ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្រដែលកើតចេញពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់គ្នា ហើយទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់គ្នាដើម្បីប្រសិទ្ធភាព

2023-02-03 07:25:32 ថ្ងៃសុក្រ, 03 កុម្ភៈ 2023 ម៉ោង 02:25 PM
អ្នកមើល 3860
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថា​ ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នា ដែលថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះ និងស្ថាប័នឧបសម្ព័ន្ធ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្រដែលកើតចេញពីធាតុចូលដែលទទួលបានពីការសម្ភាសន៍ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ឱ្យបានជាក់លាក់ និងស៊ីជម្រៅ អំពីដំណើរការប្រព្រឹត្តទៅ និងស្ថានភាពជាក់ស្ដែងនៃការអនុវត្តការងារនៅតាមវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ និងអង្គភាពក្រោមឱវាទទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ឆ្លើយតបទៅនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា មានលក្ខណៈជាផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នមេសម្រាប់វិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ និងអង្គភាពក្រោមឱវាទទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។ ផែនការយុទ្ធសាស្ត្រនេះ នឹងជាកាតាលីករដ៏សំខាន់ដើម្បីជំរុញការលូតលាស់មួយដ៏រឹងមាំ និងសុខដុមនីយកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយផ្ដើមចេញពីការដោះស្រាយបញ្ហាសំខាន់ៗនានាក្នុងរយៈពេល៣ឆ្នាំបន្ទាប់ និងរយៈពេលខាងមុខបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមផងដែរថា ការយល់ដឹង និងអនុវត្តឱ្យបានតាមផែនការយុទ្ធសាស្ត្រនេះពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងស្មារតីសាមគ្គីភាពខ្ពស់បំផុត គឺជាភាពចាំបាច់ក្នុងការជំរុញឱ្យគ្រប់អង្គភាពទាំងអស់វិវឌ្ឍឆ្ពោះទៅមុខព្រមជាមួយគ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស