ព័ត៌មាន

កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

2023-02-17 08:20:14 ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:20 PM
អ្នកមើល 4032
post_detail

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំខាន់បំផុតបន្ថែមពីលើសម្ទុះដែលមានស្រាប់ក្នុងការបង្កើនឱកាសសម្រាប់រដ្ឋាភិបាលទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ និងបានឯកភាពគ្នាជាឯកច្ឆន្ទលើបញ្ហាតំបន់និងសកលលោកជាច្រើន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

ការប្រកាស «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ បានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមាន អនាគតរួមគ្នាកាន់តែមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីលើកកម្ពស់ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរទៅកាន់ទំព័រថ្មីមួយទៀតដ៏មានតម្លៃបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។

ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជានិងចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាងនិងដៃគូជិតស្និទ្ធជាប្រពៃណី ប្រទេសកម្ពុជានិងចិនបានលើកកម្ពស់និងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានរបស់ខ្លួន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលានិងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។

យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិន ដែលចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១២ ត្រូវបានចុះហត្ថលេខា រួមមាន វិស័យ​កិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការនាំចេញកសិផលទៅកាន់ប្រទេសចិន ហេដ្ឋារចនា សម្ព័ន្ធ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងការការពារបេតិកភណ្ឌវប្បធម៌ ជាដើម។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រថ្មីនិងទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងចិន នាំមកនូវការរំពឹងទុកដ៏ធំធេងនិងសុទិដ្ឋិនិយមដ៏អស្ចារ្យសម្រាប់កម្ពុជាដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសម្ទុះ និងភាពធន់នៃសេដ្ឋកិច្ចក៏កាន់តែត្រូវបានពង្រឹង។ វិស័យអាទិភាពទាំងប្រាំមួយ ឆ្លើយតបយ៉ាងឥតខ្ចោះចំពោះតម្រូវការជាក់ស្តែងនិងទាន់ពេលវេលារបស់កម្ពុជា។

ក្នុងនាមជាប្រទេសរងសោកនាដកម្មដោយសារជម្លោះនិងសង្រ្គាម កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់អាទិភាពដល់សន្តិភាពនិងស្ថិរភាពទាំងក្នុងប្រទេសនិងក្នុងតំបន់ ការកសាងវិបុលភាព និងការអភិវឌ្ឍ ព្រមទាំងប្រកាន់​ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ប្រទេសចិន គឺជាមហាអំណាចមួយដែលតែងតែគាំទ្រជម្រើសឯករាជ្យរបស់ប្រជាជនកម្ពុជាក្នុងការជ្រើស​រើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនដែលសមស្របបំផុតទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន គាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ លើកកម្ពស់របៀបវារៈនយោបាយក្នុងប្រទេសសំខាន់សំខាន់ៗ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការរៀបចំឱ្យបានចប់កាន់តែឆាប់នូវ «ផែនការសកម្មភាពថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា» ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីផ្តល់សម្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍធនធានមនុស្ស បានជួយជំរុញឱ្យកម្ពុជាផ្លាស់ប្តូរពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (LMIC)។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគរបស់ចិននៅកម្ពុជា មានចំនួន​ជិត ២២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបនៃព្រះរាជាណាចក្រកម្ពុជា ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩។ នៅឆ្នាំ២០១៧ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍របស់ចិនប្រមាណ ៤.២ពាន់លានដុល្លារ ដែលភាគច្រើន​ជាជំនួយឥតសំណងនិងជាឥណទានសម្បទាន។ នៅឆ្នាំ២០២១ ប្រទេសចិនបានឈរនៅលើកំពូលតារាងនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ២.៣២ពាន់លានដុល្លារ កើនឡើង ៦៧ភាគរយ​ធៀបនឹងឆ្នាំ២០២០។

ខេត្តព្រះសីហនុគឺជាច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដ៏សំខាន់របស់ប្រទេសកម្ពុជាដែលមានសក្តានុពលដ៏ធំធេងសម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងការដឹកជញ្ជូន ទេសចរណ៍និងការកម្សាន្ត និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech Hub)។ វាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសចិនរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍបន្ថែម​ទៀតនូវ «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» ហើយប្រទេសទាំងពីរបានរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាគំរូមួយ។ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានឹងទាក់ទាញសហគ្រាសចិនដែលមានសមត្ថកិច្ចខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើផ្នែកដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃការរួមបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន។

ជាមួយនឹងកម្លាំងជំរុញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ការបង្កើត «ច្រករបៀងត្រី និងអង្ករ» នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជានិងតំបន់បឹងទន្លេសាប នឹងជំរុញឱ្យមានការអភិវឌ្ឍនៃវិស័យកសិកម្មអេកូឡូស៊ីទំនើប។ ការធ្វើទំនើបកម្មកសិកម្មកម្ពុជា នឹងធានាបាននូវកសិផលកម្ពុជាមានបរិមាណនិងគុណភាពខ្ពស់ជាងមុនសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ ការសម្រេចឱ្យបាននូវសក្តានុពលដ៏ធំសម្បើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រាកដជានឹងបង្កើនកម្រិត​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកើនឡើងជាពីរឬជាបី។

យោងតាមអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៨ កម្ពុជាគឺជាប្រទេសដែលទទួលភ្ញៀវទេសចរចិនច្រើនជាងគេទីប្រាំបី។ ក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរចិនមានជាង ២.៣លាននាក់ ឬ ៣៦ភាគរយ​នៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ភ្ញៀវទេសចរចិនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីបង្កើនប្រសិទ្ធភាពនិងកែសម្រួលគោលនយោបាយបង្ការនិងគ្រប់​គ្រងជំងឺកូវីដ-១៩របស់ខ្លួន ដោយផ្អែកលើស្ថានភាពវិវត្តន៍ និងជាមួយនឹងមិត្តភាពដែកថែបកម្ពុជា-ចិន, កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះចំនួនភ្ញៀវទេសចរចិនដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងនាពេលខាងមុខ។ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ហើយការរស់ឡើងវិញនៃការធ្វើដំណើរនឹងផ្តល់ភាពរឹងមាំផ្នែកសេដ្ឋកិច្ចនិងវប្បធម៌សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងពិភពលោកទាំងមូល។

ទំនាក់ទំនងដ៏ល្អនិងមានស្ថិរភាពរវាងកម្ពុជានិងចិនត្រូវបានបង្ហាញឱ្យឃើញតាមរយៈកម្មវិធីផ្លាស់ប្តូរយ៉ាងទូលំទូលាយនិងញឹកញាប់ ដែលធ្វើឡើងរវាងមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អ្នកសិក្សាស្រាវជ្រាវ និស្សិត សិស្ស និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែទទួលបានការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលចិន។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឆ្នាំនៃមិត្តភាពកម្ពុជា-ចិន បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាឱកាសដ៏ល្អដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនៅថ្នាក់ក្រោមជាតិ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការផ្លាស់ប្តូរយុវជន និងលើកកម្ពស់បុព្វហេតុមិត្តភាពកម្ពុជា-ចិនទៅកាន់ទំព័រថ្មីមួយទៀត។

ក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការលើត្បូងពេជ្រ យើងជឿជាក់ទាំងអស់គ្នាយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងធ្វើពិពិធកម្មលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម ហើយកាន់តែភ្លឺស្វាងថែមទៀត។ សាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធដ៏រឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី កំណើននៃទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមកដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នា ពិតជានឹងនាំបងប្អូនដែកថែបទាំងពីរ ឆ្ពោះទៅរកសមិទ្ធផលធំធេងជាងនេះ។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិនថ្មី នឹងបំភ្លឺផ្លូវ និងបង្កើតសម្ទុះពហុសណ្ឋានសម្រាប់ការរួមគ្នាកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា





អត្ថបទទាក់ទង

«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...

2018-12-14 15:04:00   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 10:04 PM
«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...

2018-12-14 09:32:02   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 04:32 PM
សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...

2018-12-14 08:37:15   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 03:37 PM
«ជំនួបរវាងអ្នកគិត»

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា ន...

2018-12-14 07:51:35   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 02:51 PM
ជំនួបរវាងអគ្គលេខាធិការ និងអតីតប្រធានវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់

កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីត​នាយក​ប្រ...

2018-12-14 06:38:54   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 01:38 PM
«ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តភាព៖បន្តការផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន»

សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវ...

2018-12-14 05:15:41   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 12:15 PM

សេចក្តីប្រកាស