ព័ត៌មាន

ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ

2023-02-17 08:47:15 ថ្ងៃសុក្រ, 17 កុម្ភៈ 2023, 08:47 AM
post_detail

កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករស់នៅកម្ពុជាជាដើមប៉ុណ្ណោះ។ ចំណែកទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត​ចិន បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ សម្ដេចព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ បានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំទាំងពីរបានចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីមកម្ល៉េះ។ ទោះជាយ៉ាងណា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិនត្រូវបានកាត់ផ្ដាច់ក្រោយការធ្វើរដ្ឋប្រហាររបស់លោកឧត្ដមសេនីយ៍ លន់ នល់ ដែលបានបង្កើតសាធារណរដ្ឋខ្មែរ ប៉ុន្តែទំនាក់ទំនងនេះបានវិលមករកភាពល្អប្រសើរវិញរហូតកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ចិន នៅក្រោយការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅកម្ពុជា។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានផ្លាស់ប្ដូរជាបន្តបន្ទាប់ដោយសារតែសភាពការណ៍នយោបាយ និងស្ថានភាពសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា មុននឹងក្លាយជាដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្រោយ​មកជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៅឆ្នាំ២០២៣ ចំខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់អំពីជំហរនយោបាយដែលកម្ពុជាត្រូវប្រកាន់ខ្ជាប់នៅក្នុងទំនាក់ទំនងអន្តរជាតិជាប្រក្រតីរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនានាលើសកលលោក។ ត្រង់វាក្យខណ្ឌទី២ នៃមាត្រា១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ”។ ដោយអនុលោមតាមខ្លឹមសារនៅក្នុងរដ្ឋធម្មនុញ្ញនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនយោបាយផ្កាចម្រុះពណ៌ ដើម្បីពង្រឹង ពង្រីក និងរក្សាទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនានាលើសកលលោក ក្នុងគោលដៅស្វែងរកនិងរក្សាឱ្យបាននូវផលប្រយោជន៍ជាតិទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ បើទោះបីជាកម្ពុជាបានប្រកាន់​យកនូវនយោបាយចម្រុះពណ៌ដោយមិនចាប់ដៃតែជាមួយមហាអំណាចមួយ ហើយច្រានចោលទំនាក់ទំនងជាមួយមហាអំណាចមួយទៀតក្ដី ប៉ុន្តែបច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា ហាក់មានភាពលេចធ្លោជាខ្លាំង បើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងកម្ពុជាមួយនឹងមហាអំណាចផ្សេងៗទៀត ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវិស័យសន្តិសុខ។

ដើម្បីស្វែងយល់អំពីស្ថានភាពទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ន គេត្រូវរំឭកបន្តិចអំពីស្ថានភាពនយោបាយនៃប្រទេសកម្ពុជាក្រោយការបង្កើតរាជាណាចក្រទីពីរ តាមរយៈការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការផ្លាស់ប្ដូរស្ថានភាពនៅកម្ពុជាក្រោយឆ្នាំ១៩៩៨។ ជាការពិតណាស់ មិនខុសពីសហរដ្ឋអាម៉េរិក និងបណ្ដារដ្ឋាភិបាលបស្ចិមប្រទេសផ្សេងទៀតនោះទេ រដ្ឋាភិបាលចិនក៏បានផ្ដោតជាសំខាន់នៃទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការពង្រឹងទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារតែកិត្តិនាមរបស់សម្ដេចព្រះនរោត្ដមសីហនុនៅក្នុងឆាកនយោបាយ និងមួយផ្នែកទៀត ក៏ដោយសារសម្ដេចព្រះនរោត្ដមសីហនុ ជាមេដឹកនាំនយោបាយកម្ពុជាដែលមានសមានចិត្តនិងមានភាពសម្ព័ន្ធភាពជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនរហូតមក។ ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ទន្ទឹមនឹងការរក្សាទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក៏បានចាប់ផ្ដើមងាកមកពង្រឹងទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលបានក្លាយជាគណបក្សមានកម្លាំងនយោបាយធំមួយនៅកម្ពុជានាពេលនោះផងដែរ។ ដោយមើលឃើញ វាយតម្លៃច្បាស់អំពីមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាការគាំទ្រពីប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលនៅអាណត្តិបន្តជាបន្តបន្ទាប់ គណបក្សកុម្មុយនីស្តចិនបានចាក់គ្រឹះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំ និងយុវជននៃគណបក្សប្រជាជនកម្ពុជា។ ការពង្រឹងទំនាក់ទំនង និងធ្វើការជាមួយគណបក្សកាន់អំណាចនៅកម្ពុជា គឺជាការត្រួសត្រាយផ្លូវដ៏ល្អរបស់ចិននៅក្នុងការជំរុញទំនាក់ទំនងល្អរវាងចិន និងកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/royal-academy/research/attachments/original/234.pdf?1676623211

អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស