ព័ត៌មាន

តើបក្សភឿថៃ អាចត្រឡប់មកកាច់ចង្កូត ប្រទេសថៃក្នុងឆ្នាំ២០២៣បានដែរឬទេ?

2023-01-28 11:48:59 ថ្ងៃសៅរ៍, 28 មករា 2023 ម៉ោង 06:48 PM
អ្នកមើល 3885
post_detail

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រសិនបើត្រូវបានជាប់ឆ្នោតក្នុងពេលបោះឆ្នោត នាខែឧសភាខាងមុខ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អាយុ៣៦ឆ្នាំ ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នោះត្រកូលស៊ីណាវ៉ាត្រា នឹងក្លាយជាប្រមុខ ដឹកនាំរបស់ប្រទេសថៃទី៣ បន្ទាប់ពីឪពុក ដែលបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ ២០០១ ដល់ ២០០៥ និងត្រូវបានទម្លាក់ពីអំណាចតាមរយៈរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីខែកញ្ញា ឆ្នាំ២០០៦ បន្ទាប់ពីចូលកាន់អំណាចក្នុងអាណត្តិទី២បានរយៈពេលជាង១ឆ្នាំ ក្នុងពេលដែលលោកទៅបំពេញបេស កកម្មនៅក្រៅប្រទេស។ ចំណែកម្តាយមីង គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបាន បោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១១ ប៉ុន្តែត្រូវបានទម្លាក់ដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤។ ហើយពេលនេះ អ្នកទាំងពីរ កំពុងនិរទេសទៅក្រៅប្រទេស។

តាមការគ្រោងទុក ការបោះឆ្នោតសកល (General Election) ឆ្នាំ២០២៣ នៅប្រទេសថៃ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែឧសភា ខាងមុខ ជាការបោះឆ្នោតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកតាមដាន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ ពីស្ថានភាពនយោបាយប្រទេសថៃ ទាំងក្នុងនិង ក្រៅប្រទេស។

សូមរំលឹកផងដែរថា ការបោះឆ្នោតសកល ឆ្នាំ២០២៣នេះ ជាការប្រកួតប្រជែងដណ្តើម តំណែង នាយករដ្ឋមន្ត្រី រវាងតួអង្គសំខាន់២ គឺក្រុមអាវលឿង ដែលមាន លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បេក្ខភាពនាយករដ្ឋមន្រ្តី មកពីគណបក្សរួបរួមជាតិថៃ (The United Thai Nation Party) ដែលទើបបំបែកចេញពី គណបក្ស ផ្លាង ប្រាឆារ៉ាត់ (Pralang Pracharath) ដែលកំពុងដឹកនាំ រដ្ឋាភិបាលចម្រុះបច្ចុប្បន្ន និងមានឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ ជាបេក្ខជននាយករដ្ឋមន្ត្រី ប្រជែងជាមួយក្រុមអាវក្រម ដែលមានលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពី គណបក្ស ភឿថៃ (Pheu Thai) ដែលជាគណបក្សប្រឆាំងនាពេល បច្ចុប្បន្ន។

នេះការប្រកួតប្រជែងរវាង បេក្ខភាពវ័យក្មេង អាយុ៣៦ឆ្នាំ ដែលទើបតែចូលប្រឡូកក្នុងឆាក នយោបាយកាលពីពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ និងទទួលបានការនាំមុខ ក្នុងការស្ទង់មតិ សម្រាប់ អនាគតនាយករដ្ឋមន្ត្រីថៃនាប៉ុន្មានខែថ្មីៗនេះ ជាមួយបេក្ខភាពចាស់វស្សា និងពោរពេញទៅដោយបទ ពិសោធន៍ គឺលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលធ្លាប់បានទទួលរងការប្តឹងជាច្រើន លើកច្រើនសា តែនៅតែមិនអាចទំលាក់ លោកចេញពីតំណែងបាន។ ហើយត្រូវបានអ្នកតាមដានមើល ឃើញថា ជាការប្រកួតប្រជែង ដើម្បីស្តារ ប្រជាប្រិយភាពជូនឪពុកនិងម្តាយមីង ក៏ដូចជាបក្សភឿថៃ ឡើងវិញ ក្រោយពេលកើតមានភាពតានតឹង ដែលបានអូសបន្លាយ អស់ពេលជាង១៧ឆ្នាំ រវាងត្រកូល អភិជន ដែលជាថ្នាក់ដឹកនាំក្រុមអាវក្រហមត្រូវបាននិរទេស ជាមួយនិងងក្រុមយោធាមានអំណាច ដែលជា ថ្នាក់ដឹកនាំក្រុមអាវលឿង។ និងក៏ជារបត់នៃការផ្លាស់ប្ដូរដ៏សំខាន់មួយរបស់បក្សភឿថៃ ដែលបានផ្តល់ ឱកាស ឱ្យយុវជនជំនាន់ក្រោយ អាចចូលរួមកាន់តែច្រើនទៅក្នុងកិច្ចការនយោបាយរបស់ប្រទេសជាតិ។

បញ្ហានេះ ទើបមានសំណួរមួយសួរថា៖ ហេតុអ្វីកូនស្រីលោក ថាក់ស៊ីន ទើបតែចូលប្រឡូកក្នុង ឆាកនយោបាយ និងមិនទាន់មានបទពិសោធន៍ បែរជាហ៊ានឈរឈ្មោះបោះឆ្នោត ប្រជែងជាមួយ លោក ប្រាយុទ្ឋ ចាន់អូចា និងទទួលបានប្រជាប្រិយភាពលឿនបែបនេះ?

លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អាយុ៣៦ឆ្នាំ ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ បើយោងតាមបណ្តាញព័ត៌មាន Prestige Online អ្នកនាង ផែតុងតាន បាន បញ្ចប់ថា្នក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ បន្ទាប់មកទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាប់ខ្ពស់ ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ នៅសាកលវិទ្យាល័យ Surrey នៃប្រទេសអង់គ្លេស។ ក្រៅពីតួនាទីគ្រប់គ្រង អ្នកនាងក៏ជាសមាជិកក្រុម ប្រឹក្សាភិបាល សម្រាប់ធុរកិច្ចផ្សេងៗទៀតក្នុងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដូចជាសណ្ឋាគារ Rosewood Bangkok និងសណ្ឋាគារ Thames Valley Khao Yai Hotel ព្រមទាំងកន្លែងវាយកូនគោល Alpine Golf Club។ លោកស្រីក៏មិនខុសប៉ុន្មានពីឱពុក និងម្តាយមីងរបស់គាត់ឡើយ គឺចេញដំណើរពីអ្នកជំនួញ មកធ្វើ ជាអ្នកនយោបាយ ដូចគ្នា។

ប្រសិនបើយោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (National Institute of Development Administration-NIDA) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញថា ផែតុងតាន គឺជាជម្រើសកំពូលរបស់ប្រទេសថៃ ដើម្បីក្លាយជាអ្នកដឹកនាំបន្ទាប់របស់ ប្រទេស។ ដែលក្នុងនោះ ប្រហែល ៣៤% នៃអ្នកឆ្លើយតប បានជ្រើសយក លោកស្រី ផែតុងតាន ជានាយករដ្ឋមន្ត្រី កើនឡើងពី ២១,៦% នៅក្នុងខែកញ្ញា។ ជម្រើសពីរបន្ទាប់គឺនាយករដ្ឋមន្ត្រី Prayut (១៤,0៥%) និង Pita Limjaroenrat ថ្នាក់ដឹកនាំគណបក្សប្រឆាំង Move Forward (១៣,២៥ %)។ នេះជាលទ្ធផលនៃការស្ទង់មតិមួយ ដែលបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កូនស្រីពៅរបស់លោកថាក់ស៊ីន សម្រាប់តំណែងនាយករដ្ឋមន្ត្រី បានកើនឡើងខ្ពស់លើសនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណបក្ស នៅដើមខែធ្នូ ឆ្នាំ២០២២ លោកស្រី ផែតុងតាន បានបង្ហាញ ពីយុទ្ធនាការ “គិតឱ្យបានធំទូលាយ ធ្វើដោយឆ្លាតវៃ ដើម្បីប្រជាជនថៃទាំងអស់គ្នា-Think Big, Act Smart, For All Thais” របស់ បក្ស ភឿថៃ ជាមួយនឹងការសន្យាដំឡើងប្រាក់ឈ្នួល អប្បបរមា ប្រចាំថ្ងៃរហូតដល់ ៦00បាត និងប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែសម្រាប់និស្សិត ទើបបញ្ចប់ ការសិក្សា រហូតដល់ ២៥ 000បាត។

ថ្លែងទៅកាន់អ្នកគាំទ្រនៅភាគខាងត្បូង អំឡុងពេលមានការជួនជុំនៅខេត្ត Nakhon Si Thammarat កាលពីដើមខែធ្នូ លោកស្រី ផែតុងតាន ក៏បានសន្យាថា បក្សភឿថៃ នឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាដើម្បីដំឡើងតម្លៃ កៅស៊ូ ដូងប្រេង និងស្រូវ ដើម្បីជួយលើកស្ទួយេជីវភាព របស់កសិករ។ លោកស្រីក៏បានប្តេជ្ញាលើកកម្ពស់ វិស័យទេសចរណ៍ និងនេសាទ កែលម្អគន្លងផ្លូវ រថភ្លើងពីមួយគន្លង ទៅជាពីរគន្លង (Replace single-track with double-track railways) និងបញ្ចប់ ការកសាងផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ប្រទេសថៃជាមួយប្រទេស ចិន និងសិង្ហបុរី។

គណបក្សភឿថៃ ក៏បានឈរលើកំពូលតារាងការស្ទង់មតិរបស់ NIDA ដែលបានចេញផ្សាយកាល ពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ។ សម្រាប់ការឆ្លើយនូវសំណួរថា គណបក្សណាដែលពួកគេគិតថាមានឱកាស ខ្ពស់បំផុតក្នុងការក្លាយជា គណបក្សកាន់អំណាចបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខ ជម្រើសដែលមានប្រជាប្រិយភាពបន្ទាប់គឺ គណបក្ស Move Forward, Palang Pracharath, Ruam Thai Sang Chart, Bhumjaithai និង the Democrats។

សូមរំលឹកផងដែរថា នៅក្នុងអំឡុងពេលកាន់អំណាចជានាយរដ្ឋមន្ត្រីរបស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ត្រូវបានគេកត់សម្គាល់ថា លោកទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីតាមបណ្តាខេត្ត ព្រោះតែលោកបានកែទម្រង់រដ្ឋបាលខ្លះៗ និងផ្តោតការយកចិត្តទុកខ្លាំងទៅលើការលើកស្ទួយជីវភាពប្រជាជនក្រីក្រនៅតាមជនបទ ទាំងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍ជនបទ។ ចំណែក កូនស្រីរបស់លោក ពេលនេះ ក៏កំពុងតែដើរនៅលើផ្លូវ ដែលមិនខុសប៉ុន្មានពីឪពុកនោះដែរ។

ក្រៅពីប្រជាប្រិយភាពដែលទទួលបន្តពីឪពុក ម្តាយមីង និងគណបក្សភឿថៃ ដែលបានកសាង តាំងពីដើមតរៀងមក រូបលោកស្រី ក៏កំពុងតែមានប្រជាប្រិយភាពក្នុងសង្គមថៃផងដែរ។ ការសម្រេចឈាន ជើងចូលប្រឡូក ក្នុងឆាកនយោបាយរបស់លោកស្រី ដោយផ្អែកលើកត្តាចម្បងមួយចំនួន រួមមាន៖ ១. ជារបត់ថ្មីមួយនៃការផ្លាស់ប្ដូរដ៏សំខាន់របស់បក្សភឿថៃ ដែលជាការផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយ អាច ចូលរួមកាន់តែច្រើនទៅ ក្នុងកិច្ចការនយោបាយរបស់ប្រទេស ។ ២. ទទួលបានការគាំទ្រពីសំណាក់ ពលរដ្ឋក្រីក្រនៅទីជនបទ ដោយពួកគេមានជំនឿ ក៏ដូចជាក្តីសង្ឃឹមថា ក្រោយជាប់ឆ្នោត លោកស្រីនឹងជួយ ស្តារជីវភាពរស់នៅរបស់ពួកគេក្រោយរងផលប៉ះពាល់ដោយ កូវីដ-១៩ ដោយលោកស្រី ជាអ្នកជំនួញ និងជាត្រកូលស៊ីណាវ៉ាត្រា។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Asia News Network-ANN ចុះផ្សាយ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ គិតត្រឹមឆ្នាំ២០២១ ពលរដ្ឋរស់នៅទីជនបទ មានចំនួន រហូតជិត ស្មើប្រជាជន រស់នៅទីក្រុង គឺជាង ៣៣លាននាក់។ ចំណែកស្ថានភាពភាពក្រីក្រ របស់ប្រទេស នេះគិតត្រឹម ឆ្នាំ២០២១ មានប្រជាជន ៨,១លាននាក់ ស្ថិតក្នុងភាពក្រីក្រ និង ៤,៤លាននាក់ ស្ថិតក្រោម បន្ទាត់ នៃភាពក្រីក្រ ក្នុងចំណោម ប្រជាពលរដ្ឋថៃសរុប ជាង៧១លាននាក់។ ៣. បច្ចុប្បន្ន បណ្តាប្រទេស ក្នុង តំបន់អាស៊ាន ឯកភាពគ្នាលើ គោលនយោបាយឥតងាករេ របស់អាស៊ាន ក្នុងការជំរុញ សមភាព យេនឌ័រ ផ្តល់អំណាចដល់ស្ត្រី លើក កម្ពស់សហគ្រិនភាពស្ត្រី។ ៤. ថ្នាក់ដឹកនាំវ័យក្មេងនឹងទទួល បានការគាំទ្រ ពីសំណាក់យុវជនជំនាន់ថ្មី ដោយពូកគេមានជំនឿថា នឹងអាចជួយពួកគេឱ្យរស់នៅ ក្នុងសង្គមស៊ីវិល័យ ព្រោះថាក្នុងចំណោម ប្រជាពលរដ្ឋថៃសរុប ជាង៧១លាននាក់ ចំនួនយុវជនវ័យក្មេង និងវ័យកណ្តាល មានចំនួនច្រើនលើស លុប នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Statista ចុះផ្សាយ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។

ទាំងនេះគឺជាកត្តាដែននាំមកនូវក្តីសង្ឃឹមរបស់ ក្រុមអាវក្រម គណបក្សភឿថៃ ក៏ដូចជាកូនស្រី របស់លោក ថាក់ស៊ីន ថានឹងអាចក្លាយជាបុគ្គលទី៣ នៃត្រកូលស៊ីណាវ៉ាត្រ ដែលអាចដឹកនាំប្រទេសថៃ បន្ទាប់ពីឪពុក និងម្តាយមីង និងក៏ដើមបីស្តារប្រជាប្រិយភាពជូនវង្សត្រកូល ក៏ដូចជាគណបក្សភឿថៃឡើងវិញ។

ចំណែកលោក ប្រាយុទ្ធ ចាន់អូចា ទោះបីត្រូវបានគេមើលឃើញថា ជាប្រមុខដឹកនាំដែល កើតចេញពីរដ្ឋប្រហាយោធា ដើម្បីទំលាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែងនៅឆ្នាំ២០១៤ និងបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅឆ្នាំ២០១៩ ហើយក៏ត្រូវបានអ្នកនយោបាយមួយចំនួន មើលឃើញថា រដ្ឋបាលរបស់លោកហាក់មាននិន្នាការទៅរកប្រទេសចិន ដែលពីមុនត្រូវបានគេមើល ឃើញថាមាននិន្នាការទៅរកសហរដ្ឋអាម៉េរិកក្តី ប៉ុន្តែក្រុមមន្រ្តីយោធារបស់លោក ក៏នៅតែមានជំនឿចិត្តថា នឹងអាចប្រជែងបានតួនាទី ជាអ្នកកាច់ចង្កូតប្រទេសមួយនេះដូចគ្នា។ ដោយហេតុថា៖ ១. ទោះបីក្រោម ការដឹកនាំរបស់លោក វិបត្តិនយោបាយផ្ទៃក្នុងនៅតែបន្តអូសបន្លាយក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច របស់ ប្រទេសនេះនៅតែស្ថិតនៅក្នុងស្ថានភាពរឹងមាំទាំងនៅក្នុងតំបន់ និងពិភពលោក ប៉ុន្តែ ទើបតែមានការ ស្រុតចុះនៅអំឡុងពេលមានការរីករាលដាលជាសកលដោយកូវីដ-១៩ ហើយពេលនេះបានហក់ងើបឡើង វិញជាបណ្តើរៗ។ បើយោងតាមការព្យាករណ៍ ជាមធ្យមនៅ ក្នុងការស្ទង់មតិរបស់សេដ្ឋវិទូ ដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ ប្រទេសថៃនឹងអាចកើនឡើង ៣,៧% នៅឆ្នាំ២០២៣នេះ។ បើទោះបីជា កំណើននេះនឹងក្លាយជា កំណើនដ៏លឿនបំផុតក្នុងរយៈពេល៥ឆ្នាំក៏ដោយ ក៏អត្រានេះ ស្ថិតនៅទាបជាង កំណើន ៤,២% ដែល សម្រេចបានក្នុងឆ្នាំ២០១៧ និង២០១៨ផងដែរ។ ក្រុមសេដ្ឋវិទូក៏បានស្ទង់មតិ មើលឃើញថា វិស័យទេសចរណ៍របស់ប្រទេសថៃ ចាប់ផ្តើមការងើបឡើងវិញពេញលេញដល់កម្រិតមុន មានវិបត្តិកូវីដនៅ ឆ្នាំ២០២៤ ដែលក្នុងឆ្នាំ២០១៨ ប្រទេសថៃស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៣៨,២៧ លាននាក់ កើនឡើង ៧,៥% បើធៀបនឹងឆ្នាំ២០១៧។ ២. ថ្វីត្បិតតែវិបត្តិនយោបាយ អូសបន្លាយ ជាង១៧ឆ្នាំរវាងក្រុមអភិជន និងក្រុមយោធាក៏ពិតមែន ប៉ុន្តែសភាពការណ៍មើលទៅហាក់ នៅតែជារឿង ផ្ទៃក្នុង មិនមានបណ្តឹង តាមចាប់ពីសំណាក់ក្រុមយោធា ហើយក៏មិនមានដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិ ឬ សុំឱ្យបរទេសណា មួយចេញមុខឱ្យជួយ ឬ ដាក់ទណ្ឌកម្មណាមួយមកលើប្រទេសខ្លួនពី សំណាក់ក្រុមដែលបាននិរទេស ឡើយ។ ៣. នៅតែមានភាពរឹងមាំនៃប្រព័ន្ធច្បាប់ ច្បាប់កំពូល ដូចជា ការគោរពច្បាប់របស់អ្នកនយោបាយ បើទោះបីអំណាចកើតចេញពីរដ្ឋប្រហាយោធាក៏ដោយ ជាក់ស្តែង បញ្ហាផ្សែងពុលក្នុងទីក្រុងបាងកក ត្រូវបានតុលាការធ្វើការកោះហៅ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ឱ្យចូលបំភ្លឺ បញ្ហាអាណត្តិរបស់ នាយករដ្ឋមន្ត្រី ក៏ត្រូវបានតុលាការព្យួរតំណែងនាយករដ្ឋមន្ត្រីជាបណ្តោះអាសន្ន ដើម្បីរងចាំការសម្រេច របស់តុលាការធម្មនុញ្ញ ជាដើម។ ៤. របាយការណ៍អង្គការតម្លាភាពអន្តរជាតិបង្ហាញថា ក្នុងឆ្នាំ២០២១ ប្រទេសថៃគឺជាប្រទេសដែល ស្ថិតក្នុងចំណោមប្រទេសដែលមាអំពើពុករលួយតិចបំផុត គឺស្ថិតក្នុង លេខ រៀងទី១១០ក្នុងចំណោមប្រទេសចំនួន១៨០ មានពិន្ទុ៣៥/១០០ ធ្លាក់ចុះ១ពិន្ទុ និង៦លំដាប់ បើធៀប នឹងឆ្នាំ២០២០ ដែលស្ថិតនៅលេខរៀងទី១០៤ក្នុងចំណោមប្រទេសចំនួន១៨០ មានពិន្ទុ ៣៦/១០០ និងបានធ្លាក់ចុះចំនួន៩លំដាប់ បើធៀបនឹងឆ្នាំ២០១៩ ដែលស្ថិតនៅលេខរៀង ទី១០១ ក្នុងចំណោម ប្រទេសចំនួន១៨០ មានពិន្ទុ ៣៦/១00 ។

បើទោះបីជាការស្ទង់មតិហាក់មានគម្លាតឆ្ងាយពីក្រុមអាវក្រហម ប៉ុន្តែក្រុមនេះមានអាសនៈ ព្រឹទ្ធសភា ចំនួន២៥០អាសនៈ ក្នុងដៃស្រាប់(ព្រឹទ្ធសភាភាគច្រើនសុទ្ធតែសម្មោះត្រង់និងរបបយោធា) ដោយសារក្រោយរដ្ឋប្រហារយោធានៅឆ្នាំ ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៅឆ្នាំ២០១៧ ដោយច្របាច់ អាសនៈព្រឹទ្ធសភា ចំនួន២៥០អាសនៈ និងអាសនៈរដ្ឋសភាដែល មានចំនួន ៥០០អាសនៈបញ្ចូលគ្នា សរុបគឺ ៧៥០អាសនៈ និងបានបើកទ្វារឱ្យ មានការបោះឆ្នោត នៅចុងឆ្នាំ២០១៨ ហើយ លោក ប្រាយុទ្ធ បានជាប់ឆ្នោត និងចូលកាប់តំណែងជា នាយករដ្ឋមន្ត្រី នាឆ្នាំ២០១៩ រហូតមកទល់ពេលនេះ។

ផ្អែកលើរដ្ឋធម្មនុញ្ញថ្មីនេះ ក្រុមបក្សប្រឆាំងឬក្រុមអាវក្រហម ចាំបាច់ត្រូវការសំឡេងរហូតដល់ ៣៧៦ អាសនៈ ទើបស្មើ ៥០ភាគរយបូក១ ដើម្បីអាចបង្កើតរាជរដ្ឋាភិបាលបាន ប៉ុន្តែក្រុមអាវលឿង ឬក្រុម យោធារបស់ លោក ប្រាយុទ្ធ ត្រូវការសំឡេងត្រឹមតែ ២២៦អាសនៈ ប៉ុណ្ណោះ ដោយសារតែក្រុមនេះ មានសំឡេង ២៥០អាសនៈ របស់ព្រឹទ្ធសភាក្នុងដៃស្រាប់ គឺបានស្មើនឹង ៥០ភាគរយបូក១ អាចបង្កើត រដ្ឋាភិបាលបានហើយ ។

កត្តាអំពើពុករលួយតិចតួច ប្រព័ន្ធច្បាប់រឹងមាំ និងមានស្ថេរភាពនយោបាយ ជាកត្តាដ៏សំខាន់ក្នុង ការទាក់ទាញអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ដើម្បីជួយឱ្យខឿនសេដ្ឋកិច្ចថៃមានភាពរឹងមាំនេះ ក៏ដូចជា ហក់ងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយរងផលប៉ះពាល់ដោយវីរុសកូវីដ-១៩ និងបូកបន្ថែមចំនួន អាសនៈចំនួន២៥០របស់ព្រឹទ្ធសភាដែលមាននៅក្នុងដៃស្រាប់ទៀតផងនោះ ទើបជំរុញឱ្យក្រុមយោធា មានជំនឿចិត្តថានឹងអាចទទួលបានភាពគោគជ័យនាពេលខាងមុខ។

ជាសរុបមក ការប្រកួតប្រជែងក្នុងការបោះឆ្នោតសកល ដែលគ្រោងរៀបចំឡើងនាខែឧសភា ខាងមុខ ក្រុមទាំងពីរ សុទ្ធតែមានជំនឿចិត្តរៀងៗខ្លួន។ ក្រុមអភិជនឬក្រុមអាវក្រហម មានភាពជឿជាក់ ទៅលើ សក្តានុពលរបស់បក្ស និងថ្នាក់ដឹកនាំជំនាន់មុនដែលបានបន្សល់ទុក រួមជាមួយគោលនយោបាយ កំណែទម្រង់ ដើម្បីទាក់ទាញរកសន្លឹកឆ្នោតពីម្ចាស់ឆ្នោត ដើម្បីឆ្ពោះទៅរកជោគជ័យតាមការគ្រោងទុក។ ចំណែងខាងរបបយោធា មានជំនឿចិត្តទៅលើសក្តានុពលនៃការដឹកនាំដែលមានស្រាប់ រួមជាមួយការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដើម្បីឈានទៅយកជ័យជំនះលើគូប្រជែង។ ប៉ុន្តែ បើក្រុមអាវក្រហម ចង់យកជ័យជំនះទៅលើក្រុមអាវលឿង ដើម្បីឈានទៅធ្វើជាអ្នកកាច់ចង្កូតប្រទេស និងប្រមុខដឹកនាំទី៣ របស់ត្រកូលស៊ីណាវ៉ាត្រា វាពិតជាមានភាពលំបាកណាស់ក្នុងការរកឱ្យបានចំនួន៣៧៦ អាសនៈ ដែលស្មើ និង៥០ភាគរយបូក១ ដើម្បីបង្កើតរាជរដ្ឋាភិបាល៕


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «...

2024-03-06 07:22:13   ថ្ងៃពុធ, 06 មីនា 2024 ម៉ោង 02:22 PM
Safeguarding Heritage: A Comprehensive Examination of the Proposal to Permanently Close the Thai Entrance to Preah Vihear Temple By: Vichana Sar

The Preah Vihear temple, a UNESCO World Heritage Site, stands as a testament to the architectural brilliance and historical legacy of the Khmer Empire. In recent discussions, a compelling proposal has...

2024-03-05 08:00:01   ថ្ងៃអង្គារ, 05 មីនា 2024 ម៉ោង 03:00 PM
ការបង្កើតបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវចេញពីភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាកើតចេញពីភាពមិនស៊ីគ្នា ឬភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី គឺជាបញ្ហារវាងការប្រើប្រាស់ទ្រឹស្តី និងចំណោទបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវ ហើយតាមរយៈបញ្ហានេះគេអាចទាញយកមកធ្វើ ឬបង្កើតប្រធានបទថ្មីសម្រាប់ធ្វើក...

2024-03-04 08:29:53   ថ្ងៃចន្ទ, 04 មីនា 2024 ម៉ោង 03:29 PM
Increasing Cooperation to Strengthen US-Cambodia Relations By: Dr. Seun Sam

The Cambodian government has held numerous meetings with senior officials from the US Department of State since Hun Manet became prime minister. These meetings, which have been taking place since the...

2024-03-04 03:58:31   ថ្ងៃចន្ទ, 04 មីនា 2024 ម៉ោង 10:58 AM
លទ្ធិពុទ្ធរាជ(ទស្សនវិជ្ជានយោបាយខ្មែរ) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ផ្ទុយទៅនឹងលទ្ធិទេវរាជនៃព្រហ្មញ្ញ សាសនាដែលព្រះបាទជ័យវរ្ម័នទី២គោរពព្រះ ឥសូរបានប្រារព្ធធ្វើ ឡើងនៅលើភ្នំគូលែន គឺ ជាសញ្ញាណមួយ នៃការប្រកាសឯករាជ្យរបស់ ខ្មែរ ហើយក៏ជាសញ្ញណមួយទៀតនៃការចាប់ ផ្តើមនិងការរីកចម្រើននៅ...

2024-03-01 14:47:54   ថ្ងៃសុក្រ, 01 មីនា 2024 ម៉ោង 09:47 PM
ច្រកចូលប្រាសាទព្រះវិហារដែលចូលពីខាងប្រទេសថៃគួរបិទជារៀងរហូត ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះ...

2024-03-01 14:20:02   ថ្ងៃសុក្រ, 01 មីនា 2024 ម៉ោង 09:20 PM

សេចក្តីប្រកាស