Royal Academy of Cambodia
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករស់នៅកម្ពុជាជាដើមប៉ុណ្ណោះ។ ចំណែកទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ សម្ដេចព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ បានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំទាំងពីរបានចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីមកម្ល៉េះ។ ទោះជាយ៉ាងណា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិនត្រូវបានកាត់ផ្ដាច់ក្រោយការធ្វើរដ្ឋប្រហាររបស់លោកឧត្ដមសេនីយ៍ លន់ នល់ ដែលបានបង្កើតសាធារណរដ្ឋខ្មែរ ប៉ុន្តែទំនាក់ទំនងនេះបានវិលមករកភាពល្អប្រសើរវិញរហូតកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ចិន នៅក្រោយការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅកម្ពុជា។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានផ្លាស់ប្ដូរជាបន្តបន្ទាប់ដោយសារតែសភាពការណ៍នយោបាយ និងស្ថានភាពសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា មុននឹងក្លាយជាដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្រោយមកជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៅឆ្នាំ២០២៣ ចំខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់អំពីជំហរនយោបាយដែលកម្ពុជាត្រូវប្រកាន់ខ្ជាប់នៅក្នុងទំនាក់ទំនងអន្តរជាតិជាប្រក្រតីរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនានាលើសកលលោក។ ត្រង់វាក្យខណ្ឌទី២ នៃមាត្រា១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ”។ ដោយអនុលោមតាមខ្លឹមសារនៅក្នុងរដ្ឋធម្មនុញ្ញនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនយោបាយផ្កាចម្រុះពណ៌ ដើម្បីពង្រឹង ពង្រីក និងរក្សាទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនានាលើសកលលោក ក្នុងគោលដៅស្វែងរកនិងរក្សាឱ្យបាននូវផលប្រយោជន៍ជាតិទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ បើទោះបីជាកម្ពុជាបានប្រកាន់យកនូវនយោបាយចម្រុះពណ៌ដោយមិនចាប់ដៃតែជាមួយមហាអំណាចមួយ ហើយច្រានចោលទំនាក់ទំនងជាមួយមហាអំណាចមួយទៀតក្ដី ប៉ុន្តែបច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា ហាក់មានភាពលេចធ្លោជាខ្លាំង បើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងកម្ពុជាមួយនឹងមហាអំណាចផ្សេងៗទៀត ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវិស័យសន្តិសុខ។
ដើម្បីស្វែងយល់អំពីស្ថានភាពទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ន គេត្រូវរំឭកបន្តិចអំពីស្ថានភាពនយោបាយនៃប្រទេសកម្ពុជាក្រោយការបង្កើតរាជាណាចក្រទីពីរ តាមរយៈការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការផ្លាស់ប្ដូរស្ថានភាពនៅកម្ពុជាក្រោយឆ្នាំ១៩៩៨។ ជាការពិតណាស់ មិនខុសពីសហរដ្ឋអាម៉េរិក និងបណ្ដារដ្ឋាភិបាលបស្ចិមប្រទេសផ្សេងទៀតនោះទេ រដ្ឋាភិបាលចិនក៏បានផ្ដោតជាសំខាន់នៃទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការពង្រឹងទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារតែកិត្តិនាមរបស់សម្ដេចព្រះនរោត្ដមសីហនុនៅក្នុងឆាកនយោបាយ និងមួយផ្នែកទៀត ក៏ដោយសារសម្ដេចព្រះនរោត្ដមសីហនុ ជាមេដឹកនាំនយោបាយកម្ពុជាដែលមានសមានចិត្តនិងមានភាពសម្ព័ន្ធភាពជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនរហូតមក។ ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ទន្ទឹមនឹងការរក្សាទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក៏បានចាប់ផ្ដើមងាកមកពង្រឹងទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលបានក្លាយជាគណបក្សមានកម្លាំងនយោបាយធំមួយនៅកម្ពុជានាពេលនោះផងដែរ។ ដោយមើលឃើញ វាយតម្លៃច្បាស់អំពីមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាការគាំទ្រពីប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលនៅអាណត្តិបន្តជាបន្តបន្ទាប់ គណបក្សកុម្មុយនីស្តចិនបានចាក់គ្រឹះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំ និងយុវជននៃគណបក្សប្រជាជនកម្ពុជា។ ការពង្រឹងទំនាក់ទំនង និងធ្វើការជាមួយគណបក្សកាន់អំណាចនៅកម្ពុជា គឺជាការត្រួសត្រាយផ្លូវដ៏ល្អរបស់ចិននៅក្នុងការជំរុញទំនាក់ទំនងល្អរវាងចិន និងកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/royal-academy/research/attachments/original/234.pdf?1676623211
ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ ប្រទេសកម្ពុជា អមជាមួយនឹងការ អញ្ជើញមកប...
ការបោះបង់ការសិក្សា តែងតែកើតមានឡើងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅលើសាកលលោក មិនថានៅក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍនោះឡើយ។ រដ្ឋាភិបាល របស់ប្រទេសនីមួយៗ បានយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានដាក់ចេញជាគោលនយោ...
ដើម្បីអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្នុងស្មារតីសាមគ្គី គ្រួសាររាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម...
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជារយៈពេល៣៧ឆ្នាំ ក្រោយការអនុវត្តគោលនយោបាយកំណែទម្រង់...
បើកាលណាយើងនិយាយអំពី ស្រ្តីក្នុងភាពជាអ្នកដឹកកនាំ យើងមិនអាចបំភ្លេចបានទេនូវព្រះរាជនីយ៍ខ្មែរយើងកាលពីអតីតកាល មានដូចជា ព្រះនាងលីវយី (សោមម៉ា ឬនាងនាគ) ព្រះនាងជ័យទេវី (សម័យចេនឡា) ព្រះមហាក្សត្រិយានី អង្គម៉ី (សម...
ការអប់រំតាមបែបប្រពៃណីត្រូវបានធ្វើឡើងនៅតាមទីវត្តអារាម ដោយមានព្រះសង្ឃជាអ្នកបង្រៀន។ ការអប់រំនាសម័យកាលនោះ ការសិក្សាបានផ្តោតលើការសរសេរ ឬអធិប្បាយទាក់ទងទៅនឹងអត្ថបទសាសនាជាដើម។ តាមរយៈការសិក្សាបែបប្រពៃណីនេះអាចធ...