ព័ត៌មាន

«យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន» ដោយ៖ លឹម សុវណ្ណរិទ្ធ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

2023-01-20 08:29:30 ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 03:29 PM
អ្នកមើល 4472
post_detail

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន

ក្នុងអតីតកាល ជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយ ដែលឈ្លានពានបណ្ដាប្រទេសជិតខាងដើម្បីមហិច្ឆតាកសាងប្រទេសរបស់ខ្លួនជាមហាអំណាចប្រកបដោយសក្ដានុពល។ ដោយសារតែជប៉ុនជាប្រទេសដែលព័ទ្ធជុំវិញដោយសមុទ្រ និងពុំសូវសម្បូរធនធានធម្មជាតិ ជប៉ុនត្រូវស្វែងរកវត្ថុធាតុដើមពីខាងក្រៅ ដើម្បីបំពេញសក្ដានុពលរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ ហេតុនេះហើយ ជប៉ុនមានភាពចាំបាច់មិនអាចចៀសបានក្នុងការទាញយកធនធាននានាពីប្រទេសជិតខាង ពិសេសប្រទេសចិនដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ។ ទោះជាយ៉ាងណា នយោបាយវាតទីនិយមរបស់ជប៉ុន ត្រូវបានបញ្ចប់នៅក្រោយសហរដ្ឋអាម៉េរិកបានលូកដៃចូលសង្គ្រាមលោកលើកទី២ និងបានបញ្ចប់សង្គ្រាមនេះតាមរយៈការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួនពីរគ្រាប់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅក្នុងសន្ធិសញ្ញាបញ្ចប់សង្គ្រាមលោកលើកទី២ដែលចុះហត្ថលេខាជាមួយនឹងសហរដ្ឋអាម៉េរិក មេដឹកនាំជប៉ុនបានយល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងបានប្រកាន់យករដ្ឋធម្មនុញ្ញសន្តិភាពតាមរយៈសម្ពាធពីសហរដ្ឋអាម៉េរិកដែលជាប្រទេសឈ្នះសង្គ្រាម ដោយចាប់តាំងពីពេលនោះមក ជប៉ុនមានត្រឹមតែកងស្វ័យការពារប៉ុណ្ណោះ ចំណែកឯសន្តិសុខជាតិរបស់ជប៉ុន ត្រូវបានធានាដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក ដោយអាម៉េរិកបានដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅលើ​ទឹកដីជប៉ុនរហូតមកដល់បច្ចុប្បន្ន។

ទោះជាយ៉ាងណា ពិភពលោកទាំងមូលបានផ្លាស់ប្ដូរជាបន្តបន្ទាប់ទាំងស្ថានភាពភូមិសាស្ត្រនយោបាយ ការវិវត្តសេដ្ឋកិច្ចនៃបណ្ដាប្រទេស សម្ព័ន្ធភាព បញ្ហាប្រឈមខាងសន្តិសុខ និងវិបត្តិនៅក្នុងតំបន់នីមួយៗ។ ជប៉ុននិងអាម៉េរិកដែលធ្លាប់ជាគូបដិបក្ខនឹងគ្នាក្នុងសម័យសង្គ្រាមលោកបានក្លាយទៅជាសម្ព័ន្ធមិត្តដ៏សំខាន់ ហើយបាន​អភិវឌ្ឍប្រទេសក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ។ ក្រោយមក ចិនដែលបានងាកមកប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម បានវិវឌ្ឍខ្លួនទៅជាមហាអំណាចសេដ្ឋកិច្ចពីរជំនួសជប៉ុនដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួន និងបានពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនក្លាយទៅជាគូប្រឈមចម្បងរបស់អាម៉េរិកក្នុងការដណ្ដើមតំណែងមហាអំណាចពិភពលោក។ ចំណែកសហព័ន្ធរុស្ស៊ីដែលបានទទួលមរតកពីសហភាពសូវៀត នៅបន្តជាមហាអំណាចយោធាទីពីរ និងត្រូវបានបស្ចិមប្រទេសចាត់ទុកជាបញ្ហាប្រឈម​ខាងសន្តិសុខរបស់ខ្លួនជាបន្ត។ ងាកមកប្រទេសជាប់នឹងជប៉ុនវិញ កូរ៉េខាងជើងដែលបានកំណត់យកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាខែលការពាររបបកុម្មុយនីស្តរបស់ខ្លួន ជានិច្ចកាលតែងតែចេញសារនយោបាយ និងសាកល្បងនុយក្លេអ៊ែរ ព្រមទាំងបាញ់មីស៊ីលគំរាមកំហែងសន្តិសុខនៅក្នុងតំបន់ ពិសេសទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ បន្ថែមពីលើនេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូលកាន់តែស្ថិតក្នុងការប្រឈមខ្លាំងថែមទៀត ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងភាពតានតឹងនៅក្នុងសំណុំរឿងកោះតែវ៉ាន់ ដែលចិនតែងតែចាត់ទុកកោះនេះជាដែនអធិបតេយ្យរបស់ខ្លួន។

ដោយមើលឃើញពីការគំរាមកំហែងសន្តិសុខក្នុងតំបន់ និងដោយមានការបើកភ្លើងខៀវពីសំណាក់សហរដ្ឋអាម៉េរិកផងនោះ រដ្ឋាភិបាលជប៉ុនដែលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស៊ីដា បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពការពារ និងការឆ្លើយតប​របស់ជប៉ុនទៅលើហេតុការណ៍នានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដែលអាចកើតមានឡើងនៅក្នុងពេលអនាគតខាងមុខ។

យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមដុះពន្លកនៅក្នុងអាណត្តិអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិន ស៊ូអាបេ ដែលធ្លាប់បានលើកឡើងអំពីគោលបំណងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពជប៉ុន ហើយជំហរនេះក៏ត្រូវបានប្រកាន់យកជាបន្តដោយមេដឹកនាំគណបក្សប្រជាធិប​តេយ្យ​សេរី (LDP) ដែលឡើងមកកាន់អំណាចបន្តពីលោក ហ្ស៊ិន ស៊ូអាបេផងដែរ។ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហ៊្វូមីអូ គីស៊ីដា ដែលបានបានចូលកាន់តំណែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រោយលាលែងតំណែងរបស់លោក ហ្ស៊ិន ស៊ូអាបេ និងបានទទួលជោគជ័យបន្ទាប់នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ត្រូវប្រឈមនឹងបញ្ហាពីរ ដែលប្រជាជនជប៉ុនយកចិត្តទុកដាក់ខ្ពស់បំផុតគឺ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសន្តិសុខជាតិ។ លទ្ធផលនៃការបោះឆ្នោតបានផ្តល់ឱ្យក្រុមចម្រុះដែលដឹកនាំដោយ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក ហ្វ៊ូមីអូ គីស៊ីដា និងគណបក្សប្រឆាំងចំនួនពីរ ដែលបើកចំហរដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន ដែលមានសំឡេងភាគច្រើន(២/៣) នៅក្នុងសភាជាន់ខ្ពស់។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ជប៉ុនបានកែសម្រួលយុទ្ធសាស្រ្តការពារជាតិរបស់ខ្លួន ដោយបានអនុម័តឯកសារចំនួន៣ ស្តីពីការបង្កើនសមត្ថភាពការពារសន្តិសុខជាតិជប៉ុន តាមរយៈការបង្កើនថវិកាក្នុងវិស័យយោធា នៅក្នុងបរិបទភាពតានតឹងភូមិសាស្រ្តនៅក្នុងតំបន់។ យុទ្ធសាស្ត្រនេះ នឹងបង្កើនថវិកាចំណាយយោធាឱ្យកើនឡើងដល់២%នៃផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។ នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ NHK ជប៉ុន ប្រជាជនជប៉ុន៥៥%បានគាំទ្រការបង្កើនថវិកាយោធា ដោយកាត់បន្ថយការចំណាយសាធារណៈ ក្នុងនោះអ្នកផ្ដល់សម្ភាសន៍ត្រឹមតែ២៩%ប៉ុណ្ណោះ បានជំទាស់នឹងបំណងនេះ។ នៅក្នុងយុទ្ធសាស្ត្រថ្មីរបស់ជប៉ុននេះ គឺផ្ដោតជាសំខាន់ទៅលើ៖

១. បង្កើនសមត្ថភាពវាយប្រហារតបវិញទៅដល់ទីតាំងបាញ់មីស៊ីលរបស់សត្រូវ

២. ការអភិវឌ្ឍមីស៊ីលអ៊ីពែសូនិក (មីស៊ីលលឿនជាងសម្លេង៥ដង)

៣. ការបង្កើនវត្តមានកងទ័ពជប៉ុននៅភាគខាងត្បូង (កោះអូគីណាវ៉ា និងកោះនៅភាគនិរតី)

៤. ប្រមូលផ្ដុំកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាស ឱ្យស្ថិតក្រោមបញ្ជាការតែមួយដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នណាមួយ។

នៅក្នុងឯកសារនេះផងដែរ ជប៉ុនបានចង្អុលមុខចំៗថា ចិនគឺជាការគំរាមកំហែងសន្តិសុខដោយផ្ទាល់របស់ជប៉ុន។ ជាការពិតណាស់ ចិនដែលជាសត្រូវប្រវត្តិសាស្ត្រនឹងជប៉ុន ហើយបានពង្រីកឥទ្ធិពលយោធារបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងកំពុងមានជម្លោះដែនអធិបតេយ្យជាមួយជប៉ុន នៅប្រជុំកោះ សេនកាគុ (ចិនហៅថា ទាវយូ) ផងដែរ។ ក្រៅពីនេះ ហេតុផលផ្សេងទៀតដែលជំរុញឱ្យជប៉ុនដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ រួមមាន សកម្មភាពរបស់ចិននៅក្នុងករណីសំណុំរឿងតៃវ៉ាន់ ការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលចុងក្រោយនេះ បានបាញ់មីស៊ីលរំលងដែនអធិបតេយ្យរបស់ជប៉ុនថែមទៀតផង។ ជាមួយគ្នានេះដែរ ជប៉ុនដែលកន្លងមក អនុវត្តនូវរដ្ឋធម្មនុញ្ញសន្តិភាពនិយមដែលអាម៉េរិកបានចាប់បង្ខំក្នុងពេលចាញ់សង្គ្រាម និងដែលមានការធានាសន្តិសុខដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក តាមរយៈការរក្សាមូលដ្ឋានទ័ពអាម៉េរិកនៅលើប្រទេសនេះ ត្រូវបានរដ្ឋបាលលោក ដូណាល់ត្រាំ លើកឡើងពីបំណងទាមទារថ្លៃការពារពីជប៉ុនទៅវិញ ដែលនេះក៏អាចជាហេតុផលមួយផ្សេងទៀត ដែលជំរុញឱ្យជប៉ុនពង្រឹងសមត្ថភាពយោធារបស់ខ្លួនផងដែរ នៅក្នុងទំនាក់ទំនងនយោបាយជាមួយមហាអំណាចអាម៉េរិក ដែលជានិច្ចកាលតែងតែផ្លាស់ប្ដូរគោលនយោបាយទៅតាមមេដឹកនាំដែលឡើងមកកាន់អំណាចថ្មី។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំជប៉ុន ទំនងជាមើលឃើញថា ការបន្តដាក់បញ្ហាសន្តិសុខជាតិរបស់ខ្លួនទៅផ្ញើនៅលើជំហររបស់មេដឹកនាំថ្មីរបស់អាម៉េរិក ដែលតែងតែផ្លាស់ប្ដូរផ្សេងៗគ្នាពីប្រធានាធិបតីមួយទៅប្រធានាធិបតីទៀតនោះ ជម្រើសដ៏ល្អគឺជប៉ុនគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីអាចឆ្លើយតបជាបន្ទាន់ចំពោះការគំរាមកំហែងសន្តិសុខចំពោះមុខរបស់ខ្លួន ជាជាងរង់ចាំការសម្រេចពីទីក្រុងវ៉ាស៊ីងតោន ព្រោះបទពិសោធប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា នៅជុំវិញជប៉ុន គឺសុទ្ធសឹងតែជាប្រទេសដែលជប៉ុនធ្លាប់ឈ្លានពានទាំងនៅមុនពេល និងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ រាប់ចាប់តាំងពីចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តអាម៉េរិកដូចជប៉ុនក្ដី។

ជារួម នៅចំពោះមុខស្ថានភាពនៃភូមិសាស្ត្រនយោបាយពិភពលោក និងការរីកចម្រើនបច្ចេកវិទ្យាយោធានាពេលបច្ចុប្បន្ន ការកំណត់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន គឺជាការចាំបាច់ណាស់សម្រាប់មហាអំណាចសេដ្ឋកិច្ចទី៣ពិភពលោកនេះ ដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងខាងយោធា ពីសំណាក់ប្រទេសនៅជុំវិញខ្លួន ដែលសុទ្ធសឹងតែធ្លាប់មានប្រវត្តិជូរចត់ជាមួយជប៉ុន ពិសេសចិនដែលជាសត្រូវប្រវត្តិសាស្ត្រ ស្របពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលបានក្លាយទៅជាចំណុចក្ដៅនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក ពិសេសរវាងចិន និងសហរដ្ឋអាម៉េរិកព្រមទាំងសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណា វាក៏ជាសញ្ញាដែលបង្ហាញអំពីការរត់ប្រណាំងសព្វាវុធកាន់តែស៊ីជម្រៅខ្លាំងទៅៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលនាំទៅដល់ការប្រឈមគ្នាដ៏ផុយស្រួយផងដែរ៕

ចូលអានអត្ថបទវិភាគច្រើនទៀត តាមរយៈតំណភ្ជាប់៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2


អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួង...

2019-11-28 05:10:04   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2019 ម៉ោង 12:10 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើបទបង្ហាញដល់អ្នកស្រាវជ្រាវនៃសាធារណរដ្ឋកូរ៉េ និងអាស៊ាន»

នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនក...

2019-11-27 06:26:53   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 01:26 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ នៅឆ្នាំ២០២១»

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប...

2019-11-27 06:09:33   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 01:09 PM
«ប្រជុំស្វាគមន៍ប្រធានស្តីទីថ្មីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម»

លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន...

2019-11-27 04:48:50   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 11:48 AM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស...

2019-11-27 03:36:42   ថ្ងៃពុធ, 27 វិច្ឆិកា 2019 ម៉ោង 10:36 AM
«ជំនួបស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុ...

2019-11-26 12:41:35   ថ្ងៃអង្គារ, 26 វិច្ឆិកា 2019 ម៉ោង 07:41 PM

សេចក្តីប្រកាស