតក្នុងករណីដែលចិនសម្រេចចិត្តធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់នោះគឺ កំណើនសេដ្ឋកិច្ចដែលចិនបានខិតខំកសាង និងពង្រឹងចាប់តាំងពីឆ្នាំ១៩៧៨មក នឹងត្រូវអសារ​បង់ ព្រោះថ្វីត្បិតតែចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប៉ុន្តែសេដ្ឋកិច្ចចិននៅតែបន្តពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត ចំណែកប្រតិបត្តិការទូទាត់អន្តរជាតិដែលចិនបានប្រើប្រាស់ គឺជា បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក (SWIFT: Society of Worldwide Interbank Financial Telecommunication) ដែលជាប្រព័ន្ធធនាគារស្ថិតនៅក្រោមឥទ្ធិពលស្ទើតែផ្ដាច់មុខរបស់សហរដ្ឋអាម៉េរិក [1]។ ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មទាំងឡាយប្រឆាំងចិន ពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នឹងបង្កផលវិបាកធ្វើឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះចិនមិនត្រឹមតែជារោងចក្រពិភពលោកប៉ុណ្ណោះទេ តែក៏ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងជាទីផ្សារនាំចូលដ៏ធំមួយរបស់ពិភពលោកផងដែរ។ បទពិសោធនេះ គឺអាចសម្លឹងមើលវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ដែលចិននិងឥណ្ឌា គឺជាប្រទេសដ៏សំខាន់ក្នុងការទាញកំណើនសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិនាពេលនោះ។

ហេតុផលសំខាន់មួយផ្សេងទៀត ដែលសាធារណរដ្ឋប្រជាមានិតចិនមានការព្រួយបារម្ភនោះគឺ ក្នុងករណីដែល បើ សង្គ្រាមជាមួយនឹងតៃវ៉ាន់កើតមានឡើង ក្រៅពីសហរដ្ឋអាម៉េរិកដែលជាគូប្រឈមចម្បងរបស់ចិននោះ ប្រទេសជាគូប្រឈមនៅជុំវិញចិន ទំនងជានឹងក្លាយជាអ្នកដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមនេះ។ សម្រាប់ជប៉ុន ដែលជាអតីតប្រទេសចក្រពត្តិនិយម និងត្រូវបានចងជើងដោយរដ្ឋធម្មនុញ្ញសន្តិភាពក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ហើយដែលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មី គឺជាការព្រួយបារម្ភរបស់ចិន ព្រោះថាក្រៅតែជាសត្រូវប្រវត្តិសាស្ត្រនឹងគ្នា ចិននិងជប៉ុនក៏មានបញ្ហាចាក់ស្រែះជាច្រើនផ្សេងទៀតដូចជា ជម្លោះដែនអធិប តេយ្យភាព ការប្រជែងឥទ្ធិពលនយោបាយនិងការទូត បញ្ហាភូមិសាស្ត្រនយោបាយ និងសំណុំរឿងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងថែមទៀតផង។ ក្នុងករណី ដែលចិនធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ជប៉ុនដែលមានមហិច្ឆតាពង្រឹងតួនាទីរបស់ខ្លួនក្នុងតំបន់និងពិភពលោក និងដែលមានមូលដ្ឋានយោធាអាម៉េរិកនៅលើទឹកដីរបស់ខ្លួនស្រាប់ ច្បាស់ជានឹងមិនឈរឱបដៃមើលចិនធ្វើអ្វីស្រេចតែចិត្ត របស់ខ្លួនៅក្នុងតំបន់អាស៊ីបូព៌ានោះឡើយ។ បន្ថែមពីនេះ ជប៉ុនដែលមានភាពចាំបាច់ត្រូវថ្លឹងយុទ្ធសា-ស្ត្រយោធានៅក្នុងតំបន់ប្រឈមមុខនឹងការគម្រាមកំហែងស្រាប់ ពី នុយក្លេអ៊ែរកូរ៉េខាងជើង និងដែលត្រូវប្រឈមមុខចំពោះជំហរផ្លាស់ប្ដូរមិនប្រាកដប្រជារបស់អាម៉េរិក ទៅតាមក្នុងអាណត្តិប្រធានាធិបតីនីមួយៗ ជប៉ុនអាចនឹងយកលេសពង្រឹងសមត្ថភាពយោធាក្នុងទ្រង់ទ្រាយធំ រហូតដល់អាចអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរថែមទៀតផង ក្នុងពេលដែលប្រទេសនេះមានរោងចក្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលស្រាប់។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ចិន និងដែលមានជម្លោះព្រំដែនមិនទាន់ដោះស្រាយជាមួយគ្នារួច ហើយព្រមទាំងជាគូប្រជែងសេដ្ឋកិច្ច និងនយោបាយតំបន់ជាមួយនឹងចិន ច្បាស់ជានឹងមិនបណ្ដោយឱ្យចិនវាយសង្គ្រប់យកកោះតៃវ៉ាន់ដោយជោគជ័យឡើយ ព្រោះប្រសិនបើចិនអាចវាយយក កោះ តៃវ៉ាន់បាន នោះចិននឹងពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនកាន់តែខ្លាំងជាងមុនទៀត ដែលជាការគម្រាមកំហែងដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា។ ក្រៅពីនេះ អន្តរាគមន៍យោធារបស់ចិនដើម្បីបង្រួបបង្រួមតៃវ៉ាន់នឹងបង្កការព្រួយបារម្ភផ្នែកសន្តិសុខចំពោះប្រទេសផ្សេងទៀត ដែលមានជម្លោះដែនអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងចិនដូចជា ហ្វ៊ីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី ហើយនិងជំរុញឱ្យប្រទេសទាំងនោះគ្មានជម្រើសអ្វីក្រៅតែពីការពង្រឹងសម្ព័ន្ធភាពយោធាយោធាកាន់តែស៊ីជម្រៅ ជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីការពារខ្លួន និងកៀកស្មាគ្នាប្រឈមនឹងប្រទេសចិន។ ជាពិសេស វៀតណាម ដែលជាប្រទេសជាប់ព្រំដែនចិន ច្បាស់នឹងចេញមុខបរិហារ ហើយផ្ដោតតែទៅលើហេតុផលសន្តិសុខជាតិរបស់ខ្លួន រួចទាញដៃសហរដ្ឋអាម៉េរិកឱ្យលូកចូលមកកាន់តែជ្រៅនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងអាចឈានទៅដល់ការបង្កើនមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

តើសាធារណរដ្ឋប្រជាមានិតចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយរបៀបណា?

ថ្វីត្បិតតែបច្ចុប្បន្ន ចិនមិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់ក្ដី ចិនក៏មិនអាចបោះបង់ចោលនូវគោលដៅបង្រួបបង្រួមដែនកោះតៃវ៉ាន់ផងដែរ ព្រោះដូចមានរៀបរាប់នៅក្នុងខ្លឹមសារខាងលើ ចិនមានភាពចាំបាច់ដែលត្រូវតែបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យបានជាដាច់ខាត។ ទោះជាយ៉ាងណាក្ដី ចិនក៏ធ្លាប់បានប្រកាសផងដែរថា ចិននឹងធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលនៃដែនកោះនេះហ៊ានប្រកាសឯករាជ្យផ្ដាច់ខ្លួនទៅជារដ្ឋអធិបតេយ្យមួយ ថ្វីបើកោះនេះ មានទឹកដី ប្រព័ន្ធគ្រប់គ្រង រដ្ឋាភិបាល និងច្បាប់ដាច់ដោយឡែកស្រាប់ពីសាធារណរដ្ឋប្រជា-មានិតចិនទៅហើយក្ដី។ ដូច្នេះហើយ ចិននឹងបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីទាញយកដែនកោះមួយនេះ ទៅដាក់នៅក្នុងដែនអធិបតេយ្យពេញលេញរបស់ខ្លួន ដោយកន្លងមក នៅក្នុងគោលដៅយក ដែនកោះតៃវ៉ាន់ ត្រឡប់មកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ចិនធ្លាប់បានទទួលជោគជ័យរួចមកហើយក្នុងការកាត់ផ្ដាច់ច្រកការទូតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ដោយប្រទេសចិនបានប្រកាសចេញនូវ «គោលនយោបាយចិនតែមួយ» ជាចំណុចស្នូលនៃនយោបាយការបរទេសចិន ដោយរាល់បណ្ដាប្រទេសដែលចង់មានទំនាក់ទំនងការទូតជាមួយចិន ត្រូវតែផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់។ «អ្នកមាន នឹងមានអំណាច» គឺជាពាក្យស្លោកដែលលោក តេង ស៊ាវពីង អតីតមគ្គុ-ទ្ទេសក៍នយោបាយ និងសេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់ចិនធ្លាប់បានលើកឡើង ហើយដែលបច្ចុប្បន្ននេះ សាធារណរដ្ឋចិនដែលបានពង្រីកឥទ្ធិពលនយោបាយ និងការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិតាមលំនាំចក្ខុវិស័យនេះផងដែរ។ ចិនបានទាញជំហរនយោបាយរបស់មហាអំណាច និងបណ្ដាប្រទេសទាំងឡាយនៅលើពិភពលោក ឱ្យបោះបង់ចោលនូវទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយងាកមកចាប់ដៃ និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ជោគជ័យនេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ចិន ក្នុងការបង្រួបបង្រួមទឹកដីរបស់ខ្លួន ហើយជាបន្តទៅទៀត ចិននឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ចំពោះប្រជាជនតៃវ៉ាន់ និងជំរុញគាំទ្រដល់គ្រប់អ្នកនយោបាយតៃវ៉ាន់ដែលមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាលចិនឱ្យទទួលបានប្រជាប្រិយភាព និងអាចឡើងដឹកនាំដែនកោះមួយនេះ ដើម្បីឈានទៅសម្រេចគោលដៅបង្រួបបង្រួមជាតិរបស់ខ្លួន។ ជាមួយគ្នានេះ ចិនត្រូវបន្តជំរុញទម្ងន់ឥទ្ធិពល សេដ្ឋកិច្ចរបស់ខ្លួនលើតៃវ៉ាន់ ដើម្បីក្លាយជាចំណងទំនាក់ទំនងមិនអាចកាត់ផ្ដាច់បាន ព្រមទាំងជាស្ពាននៃការបង្កើនឥទ្ធិពលរបស់ចិនលើសង្គមតៃវ៉ាន់ ដូចដែលចិនបាននិងកំពុងធ្វើជាមួយប្រទេសជិតខាង ក៏ដូចជាគូប្រឈមរបស់ខ្លួនដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និងប៉ាគីស្ថានជាដើម។ បន្ថែមពីនេះ ដើម្បីបញ្ចៀសការរុញបញ្ហាតៃវ៉ាន់ឱ្យកាន់តែឡើងកម្ដៅក្ដៅឡើងៗពីសំណាក់សហរដ្ឋអាម៉េរិក ចិនត្រូវតែព្យាយាមបង្វែរសមរភូមិចេញពីរបងផ្ទះខ្លួន ដោយបង្កើតឬជំរុញនូវព្រឹត្តិការណ៍ ឬសេនារីយ៉ូនៅតាមទីតាំងយុទ្ធសាស្ត្រដទៃ ឱ្យក្លាយទៅជាប្រធានបទក្ដៅដែលអាម៉េរិកត្រូវផ្ដោតយកចិត្តទុកដាក់ ជាជាងការគិតគូរទៅលើយុទ្ធសាស្ត្រដុតបញ្ឆេះបញ្ហារបស់ចិន ដើម្បីរារាំងចិនពីការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធា ដើម្បីឈានឆ្ពោះជាមហាអំណាចផុតលេខពិភពលោក។ ទោះជាយ៉ាងណា ដើម្បីសម្រេចបានគោលដៅនេះ ចិនចាំបាច់ត្រូវតែបន្តកសាងឥទ្ធិពលការទូតរបស់ខ្លួន តាមរយៈការចងក្រងក្រុមប្រទេសសម្ព័ន្ធមិត្ត បង្កើនប្រទេសជាមិត្តដែលអាចជឿទុកចិត្តបានរបស់សាធារណរដ្ឋប្រជាមានិតចិន៕

----------------------------

(១) ជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក ប្រើប្រាស់ដោយប្រទេសជាង២០០ ក្នុងនោះ៤០% នៃការទូទាត់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ថ្វីត្បិតតែចិនបានបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS តាំងពីឆ្នាំ២០១៥ក្ដី ក៏ប៉ុន្តែវាតំណាងឱ្យត្រឹមតែ៣%នៃការទូទាត់សរុបតាមប្រព័ន្ធធនាគារអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើចិនត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដូចរុស្ស៊ីនោះ សេដ្ឋកិច្ចចិននឹងត្រូវដាំក្បាលចុះយ៉ាងគំហុក ហើយដែលវានឹងជះឥទ្ធិពលដ៏អាក្រក់មិនធ្លាប់មានចំពោះសេដ្ឋកិច្ចសាកល។

RAC Media

ប្រភព៖ ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា


អត្ថបទទាក់ទង

China and Cambodia: Rivals or Allies? by: Dr. Seun Sam

China and Cambodia, two countries with intricate geopolitical linkages and rich cultural traditions, have recently gained attention for their expanding economic and political ties. Although China has...

2023-06-24 02:39:26   Sat, 24,06,2023, 02:39 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបជាមួយក្រុមហ៊ុន EMCAST កូរ៉េ ដើម្បីពិភាក្សាស្វែងរកឱកាសសហការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជំនួយដល់ការងារពលរដ្ឋខ្មែរ

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...

2023-06-22 11:20:40   Thu, 22,06,2023, 11:20 AM
CAMBODIA- VIETNAM DYNAMICS RELATIONS By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...

2023-06-20 05:04:59   Tue, 20,06,2023, 05:04 AM
Higher-middle-income of Cambodia in 2030 on the rough road By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...

2023-06-06 15:02:23   Tue, 06,06,2023, 03:02 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...

2023-05-27 04:17:26   Sat, 27,05,2023, 04:17 AM
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...

2023-05-25 08:05:24   Thu, 25,05,2023, 08:05 AM

សេចក្តីប្រកាស