ព័ត៌មាន

ហេតុអ្វីបស្ចិមប្រទេសព្រួយបារម្ភចំពោះការលេចត្រដែតរបស់ចិន? ដោយ៖ លឹម សុវណ្ណរិទ្ធ

2023-02-01 06:47:45 ថ្ងៃពុធ, 01 កុម្ភៈ 2023 ម៉ោង 01:47 PM
អ្នកមើល 4105
post_detail

ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន តេង ស៊ាវពីង បានត្រឡប់មកកាន់អំណាចដឹកនាំប្រទេសឡើងវិញ ទើបចិនបានងាកមកប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម(ទីផ្សារសេរី)វិញ តាមពាក្យស្លោករបស់លោកគឺ «ឆ្មារសក៏ដោយ ឆ្មារខ្មៅក៏ដោយ ឱ្យតែចាប់កណ្ដុរបាន» និងពាក្យស្លោក «អ្នកមាននឹងមានអំណាច» ពោលគឺធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនលេចត្រដែតជាមហាអំណាចពិភពលោកតាមរយៈកំណើនសេដ្ឋកិច្ច ហើយបោះបង់ចោលនូវគំនិតប្រកួតប្រជែងមនោគមវិជ្ជាដើម្បីពង្រឹងឥទ្ធិពលជាមហាអំណាចរបស់ចិន។ ជាបន្តបន្ទាប់ ក្រោយកំណែទម្រង់ និងការបើកចំហរប្រទេសចិនក្នុងសករាជរបស់បិតាសេដ្ឋកិច្ចចិនរូបនេះ សាធារណរដ្ឋប្រជាមានិតចិនបានស្គាល់កំណើនសេដ្ឋកិច្ចជាលំដាប់រហូតដល់ឆ្នាំ២០១០ ចិនបានវ៉ាដាច់ជប៉ុន ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក និងជាគូប្រជែងតំណែងមហាអំណាច​ផុត​លេខនឹងសហរដ្ឋអាម៉េរិក។ ក្រោយពីជោគជ័យនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន ចិនបានក្លាយទៅជាមហាអំណាចដ៏មានឥទ្ធិពលមួយរបស់ពិភពលោក ដែលមានទំហំសេដ្ឋកិច្ច និងមានខ្ទង់ចំណាយថវិកាយោធាទីពីរបន្ទាប់ពីសហរដ្ឋអាម៉េរិក ជាមួយនឹងឥទ្ធិពលនយោបាយការទូតដ៏ទូលំទូលាយ។ ទោះយ៉ាងណា ក្រៅពីប្រទេសមហាអំណាចកណ្ដាលដែលមានព្រំដែនជាប់ចិន បស្ចិមប្រទេសបានបង្ហាញនូវការព្រួយបារម្ភជាខ្លាំងចំពោះការលេចត្រដែតឡើងយ៉ាងឆាប់រហ័សរបស់ចិន។ គេឃើញមានហេតុផលយ៉ាងតិចចំនួន៧ ដែលអាចគូសបញ្ជាក់អំពីហេតុផលការព្រួយបារម្ភរបស់បស្ចិមប្រទេសចំពោះការលេចត្រដែតរបស់ចិនបាន៖

ភាពខុសគ្នានៃប្រព័ន្ធគ្រប់គ្រងរដ្ឋ

គុណតម្លៃរបស់បស្ចិមប្រទេសគឺ សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែគុណតម្លៃរបស់ចិនគឺ សុខដុម​រមនា ឯកភាព និងឯករាជ្យ ដោយប្រកាន់គោលការណ៍ «បក្សដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជនជាម្ចាស់»។ ថ្វីដ្បិតតែចិនប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមក្ដី ក៏ប៉ុន្តែចិននៅប្រកាន់ខ្ជាប់នូវរបបនយោបាយសង្គមនិយមដដែល ហើយភាគច្រើននៃក្រុមហ៊ុនចិន គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចិន និងត្រូវតែដើរតួនាទីជាឧបករណ៍បម្រើដល់នយោបាយរដ្ឋាភិ-បាល។ នៅពេលដែលចិនឈានទៅក្លាយជាមហាអំណាចពិភពលោក នោះចិនដែលជារដ្ឋសង្គមនិយម នឹងមានឥទ្ធិពលទៅលើនយោបាយក្នុងស្រុករបស់បស្ចិមប្រទេសដូចគ្នាផងដែរ តាមរយៈទំនាក់​ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេសរបស់ខ្លួនជាមួយបណ្ដាប្រទេសបស្ចិមលោក។ ដូច្នេះហើយ ឥទ្ធិពលនយោបាយរបស់ចិនលើបណ្ដាប្រទេសបស្ចិមលោក គឺជាការព្រួយបារម្ភមួយរបស់ពលរដ្ឋបស្ចិមប្រទេសដែល​ធ្លាប់តែរស់នៅក្នុងវប្បធម៌នយោបាយប្រជាធិបតេយ្យ។ ជាការពិតណាស់ ស្របពេលដែលចិនបាននិងកំពុង​តែ​កើនឡើងនូវឥទ្ធិពលទាំងសេដ្ឋកិច្ចនិងនយោបាយ តិចឬច្រើនក្ដីក្រុមប្រទេសបស្ចិមលោកប្រាកដជាព្រួយបារម្ភអំពីលទ្ធភាពនៃការពង្រឹងឥទ្ធិពលនយោបាយរបស់ ទៅលើនយោបាយរបស់ខ្លួនតាមរយៈការគាំទ្រក្នុងរូបភាពណាមួយដល់គណបក្ស ឬអ្នកនយោបាយដែលមាននិន្នាការជាវិជ្ជមានទៅកាន់រដ្ឋកុម្មុយនីស្តចិន ហើយប្រទេសរបស់ខ្លួនអាចនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនដោយប្រយោល ដូចដែលអតីតសហភាពសូវៀតបានអនុវត្តនៅក្រោយសង្គ្រាមលោកលើកទីពីរផងដែរ។

ការការពារតំណែងជាក្បាលម៉ាស៊ីនដឹកនាំពិភពលោក

មិនត្រឹមតែភាពខុសគ្នានៃមនោគមវិជ្ជានយោបាយនោះទេ ប៉ុន្តែបស្ចិមប្រទេសដែលជាជើងឯកមហាអំណាចពិភព​លោក ត្រូវតែការពារតំណែងរបស់ខ្លួនប្រឈមនឹងការប្រជែងដណ្ដើមពីសំណាក់ចិនដែលកំពុងតែលេចត្រដែតជាបន្តបន្ទាប់ ដែលរឿងដូចគ្នានេះក៏ធ្លាប់បានកើតឡើងចំពោះជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៨០ផងដែរ នៅពេលដែលសេដ្ឋកិច្ចជប៉ុនរីកចម្រើនលូតលាស់ប្រជែងនឹងសេដ្ឋកិច្ចរបស់បស្ចិមប្រទេស ពិសេសសហរដ្ឋអាម៉េរិកផ្ទាល់។ បស្ចិមប្រទេស ដែលចាប់តាំងពីសតវត្សរ៍ទី១៩មក គឺជាក្បាលម៉ាស៊ីនដឹកនាំពិភពលោក ជាអ្នកនាំមុខក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។ ការលេចត្រដែតរបស់ចិន ប្រជែងតំណែងក្បាលម៉ាស៊ីនដឹកនាំផ្ដាច់មុខរបស់ពិភពលោក ច្បាស់ជានឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពល និងតួនាទីខាងនយោបាយរបស់បស្ចិមប្រទេស ព្រមទាំងធ្វើឱ្យខូចដល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រនានារបស់បស្ចិមប្រទេសថែមទៀតផង ដោយសារតែផលប្រយោជន៍មិនស្របទិសដៅគ្នារវាងចិន និងបស្ចិមប្រទេស។ ជាមួយគ្នានេះដែរ ចិនត្រូវបានបស្ចិមប្រទេសចោទប្រកាន់ថា បានធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់នៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការអន្តរាគមន៍របស់រដ្ឋាភិបាលចិនទៅក្នុងទីផ្សារបន្ទាបតម្លៃរូបិយបណ្ណរបស់​​ចិន ដើម្បីយកធ្វើមូលដ្ឋានចម្បងមួយសម្រាប់ការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនថែមទៀតផង។

ប្រវត្តិអរិភាពនឹងគ្នា

បើក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់ប្រទេសចិន នៅឆ្នាំ១៩០០ ប្រទេសចិនត្រូវបានហែកហួរដោយប្រទេសទាំង៨ ដែលរួមមាន អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី អង់គ្លេស បារាំង សហរដ្ឋអាមេរិក អ៊ីតាលី និងអូទ្រីស-ហុងគ្រី ដោយបានធ្វើការឈ្លានពាននៅភាគខាងជើងប្រទេសចិន។ វាគឺជាការបែងចែកគ្នាកាន់កាប់ទឹកដីចិនជាច្រើនចំណែកបំផុតពីសំណាក់បរទេស ដែលប្រទេសទាំង៨ដែលភាគច្រើនជាប្រទេសបស្ចិមលោក។ ការឈ្លានពាន និងកាន់កាប់ប្រទេសចិននាពេល​នោះ បានបណ្តាលឱ្យចិនបាត់បង់វត្ថុបុរាណ សម្ភារៈអក្សរសិល្ប៍និងប្រវត្តិសាស្ត្រ ព្រមទាំងរូបគំនូរដែលជាមរតកវប្បធម៌ដ៏មានតម្លៃឥតគណនា និងបានបង្កការខូចខាតដល់បេតិកភណ្ឌវប្បធម៌ រាជវាំង ការិយាល័យរដ្ឋបាល ព្រមទាំងទ្រព្យសម្បត្តិជាមរតកបន្សល់ពីអតីតកាលជាច្រើនក៏ត្រូវរងការបំផ្លិចបំផ្លាញផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) រវាងរដ្ឋាភិបាលគួមីងតាងនៃសាធារណរដ្ឋចិន និងកងទ័ពគណបក្សកុម្មុយនីស្តចិន សហរដ្ឋអាម៉េរិកបានគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាលគួមីងតាងដើម្បីតតាំងនឹងចលនាកុម្មុយនីស្តក្នុងប្រទេសចិន។ ក្រោយមក ថ្វីត្បិតតែនៅឆ្នាំ១៩៤៩ គណបក្សកុម្មុយនីស្តបានយកឈ្នះរដ្ឋាភិបាល​គួមីងតាង និងគ្រប់គ្រងចិនដីគោកបានទាំងស្រុង ហើយរដ្ឋាភិបាលគួមីងតាងបានភៀសខ្លួនទៅកោះតៃវ៉ាន់ក្ដី ក៏សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសបានគាំទ្រអសនៈនៅអង្គការសហប្រជាជាតិរបស់សាធារណរដ្ឋចិន (រដ្ឋាភិបាលគួមីងតាង) រហូតដល់មានការសម្របសម្រួលនយោបាយការបរទេសនៅឆ្នាំ១៩៧១ ទើបសាធារណរដ្ឋប្រជាមានិតចិន បានកាន់កាប់អសនៈជាតំណាងស្របច្បាប់របស់ប្រទេសចិននៅអង្គការសហប្រជាជាតិជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិនវិញ។

ក្រោយមកទៀត ទំនាក់ទំនងរវាងចិននិងបស្ចិមប្រទេស ត្រូវបានអាប់អួរជាថ្មីម្ដងទៀតក្រោយពីមានព្រឹត្តិការណ៍បង្ក្រាប​បាតុករនៅទីលានធានអានមិន ដែលនាំទៅដល់ការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធសេដ្ឋកិច្ចលើសាធារណរដ្ឋចិន។ ទាំងនេះ គឺជាបទពិសោធប្រវត្តិសាស្ត្រ ដែលគេមិនអាចកោសលុបបាននៅក្នុងទំនាក់ទំនងរវាងចិន និងបស្ចិមប្រទេស។

ចិនត្រូវបានបស្ចិមប្រទេសមើលឃើញថាជាបញ្ហាប្រឈមខាងសន្តិសុខ

ក្នុងអតីតកាល សាធារណរដ្ឋប្រជាមានិតចិន គឺជាអ្នកនៅពីក្រោយខ្នងនៃចលនាក្រហមនៅអាស៊ីអាគ្នេយ៍ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលក្នុងតំបន់ បង្កជាផ្នត់គំនិតមិនទុកចិត្តចិនពីសំណាក់ប្រទេសក្នុងតំបន់នេះ។ បើទោះបីជាសង្គ្រាមត្រជាក់ និងការរត់ប្រណាំងមនោគមវិជ្ជានយោបាយបានបិទបញ្ចប់ទៅហើយក្ដី ក៏ប៉ុន្តែមហាអំណាចក៏នៅតែបន្តប្រកួតប្រជែងឥទ្ធិពលរបស់ខ្លួនតាមរយៈសេដ្ឋកិច្ច នយោយបាយការបរទេស និងវិស័យការពារជាតិផងដែរ។ បច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ច និងយោធាមួយ ដែលជាតួអង្គអាចបង្កឱ្យមានផ្លាស់ប្ដូរស្ថានភាពដើមនៃសន្តិសុខក្នុងតំបន់ និងពិភពលោក។ ការកែប្រែស្ថានភាពដើមនៃសន្តិសុខជាប្រពៃណី នឹងនាំមកនូវការប្រឈមស្រួចស្រាល់រវាងមហាអំណាចពិភពលោក ដែលអាចឈានទៅដល់ជម្លោះយោធា និងសង្គ្រាមរវាងមហាអំណាចពិភពលោក។ ចំណុចដែលធ្វើឱ្យបស្ចិមប្រទេសនិងសម្ព័ន្ធមិត្តមិនអាចទុកចិត្តចិនបានទៀតនោះគឺ សកម្មភាពយោធាចិននៅក្នុងតំបន់ដែលកំពុងជាប់វិវាទ ដូចជាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ជាដើម ដែលនាំឱ្យមានភាពតានតឹងខាងផ្នែកយោធា ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងពិភពលោកទាំងមូល។ បស្ចិមប្រទេស កាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយចិនបានបង្ហាញជំហរមិនថ្កោលទោស ឬចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលចិនទំនងជាបានគិតគូរអំពីតម្រូវការការគាំទ្រពីសំណាក់រុស្ស៊ីមកវិញនៅក្នុងស្ថាន​ភាពស្រដៀងគ្នានេះដែរ។ បន្ថែមពីនេះ ការរីកចម្រើនខាងបច្ចេកវិទ្យារបស់ចិន ដែលប្រទេសនេះត្រូវបានគេមើលឃើញថា ពូកែក្នុងការរៀនសូត្រពីបទពិសោធបច្ចេកវិទ្យាពីបរទេស ក៏ជាចំណុចដែលបស្ចិមប្រទេសមានការព្រួយបារម្ភអំពីសន្តិសុខបច្ចេកវិទ្យារបស់ខ្លួនផងដែរ ព្រោះចិនអាចនឹងតាមដាន ឬលួចយកទិន្នន័យ ក៏ដូចជាព័ត៌មានសម្ងាត់​នានាពីខ្លួន ដើម្បីបម្រើឱ្យគោលបំណង ឬរបៀបវារៈនយោបាយរបស់ចិនផងដែរ។

ទស្សនៈបញ្ច្រាសគ្នារវាងចិន និងបស្ចិមប្រទេសក្នុងការដោះស្រាយវិបត្តិតំបន់/ពិភពលោក

ដូចដែលបានដឹងហើយថា ចិននិងបស្ចិមប្រទេសព្រមទាំងសម្ព័ន្ធមិត្ត ជានិច្ចកាលតែងតែមានផលប្រយោជន៍ខ្វែងគ្នា ដូច្នេះហើយទស្សនៈរបស់ចិន និងបស្ចិមប្រទេសក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក ក៏ត្រូវតែដើរបញ្ច្រាសគ្នាចៀសមិនផុតដែរ ព្រោះខុសពីបស្ចិមប្រទេសដែលផ្ដោតជាសំខាន់លើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងការសម្រេចចិត្តខាងនយោបាយ រដ្ឋាភិបាលចិនតែងតែផ្ដោតអាទិភាពទៅលើផលប្រយោជន៍ជាតិខ្លួនសំខាន់ជាងអ្វីៗទាំងអស់ តួយ៉ាងដូចជាសំណុំរឿងកូរ៉េខាងជើង សំណុំរឿងអ៊ីរ៉ង់ និងចុងក្រោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។ ទោះជាយ៉ាងណា ក្រៅតែពីគោលនយោបាយចិនតែមួយ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គឺជាមូលដ្ឋានសំខាន់មួយទៀត នៅក្នុងនយោបាយការបរទេសដ៏សំខាន់សម្រាប់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋាភិបាលចិនបានកំណត់ជំហររបស់ខ្លួនថា នៅពេលដែលប្រទេសមួយមានបញ្ហាក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ការជ្រៀត​ជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចជាការបង្កបញ្ហាដោយការគាំទ្រភាគីម្ខាងវាយប្រហារប្រទេសមួយទៀត គឺជារឿងអសីលធម៌។ ត្រង់ចំណុចនេះ គឺចិនខ្លួនឯងចង់ផ្ញើសារឱ្យពិភពលោកផ្ដោតការយកចិត្តទុកដាក់ថា ដាច់ខាតមិនត្រូវលូកលាន់ ឬជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិនដូចគ្នា ដូចជាបញ្ហាកោះតៃវ៉ាន់ ទីបេ និងតំបន់ស៊ីងជាំងជាដើម។

ឥរិយាបថនយោបាយរបស់ចិនចំពោះបស្ចិមប្រទេស

គុណតម្លៃរបស់ចិនគឺ សុខដុមរមនា ឯកភាព និងឯករាជ្យ ហើយចិនតែងតែប្រកាន់យ៉ាងមុតមាំអំពីនូវគុណតម្លៃនៃរបបគ្រប់គ្រងរដ្ឋតាមបែបសង្គមនិយមរបស់ខ្លួន ហើយច្រានចោលនូវបែបផែនធ្វើប្រជាធិបតេយ្យនីយកម្មរបស់អាម៉េរិក និងបស្ចិមប្រទេសទៅលើបណ្ដាប្រទេសនានាដែលបានជួបប្រទះនឹងវិបត្តិឬសង្គ្រាម ហើយត្រូវកសាងប្រទេសឡើងវិញ។ ចិនថែមទាំងធ្លាប់បានវាយប្រហារ និងបរិហារនយោបាយរបស់សហរដ្ឋអាម៉េរិក ដែលតែងតែអះអាងថាប្រជាធិបតេយ្យ និងសេរីភាពពលរដ្ឋ គឺជាមូលដ្ឋានចាំបាច់នៅក្នុងការជំរុញវឌ្ឍនភាពរបស់រដ្ឋនីមួយៗ ហើយចាប់ផ្ដើមយកហេតុទាំងនេះ ដើម្បីផ្ដួលរំលំរបបនៃប្រទេសមួយដែលខ្លួនមិនពេញចិត្ត ដើម្បីលើកបន្តុបរដ្ឋាភិបាលមួយដែលមាននិន្នាការ ឬប្រកាន់យករបបនយោបាយប្រជាធិបតេយ្យបែបបស្ចិមប្រទេស ឬតាមបែបប្រជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិកជាដើម។ មេដឹកនាំចិនក៏ធ្លាប់បានវាយប្រហារចំៗថា គេមិនត្រូវមានគំនិតថា ទាល់តែប្រទេសមួយអនុវត្តនូវរបបនយោបាយប្រជាធិបតេយ្យ ទើបអាចអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿន និងកសាងនីតិរដ្ឋនៅក្នុងសង្គមរបស់ខ្លួនបាននោះទេ ហើយគេត្រូវពិនិត្យមើលប្រទេសដែលបានចម្លងប្រជាធិបតេយ្យតាម​បែបបស្ចិមប្រទេស ហើយទទួលរងបរាជ័យនៅក្នុងការកសាងសង្គមជាតិរបស់ខ្លួនឡើងវិញផងដែរ។

ការប្រឈមខាងវប្បធម៌

មានជនជាតិចិនជាច្រើនបានបម្លាស់ទីទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក ហើយប្រកបមុខរបរ និងរស់នៅជាអចិន្ត្រៃយ៍នៅតាមបណ្ដាប្រទេសទាំងនោះ ពិសេសបស្ចិមប្រទេស ដោយបានបង្កើតជាទីក្រុងចិន(China Town) ដែលបង្ហាញឱ្យឃើញអំពីវត្តមានសហគមន៍ជនជាតិចិននៅក្នុងទឹកដីប្រទេសទាំងនោះថែមទៀតផង។ ខុសពីអតីតកាលដែលជនជាតិចិនត្រូវបានគេមើលឃើញថាជាជនជាតិភៀសខ្លួន ឬអ្នកធ្វើចំណាកស្រុកដោយសារតែបញ្ហាសង្គ្រាម​និងស្វែងរកសិទ្ធិជ្រកកោនដើម្បីបន្តការរស់រានមានជីវិតនោះ បច្ចុប្បន្ន ជនជាតិចិនទាំងនោះបានក្លាយទៅជាពលរដ្ឋស្របច្បាប់ និងមានអាជីវកម្មតូចធំជាច្រើននៅក្នុងបណ្ដាប្រទេសនានា។ និន្នាការនៃការប្រកាន់យកមកអនុវត្តនូវវប្បធម៌ចិន ក៏កាន់តែរីកសាយភាយនៅបស្ចិមប្រទេស តាមរយៈកូនចៅជំនាន់ក្រោយរបស់ជនជាតិចិនដែលបានកើត រស់នៅ និងរៀបការជាមួយប្រជាជនបស្ចិមប្រទេស។ ទោះជាយ៉ាងណា ប្រជាជនបស្ចិមប្រទេសមួយចំនួនហាក់មិនសប្បាយចិត្តនឹងការសាបព្រោះវប្បធម៌ចិន នៅក្នុងប្រទេសរបស់ពួកគេនោះទេ ហើយការរីកចម្រើននៃសេដ្ឋកិច្ច​ចិនដែលធ្វើឱ្យប្រជាជនបស្ចិមប្រទេសខ្លះទទួលយកវប្បធម៌ចិន ក៏អាចបង្កជាបញ្ហាប្រឈមសម្រាប់វប្បធម៌របស់បស្ចិមប្រទេស ដែលមានដើមកំណើតនិងប្រភពខុសគ្នាផងដែរ។ ដូច្នេះហើយ ការរើសអើងជនជាតិចិនពីសំណាក់​ពល​​រដ្ឋបស្ចិមប្រទេសក៏បានបន្តកើតមានឡើងជាបន្តបន្ទាប់ផងដែរ ដែលបានក្លាយជាហេតុផលមួយសម្រាប់អ្នកនយោបាយបស្ចិមប្រទេសដែលជ្រុលនិយមខ្លះ ប្រកាសប្រកាន់ឥរិយាបថតឹងរ៉ឹងចំពោះជនជាតិចិន ឬពេលខ្លះឈានទៅដល់ជំហរនយោបាយដោយឡែកមួយចំពោះប្រទេសចិនផងដែរ។ ការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងការទទួលយកវប្បធម៌ចិន បានធ្វើឱ្យពលរដ្ឋនៅតាមបណ្ដាប្រទេសបស្ចិមលោក សម្ដែងការព្រួយបារម្ភអំពីការជះឥទ្ធិពលរបស់ចិនទៅក្នុងនយោបាយ និងការប្រែប្រួលស្ថានភាពសង្គមរបស់ពួកគេផងដែរ។

សន្និដ្ឋាន

បើទោះបីជាការលេចត្រដែតរបស់ចិន ជាការព្រួយបារម្ភរបស់បស្ចិមប្រទេស ដោយសារតែហេតុផលនយោបាយ សេដ្ឋកិច្ច សន្តិសុខ ប្រវត្តិសាស្ត្រ ឬបញ្ហាប្រឈមខាងវប្បធម៌ក្ដី ប៉ុន្តែបស្ចិមប្រទេសនៅតែមិនអាចផាត់ចិនចេញពីទំនាក់ទំនងការបរទេសរបស់ខ្លួនបានឡើយ ព្រោះចិនបានក្លាយទៅជាចំណែកមួយមិនអាចខ្វះបាននៃការរីកចម្រើនសេដ្ឋកិច្ចពិភពលោកទៅហើយ។ ការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចចិន គឺជាចលករមួយដែលជួយរុញកំណើនសេដ្ឋកិច្ចពិភពលោកដែលគេពិតជាមិនអាចប្រកែកបានឡើយ។ ជាក់ស្ដែង ដូចជានៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៨ ប្រទេសចិន និងឥណ្ឌាបានក្លាយទៅជាក្បាលម៉ាស៊ីនដ៏ចម្បង ដែលជួយជ្រោងសេដ្ឋកិច្ចពិភពលោក ឱ្យ​ងើបឡើងវិញពីវិបត្តិនេះ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីបើចិនជាចំណែកមិនអាចខ្វះបាននៃកំណើនសេដ្ឋកិច្ចពិភព​លោក​ក៏ដោយ ប៉ុន្តែបស្ចិមប្រទេសដែលជាមហាអំណាចចាស់ ពិតជាមិនអាចឈរសម្លឹងមើលចិនឡើងក្លាយជាមហាអំណាចកំពូលដឹកនាំពិភពលោកជំនួសខ្លួនបានឡើយ ដូច្នេះហើយទើបសម្ព័ន្ធភាព យុទ្ធសាស្ត្រ និងយន្តការថ្មីៗបន្ថែមទៀតដូចជា កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) សម្ព័នភាពត្រីភាគី (AUKUS) យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្ដួចផ្ដើមកសាងពិភពលោកដែលប្រសើរជាងមុន (Build Back Better World [B3W]) ជាដើម ត្រូវបានបង្កើតឡើង​ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលេចត្រដែតយ៉ាងឆាប់រហ័សរបស់ប្រទេសចិន៕

RAC Media 


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជាដល់មន្ត្រីថ្មី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខ...

2020-03-13 09:01:57   ថ្ងៃសុក្រ, 13 មីនា 2020 ម៉ោង 04:01 PM
គ្រោះរាំងស្ងួត៖ បញ្ហាប្រវត្តិសាស្ត្រដែលប្រឈមនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

យោងតាមការសិក្សាស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ នាពេលថ្មីៗនេះ គ្រោះរាំងស្ងួត តែងតែ កើតមានឡើងជាញឹកញាប់ នៅទូទាំងអាងទន្លេមេគង្គ និងមានការកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្នែកខាងលើ...

2020-03-12 07:31:12   ថ្ងៃព្រហស្បតិ៍, 12 មីនា 2020 ម៉ោង 02:31 PM
‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលព...

2020-03-11 10:12:51   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 05:12 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ បន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះក្នុងស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្...

2020-03-11 06:29:20   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 01:29 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ មន្ត្រីរាជការដែលប្រឡងជាប់ថ្មី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេនជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌

(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព...

2020-03-11 06:23:56   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 01:23 PM
«ទំនាក់ទំនងត្រីកោណ តួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី» ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារ​​អធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោ...

2020-03-11 05:42:03   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 12:42 PM

សេចក្តីប្រកាស